ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សាថ្មី៖ គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​ផ្តោត​លើ​ប្រាក់​ចំណេញ មិនមែន​លើ​ការអភិវឌ្ឍ​នោះទេ


រូបឯកសារ៖ ស្ត្រីម្នាក់ កំពុងមើលទូរសព្ទដៃរបស់ខ្លួន​ដោយ​អង្គុយ​នៅ​ជាប់នឹង​ផ្ទាំង​រូបភាពដែលផ្សព្វផ្សាយ​អំពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) នៅ​ទីក្រុង​កូឡុំបូ ប្រទេសស្រីលង្កា​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ ស្ត្រីម្នាក់ កំពុងមើលទូរសព្ទដៃរបស់ខ្លួន​ដោយ​អង្គុយ​នៅ​ជាប់នឹង​ផ្ទាំង​រូបភាពដែលផ្សព្វផ្សាយ​អំពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) នៅ​ទីក្រុង​កូឡុំបូ ប្រទេសស្រីលង្កា​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

របាយការណ៍​ថ្មី​មួយ​ស្តីពី​គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​នៅ​ចន្លោះឆ្នាំ ២០០០ និង​ឆ្នាំ ២០១៧ បាន​បង្ហាញ​ថា ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់​ខ្ពស់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​របស់​ធនាគារ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន បាន​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​ប្រឈម​នឹង​ការ​ជំពាក់​បំណុល​វ័ណ្ឌ​ក ហើយ​សូម្បី​តែ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​ឧបត្ថម្ភ​ដោយ​ប្រាក់​កម្ចី​ទាំង​នេះ​ ក៏​ប្រឈម​នឹង​បញ្ហា​សំខាន់ៗ​ក្នុង​ការ​អនុវត្ត​ដែរ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ទីរ​ស្រាវជ្រាវ AidData នៃ​មហាវិទ្យាល័យ William & Mary ក្នុង​រដ្ឋ Virginia សហរដ្ឋអាមេរិក បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ជាង​មុន​អំពី​កម្រិត​ដែល​ប្រទេស​ចិន​ បាន​វិនិយោគ​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​ដ៏​ច្រើន​របស់​ខ្លួន​ក្នុង​រូបភាព​ជា​កម្ចី​ផ្តល់​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក Brad Parks នាយក​ប្រតិបត្តិ​នៃ​មន្ទីរ​ស្រាវជ្រាវ AidData បាន​និយាយ​ថា មិន​ដូច​មូលនិធិ​ដែល​ផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល​បស្ចិម​ប្រទេស​ជាច្រើន​នោះ​ទេ ប្រាក់​កម្ចី​របស់​ចិន​ទាំង​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ជា​ចម្បង​ដើម្បី​ផ្តល់​ប្រាក់​ចំណេញ​ទៅ​ឱ្យ​ចិន​ខ្លួន​ឯង​វិញ។

គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ប្រទេស​ចិន ​គឺ​ជា​គម្រោង​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ដើម្បី​រុញច្រាន​ប្រទេស​របស់​លោក​ឱ្យ​ឈាន​ទៅ​រក​ជំហរ​បែប​ដឹកនាំ​មួយ​នៅ​ចំ​ចំណុច​ស្នូល​នៃ​សេដ្ឋកិច្ច​សាកលលោក។

អ្នក​និពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​សន្និដ្ឋាន​ថា គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​មិនមែន​ត្រឹមតែ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ថ្មីៗ​ជាមួយ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានា​ឱ្យ​ចិន​អាច​មាន​លទ្ធភាព​ទទួល​បាន​ធនធាន​ធម្មជាតិ​និង​វត្ថុធាតុដើម​ដែល​ជា​ទំនិញ​ផ្សេងៗ​ទៀត​ដែល​ខ្លួន​មិន​អាច​ផលិត​នៅ​ក្នុង​ប្រទេស​បាន​ផងដែរ។

ក្នុង​រយៈពេល ៤ ឆ្នាំ អ្នក​ស្រាវជ្រាវ ១៣៥ នាក់​នៃ​មន្ទីរ​ស្រាវជ្រាវ AidData បាន​ស្វែងរក​កំណត់ត្រា​សាធារណៈ​នានា​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ច្របាច់​បញ្ចូល​គ្នា​ជា​ឯកសារ​មួយ​ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​ចំនួន ១៣.៤២៧ គម្រោង​នៅ​ក្នុង​ប្រទេស​ចំនួន ១៦៥។

អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​លើ​កម្ចី​របស់​រដ្ឋាភិបាល​ចិន​ចំនួន ៨៤៣ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​ទៅ​ឱ្យ​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ទៅ​មធ្យម (LMIC)។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង ១៦៥ ដែល​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ឱ្យ​តាំងពី​ឆ្នាំ ២០០០ មក ឥឡូវ​នេះ​មាន​ប្រទេស​ចំនួន ៤២ ដែល​ជំពាក់​បំណុល​ចិន​ស្មើ​ ឬ​ក៏​លើស ១០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ខ្លួន។

«អ្នក​ផ្តល់​សេវា​ធនាគារ មិន​មែន​អ្នក​ជួយ»

លោក Parks នៃ​មន្ទីរ​ស្រាវជ្រាវ AidData បាន​និយាយ​ថា ព័ត៌មាន​បាន​បង្ហាញ​ថា វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​គម្រោង​ផ្ដល់​មូលនិធិ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី «ទិសដៅ​ផ្សេង​យ៉ាង​ពិត​ប្រាកដ» ចំពោះ​ដំណើរការ​នេះ ជាង​វិធីសាស្ត្រ​របស់​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ (OECD)។

លោក Parks បាន​ពន្យល់​ប្រាប់ VOA ថា៖ «ចិន​គឺ​ជា​អ្នក​ផ្តល់​សេវា​ធនាគារ មិន​មែន​ជា​អ្នក​ជួយ​នោះ​ទេ»។

ចាប់​តាំងពី​ឆ្នាំ ២០០០ មក ប្រទេស​ដែល​ជា​សមាជិក​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ភាគច្រើន​បាន​ផ្តល់​ប្រាក់​ជំនួយ​និង​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប​ទៅ​ឱ្យ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ហើយ​ក្នុង​ករណី​ដែល​ពួកគេ​ផ្តល់​ប្រាក់​កម្ចី ពួកគេ​ផ្តោត​លើ​ការ​ពង្រីក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ដែល​ទទួល​ប្រាក់​កម្ចី។ ផ្ទុយ​ទៅ​វិញ សម្រាប់​ប្រទេស​ចិន​វិញ ប្រទេស​នេះ​ផ្តល់​ប្រាក់​កម្ចី​ដោយ​សម្លឹង​មើល​ឃើញ​ផលប្រយោជន៍​សេដ្ឋកិច្ច​ត្រឡប់​មក​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Parks។

លោក Parks បាន​លើកឡើង​ដូច្នេះ​ថា៖ «ប្រាក់​កម្ចី​ដែល​ផ្តល់​ឱ្យ​ដោយ​ស្ថាប័ន​ផ្ដល់​កម្ចី​ណា​មួយ​នៃ​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ជា​មធ្យម​មាន​ការ​ប្រាក់ ១%។ សម្រាប់​ប្រាក់​កម្ចី​ដែល​ផ្ដល់​ឱ្យ​ដោយ​ស្ថាប័ន​ផ្ដល់​កម្ចី​ផ្លូវការ​ណា​មួយ​របស់​ប្រទេស​ចិន​វិញ ជា​មធ្យម​មាន​ការ​ប្រាក់​ជាង ៤%។ ចំពោះ​ការ​សង​បំណុល​វិញ ក៏​មាន​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ។ រយៈពេល​ជា​មធ្យម​នៃ​ការ​សង​បំណុល​មាន​រយៈពេល ២៨ ឆ្នាំ សម្រាប់​ប្រាក់​កម្ចី​របស់​មហា​អំណាច​បស្ចិម​ប្រទេស និង​តិច​ជាង ១០ ឆ្នាំ​សម្រាប់​ប្រាក់​កម្ចី​របស់​ចិន»។

លោក​បាន​បន្ថែម​ថា៖ «ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ចិន​ កំពុង​ដើរ​តួ​ជំនួស​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​ក្នុង​កម្រិត​អតិបរមា។ ពួកគេ​កំពុង​ប្រមាញ់​យក​គម្រោង​ដែល​មាន​ប្រាក់​ចំណេញ​និង​រក​ចំណូល​បាន​ច្រើន។ គម្រោង​ទាំង​នេះ​ អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឬ​ផ្ដល់​ផល​ប្រយោជន៍​ផ្នែក​សុខុមាលភាព​សង្គម​ខ្លះ​ដែរ​សម្រាប់​ប្រទេស​ដែល​ទទួល​ប្រាក់​កម្ចី ប៉ុន្តែ​វា​មិនមែន​ជា​គោលបំណង​ចម្បង​របស់​គម្រោង​ទាំង​នេះ​នោះ​ទេ»។

បំណុល​ច្រើន​ហួស​កម្រិត

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​ស្វែងរក​ប្រាក់​ចំណេញ​របស់​ចិន​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាច្រើន​ដែល​ចង់​ខ្ចី​ប្រាក់​ពី​ចិន​តាំងពី​ដំបូង កាន់តែ​ជំពាក់​បំណុល​វ័ណ្ឌ​ក​ជាង​ការ​រំពឹង​ទុក​របស់​ប្រទេស​ទាំង​នោះ​ទៅ​ទៀត។

មន្ទីរ​ស្រាវជ្រាវ AidData បាន​រកឃើញ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចាប់​តាំងពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​បាន​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០១៣ មក វិធី​អនុវត្ត​របស់​ចិន​សម្រាប់​ការ​ផ្តល់​កម្ចី​បាន​ផ្លាស់ប្តូរ។ ប្រាក់​កម្ចី​ដែល​ធ្លាប់តែ​ផ្តល់​ដោយ​ផ្ទាល់​ទៅ​ឱ្យ​រដ្ឋាភិបាល​បរទេស ឥឡូវ​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ ក្រុមហ៊ុន​រួម​គ្នា និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ទៅ​វិញ។

លទ្ធផល​នៃ​ការ​អនុវត្ត​បែប​នេះ​គឺ​ថា ជា​រឿយៗ​វា​មាន​ភាព​មិន​ច្បាស់លាស់​ថា​តើ​ពួកគេ​ជំពាក់​បំណុល​របស់​ចិន​ប៉ុន្មាន ដែល​សូម្បីតែ​រដ្ឋាភិបាល​ខ្លួន​ឯង​ដែល​ជា​អ្នក​ខ្ចី​ប្រាក់​ក៏​មិន​ដឹង​ផងដែរ។

ករណី​នេះ​មាន​ន័យ​ថា បន្ទុក​បំណុល​ពិត​ប្រាកដ​របស់​ពួកគេ​មិន​ត្រូវ​បាន​រាយការណ៍​ឱ្យ​បាន​ត្រឹមត្រូវ​ឱ្យ​ស្ថាប័ន​ផ្ដល់​កម្ចី​ផ្សេង​ទៀត​ដូចជា​ធនាគារ​ពិភពលោក (World Bank) ជាដើម ឬ​ឱ្យ​ទីភ្នាក់ងារ​វាយតម្លៃ​លើ​កម្រិត​ហានិភ័យ​ស្នើ​សុំ​ឥណទាន​សាកលលោក​ផ្សេងៗ។

អ្នក​និពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ បាន​ប៉ាន់ស្មាន​ថា ជា​មធ្យម ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ទៅ​មធ្យម (LMIC) ដែល​ចិន​បាន​ផ្តល់​កម្ចី​ភាគច្រើន​ឱ្យ មិន​បាន​រាយការណ៍​ឱ្យ​បាន​ពេញលេញ​អំពី​បំណុល​សរុប​ដែល​ពួកគេ​ជំពាក់​ចិន​នោះ​ទេ ដែល​បំណុល​នោះ​មាន​ចំនួន​ស្មើ​នឹង ៥,៨% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ពួកគេ»។

ការ​ផ្តោត​លើ​ទ្វីប​អាហ្វ្រិក

ទោះបីជា​ការ​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​របស់​ចិន​ ត្រូវ​បាន​ផ្តល់​ឱ្យ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក​ក៏ដោយ ក៏​ការ​ផ្តោត​ខ្លាំង​បំផុត​បើ​គិត​តាម​ចំនួន​គម្រោង​នានា​គឺ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

នៅ​ក្នុង​ទ្វីប​អាហ្វ្រិក គម្រោង​អភិវឌ្ឍន៍​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន​ចំនួន ៤៧% ដែល​ស្មើ​នឹង​ទឹក​ប្រាក់​កម្ចី​ចំនួន ២០៧ ពាន់​លាន​ដុល្លារ​អាមេរិក កំពុង​ដំណើរការ​នៅ​ទីនោះ។ សម្រាប់​ទ្វីប​អាស៊ី​វិញ គឺ​មាន​ចំនួន ២៦% បើ​គិត​តាម​ចំនួន​គម្រោង ប៉ុន្តែ​បើ​គិត​តាម​ចំនួន​ទឹក​ប្រាក់​កម្ចី គឺ​មាន​ចំនួន​ច្រើន​រហូត​ដល់ ២៤៦ ពាន់​លាន​ដុល្លារ​អាមេរិក។

ប្រទេស​ជាច្រើន​កំពុង​ប្រឈម​នឹង​បន្ទុក​បំណុល​ដ៏​ខ្ពស់ ដែល​ខ្លួន​ជំពាក់​ប្រទេស​ចិន។

បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​នេះ ប្រទេស​ឡាវ អង់ហ្គោឡា កៀហ្ស៊ីស៊ីស្ថាន ជីប៊ូទី សូរីណាម ម៉ាល់ឌីវ កុងហ្គោ និង​ហ្គីណេអេក្វាទ័រ សុទ្ធតែ​ជំពាក់​បំណុល​ចិន​សរុប​ជាង ៣០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ពួកគេ។

កាលពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ ក្រសួង​ការបរទេស​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទៅកាន់​សារព័ត៌មាន The Wall Street Journal ដោយ​បាន​លើកឡើង​មួយ​ផ្នែក​ថា៖ «ប្រទេស​ចិន​ផ្ដល់​សារៈសំខាន់​លើ​បញ្ហា​ស្ថិរភាព​បំណុល​របស់​បណ្ដា​ប្រទេស​ដែល​ចូលរួម​កសាង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន»។

ក្រសួង​ការបរទេស​ចិន​បាន​ហៅ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) នេះ​ថា​ ជា «វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​នា​ពេល​សព្វថ្ងៃ​នេះ»។

ការ​លាត​ត្រដាង​ឲ្យ​ឃើញ​ពី «អន្ទាក់​បំណុល»

លោក Parks បាន​ថ្លែង​ថា ការ​ស្រាវជ្រាវ​របស់​ក្រុម​របស់​លោក​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​ចិន ​ពិតជា​មាន​បំណង​រៀបចំ «អន្ទាក់​បំណុល» សម្រាប់​ប្រទេស​ក្រីក្រ​ពិត​ប្រាកដ​មែន។ សម្មតិកម្ម​អំពី​អន្ទាក់​បំណុល​បាន​បង្ហាញ​ថា ចិន​កំពុង​បង្កើត​ប្រាក់​កម្ចី​ដែល​ខ្លួន​ដឹង​ថា​អ្នក​ខ្ចី​មិន​អាច​សង​វិញ​បាន ដើម្បី​មាន​ឥទ្ធិពល​មាន​ប្រៀប​ផ្នែក​ការទូត​លើ​រដ្ឋាភិបាល​ដែល​ជា​កូន​បំណុល ឬ​ដើម្បី​បាន​កាន់កាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ណា​ដែល​មិន​អាច​សង​បំណុល​បាន។

លោក​បាន​ថ្លែង​ថា ចិន​មាន​បំណង​ខ្លាំងក្លា​ចង់​យក​ទ្រព្យសម្បត្តិ​ណា​ដែល​អាច​ប្តូរ​ជា​ប្រាក់​បាន​លឿន​ជាជាង​ហេដ្ឋរចនាសម្ព័ន​រូបវន្ត​សម្រាប់​ធ្វើជា​ទ្រព្យ​ធានា​សម្រាប់​ប្រាក់​កម្ចី​របស់​ខ្លួន។

លោក Parks បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​កម្រ​នឹង​ឃើញ​រដ្ឋាភិបាល​ចិន​ផ្ដោត​លើ​ទ្រព្យ​ធានា​ណា​ដែល​មិន​អាច​ប្តូរ​ទៅ​ជា​សាច់​ប្រាក់​បាន​លឿន​ណាស់។ ពួកគេ​ឆ្លាត​ជាង​នេះ។ អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​គឺ​ផ្ដោត​លើ​ទ្រព្យ​សម្បត្តិ​ណា​ដែល​អាច​ប្ដូរ​ទៅ​ជា​សាច់​ប្រាក់​ពេញលេញ​បាន​ភ្លាមៗ»។

លោក Parks បាន​និយាយ​ថា សម្រាប់​វិធី​សង​បំណុល​ជា​ទូទៅ​មួយ​ដែល​ចិន​រៀបចំ​ឡើង​នៅ​ក្នុង​កិច្ចសន្យា​គឺ​លទ្ធភាព​ដែល​ចិន​អាច​ទទួល​បាន​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ដែល​ខ្ចី​បំណុល​ខ្លួន។ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ពេល​ដែល​ចិន​ផ្ដល់​កម្ចី រដ្ឋាភិបាល​ចិន​នឹង​រៀបចំ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ដំណាល​គ្នា​មួយ​សម្រាប់​ការ​ទិញ​ជា​បន្ត​រហូត​នូវ​ធនធាន​ដែល​ផលិត​ដោយ​ប្រទេស​ដែល​ខ្ចី​បំណុល​ខ្លួន។

នៅ​ពេល​ដែល​រដ្ឋាភិបាល​ចិន​ទិញ​ធនធាន​របស់​ប្រទេស​ដែល​ខ្ចី​បំណុល​ខ្លួន ខ្លួន​បាន «ទូទាត់» តាមរយៈ​ការ​ដាក់​ប្រាក់​តម្កល់​នៅ​ក្នុង​គណនី​ដែល​ខ្លួន​គ្រប់គ្រង និង​ប្រើប្រាស់​មូលនិធិ​ទាំង​នោះ​ដើម្បី​ប្រមូល​សំណង​ប្រាក់​កម្ចី​ដែល​ដល់​កំណត់​ត្រូវ​សង។

«វិប្បដិសារី​របស់​ប្រទេស​ខ្ចី​បំណុល» ប៉ះពាល់​ដល់​គម្រោង BRI

ការ​ផ្លាស់ប្តូរ​នូវ​យុទ្ធសាស្ត្រ​ផ្តល់​ប្រាក់​កម្ចី​ដែល​ចិន​បាន​អនុវត្ត​នៅ​ពេល​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) ត្រូវ​បាន​ប្រកាស​កាលពី​ឆ្នាំ ២០១៣ ទំនង​ជា​ធ្វើ​ឱ្យ​គម្រោង​ទាំង​នោះ​មាន​ភាព​ជោគជ័យ​តិច​ជាង​គម្រោង​ផ្សេង​ទៀត​ដែល​មិន​ស្ថិត​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) នេះ។

ជា​ឧទាហរណ៍ បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ គម្រោង​ដែល​ស្ថិត​ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) ចំនួន ៣៥% បាន​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ការ​អនុវត្ត ដូចជា​រឿង​អាស្រូវ​ពុករលួយ ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ ការ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​តវ៉ា​ពី​សាធារណជន​ជាដើម។ បើ​ធ្វើ​ការ​ប្រៀបធៀប គេ​ឃើញ​ថា គម្រោង​ដែល​មិន​ស្ថិត​ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) ចំនួន​តែ ២១% ប៉ុណ្ណោះ​ដែល​ជួប​បញ្ហា​បែប​នេះ។

របាយការណ៍​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​បាន​រក​ឃើញ​ថា គម្រោង​ដែល​ស្ថិត​ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) ចំណាយ​ពេល​អនុវត្ត ៣៦% យូរ​ជាង​គម្រោង​ដែល​មិន​ស្ថិត​ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) និង​ប្រឈម​នឹង​លទ្ធភាព​ខ្ពស់​ដែល​ប្រទេស​ទទួល​គម្រោង​នេះ​បិទ​គម្រោង​នេះ​ចោល ដោយសារ «ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​និង​ការ​ចំណាយ​ហួស​កម្រិត ព្រមទាំង​ការ​ផ្លាស់ប្តូរ​ខ្លាំងក្លា​នៃ​អារម្មណ៍​របស់​សាធារណជន​ផងដែរ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន»។

ការ​ប្រកួតប្រជែង​កើត​មាន​ឡើង

សហរដ្ឋអាមេរិក​និង​មហាអំណាច​បស្ចិម​ប្រទេស​មួយ​ចំនួន​បាន​ប្រើប្រាស់​ការ​មិន​ពេញ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ខ្ចី​បំណុល​ចិន​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) នេះ ដើម្បី​ជំរុញ​នូវ​គម្រោង​ផ្តួចផ្តើម​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​នានា ដូចជា​គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ (B3W) របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Joe Biden ដែល​គាំទ្រ​ដោយ​ក្រុម​ប្រទេស G-7 ឬ​កម្មវិធី​ច្រកផ្លូវ​សាកលលោក (Global Gateway) របស់​សហភាព​អឺរុប​ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ជាដើម។

នៅ​ក្នុង​ការ​ថ្លែង​ទៅកាន់​អង្គការ​សហប្រជាជាតិ​កាលពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ លោក Biden ហាក់ដូចជា​រិះគន់​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន ដោយ​បាន​លើកឡើង​ថា៖ «ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​គុណភាព​អន់ ឬ​ដែល​បម្រើ​ដល់​អំពើ​ពុករលួយ ឬ​ពន្លឿន​ដល់​ការ​ធ្លាក់ចុះ​នៃ​បរិស្ថាន នៅ​ទីបំផុត​អាច​ត្រឹមតែ​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​កាន់តែ​ច្រើន​សម្រាប់​ប្រទេស​នានា​តែ​ប៉ុណ្ណោះ»។

នៅ​ពេល​នេះ គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​ការ​មិន​ពេញចិត្ត​របស់​ប្រទេស​ខ្ចី​បំណុល​ចិន​នា​ពេល​បច្ចុប្បន្ន​រួម​ជាមួយ​នឹង​ការ​ប្រកួតប្រជែង​ថ្មី​ពី​បស្ចិម​ប្រទេស​នឹង​ប៉ះពាល់​ដល់​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​តាម​របៀប​ណា​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Parks។

លោក Parks បាន​លើកឡើង​ដូច្នេះ​ថា៖ «គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថាតើ​វិប្បដិសារី​របស់​បណ្ដា​ប្រទេស​ខ្ចី​បំណុល​ចិន​ប៉ះពាល់​ដល់​ចីរភាព​រយៈពេល​វែង​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​នេះ​ឬ​ក៏​យ៉ាង​ណា​នោះ។ ប៉ុន្តែ ប្រសិនបើ​រដ្ឋាភិបាល​ចិន​ចង់​ឱ្យ​មាន​ការ​គាំទ្រ​ជា​បន្ត​លើ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) នេះ រដ្ឋាភិបាល​នេះ​ចាំបាច់​ត្រូវ​បោះ​ជំហាន​ឲ្យ​បាន​លឿន​និង​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះស្រាយ​ការ​កើនឡើង​នូវ​ការ​មិន​ពេញចិត្ត​ដូច​នេះ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​ចូលរួម​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) នេះ ហើយ​ចាំបាច់​ត្រូវ​តាមដាន​មើល​សកម្មភាព​ប្រកួតប្រជែង​របស់​ខ្លួន ដោយសារតែ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នឹង​មាន​ជម្រើស​ប្រសើរ​ជាង​នេះ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG