ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចូល​ឆ្នាំ​នៅ​សៀមរាប​សប្បាយ តែ​នៅ​​កោះកុង​អ្នក​ភូមិ​បារម្ភ​ពី​ការ​ជម្លៀស


រូបឯកសារ៖ បាតុករ​ជា​អ្នក​ភូមិ​ដែល​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដី​ធ្លី កាន់​បដា​តវ៉ា​អំឡុង​ពេល​មក​ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​នៅ​មុខ​សាលា​ស្រុក​ស្រែ​អំបិល កាលពី​ថ្ងៃ​សុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។ (រូប​ថត​ផ្ដល់​ឱ្យ​ដោយ​អង្គ​ការ​លី​កាដូ)
រូបឯកសារ៖ បាតុករ​ជា​អ្នក​ភូមិ​ដែល​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដី​ធ្លី កាន់​បដា​តវ៉ា​អំឡុង​ពេល​មក​ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​នៅ​មុខ​សាលា​ស្រុក​ស្រែ​អំបិល កាលពី​ថ្ងៃ​សុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។ (រូប​ថត​ផ្ដល់​ឱ្យ​ដោយ​អង្គ​ការ​លី​កាដូ)

ក្រុម​អ្នក​តំណាង​ប្រជាពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​វិបត្តិ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កោះកុង​ ពុំ​មាន​ក្តី​សប្បាយ​រីករាយ​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ ឆ្នាំ​វក​នេះ​ទេ​ ពីព្រោះ​​អាជ្ញាធរ​ខេត្ត​បាន​ព្រងើយ​កន្តើយ​មិន​ផ្តល់​ដំណឹង​អំពី​ដំណើរការ​រក​ដំណោះ​ស្រាយ​ដល់​ពួក​គេ​តាំង​ពី​មុន​ពេល​ចូលឆ្នាំ។

នៅ​ឯ​ខេត្ត​សៀមរាប ​មេដឹកនាំ​នយោបាយ​គណបក្ស​កាន់​អំណាច​ និង​ប្រជាពលរដ្ឋ​ដែល​មាន​ទ្រព្យធន​តិច​ក្តី​ ច្រើន​ក្តី កំពុង​សប្បាយ​រីករាយ​ក្នុង​ក្រុង​អង្គរ​អបអរ​ឆ្នាំ​ថ្មី។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយ​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​កោះកុង​វិញ​ កំពុង​តែ​ខ្វល់​ចិត្ត​ពី​ការ​បាត់​បង់​ដីធ្លី។

ក្រុម​អ្នក​តំណាង​ប្រជាពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​វិបត្តិ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កោះកុង​ ពុំ​មាន​ក្តី​សប្បាយ​រីករាយ​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ ឆ្នាំ​វក​នេះ​ទេ​ ពីព្រោះអាជ្ញាធរ​ខេត្ត​ដែល​ស្ថិត​ជាប់​ប្រទេស​ថៃ​នេះ​ បាន​ព្រងើយ​កន្តើយ​មិន​ផ្តល់​ដំណឹង​អំពី​ដំណើរការ​រក​ដំណោះ​ស្រាយ​ដល់​ពួក​គេ​តាំង​ពី​មុន​ពេល​ចូលឆ្នាំ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស​ និង​អ្នក​តំណាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង។

​លោក ​អ៊ិន គង់ជិត​ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុង​ បាន​ប្រាប់​ VOA​ ថា​ អាជ្ញាធរ​មូលដ្ឋាន​ មិន​បាន​រវីរវល់​ខ្លាំង​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជា​ជាង​៨០០​គ្រួសារ​ ដែល​កំពុង​ជាប់​គាំង​ក្នុង​ជម្លោះ​ដី​ធ្លីធំៗ​ក្នុង​ស្រុក​ចំនួន​បួន​ ដែល​រួម​មាន​ស្រុក​កោះកុង ស្រុក​ស្រែអំបិល​ ស្រុក​បទុមសាគរ​ និង​គិរីសាគរ​នោះ​ទេ។ ​លោក​ថា​ ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយចិត្ត​ជាង​ក្តី​សប្បាយ​ ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។

លោក ​អ៊ិន គង់ជិត ថ្លែង​ថា៖​«គាត់​មាន​ការ​ទុក្ខ​ព្រួយ​ មាន​តែ​ការ​ភ័យ​ព្រួយ​ចំពោះ​ ការណ៍​ដែល​គាត់​ទន្ទឹង​រង់ចាំ​នូវ​ដំណោះស្រាយ​របស់​អាជ្ញាធរ​ហ្នឹង។​ វា​អត់​ពន្លឺ​អ្វី​ដែល​ជា​ក្តី​សង្ឃឹម​សម្រាប់​គាត់»។

កាល​ពី​ខែ​មីនា​កន្លង​ទៅ​ ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​ មក​ពី​ឃុំ​ចំនួន​បួន​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ ​គឺ​ស្រុក​ស្រែអំបិល​ និង​បទុមសាគរ​នៃ​ខេត្ត​កោះ​កុង​ បាន​បើក​យុទ្ធនាការ​ហែរ​ក្បួន​ម៉ូតូ​ យក​ញត្តិ​ទៅ​ដាក់​នៅ​សាលាស្រុក​ចំនួន​ពីរ​ ក្នុង​ក្តី​សង្ឃឹម​ថា​ អាជ្ញាធរ​ស្រុក​ទាំង​ពីរ​នោះ​នឹង​ពន្លឿន​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគេ។​ ក៏​ប៉ុន្តែ​ ក្រុម​អ្នក​តំណាង​ប្រជាពលរដ្ឋ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ និយាយ​ថា អាជ្ញាធរ​ស្រុក​មិន​ទាន់បាន​ផ្តល់​ការ​ឆ្លើយតប​អ្វី​ទាំង​អស់។

អ្នកស្រី ​ផាវ​ ញឺង​ តំណាង​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ព្រែក​ជីក​ ឃុំ​ជីខ​ក្រោម​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​ ថ្លែង​ថា​ អាជ្ញាធរ​ស្រុក​ស្រែអំបិល​ មិន​បាន​ផ្តល់​ដំណឹង​ទាក់​ទិន​សំណើ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​មាន​ការ​រក​ដំណោះស្រាយ​ដល់​ទំនាស់​ដីធ្លី​របស់​អ្នកស្រី​ទេ។​ អ្នកស្រី​ថា​ ក្រុម​អ្នក​មាន​លុយ​ និង​អំណាច​ ដែល​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សប្បាយ​ក្នុង​ពិធី​ចូល​ឆ្នាំ តែ​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី​ មិន​មាន​ក្តី​រីករាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នោះ​ឡើយ។

អ្នក​ស្រី ផាវ ញឺង ពន្យល់​ប្រាប់ VOA ថា៖​«ជីវភាព​យើង​ក្រីក្រ​ ខ្វះខាត​ដុនដាប ​ដោយ​សារ​តែ​មាន​បញ្ហា​ដី​ គេ​ដែល​អត់​មាន​បញ្ហា​ដី​ គេ​អ្នក​មាន​លុយ​ អ្នក​មាន​អំណាច ​ដែល​គេ​បាន​ទទួល​លទ្ធផល​ គេ​រំលោភ​យក​ដី​យើង​ គេ​សប្បាយ​ វា​ជា​ការណ៍​ពិត​ហើយ​អូន។ ប៉ុន្តែ​ ចំពោះ​ពួក​មីង​វិញ​ គឺ​អត់​សប្បាយ​ទេ គ្រាន់​តែ​ដាក់​ទទួល​ទេព្តាហ្នឹង​ រក​លុយ​សឹង​មិន​ចង់​មាន​ទទួល ​ទេព្តា​ឆ្នាំ​ថ្មី​ផង​ អញ្ចឹង​បាន​អី​ទៅ​ដើរ​លេង​នៅ​ឯណា​ នៅ​ផ្ទះ​ មីង​នៅ​ផ្ទះ​ទេ​ឥឡូវ​នេះ»។

លោក​ អ៊ិន គង់ជិត​ អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ ធ្លាប់​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​កំពុង​មាន​ទំនាស់​ដីធ្លី​ទំហំ​២.២៣៨,៧​ហិកតា​ ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករ​ស​ចំនួន​ពីរ ​គឺ​ក្រុមហ៊ុន​ កោះកុង​ស៊ូហ្គើរ​ (Koh Kong Sugar Industry Co., Ltd.) និង​កោះកុង​ផ្លេនថេស៊ិន​ (Koh Kong Plantation Co., Ltd)។​ ចំនួន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ គឺ​មាន​ជាង​៥២៦​គ្រួសារ។​ ទំនាស់​ដីធ្លី​នេះ​បាន​អូស​បន្លាយ​មកជាង​១០​ឆ្នាំ​ហើយ​ គិត​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០០៦​មក។

តំណាង​ប្រជាពលរដ្ឋ បញ្ជាក់​ថា​ ទំនាស់​នេះ​គឺ​ផ្ដើម​ឡើង ​ដោយ​ជំនួញ​រកស៊ី​របស់​លោក​ឧកញ៉ា លី​ យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​គ្រប់គ្រង​ប្រទេស។​ សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ ត្រូវ​ក្រុម​តំណាង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា​ បាន​ដើរ​ចេញ​ពី​ជំនួញ​ស្ករ​អំពៅ​របស់​លោក​ ហើយ​បាន​បន្សល់​ទុក​ជម្លោះ​ដីធ្លី​នេះ។

អ្នកស្រី​ ផាវ ញឺង​ ឲ្យ​ដឹង​បន្ថែម​ថា ជម្លោះ​មិន​ត្រឹម​តែ​កើត​មាន​រវាង​ក្រុមហ៊ុន​ស្ករ​អំពៅ​នោះ​ទេ​ តែ​ប្រជាពល​រដ្ឋ​ ក៏​កំពុង​ប្រឈម​នឹង​ការ​រំលោភ​យក​ដី​ពី​ឧកញ៉ា​ម្នាក់​ឈ្មោះ​ ហេង ហុយ​ ដែល​ពលរដ្ឋ​ដឹង​ថា​ ជា​អ្នក​ជំនួញ​ខាង​ដាំ​អំពៅ​នៅ​ក្នុង​ខេត្ត​កោះកុង។​ អ្នកស្រី​បញ្ជាក់​ថា​ លោក​ ហេង​ ហុយ​ កំពុង​មាន​ទំនាស់​ជាមួយ​ប្រជាជន​ចំនួន​ប្រមាណ​១៥​គ្រួសារ។

លោក ​ហេង ហុយ​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។​ VOA​ ក៏​មិន​អាច​ទាក់ទង​លោក​ឧកញ៉ា​ លី យ៉ុងផាត់ បាន​ដែរ។

អ្នក​ស្រី ព្រាប​ រដ្ឋា តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ឃុំ​ព្រែកខ្សាច់​ ស្រុក​គិរីសាគរ​ ខេត្ត​កោះកុង​ និយាយ​ថា ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ភូមិឋាន ព្រោះ​កាលពី​ចុង​ឆ្នាំ​២០១៥ អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​រំឭក​ថា នឹង​មាន​ការ​ជម្លៀស​ភូមិ​ចំនួន​ពីរ ​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាច់​នេះ។​ ដំណឹង​នេះ​ធ្វើ​ឲ្យ​អ្នក​ភូមិ និង​អ្នក​ស្រី​ពុំ​មាន​ក្តី​សប្បាយ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​នៅ​ក្នុង​កម្មវិធី​អង្គរសង្ក្រាន្ត​ប្រចាំឆ្នាំ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ចាប់ពី ថ្ងៃទី១៣ រហូត​ដល់​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី)
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​នៅ​ក្នុង​កម្មវិធី​អង្គរសង្ក្រាន្ត​ប្រចាំឆ្នាំ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ចាប់ពី ថ្ងៃទី១៣ រហូត​ដល់​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី)

អ្នកស្រី ព្រាប រដ្ឋា ថ្លែង​ថា៖​«ខាង​សៀមរាប​គេ​សប្បាយ តែ​ចំណែក​ខាង​ខ្ញុំ​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាច់​ហ្នឹង​ គឺ​អត់​មាន​ការ​សប្បាយ​ទេ​បង។​ ទោះ​ជា​សប្បាយ​ម៉េច​ក៏​ នៅ​តែ​មាន​អារម្មណ៍​មួយ​ព្រួយ​ថា មិន​ដឹង​ជា​គេ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ​នៅ​ពេល​ណា។​ ទោះ​ជា​ខ្ញុំ​សប្បាយ​ ក៏​សប្បាយ​មិន​បាន​យូរ​សម្រាប់នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​ណា​បង​ណ៎ា»។

អ្នកស្រី​បន្ត​ថា​ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ស្វែង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រុមហ៊ុន​ចិន​ Union Development Group ​(UDG)។​

អ្នកស្រី​បន្ថែម​ថា​ ដី​អ្នកស្រី​ទំហំ​ជាង​២ហិកតា​ កំពុង​ស្ថិត​ក្នុង​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន ​UDG ហើយ​ជាង​១១ហិកតា​ទៀត​ជាមួយ​នឹង​ក្រុមហ៊ុន​ Koh Kong​ SEZ​ (តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង) របស់​លោក​ឧកញ៉ា​ លី​ យ៉ុងផាត់។​ ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេង​ទៀត​ក៏​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ UDG និង​ SEZ​ នេះ​ផង​ដែរ។

VOA ​ពុំ​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន​ Union Development Group​ បាន​ដែរ​ នៅ​ថ្ងៃ​សុក្រ​នេះ។​ ក្រុមហ៊ុន​ Union Development Group នេះ​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​៤៥.១០០​ហិកតា​ ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០០៨។

លោក ​ប៊ុន​ លើត​ អភិបាល​ខេត្ត​កោះកុង​ បញ្ជាក់​ប្រាប់​ VOA​ ថា​ អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​ភាគី​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ តែ​លោក​ថា​ ការ​សម្រេច​គឺ​អាស្រ័យ​លើ​ក្រុម​ការងារ​របស់​គណៈកម្មការ​អន្តរក្រសួង។​ លោក​ថា​ អាជ្ញាធរ​ខេត្ត​ មិន​បាន​ព្រងើយ​កន្តើយ​ក្នុង​ការ​បំបែក​សំណុំរឿង​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ទេ។​

លោក​អភិបាល​ខេត្ត​កោះកុង ​អះអាង​ថា៖​«រឿង​អី​មិន​រវីរវល់​ យើង​ទទួល​ញត្តិ​ ត្រូវ​ទទួល​របស់​គាត់​ហើយ ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ យើង​ក៏​បាន​ធ្វើ​ហើយ​ ប៉ុន្តែ​ចាំ​ដំណោះស្រាយ​របស់​គណៈកម្មការ​អន្តរក្រសួង»។

ក្រុម​អ្នកតំណាង​ប្រជាពលរដ្ឋ​ថ្លែង​ថា ពួកគេ​នឹង​បើក​យុទ្ធនាការ​ស្វែង​រក​ដំណោះស្រាយ​បន្ត​ទៅ​ទៀត​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិ​ បន្ទាប់​ពី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ។ ពួក​គេ​នឹង​មិន​បារម្ភ​ពី​ការ​គំរាមកំហែង​ ដែល​អាច​នឹង​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ។​ មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង​បញ្ជាក់​ថា​ ជម្លោះ​ដីធ្លី​ដែល​បាន​កើត​ឡើង​មាន​អាយុ​មិន​តិច​ជាង​៥​ឆ្នាំ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG