ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ភូមិ​កោះកុង​ទាមទារ​សំណង​សមស្រប​ជាង​មុន​​ពី​ក្រុមហ៊ុន​ចិន


រូបឯកសារ៖ បាតុករ​ជា​អ្នក​ភូមិ​ដែល​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដី​ធ្លី កាន់​បដា​តវ៉ា​អំឡុង​ពេល​មក​ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​នៅ​មុខ​សាលា​ស្រុក​ស្រែ​អំបិល កាលពី​ថ្ងៃ​សុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។ (រូប​ថត​ផ្ដល់​ឱ្យ​ដោយ​អង្គ​ការ​លី​កាដូ)

ប្រជាពលរដ្ឋ​២២គ្រួសារ​នេះ​ បាន​ទទួល​លុយ​ជា​​សំណង​ពី​១៥,០០០​ដុល្លារ ទៅ​៧,០០០​ដុលា្លរ និង​បាន​ដី​ទំហំ​៥​ហិកតា​ក្នុង​មួយ​គ្រួសារ​ ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​ក្រុម​ប្រជាពលរដ្ឋ​លោក​បាន​ទទួល។

ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​ស្រុក​គីរីសាគរបាន​លើក​គ្នា​ទៅ​បោះ​តង់​នៅ​ភូមិ​ចាស់​ ប្រកាស​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ម្តង​ទៀត​ អភិបាល​ខេត្ត​កោះកុង​ថ្លែង​ថា​ អាជ្ញាធរ​ខេត្ត​មិន​ទាន់​ទទួល​បាន​ដំណឹង​នេះ​ដែរ។​ លោក​ថា​ ក្រុមហ៊ុន​ជា​អ្នក​ដោះស្រាយ​រឿង​នេះ​ ចំណែក​ឯ​អាជ្ញាធរ​អាច​ត្រឹម​តែ​ជួយ​សម្របសម្រួល។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​កោះកុង​ជាង​២០០​គ្រួសារ​ដែល​បាន​យល់​ព្រម​ចាកចេញ​ពី​ភូមិដ្ឋាន​ចាស់​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១២​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ Union Development Group (UDG) អនុវត្ត​គម្រោង​វិនិយោគ​ទីក្រុង​ទេសចរ​ បាន​សម្រេច​វិល​ត្រឡប់​ចូល​ទៅ​កាន់​កាប់​ដីធ្លី​របស់​ខ្លួន​វិញ​ បន្ទាប់​ពី​បាន​ដឹង​ថា​ សំណង​ដែល​ក្រុមហ៊ុន​ចិន​នេះ បាន​ផ្តល់​ឲ្យ​កន្លង​មក​មិន​សម​ស្រប និង​មិន​តុល្យភាព ​ធៀប​នឹង​សំណង​ដែល​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​បាន​ទទួល​កាល​ពី​ពេល​ថ្មីៗ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​តំណាង​ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។

​ការ​វិលត្រឡប់​ទៅ​កាន់​ភូមិដ្ឋាន​ចាស់​នេះ​ កើត​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២២​គ្រួសារ​ផ្សេង​ទៀត បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ចិន​ UDG ​កាល​ពី​ពាក់​កណា្តល​ខែ​ឧសភា​ឆ្នំា​២០១៦​នេះ។​ អ្នក​តំណាង​ប្រជា​ពលរដ្ឋ​ ដែល​សម្រេច​នាំគ្នា​ទៅ​បោះតង់​ទាម​ទារ​សំណង​ពី​ដី​ចាស់ បាន​និយាយ​ថា​ សំណង​ដែល​ខ្លួន​ទទួល​ កាល​ពី​ពេល​មុន​ គឺ​មិន​សមស្រប​ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​បម្លាស់​ទី​ធ្លាក់​ខ្លួន​ក្រ​ និង​ក្លាយ​ជា​កូនបំណុល។

លោក​ អ៊ុំ វីរៈ​ ជា​តំណាង​ប្រជា​ពលរដ្ឋ​ដែល​បាន​ព្រមព្រៀង​ រើ​ចេញ​ពី​ទីតាំង​ចាស់​ក្នុង​ភូមិ​ព្រែក​ស្មាច់​ ឃុំ​កោះ​ស្តេច​ ស្រុក​គិរីសាគរ ទៅ​កាន់​ទីតាំង​ថ្មី​ក្នុង​ភូមិ​ឃុំ​ដដែល​ តែ​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​មាត់​សមុទ្រ កាល​ពី​ឆ្នាំ​២០១២។ លោក​បាន​ប្រាប់​ VOA ថា​ ការ​ផ្តល់​សំណង​របស់​ក្រុមហ៊ុន​ គឺ​មិន​មាន​តម្លាភាព​ និង​អយុត្តិធម៌ បើ​ធៀប​នឹង​សំណង​ដែល​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​បាន​ទទួល។

​លោក​បញ្ជាក់​ថា​ ការ​មក​តាំង​នៅ​ភូមិដ្ឋាន​ថ្មី​ ​បាន​ធ្វើ​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​ដោយ​គ្មាន​របរ​រកស៊ី ហើយ​ដំណាំ​ដែល​បាន​ផល​ហើយ​តែ​គ្មាន​ទីផ្សារ​រហូត​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី​ ដែល​ជា​ផ្នែក​មួយ​នៃ​សំណង​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ឲ្យ​កាល​ពី​ពេល​មុន។

លោក​ អ៊ុំ វីរៈ​ បញ្ជាក់​ថា៖

«អា​រឿង​ការ​រស់​នៅ​តំបន់​ថ្មី​នោះ​ បង​ដឹង​ស្រាប់​ហើយ​ ប្រជាពលរដ្ឋ​ខ្ញុំ​ ជួប​ការ​លំបាក​ខ្លាំង​ណាស់​ ខ្លះ​លក់​ដី សឹង​អស់​រលីង​ហើយ​រក​លំនៅដ្ឋាន​អត់​មាន​ផង​ ដោយ​សារ​ការ​ជួប​ទីទ័ល​ក្រ​លំបាក​វេទនា​ហ្នឹង​ណ៎ា»។

លោក​ អ៊ុំ វីរៈ​ បាន​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​វិល​ទៅ​ភូមិដ្ឋាន​ចាស់​របស់​ខ្លួន​នោះ​ នឹង​នៅ​ទាម​ទារ​ឲ្យ​បាន​សំណង​ដូច​ដែល​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​២២​គ្រួសារ ​បាន​ទទួល​ពី​ក្រុម​ហ៊ុន​ UDG។​ លោក​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​២២គ្រួសារ​នេះ​ បាន​ទទួល​លុយ​ជាសំណង​ពី​១៥,០០០​ដុល្លារ ទៅ​៧,០០០​ដុលា្លរ និង​បាន​ដី​ទំហំ​៥​ហិកតា​ក្នុង​មួយ​គ្រួសារ​ ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​ក្រុម​ប្រជាពលរដ្ឋ​លោក​បាន​ទទួល។

«ទាមទារ​លុយ​ ហើយ​និង​ដី​ឲ្យ​ស្មើ​ភាព​មក​ ខ្ញុំ​ឈប់​ហើយ​ ឲ្យ​តែ​បាន​ដី​៥ហិកតា​ លុយ​ដូច​គេ​មក​ ឈប់​ហើយ»។

លោក​បន្ថែម​ថា​ ក្រុមហ៊ុន​ UDG​ ដដែល​នេះ​ ​បាន​ក្បត់​សន្យា​របស់​ខ្លួន​ ដែល​ថា​ ខ្លួន​នឹង​ឧបត្ថម្ភ​អង្ករ​ដល់​ប្រជាពលរដ្ឋ​ដែល​ព្រម​ចាក​ចេញ​ពី​លំនៅដ្ឋាន​ចាស់ ទៅ​កាន់​ទីតាំង​ថ្មី​ ក្នុង​រយៈពេល​បី​ឆ្នាំ តែ​ប្រជាពលរដ្ឋ​បាន​ទទួល​អង្ករ​តែ​បី​បាវ​ប៉ុណ្ណោះ​ ហើយ​ក៏​ឈប់​ទទួល​បាន​អង្ករ​បន្ថែម​ទៀត។​ សម្រាប់​សំណង​ដី​ធ្លី​វិញ​ លោក​ថា​ គ្រា​នោះ​គ្រួសារ​ខ្លះ​បាន​ទទួល​ដី២​ហិកតា​កន្លះ ជាមួយ​ផ្ទះ​មួយ​ខ្នង និង​ខ្លះ​ទៀត​បាន​ដី​តែ​២ហិកតា ហើយ​បានផ្ទះ​មួយ​ខ្នង​ដែរ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​សំណង​ជា​លុយ​ ដែល​បាន​ពី​ក្រុមហ៊ុន​នោះ​ទេ។

​ក្រុមហ៊ុន​ Union Development Group នេះ​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​៤៥.១០០​ហិកតា​ ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០០៨។​ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ស្គឹមស្កៃ​នេះ កំពុង​ដំណើរការ​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បុទុមសាគរ​ក្នុង​ខេត្ត​កោះកុង។

​គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១,០០០​គ្រួសារ ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​បណ្តើរ​ជា​យូរ​មក​ហើយ។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​២២​គ្រួសារ​ដែល​ទើប​ទទួល​បាន​សំណង​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​នេះ​ ជា​ប្រជាពលរដ្ឋ​ដែល​ប្រកែក​មិន​ព្រម​ចាកចេញ​ពី​ភូមិដ្ឋាន​ចាស់ មុន​នឹង​ពួកគេ​ទទួល​យក​សំណង​ដែល​ពួកគេ​យល់ថា​ សមស្រប​ និង​អាច​ទទួល​យក​បាន។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស។

លោក​ អ៊ិន​ គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ ការ​វិល​ត្រឡប់​ទៅ​កាន់​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ​ដែល​ព្រម​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​កាលពី​បួន​ឆ្នាំ​មុន​នោះ មាន​បំណង​សុំ​ឲ្យ​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល​ ទូទាត់​ថ្លៃ​ដី​ ថ្លៃ​ផ្ទះ​ និង​ថ្លៃ​ដំណាំ​របស់​ពួក​គេ​ ដូចដែល​ប្រជា​ពលរដ្ឋ​ប្រមាណ​២២​គ្រួសារ​បាន​ទទួល។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ថ្លែង​ថា៖

«គាត់​វិល​មក​ភូមិ​ចាស់​វិញ​ ហើយ​គាត់​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ចិន​ និង​គណៈកម្មការ​អន្តរ​ក្រសួង​ហ្នឹង​ត្រូវ​ផ្តល់​សំណង​ជា​លុយ​សម្រាប់​ដី​ផ្ទះ​គាត់​ ដី​និង​ផ្ទះ​ និង​ដំណាំ​របស់​គាត់»។

លោក​ អ៊ិន​ គង់ជិត ថ្លែង​បន្ត​ថា​ ការ​ដោះ​ស្រាយ​ទូទាត់​សំណង​ឡើង​វិញ​នេះ​ អាច​នឹង​មាន​ភាព​ស្មុគ្រ​ស្មាញ​ទៅ​ដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន។​ យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​សំណង​ថ្មីៗ​នេះ​ បាន​តស៊ូ​ក្រាញ​ននាល​ជាច្រើន​ឆ្នាំ​ជាមួយ​ក្រុម​ហ៊ុន​ នៅ​លើ​ដីធ្លី​របស់​ពួកគេ​ មុន​ពេល​ទទួល​បាន​សំណង។​ លោក​បញ្ជាក់​បន្ថែម​ថា​ ប្រជាពលរដ្ឋ​ដែល​ទើប​ទទួល​បាន​សំណង​ថ្មីៗ​នេះ​ គឺ​មក​ពី​ចំណុច​វត្ត​ពយជប៉ុន ភូមិ​ព្រែក​ស្មាច់​ ឃុំ​កោះ​ស្តេច​ ស្រុក​គិរីសាគរ។ អ្នក​ដែល​កំពុង​ទាមទារ​សំណង​បន្ថែម​នេះ​ ក៏​បាន​ចេញ​ពី​ចំណុច​វត្ត​ពយជប៉ុន​នេះ​ដែរ។

លោក​ ប៊ុន លើត​ អភិបាល​ខេត្ត​កោះកុង​ បាន​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​អង្គារ​ កន្លង​ទៅ​នេះ ថា​ អាជ្ញាធរ​ភូមិ​ឃុំ​ ពុំ​ទាន់​ទទួល​បាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ទីតាំង​ចាស់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​វិនិយោគរួច​ទៅ​ហើយ​នោះ​ទេ។

«អាហ្នឹង​ចាំ​មើល​ជាក់ស្តែង​សិន​ថា​ ខាង​ក្រុមហ៊ុន​គេ​ ចំណាត់ការ​យ៉ាង​ម៉េច។​ ខាង​ក្រុមហ៊ុន​ ក៏​ត្រូវ​តែ​មក​ទំនាក់ទំនង​ អាជ្ញាធរ​ដែរ ព្រោះ​កន្លែង​ហ្នឹង​ យើង​ដាក់​ឲ្យ​គេ​វិនិយោគ​ទៅ​ហើយ»។

​លោក​ថា​ អាជ្ញាធរ​មូលដ្ឋាន​ ពុំ​មាន​លទ្ធភាព​សម្រាប់​ទូទាត់​សំណង​ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​ គឺ​មាន​តែ​ខាង​ក្រុមហ៊ុន​ប៉ុណ្ណោះ។

VOA ​ពុំ​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន​ Union Development Group​ បាន​ទេ​ តាំង​ពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​នេះ។

​គម្រោង​សាង​សង់​ទីក្រុង​ទេសចរណ៍​នេះ​ អាច​ត្រូវ​ប្រើ​ពេល​២៥​ឆ្នាំ ដើម្បី​បញ្ចប់​គម្រោង។​ ទីក្រុង​នេះ​ ប្រសិន​បើ​សាងសង់​រួច​ នឹង​មាន​វាល​ព្រលាន​យន្តហោះ​ មណ្ឌល​ពាណិជ្ជកម្ម​ កំពង់ផែ​ និង​ទីកន្លែង​កម្សាន្ត​ផ្សេង​ទៀត​ ដូច​ជា​កន្លែង​វាយ​កូន​ហ្គោល​ជាដើម។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខេត្ត​កោះកុង​ កាល​ពី​ពេល​កន្លង​មក៕

XS
SM
MD
LG