ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្ដីរាយការណ៍​នៃ​សេរីភាព​សារព័ត៌មាន៖​ ចិន​និង​អេហ្ស៊ីប​នាំ​មុខ​គេ​ក្នុង​ពិភពលោក​​ចំពោះ​ការកាត់​ទោស​​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ


រូបថតឯកសារ ៖ អ្នក​កាសែត​ដើរ​កាត់​រូប​ថត​នៃ​អ្នក​ថត​រូប​សារព័ត៌មានដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​គ្មាន​ការ​កាត់​ទោស​​ម្នាក់​ឈ្មោះ​ Mahmoud Abou-Zeid នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា ឆ្នាំ​២០១៥។​
រូបថតឯកសារ ៖ អ្នក​កាសែត​ដើរ​កាត់​រូប​ថត​នៃ​អ្នក​ថត​រូប​សារព័ត៌មានដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​គ្មាន​ការ​កាត់​ទោស​​ម្នាក់​ឈ្មោះ​ Mahmoud Abou-Zeid នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា ឆ្នាំ​២០១៥។​

អង្គការ​គាំពារ​សេរីភាព​សារព័ត៌មាន​សកល​មួយ​បាន​ឲ្យ​ដឹង​ថា ​ចិន​និងអេហ្ស៊ីប​គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ចំពោះ​ការកាត់​ទោសអ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​គែរ កំពុង​ព្យាយាម​បំបាត់​នូវ​ការបញ្ចេញ​មតិ​និង​រឿងមាន​កម្រិត​នានា​ ដែល​ពួកគេ​យល់​ថា​គឺ​ជា​ការប្រឆាំង​នឹង​រដ្ឋាភិបាល។

ក្នុង​នោះ​ គណៈកម្មាធិការ​ដើម្បី​ការពារ​អ្នកសារព័ត៌មាន​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អ្នកសារព័ត៌មាន​ចំនួន​១៩៩​នាក់​ត្រូវ​បាន​គេ​ដាក់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ចំនួន​២៨ នៅ​ទូទាំង​ពិភពលោក​ គិត​មក​ត្រឹម​ថ្ងៃ​ទី​១​ខែ​ធ្នូ​នេះ។ ​ទិន្នន័យ​នេះ​គិត​ចាប់​តាំង​ពី​២២១​ឆ្នាំ​មុន។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុងNew York មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ចិន​គឺ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នកសារព័ត៌មាន​ជាប់​ពន្ធនាគារ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ដោយ​មាន​ចំនួន​៤៩​នាក់​ ហើយមូលហេតុ​មួយ​ផ្នែក​ពាក់ព័ន្ធ​នឹង​សេចក្ដី​រាយការណ៍រសើប​ទៅ​លើ​ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ទន់ខ្សោយ។ ​
អង្គការ​នេះ​បាន​ដកស្រង់​ករណី​របស់​លោក Wang Xiaolu ដែល​ជា​អ្នក​សារព័ត៌មាន​របស់​ទស្សនាវដ្ដី​ជំនួញ​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង។

លោក Wang ត្រូវ​បាន​ដាក់​ពន្ធនាគារ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​អំពី «ការប្រឌិត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត» អំពី​សន្តិសុខ​នៃ​ការធ្វើ​ជំនួញ។​ ក្រោយ​មក​លោក Wang បាន​ចេញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​បក​ស្រាយ​ថា លោក​មាន​ការសោក​ស្តាយ​ចំពោះ​ការសរសេរ​រឿង​នេះ​ និង​ស្នើ​សុំ​ការលើកលែង​ទោស​ ខណៈ​ដែល​នៅ​តែ​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​ថា​តើ​លោក​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ឬ​យ៉ាងណា​នោះ​ទេ។​

គណៈកម្មាធិការ​ដើម្បី​ការពារ​អ្នកសារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការព្យាយាម​របស់​ចិន​ក្នុង​ការបំបិទ​មាត់​អ្នក​រិះគន់​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ ដោយ​មាន​ការដាក់​ពន្ធនាគារ​លើ​បងប្អូន​ប្រុស​៣​នាក់​របស់​អ្នកសារព័ត៌មាន​ប្រចាំ​នៅ​រដ្ឋធានី Washington ដែល​ជា​ជនជាតិ​ដើមភាគតិច Uighur មាន​ឈ្មោះ​ថា Shohret Hoshur។

លោក Hoshur បាន​សរសេរ​សេចក្ដី​រាយការណ៍​រិះគន់​ទៅ​លើ​ការប្រព្រឹត្ត​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ក្រុម​ជនជាតិដើម​ភាគតិច ខណៈ​ពេល​ដែល​លោក​កំពុង​បម្រើការ​ឲ្យ​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ​ដែល​ជា​ស្ថាប័នផ្តល់​ថវិកាជំនួយ​ដោយ​រដ្ឋាភិបាល​អាមេរិក។

អង្គការ​គាំទ្រ​អ្នកសារព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា ទីក្រុង​គែរ​កំពុង​តែ​ឃុំ​ខ្លួន​អ្នកសារព័ត៌មាន​ចំនួន​២៣​នាក់​ ក្នុង​ការបង្ក្រាប​ការបញ្ចេញ​គំនិត ខណៈ​ដែល​លោក​ប្រធានាធិបតី Abdel Fattah el-Sisi នៅ​តែ​បន្ត​ប្រើប្រាស់​លេស​ថា ​ដើម្បី​សន្តិសុខ​ជាតិ៕

XS
SM
MD
LG