ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការផ្តើមគំនិត​របស់​អង្គការ WHO៖ ការខ្វះ​ប្រាក់ បាន​រារាំង​ក្រុម​ប្រទេស​ក្រីក្រ​មិន​ឱ្យ​បាន​ទទួល​វ៉ាក់សាំង​និង​ការព្យាបាល


រូបឯកសារ៖ គិលានុបដ្ឋាក​ម្នាក់ ត្រៀម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer/BioNTech នៅ​មន្ទីរពេទ្យ Guy ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ គិលានុបដ្ឋាក​ម្នាក់ ត្រៀម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer/BioNTech នៅ​មន្ទីរពេទ្យ Guy ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

ការ​ផ្តើម​គំនិត​របស់​អង្គការ​សុខភាព​ពិភព​លោករាយការណ៍​ថា ខ្លួន​មិនបានទទូល​ប្រាក់ដែល​ត្រូវការ​សម្រាប់ផ្តល់​ឱ្យ​ក្រុម​ប្រទេស​ក្រីក្រ​នូវវ៉ាក់សាំង ការ​ព្យាបាល និងការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដើម្បី​ប្រយុទ្ធនឹងវីរុស​កូរ៉ូណាទេ។

ការ​មាន​ឧបករណ៍​សម្រាប់​បង្កើន​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ ហៅ​កាត់​ថា​ ACT ជាការ​ផ្តើមគំនិត​មួយ​ធ្វើ​ឡើង​ដោយអង្គការ​សុខភាព​ពិភព​លោក WHO ​និងពួកដៃ​គូ​ដើម្បី​ប្រយុទ្ធ​នឹងជំងឺ​នេះ​ ដែលបណ្តាលមក​ពី​វីរុស​កូរ៉ូណា។ លោក Bruce Aylward អ្នក​សម្រប​សម្រួល​ការ​ផ្តើម​គំនិត​នេះនិយាយ​ថា ប្រាក់​បាន​មក​ពីប្រទេស​ជាតិ​នានា​តិចៗ​ នៅ​ពេល​ដែល​គួរ​មាន​ប្រាក់ជំនួយដ៏​ច្រើន​ដូ​ចទឹក​ជំនន់​នោះ។

លោក Aylward បាននិយាយ​ថា៖ «លោក​អ្នក​ដឹង​ទេ​ថា​នៅ​ពេល​នេះ ការ​ផ្តល់​ប្រាក់កាស​ជា​អ្វីដែល​ឈរ​នៅ​ចន្លោះយើង និង​ការ​ចេញ​ពី​ការ​រាតត្បាត​ជា​សាកល​នៃជំងឺនេះ​ឱ្យ​បានឆាប់​រហ័ស​តាមដែលអាចធ្វើ​បាន។ នេះ​ជាការ​និយាយត្រង់ៗតែ​ម្តង»។

អង្គការ WHO រាយការណ៍​ថា មានករណី​ឆ្លង​វីរុសកូរ៉ូណាជាសាកល​ចំនួន៧១​លាន​នាក់ដោយ​មានរួម​បញ្ជូលទាំង​មនុស្ស​ស្លាប់​ជាង១លាន ៦សែននាក់​ ផង​ដែរ។

លោក Aylward និយាយ​ថា​ គេត្រូវការ​ឱ្យ​មាន​សកម្មភាព​ជា​បន្ទាន់​សម្រាប់​បំពេញ​ការខ្វះ​ប្រាក់​២៨ពាន់​លានដុល្លារសម្រាប់​កម្មវិធី​ ACT។ លោក​បានថ្លែង​ថា​ ការ​ចែកចាយដោយ​ស្មើ​គ្នានូវឧបករណ៍​ស្រោច​ស្រង់​ជីវិត​ពី​ជំងឺកូវីដ​១៩នៅ​ក្នុងក្រុម​ប្រទេស​ក្រីក្រក្នុង​ឆ្នាំ​ក្រោយ ​អាស្រ័យលើទឹក​ប្រាក់​នេះ។

លោក Aylward បាន​ថ្លែង​ថា៖ «ការ​ផ្តោតការយកចិត្ត​ទុកដាក់លើវ៉ាក់សាំង​ ជា​ការមានសារៈសំខាន់ដាច់ខាត​ដែល​យើង​បន្ត​ពិនិត្យ​មើល​ មិន​មែនតែ​លើការវិនិច្ឆ័យ​រោគប៉ុណ្ណោះ​ទេ តែទៅលើការ​ព្យាបាល​ដែរ​ បើ​យើងនឹង​ជួយ​ស្រោច​ស្រង់ជីវិត និង​បញ្ចៀស​កុំឱ្យ​ការ​ស្លាប់​ច្រើន​ដែល​ជាផ្នែក​សំខាន់​នៃ​ការ​បង្កើន​សមត្ថភាព​ផ្នែកព្យបាលបន្ទាន់ ​គម្លាតខាង​សង្គម ដែល​នាំ​ឱ្យ​មាន​ការបង្អាក់​សេដ្ឋកិច្ច»។

លោក Bruce Aylward ​បាននិយាយ​ថា ​ក្រុមប្រទេស​មាន​ប្រាក់ចំណូល​ទាប និងមធ្យម កំពុងត្រូវទុកឱ្យ​នៅក្រោយ​គេដោយ​ពួក​ប្រទេសមានធនធាន​ច្រើនក្នុង​ការ​ប្រជែងទិញ​វ៉ាក់សាំងឱ្យ​បានច្រើន​ តាម​ដែល​អាចធ្វើ​បាន។ លោក​បានអំពាវ​នាវដល់​ពួក​ប្រទេសមានធនធាន​ច្រើន ឱ្យ​ធ្វើវិភាគទាន​ដល់​ COVAX ដែលជា​ការផ្តើម​គំនិត​របស់​អង្គការ​ WHO ដែល​បានត្រូវ​បង្កើត​ឡើង​សម្រាប់ផ្តល់​វ៉ាក់សាំង​ដល់ក្រុម​ប្រទេស​ក្រីក្រ​ដោយ​តម្លៃ​ទាប។

លោកបាន​ពោល​ថា នៅ​ពេល​នេះ COVAX គ្មានប្រាក់​សម្រាប់ទិញវ៉ាក់សាំងពីរ​ពាន់​លាន​ដូស​សម្រាប់​ចែក​ចាយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍៩២ នៅ​ឆ្នាំ​ក្រោយទេ។

លោក Bruce Aylward បាននិយាយ​ថា៖ «ដូច្នេះ​អ្វីដែលយើង​កំពុង​ព្យាយាមធ្វើ​ជា​មួយ​វ៉ាក់សាំង​ពីរ​ពាន់​លាន​ដូស​ទាំង​នោះ​ គឺប្រើក្នុង​វិធី​មួយ​សម្រាប់​បន្ធូរ​ការងារ​ក្នុងផ្នែក​ព្យាបាល​ជា​បន្ទាន់ ការ​មិន​នៅ​ជិត​គ្នា​ខាង​សង្គម​ និងធ្វើឱ្យ​សេដ្ឋកិច្ច​មានដំណើរការ​វិញ។ ការ​មានវ៉ាក់សាំង​ពីរ​ពាន់​លាន​ដូស​ទាំង​នោះ​ ​ក៏​ដើម្បី​កម្ចាត់​ការ​ភ័យ​ខ្លាច​ជំងឺ​នេះ ធ្វើឱ្យ​មានទំនុក​ចិត្ត​នៅ​កម្រិតនៃ​ការ​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​នៅ​កម្រិតសាជីវកម្ម​ នៅ​កម្រិត​សហគមន៍​ និង​នៅ​កម្រិត​ប្រទេស​ផង​ដែរ។ នេះ​ជា​អ្វី​ដែល​យើង​អាចធ្វើបាន​ជា​មួយទឹក​ប្រាក់​នេះ។ តែ​យើងមិន​អាច​ធ្វើការ​ទាំង​នេះ​បាន​ទេ បើ​គ្មាន​ប្រាក់​៥ពាន់​លាន​ដុល្លារសម្រាប់​បំពេញការ​ខ្វះខាត​នេះ​ទេនោះ»។

លោក Aylward បានពោល​ថា​ ការអភិវឌ្ឍន៍​វ៉ាក់សាំង​ដោយជោគជ័យ​ប្រឆាំង​នឹងជំងឺ​កូវីដ១៩​បំផុស​សេចក្តី​សង្ឃឹម​ក្នុង​ការ​បញ្ឈប់វិបត្តិ​សុខ​ភាពនេះ។ លោក​បាននិយាយ​ដោយប្រុង​ប្រយ័ត្នថា នឹងត្រូវ​ចំណាយពេល​មួយ​រយៈសម្រាប់ផលិត​ និងបញ្ចេញ​វ៉ាក់សាំងទាំង​អស់​ដែលគេ​ត្រូវការ​សម្រាប់​កម្ចាត់​ការ​រាតត្បាត​នៃជំងឺ​នេះ​ពី​ពិភពលោក៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG