ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ដំណើរការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩


ឱសថការី​ម្នាក់​កាន់​ម្ជុល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ឯ​មន្ទីរពេទ្យ Mount Sinai Queens ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
ឱសថការី​ម្នាក់​កាន់​ម្ជុល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ឯ​មន្ទីរពេទ្យ Mount Sinai Queens ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

វ៉ាក់សាំង​កូវីដ១៩ ដែល​ទើប​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គ្រោង​នឹង​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ដោយ​ផ្ទុក​ក្រោម​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​បំផុត​តាម​រថយន្ត​ដឹក​ទំនិញ ចេញពី​រោងចក្រ​ផលិត​ឱសថ​របស់​ក្រុមហ៊ុន Pfizer នៅ​ក្នុង​ក្រុង Kalamazoo រដ្ឋ Michigan សម្រាប់​ការ​ចែកចាយ​ល្បឿន​លឿន​ដោយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ទៅ​កាន់​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ការ​ចាក់​វ៉ាក់សាំង​អាច​ចាប់ផ្ដើម​លឿន​បំផុត​នៅ​ថ្ងៃ​ចន្ទ​ស្អែក ស្រប​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កំពុង​កើន​ឡើង ហើយ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កើន​ជិត​ដល់ ៣ សែន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​កូវីដ១៩ នៃ​សាកល​វិទ្យាល័យ Johns Hopkins។

លោក​ឧត្តមសេនីយ៍ Gustave Perna ប្រធាន​គម្រោង​សម្របសម្រួល​និង​ពន្លឿន​ការ​ផលិត​និង​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ (Operation Warp Speed) របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍​ថា ក្រុមហ៊ុន​ដឹក​ជញ្ជូន​នឹង​ដឹក​ជញ្ជូន​វ៉ាក់សាំង​ដំបូង​ទៅ​កាន់​មជ្ឈមណ្ឌល​ចែកចាយ​ជិត ១៥០ កន្លែង ហើយ​បន្ទាប់​មក​ទៅ​កាន់​មជ្ឈមណ្ឌល​ចែកចាយ​ប្រហែល ៤៥០ កន្លែង​បន្ថែម​ទៀត​នៅ​ត្រឹម​ថ្ងៃ​ពុធ។

ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ប្រើ​ក្នុង​គ្រា​បន្ទាន់​នូវ​វ៉ាក់សាំង​កូវីដ១៩ ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech នេះ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។

វ៉ាក់សាំង​នេះ​តម្រូវ​ឲ្យ​ផ្ទុក​ក្រោម​សីតុណ្ហភាព -៧០ អង្សារ​សេ។ នៅ​ក្នុង​ដំណាក់កាល​សាកល្បង​ចុងក្រោយ វ៉ាក់សាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ប្រសិទ្ធភាព ៩៥% សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩។

បុគ្គលិក​សុខាភិបាល និង​មនុស្ស​ចាស់​ជរា​ដែល​ស្នាក់នៅ​មណ្ឌល​ចាស់​ជរា នឹង​មាន​អាទិភាព​ដំបូង​គេ​បង្អស់​ក្នុង​ការ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​នេះ ដែល​ជុំ​ទី​មួយ​មាន​ប្រហែល​ជា ២ លាន ៩ សែន​ដូស។ វ៉ាក់សាំង​នេះ​តម្រូវ​ឲ្យ​ចាក់ ២ ដូស ដោយ​ដូស​ទី​ពីរ​នឹង​ត្រូវ​ចាក់ ៣ សប្ដាហ៍​ក្រោយ​ពី​ការ​ចាក់​ដូស​ទី​មួយ ដើម្បី​ទទួល​បាន​ការ​ការពារ​ជា​អតិបរមា​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BioNTech លោក Ugur Sahin បាន​និយាយ​ថា វ៉ាក់សាំង​នេះ «នឹង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក និង​អាច​ជួយ​ពន្លឿន​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​ត្រឡប់​មក​ដូច​ធម្មតា​ឡើង​វិញ»៕

XS
SM
MD
LG