សហរដ្ឋអាមេរិកជិតឈានដល់ការយល់ព្រមដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី២។
ក្រុមនិយ័តករនៃរដ្ឋបាលស្បៀងអាហារនិងឱសថសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃអង្គារថា ខ្លួនបានវិភាគក្នុងជំហានបថម នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតឡើងដោយក្រុមហ៊ុនឱសថ Moderna សហការនឹងវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក គូសបញ្ជាក់ថា វ៉ាក់សាំងនោះមានសុវត្ថិភាពនិងប្រសិទ្ធភាព។
របាយការណ៍នោះក៏បានបង្ហាញផងដែរថា មានអ្នកស្ម័គ្រចិត្ត៤រូប ដែលបានធ្វើតេស្តសាកល្បងវ៉ាក់សាំងនេះក្នុងដំណាក់កាលចុងក្រោយ មានអាការៈកំរើកខ្លួនមិនរួចឬស្ពឹកមុខក្នុងរយៈពេលខ្លី។ ពួកគេ៣នាក់បានទទួលវ៉ាក់សាំងសាកល្បង ហើយម្នាក់ទៀតបានទទួលថ្នាំធម្មតា។
ដំណើរការយល់ព្រមនៃវ៉ាក់សាំងដែលចាក់២ដូសនោះ ពេលនេះកំពុងស្ថិតក្នុងដៃរបស់ FDA និងគណៈកម្មាធិការប្រឹក្សាយោបល់នៃផលិតផលឱសថជីវសាស្ត្រ ដែលមានគម្រោងនឹងជួបប្រជុំសម្រេចរឿងនេះ នៅថ្ងៃព្រហស្បតិ៍។ ប្រសិនបើគណៈកម្មាធិការនេះយល់ព្រមនោះ FDA នឹងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ Moderna នេះក្នុងគ្រាបន្ទាន់មួយ។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Kayleigh McEnany បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna ចំនួន៦លានដូស នឹងត្រូវគេដឹកជញ្ជូនចែកចាយនៅសប្តាហ៍ក្រោយ បន្ទាប់ពី FDAយល់ព្រមរួចមក។ វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១ ដែលផលិតឡើងរួមគ្នារវាងក្រុមហ៊ុនឱសថអាមេរិកPfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នោះ ត្រូវបានចាក់ទៅលើបុគ្គលិកសុខាភិបាលនៅទូទាំងសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ៕