ក្រោយពីរដ្ឋាភិបាលកម្ពុជាទើបតែបានជួយជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១៧០ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ ២០១៨ កាលពីថ្ងៃច័ន្ទ ក្រសួងការងារបានយល់ព្រមកែសម្រួលឧបសគ្គមួយចំនួនដែលអាចនឹងរារាំងដល់ការចរចាដំឡើងប្រាក់ឈ្នួល និងការបង្កើតសហជីពនៅតាមរោងចក្រ និងសហគ្រាស ដើម្បីប្រឆាំងនឹងការកេងប្រវ័ញ្ចពីនិយោជក។ ចំណាត់ការទាំងនេះជាផ្នែកមួយនៃការថែរក្សាសុខភាពរបស់ឧស្សាហកម្មកាត់ដេរ ដែលជាឆ្អឹងខ្នងសំខាន់មួយក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានប្រកាសអំពីការសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីពង្រីកលំហសេរីភាព សម្រាប់ដោះស្រាយបញ្ហានានាទាក់ទិនទំនាក់ទំនងការងារក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលចេញផ្សាយជាសាធារណៈនៅថ្ងៃច័ន្ទនេះ និងតាមការបញ្ជាក់របស់មេដឹកនាំសហជីព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ បានឲ្យដឹងថា ការសម្រេចចិត្តរបស់លោក អ៊ិត សំហេង បានធ្វើឡើងក្រោយជំនួបរបស់លោកជាមួយលោក Peter McAllister នាយកប្រតិបត្តិនៃគំនិតផ្តួចផ្តើមសីលធម៌ពាណិជ្ជកម្ម (Ethical Trading Initiative-ETI) ដែលជាតំណាងឲ្យឲ្យអ្នកបញ្ជាទិញធំៗពីកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មាននោះ លោក អ៊ិត សំហេង បានប្រាប់លោក Peter McAllister អំពីការប្រែប្រួលមួយចំនួនក្នុងវិស័យការងារក្នុងឧស្សាហកម្មកាត់ដេរ រួមមានការបញ្ឈប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារទៅតាមមតិយោបល់របស់សិក្ខាសាលាត្រីភាគី និងភាគីពាក់ព័ន្ធនានា ដោយបន្តប្រើយន្តការផ្សះផ្សា និងដោះស្រាយវិវាទដែលមានស្រាប់ និងការកែសម្រួលមាត្រា១៦ នៃសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដោយអនុញ្ញាតឲ្យមានការសិក្សាស្រាវជ្រាវឯករាជ្យអំពីប្រាក់ឈ្នួលអប្បបរមា និងការបើកឲ្យមានការពិភាក្សាបន្ថែមទៀតជាមួយត្រីភាគី។
លោក អ៊ិត សំហេង បញ្ជាក់ឲ្យដឹងពីការប្រែចំណុចសំខាន់ៗពីរផ្សេងទៀត គឺការរៀបចំប្រកាស ដើម្បីដាក់ជូនសិក្ខាសាលាត្រីភាគីពិនិត្យផ្តល់យោបល់ ដោយផ្តល់សិទ្ធិដល់សហជីព ដែលមានសមាជិកភាគតិច ក្នុងការធ្វើជាតំណាងសមាជិករបស់ខ្លួនក្នុងការដោះស្រាយវិវាទការងាររួម និងការរៀបចំសិក្ខាសាលាថ្នាក់ជាតិដើម្បីពិនិត្យ និងកែសម្រួលនីតិវិធីនៃការចុះបញ្ជីសហជីព ឲ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងធានាបានការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា។
ក្រុមមេដឹកនាំសហជីពបានសាទរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងវិស័យការងារនេះ ដោយពួកគេបាននិយាយថា ការណ៍នេះបានឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗដែលកំពុងកើតមានក្នុងឧស្សាហកម្មកាត់ដេរ ហើយស្របគ្នានឹងការអំពាវនាវរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលទាមទារឲ្យភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មគោរពសិទ្ធិកម្មករ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះ ពាក់ព័ន្ធនឹងការសម្រេចរបស់ក្រសួងការងារយ៉ាងដូច្នេះ៖
«អ្វីដែលរដ្ឋមន្ត្រីក្រសួងការងារបានឯកភាព រហូតទៅដល់ឈានទៅដល់ការចេញសេចក្តីប្រកាសព័ត៌មាន ក្នុងជំនួបជាមួយនឹងអ្នកបញ្ជាទិញនេះ វាជារឿងមួយល្អ ហើយពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ ក៏ដូចជា បញ្ហាដែល សហរដ្ឋអាមេរិកលើកឡើង អំពីបញ្ហាការជំរុញឲ្យកម្ពុជាធានាការគោរពសិទ្ធិកម្មករអីនោះ ខ្ញុំយល់ថា ឱកាសនេះ វាជាឱកាសមួយដែលក្រសួងការងារ ឆ្លើយតបវាជារឿងមួយវិជ្ជមាន មានន័យថា វាជារឿងពិតប្រាកដ»។
លោក ប៉ាវ ស៊ីណា បានថ្លែងបន្តថា នៅក្នុងវិស័យកាត់ដេរនេះ ភាគីពាក់ព័ន្ធនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ រួមមានបញ្ហានៃការប្រើប្រាស់កិច្ចសន្យាការងារខ្លីៗ ដែលលោកអះអាងថា កំពុងរីកសាយភាយនៅក្នុងប្រទេស ការពង្រីកវិសាលភាពនៃការដឹកជញ្ជូនដែលមានសុវត្ថិភាព ការផ្តល់សេវាសុខភាព ការបិទរោងចក្រដោយគ្មានសំណងជូនដល់កម្មករ ការពង្រីកបណ្តាញទឹកភ្លើងដល់តំបន់កម្មករកំពុងរស់នៅ និងបរិស្ថានក្នុងរោងចក្រ និងសហគ្រាសនានាជាដើម។
«នៅក្នុងនោះដែរ យើងមើលឃើញថា អ្វីដែលចំណុចសំខាន់ទៀតនោះ គឺការចុះអធិការកិច្ច ប្រកបដោយតម្លាភាព ពីសំណាក់មន្ត្រីជំនាញ នៅក្នុងការចុះពិនិត្យតាមបណ្តារោងចក្រ សហគ្រាសទាំងអស់ ធ្វើម៉េចឲ្យគាត់កែប្រែនូវបរិស្ថានក្នុងរោងចក្រឲ្យស្របទៅតាមបទដ្ឋាន ស្តង់ដារច្បាប់ មានន័យថា ធានាបរិយាកាសនៅកន្លែងធ្វើការ ប្រកបដោយ ហៅថា ផាសុកភាព ដោយមិនក្តៅ ដោយមិនគេហៅថា បរិយាកាសអាប់អួរ ឬមួយក៏មានជាតិគីមី ក្លិនអីផ្សេងៗហ្នឹងបាទ ទាំងអស់នេះឯងដែលយើង មើលឃើញនៅតែជាបញ្ហា»។
មេដឹកនាំស្ថានបេសកកម្មការទូតរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានស្នើឲ្យមានការបើកទូលាយដល់សកម្មភាពបង្កើតសហជីព និងបន្តការពារសិទ្ធិកម្មករនៅក្នុងឧស្សាហកម្មកាត់ដេរ ក្រោយពីរដ្ឋាភិបាលកម្ពុជាប្រកាសតំឡើងប្រាក់ឈ្នួលឲ្យដល់១៧០ដុល្លារ។
ឯកអគ្គរដ្ឋទូតទាំងពីរបានលើកឡើងពីបញ្ហានានាស្តីពីសិទ្ធិកម្មករ ដែលមានសារៈសំខាន់ដល់ម្ចាស់ម៉ាក ឬយីហោធំៗ និងរដ្ឋាភិបាលប្រទេសទាំងពីរ។ ពួកគាត់បានបញ្ជាក់ឡើងវិញពីភាពចាំចាច់នៃការធ្វើឲ្យបានប្រសើរនូវអនុសាសន៍ជាច្រើនរបស់អង្គការពលកម្មអន្តរជាតិ (International Labor Organization) ដែលបានផ្តោតការយកចិត្តទុកដាក់លើសិទ្ធិកម្មករ ដើម្បីឲ្យពួកគេជ្រើសរើសសហជីពដោយខ្លួនឯង ចុះបញ្ជីសហជីពតាមដំណើរការត្រឹមត្រូវ និងតម្លាភាព និងដោះស្រាយវិវាទការងាររួម ទៅតាមពេលវេលាជាក់លាក់ និងប្រកបដោយតម្លាភាព។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា ការកែប្រែដែលចេះតែបន្តក្នុងបញ្ហាសិទ្ធិមនុស្សមានភាពចាំបាច់ដើម្បីរក្សាកម្រិតបច្ចុប្បន្នសម្រាប់ការនាំទំនិញចូលទៅកាន់សហរដ្ឋអាមេរិក ព្រមទាំងការទទួលបានការជឿជាក់ពីអ្នកបញ្ជាទិញអាមេរិកាំង។
ឧស្សាហកម្មកាត់ដេរកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរភាគច្រើនជាស្ត្រីប្រមាណ៧០ម៉ឺននាក់។ យោងតាមតួលេខចុងក្រោយរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅបរទេសគិតជា ទឹកប្រាក់ប្រមាណជា៦ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦៕