ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការងារ​សន្យា​ផ្តល់​សំណង​ដល់​បុគ្គលិក​អតីត​សណ្ឋាគារ​ Inter Continental​ ក្រោយ​មាន​ការ​តវ៉ា​ជាង​៥​ខែ​


ក្រុមអតីតបុគ្គលិកសណ្ឋាគារ ដឹហ្រ្គេតឌ្យូកភ្នំពេញ ឈរតវ៉ានៅខាងមុខសណ្ឋាគារទាមទារឲ្យថៅកែផ្តល់សំណង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
ក្រុមអតីតបុគ្គលិកសណ្ឋាគារ ដឹហ្រ្គេតឌ្យូកភ្នំពេញ ឈរតវ៉ានៅខាងមុខសណ្ឋាគារទាមទារឲ្យថៅកែផ្តល់សំណង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការងារ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ចេញ​មុខ​សន្យា​ថា​ រដ្ឋាភិបាល​នឹង​ផ្តល់​សំណង​ដល់​អតីត​បុគ្គលិក​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ ដឹ​ហ្រ្គេតឌ្យូក​ភ្នំពេញ​ (The​ Great Duke ​Phnom​ Penh)​ ជាង ​១៥០ ​នាក់ ​ជំនួស​ម្ចាស់​សណ្ឋាគារ​នេះ​ បន្ទាប់​ពី​បុគ្គលិក​តវ៉ា​ជា​ច្រើន​ខែ ​ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ។​

ការ​សន្យា​ផ្តល់​សំណង​ពី​សំណាក់​មន្រ្តី​ក្រសួង​ការងារ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រុម​អតីត​បុគ្គលិក​សណ្ឋាគារ​តវ៉ា​ជា​ច្រើន​ដង ​ទាមទារ​សំណង​ពី​ម្ចាស់​សណ្ឋាគារ ​The Great Duke ​អតីត​សណ្ឋាគារ​ Inter Continental ​ចាប់​តាំង​ពី​សណ្ឋាគារ​នេះ​ប្រកាស​បិទ​ទ្វារ​កាល​ពី​ចុង​ឆ្នាំ​ ២០១៩ ដោយសារ​វិបត្តិ​ហិរញ្ញ​វត្ថុ។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ អ្នក​នាំ​ពាក្យ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ លោក​ ហេង សួរ​ បាន​ចុះ​ទៅ​ដល់​កន្លែង​តវ៉ា​ ហើយ​ប្រាប់​ឲ្យ​ក្រុម​អតីត​បុគ្គលិក​រំសាយ​ការ​តវ៉ា ​ដោយ​សន្យា​ថា ក្រសួង​នឹង​ផ្តល់​សំណង​ឲ្យ​នៅ​សប្តាហ៍​ក្រោយ។​

លោក ​ហេង សួរ ​បាន​និយាយ​ទៅ​កាន់​ក្រុម​អតីត​បុគ្គលិក​នោះ​ថា៖​ «ពេល​រសៀល​នេះ ​គឺ​យើង​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទាំង​អស់​គ្នា ​ហើយ​រយៈ​ពេល​វេលា​ យើង​នឹង​ព្យាយាម​ដោះ​ស្រាយ​ធ្វើ​ម៉េច​ទូទាត់​ជូន​បងប្អូន​នៅ​ក្នុង​សប្តាហ៍​ក្រោយ»។​

លោក ​ហេង សួរ ​សុំ​មិន​បញ្ជាក់​ពី​ប្រភព​ថវិកា​ដែល​ក្រសួង​នឹង​យក​មក​សង​អតីត​បុគ្គលិក​ជំនួស​ក្រុម​ហ៊ុន​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា ​ក្រសួង​នឹង​ស្វែង​រក​ថវិកា​ផ្តល់​ឲ្យ​អតីត​បុគ្គលិក​ទាំង​ ១៥២ ​នាក់ ​ជា​មុន​ទើប​ដោះ​ស្រាយ​ជា​មួយ​ម្ចាស់​សណ្ឋាគារ​តាម​ក្រោយ។​

«ឥឡូវ​នេះ​បញ្ហា​គឺ​យើង​ត្រូវ​រក​ប្រភព​ថវិកា​ ទាំង​ជា​មួយ​ម្ចាស់​សណ្ឋាគារ ​ឬ​មួយ​ប្រភព​ណា​ផ្សេង​ទៀត។​ យើង​នឹង​រក។ ​ឥឡូវ​គោល​ដៅ​ចុង​ក្រោយ ​គឺ​ធ្វើ​ម៉េច​ឲ្យ​បង​ប្អូន​ទទួល​បាន​ថវិកា​សិន។ ​អ្វី​ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដាក់​ជូន​កន្លង​មក​នេះ​ គឺ​យើង​នឹង​អនុវត្ត​ទៅ​តាម​ហ្នឹង»។

បើ​តាម​លោក ​ហេង សួរ​ ការ​ដែល​ម្ចាស់​សណ្ឋាគារ​មិន​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ​បុគ្គលិក​អាច​ប្តឹង​ទៅ​តុលាការ​ដើម្បី​ចាប់​បង្ខំ​ឲ្យ​ថៅកែ​អនុវត្ត។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​លោក​ ខូវ សម្បត្តិ​ ម្ចាស់​សណ្ឋាគារ ​The Great Duke ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ចេញ​សេចក្តី​សម្រេច​ឲ្យ​ម្ចាស់​សណ្ឋាគារ​គឺ​ លោក​ឧកញ៉ា​ ខូវ សម្បត្តិ ​អគ្គ​នាយក​ក្រុមហ៊ុន ​ថៃ ប៊ុនរ៉ុង ​ផ្តល់​សំណង​ដល់​បុគ្គលិក។​

ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ ​ដែល ​VOA ​ទទួល​បាន ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បង្គាប់ ​៣​ចំណុច ​ដោយ​ទី​មួយ​ ឲ្យ​ម្ចាស់​សណ្ឋាគារ​ផ្តល់​ប្រាក់​បំណាច់​ទូទាត់​ ដោយ​គិត​តាម​អតីត​ភាព​ការងារ​ជាក់​ស្តែង​របស់​បុគ្គលិក​ម្នាក់ៗ។ ​ចំណុច​ទីពីរ ​បង្គាប់​ឲ្យ​និយោជក​ទូទាត់​ប្រាក់​រំឭក​អតីត​ភាព​ការងារ​មុន​ឆ្នាំ​២០១៩ ដោយ​យក​ប្រាក់​ឈ្នួល​គោល ​និង​ប្រាក់​បន្ទាប់​បន្សំ​មក​គណនា​ជូន​បុគ្គលិក។ ​ចំណែក​ចំណុច​ទីបី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​បដិសេធ​ការ​ទាមទារ​របស់​បុគ្គលិក​ដែល​ចង់​ឲ្យ​ថៅកែ​ទូទាត់​សោហ៊ុយ​ជំងឺ​ចិត្ត​ ដែល​មាន​ចំនួន​ស្មើ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ ដែល​មាន​មុន​ឆ្នាំ​២០១៩។​

ប៉ុន្តែ​បុគ្គលិក​អះអាង​ថា ​ក្រោយ​ការ​ចេញ​សេចក្តី​សម្រេច​នោះ ​ម្ចាស់​សណ្ឋាគារ​មិន​អើ​ពើ​ចំពោះ​ការ​អនុវត្ត​នោះ​ទេ ​ទើប​ពួកគេ​ធ្វើការ​តវ៉ា​ជា​បន្ត​បន្ទាប់។​

លោក ​ទូច កុសល ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា ​និង​ជា​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ អតីត​បុគ្គលិក​ទាំង​អស់​នឹង​ផ្អាក​ការ​តវ៉ា​ចាប់​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ​រហូត​ដល់​មាន​ការ​ផ្តល់​សំណង​នៅ​សប្តាហ៍​ក្រោយ។​

«បើ​សិន​សប្តាហ៍​ក្រោយ​ យើង​អត់​បាន​លុយ ​ហើយ​អត់​មាន​ការ​ដោះ​ស្រាយ​ឲ្យ​ពួក​យើង​ខ្ញុំ ​គឺ​ថា ​យើង​ខ្ញុំ​អស់​ការ​អត់​ធ្មត់​ហើយ​ គឺ​ត្រូវ​តែ​ហែ​ក្បួន​ទៅ​ផ្ទះ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​តែ​ម្តង ​ទោះ​មាន​ការ​វាយ ​ការ​រារាំង​យ៉ាង​ម៉េច​ក៏​ពួក​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ»។​

បើ​តាម​លោក ​ទូច កុសល ​ អតីត​បុគ្គលិក​ម្នាក់ៗ​ត្រូវ​ទទួល​ប្រាក់​សំណង​ពី​ជិត ​១​ពាន់​ដុល្លារ ​ទៅ​ជិត​២​ពាន់​ដុល្លារ​ ទៅ​តាម​អតីត​ភាព​ការងារ។​ លោក​បន្ថែម​ថា​ ក្នុង​អំឡុង​ការ​តវ៉ា​ដំបូង ​កាលពី​ចុង​ឆ្នាំ​២០១៩ ​ អតីត​បុគ្គលិក​ជាង​ ១៥០ ​នាក់​ត្រូវ​ទទួល​បាន​សំណង​ជារួម​ជាង ​៧០ ​ម៉ឺន​ដុល្លារ។​ ប៉ុន្តែ​លោក​ថា​ ពួក​គេ​សម្រេច​កាត់​ចោល​ប្រាក់​សំណង​មួយ​ចំនួន​ រហូត​នៅ​សល់​ជាង ​៣០​ ម៉ឺន​ដុល្លារ។​

ក្រុមអតីតបុគ្គលិកសណ្ឋាគារ ដឹហ្រ្គេតឌ្យូកភ្នំពេញ ឈរតវ៉ានៅខាងមុខសណ្ឋាគារទាមទារឲ្យថៅកែផ្តល់សំណង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
ក្រុមអតីតបុគ្គលិកសណ្ឋាគារ ដឹហ្រ្គេតឌ្យូកភ្នំពេញ ឈរតវ៉ានៅខាងមុខសណ្ឋាគារទាមទារឲ្យថៅកែផ្តល់សំណង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

កំពុង​ឈរ​តវ៉ា​នៅ​ខាង​មុខ​សណ្ឋាគារ​ដឺហ្រ្គេតឌ្យូក ដោយ​មាន​កាន់​រូប​ថត​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ ហ៊ុន សែន ​ផង​នោះអ្នកស្រី ​រ៉ន មករា​ អតីត​អ្នក​រត់​តុ​នៅ​សណ្ឋាគារ​ដឺហ្រ្គេតឌ្យូក ​អស់​រយៈ​ពេល​ជិត ​១០​ឆ្នាំ​ ថ្លែង​ថា​ ចាប់​តាំង​ពី​ពេល​ដែល​សណ្ឋាគារ​ប្រកាស​បិទ​ទ្វារ ​អ្នក​ស្រី​មិន​មាន​ការ​ងារ​ធ្វើ​អស់​រយៈ​ពេល​ជាង​ ៥​ខែ​មក​ហើយ។ ​ស្រ្តី​ វ័យ​៣៣​ឆ្នាំ​រូប​នេះ ​បន្ត​ថា​ ប្រសិន​បើ​ទទួល​បាន​សំណងអ្នកស្រី​យក​លុយ​នេះ​ទៅ​ប្រកប​របរ​តូច​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ដែល​អ្នកស្រី​ថា​ ​កំពុង​តែ​លំបាក​ខ្លាំង។​

«សម្រាប់​ខ្ញុំ​បាន​ប្រហែល​ជា​ជិត​១​ពាន់​អី​ហ្នឹង​…​ បាន​តិច​ណាស់!​ ហើយ​គាត់​នៅ​តែ​អត់​ព្រម​បង់​លុយ​ឲ្យ​ពួ​កខ្ញុំ​ទៀត។ ​បើ​បាន​មក​ ពួក​ខ្ញុំ​យក​ទៅ​លក់​ចាប់​ហួយ ​លក់​អី​នៅ​ផ្ទះ​អ៊ីចឹង។ ​ហើយ​ឥឡូវ ​បើ​អត់​មាន​អ៊ីចឹង ​ពិបាក​ខ្លាំង​តែ​ម្តង»។​

អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​(CENTRAL) ​លោក ​ឃុន ថារ៉ូ​ លើក​ឡើង​ថា ​ការ​ដែល​រដ្ឋាភិបាល​មិន​អាច​បង្ខំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ផ្តល់​សំណង​ផ្លូវ​ច្បាប់​ដល់​បុគ្គលិក​ជាង ​៣០ ​ម៉ឺន​ដុល្លារ​អាមេរិក​ គឺ​បង្ហាញ​ពី​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់។​

«វា​បង្ហាញ​អំពី​រូប​ភាព​មិន​ល្អ​ប៉ុន្មាន​ទេ ​ដែល​ថា​ កម្មករ​និយោជិត​គាត់​ទាម​ទារ​នូវ​សំណង​ ការ​ទូទាត់​ទៅ​តាម​ផ្លូវ​ច្បាប់ ​ហើយ​ទៀត​សោត​ហ្នឹង ​គឺ​ក្រសួង​មិន​មាន​ឥទ្ធិពល​អី​ដាក់​សម្ពាធ​ទៅ​ក្រុម​ហ៊ុន​ …​បន្ទាប់​ពី​មាន​ការ​ចរចា​ច្រើន​លើក​ច្រើន​សារ​ ហើយ​មិន​មាន​វិធាន​ការ​ជាក់​លាក់​ណា​មួយ​នៅ​ក្នុង​ការ​ដាក់​សម្ពាធ»។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រុម​អតីត​បុគ្គលិក​ជាង​ ៣០ ​នាក់​ ដែល​តវ៉ា​នៅ​ខាង​មុខ​សណ្ឋាគារ​ក៏​បាន​ប្រកាស​ថា ​ពួក​គេ​នឹង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ៕​

XS
SM
MD
LG