ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ជាង​១៣​ម៉ឺន​នាក់​ទទួល​បាន​ការ​រៀបចំ​កម្ចី​ឡើង​វិញ​ ខណៈ​សហជីព​ជំរុញ​ឲ្យ​ផ្អាក​ការ​បង់​ទាំង​ស្រុង​សម្រាប់​កម្មករ​កាត់ដេរ


រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​ នៅ​​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​ នៅ​​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)

សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​(CMA)​ ឲ្យ​ដឹង​ថា​ ចំនួន​អតិថិជន​ដែល​ទទួល​បាន​ការ​អនុ​គ្រោះ​កម្ចី​មាន​ទៅ​ដល់​ជាង​ ១៣ ​ម៉ឺន​នាក់​ ដែល​ស្មើ​នឹង​ជាង​ ៩០ ​ភាគរយ ​នៃ​អ្នក​ស្នើ​សុំ​ការ​រៀបចំ​កម្ចី​ឡើង​វិញ។​

បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក ​កាល​ពី​ថ្ងៃ​ពុធ សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ​អតិថិជន​ប្រមាណ​ ១៥៦.០០០​ នាក់ ​បាន​ស្នើ​សុំ​ការ​សម្រួល​កម្ចី​ ដោយ​ហេតុ​ថា ​ ពួក​គេ​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ។ ​សមាគម​បញ្ជាក់​ថា ក្នុង​នោះ​អតិថិជន​ប្រមាណ​ ១៣៦.០០០ ​នាក់ ​ដែល​ស្មើ​នឹង​ជាង​ ៩០ ​ភាគ​រយ​ ទទួល​បាន​ការ​អនុម័ត​រៀបចំ​កម្ចី​ឡើង​វិញ។​ ចំនួន​នេះ​ស្មើ​ប្រមាណ​ ៥ ​ភាគ​រយ ​នៃ​អ្នក​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា​ ដែល​មាន​ជាង ​២ ​លាន​នាក់។ ​

សមាគមបន្ថែមថា អតិថិជនជិត ២ ម៉ឺននាក់មិនបានទទួលការរៀបចំកម្ចីឡើងវិញទេ ដោយសមាគមបញ្ជាក់ថា «មិនមានលក្ខខណ្ឌគ្រប់គ្រាន់»។ បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កម្ចីដែលត្រូវបានសម្រួលនេះមានទំហំទឹកប្រាក់សរុបប្រមាណ ៥៨៣ លានដុល្លារអាមេរិក។

ទោះ​ជា​យ៉ាងណា ​សមាគម​មិន​បាន​បញ្ជាក់​ទេ​ថា​ ​តើ​អតិថិជន​ប៉ុន្មាន​ភាគ​រយ​ដែល​ទទួល​បាន​ការ​ពន្យារ​ពេល​បង់​ប្រាក់​ទាំង​ស្រុង ​គឺ​មិន​បង់​ទាំង​ការ​ប្រាក់​ និង​ប្រាក់​ដើម​សម្រាប់​រយៈ​ពេល​ ៣​ខែ​ឬ​៦​ខែ​នោះ។​

ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​ និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ លោក ​កាំង តុងងី ​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​សមាគម​មិន​បាន​បែង​ចែក​ទិន្នន័យ​ថា ​តើ​ប៉ុន្មាន​ភាគ​រយ​ដែល​ទទួល​បាន​ការ​អនុ​គ្រោះ​ការ​បង់​ទាំងស្រុង ​ក្នុង​រយៈ​ពេល​ណា​មួយ​នោះ​ទេ។

ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​សមាគម​មិន​មាន​ទិន្នន័យ​បែង​ចែក​បែប​នេះ ​លោក ​កាំង តុងងី ​បញ្ជាក់​ថា​ ការ​បែង​ចែក​ទិន្នន័យ​បែប​នេះ ​«ពិបាក ​និង​មិន​អាច​ធ្វើ​បាន»។​ លោក​បន្ត​ថា ​ក្នុង​មួយ​សប្តាហ៍ ​អតិថិជន​ប្រមាណ ​២​ម៉ឺន​នាក់ ​ត្រូវ​បាន​អនុគ្រោះ​សម្រាប់​ការ​រៀប​ចំ​កម្ចី​ឡើង​វិញ។​ លោក​បន្ថែម​ថា​ សមាគម​ក៏​មិន​មាន​ទិន្នន័យ​បែង​ចែក​ថា​តើ​អ្នក​ខ្ចី​ក្នុង​វិស័យ​អ្វី​ខ្លះ​ដែល​ទទួល​បាន​ការ​កែ​សម្រួល​កម្ចី​នេះ។​

លោក​បញ្ជាក់​ថា៖ ​«ថ្វីដ្បិត​ថា ​យើង​អត់​មាន​ទិន្នន័យ​លម្អិត​អំពី​ដំណោះ​ស្រាយ​នីមួយៗ​ជូន​អតិថិជន​ ដឹង​ថា​គាត់​ដោះ​ចេញ​យ៉ាង​ម៉េច។​ ប៉ុន្តែ​យើង​មាន​ Majority​ (ភាគ​ច្រើន)​ នៃ​ដំណោះ​ស្រាយដែល​គាត់​ដាក់​ជូន​អតិថិជន​ ដែល​ជា​ដំណោះ​ស្រាយ​ដែល​អតិថិ​ជន​គាត់​ស្នើ​សុំ​និង​ទទួល​យក។​ ទី​មួយ​ សុំ​បង់​តែ​ការ​ រយៈ​ពេល​ ៣​ទៅ​៦​ខែ ​និង​ទីពីរ​ ផ្អាក​ទាំង​ការ​ទាំង​ដើម​ពី​៣​ទៅ​៦​ខែ។​ ហ្នឹង​ជា​ដំណោះស្រាយ​ចំនួន​២​ដែល​អតិថិជន​ គាត់​ពេញ​និយម។​ គាត់​ទទួល​បាន​ច្រើន​ជាង​គេ ​ហើយ​ក៏​គាត់​ស្នើ​សុំ​ដំណោះ​ស្រាយ​ហ្នឹង​ដែរ»។​

កាល​ពី​ខែ​មេសា ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​ទាំង​អស់​ លើក​លែង​ការ​សង​បំណុល​ ដែល​ប្រជា​ពលរដ្ឋ​ជំពាក់​រហូត​ដល់​ចុង​ឆ្នាំ​ ២០២០​ ប្រសិន​បើ​ពួក​គេ​ពុំ​មាន​លទ្ធភាព​សង។ ​អ្នក​រង​គ្រោះ​ដែល​ត្រូវ​សម្រួល​ការ​បង់​ប្រាក់​ រួមមាន​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ ​សេវា​កម្ម ​កាត់​ដេរ​ សំណង់ ​និង​ដឹក​ជញ្ជូន។​

នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ ​និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ម្នាក់ ​លោក ចាន់​ សុផល ​ថ្លែង​ថា​ វា​ជា​ការ​ចាំ​បាច់​ដែល​ត្រូវ​មាន​ការ​យោគ​យល់​ដល់​អ្នក​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ។ ​លោក​ថា​ ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត​ ដោយសារ​រោង​ចក្រ​ដែល​ផ្អាក​ដំណើរ​ការ​បន្ត​កើន​ឡើង ​ដែល​នាំ​ឲ្យ​កម្មករ​រោងចក្រ​ថយ​ចុះ​ចំណូល ឬ​ក៏​បាត់​បង់​ចំណូល​តែ​ម្តង។

បើ​តាម​លោក ​ចាន់ សុផល ​ស្ថានភាព​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​នេះ​អាច​អូស​បន្លាយ​លើស​ពី​ ៦​ខែ។

លោក​ថ្លែង​ប្រាប់ ​VOA​ ថា៖ ​«យ៉ាង​ឆាប់​បំផុត​ស្ថានការណ៍​សេដ្ឋកិច្ច​ឬ​ធុរកិច្ច ​ដែល​អាច​ងើប​ឡើង ឡើង​វិញ​ហ្នឹង ​យ៉ាង​ឆាប់​បំផុត​ក៏​រយៈ​ពេល​ ៦​ខែ ​ទៅ​មុខ​ទៀត​ដែរ។​ នេះ​បើ​តាម​ការ​វិភាគ​ស្ថាន​ការណ៍​ទូទាំង​ពិភព​លោក​ ព្រោះ​រឿង​នេះ​មិន​មែន​តែ​ប្រទេស​យើង​ទេ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​នោះ​គឺ​វា​អាស្រ័យ​ទៅ​លើ​ប្រទេស​ខាង​ក្រៅ ​ហើយ​ប្រទេស​ខាង​ក្រៅ ​ឃើញ​ថា​ អត្រា​ឆ្លង​ហ្នឹង ដូច​ជា​នៅ​តែ​បន្ត»។​

លោក​ ចាន់ សុផល ​បន្ត​ថា​ គួរ​តែ​មាន​ច្រក​ណាមួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ហើយ​ពួក​គាត់​មិន​ត្រូវ​បាន​សម្រួល​ ដោយ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ ក្នុង​ការ​លើក​ឡើង​អំពី​កង្វល់​របស់​ពួក​គេ​ទេ។​ លោក​ថា​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាច​ជា​មនុស្ស​ដែល​ប្រជា​ពលរដ្ឋ​អាច​ត្អូញត្អែរ​ប្រាប់​អំពី​ទុក្ខ​លំបាក​របស់​ពួកគេ។

អ្នក​វិភាគ​សេដ្ឋ​កិច្ច​រូប​នោះ​ក៏​មើល​ឃើញ​អំពី​លទ្ធភាព​នៃ​ការ​ខ្ចី​គេ​បន្ត​ទៀត​ទៅ​បង់​សង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«បាទ​និយាយ​ពី​លទ្ធភាព​ដែល​គាត់​អាច​ខ្ចី​ពី​កន្លែង​ផ្សេងៗ​គឺ​អាច​ហើយ។ កន្លង​មក​ក៏​ខ្ញុំ​ជឿ​ថា​ វា​មាន​កើត​ឡើង​ដែរ ​ហើយ​យើង​ក៏​មិន​ដឹង​ដោះស្រាយ​យ៉ាង​ម៉េច​ដែរ។​ ទាល់​តែ​មាន​ការ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​បាន​ទូលំ​ទូលាយ​ដែរ»។​

មន្រ្តី​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​លើក​ឡើង​ថា​ អតិថិជន​ដែល​តវ៉ា​រឿង​មិន​អនុ​គ្រោះ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​អាច​ទាក់ទង​ទៅ​សមាគម​នោះ។ ​សមាគម​នឹង​សិក្សា​ជាក់​ស្តែង​ ដើម្បី​ធ្វើ​អន្តរាគមន៍ ​ប្រសិន​បើ​ពួក​គេ​ពិត​ជា​រង​ផល​ប៉ះពាល់​ពិត​ប្រាកដ​ដោយសារ​ជំងឺ​កូវីដ​នេះ។

រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

ខណៈ​កម្មករ​រោងចក្រ​កាត់​ដេរ​រាប់​ម៉ឺននាក់​បាត់​បង់​ចំណូល​របស់​ពួក​គេ​ សហជីព​ជំរុញ​ឲ្យ​មាន​ការ​ផ្អាក​បង់​ទាំង​ស្រុង​សម្រាប់​ពួក​គេ​តែ​ម្តង ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​បន្ត​ខ្ចី​ប្រាក់​គេ​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ទៅ​បង់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ ដែល​មាន​ធនាគារ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។​

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី​ យ៉ាង​ សុភ័ណ្ឌ​ មាន​ប្រសាសន៍​ថា​ គួរ​តែ​មាន​គោល​ការណ៍​ជាក់​លាក់​ដែល​សម្រួល​ដល់​កម្មករ​រោងចក្រ​កាត់​ដេរ​ ដោយ​ផ្អាក​ការ​បង់​ទាំង​អស់​ក្នុង​រយៈ​ពេល ​៣​ទៅ​៦​ខែ​ តែ​ម្តង​ ដោយ​សារ​ពួក​គេ​ប្រឈម​ការ​លំបាក​ដោយសារ​ការ​បង់​នេះ។ ​អ្នកស្រី​បញ្ជាក់​ថា ​កម្មករ​ស្ទើរ​តែ​ទាំង​អស់​ជំពាក់​បំណុល​គេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ហើយ​បាន​ជា​គាត់​ទទូច​ថា​ស្នើ​សុំ​ឲ្យ​ផ្អាក​ការ​បង់​ទាំង​ស្រុង​មិន​មែន​បង់​តែ​ការ​ប្រាក់​ទេ ។​ ហើយ​បើ​ឃើញ​ថា​ កន្លង​មក​ហ្នឹង​ការ​ជួយ​សម្រួល​ហ្នឹង​ មាន​អ្នក​ខ្លះ​ក៏​សម្រួល​បាន​អ៊ីចឹង​ទៅ។ ​ប៉ុន្តែ​បាន​ហ្នឹង ​មិន​មែន​បាន​ទាំង​ស្រុង​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ទេ​... ​បាន​ដើម​មិន​បាច់​បង់ ​...​បង់​ការ​ប្រាក់​ទៅ​ក្រុម​ហ៊ុន​មីក្រូ​ហិរញ្ញ​វត្ថុ​ហ្នឹង​អ៊ីចឹង»។​

អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ​លោក​ ឃុន ថារ៉ូ​ មាន​ប្រសាសន៍​ថា​ ការ​បង់​ការ​ប្រាក់​នៅ​តែ​ប៉ះពាល់​ដល់​កម្មករ​ដដែល ​ដោយ​សារ​ពួកគេ​បាត់​បង់​ចំណូល​តែ​ម្តង​ហើយ​អ្នក​ខ្លះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ ៧០ ​ដុល្លារ​ពី​រដ្ឋាភិបាល​ ដែល​ប្រាក់​នេះ​សម្រាប់​ដោះស្រាយ​ជីវភាព​តែ​ប៉ុណ្ណោះ។ ​លោក​បន្ត​ថា​ កម្មករ​មិន​មាន​ប្រាក់​សល់​ទុក​សម្រាប់​ដោះ​ទ័ល​បង់​គេ​នោះ​ទេ។ ​ លោក​ថា​ ការ​បាត់​បង់​ការងារ​របស់​កម្មករ​កាត់​ដេរ​គួរ​តែ​ជា​ចំណុច​មួយ​នៃ​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​ផ្អាក​បង់​ទាំងស្រុង​មួយ​រយៈ​តែ​ម្តង។​

លោក​ប្រាប់ ​VOA​ ថា៖ ​«ខ្ញុំ​គិត​ថា ​វា​គួរ​តែ​មាន​លក្ខណៈ​វិនិច្ឆ័យ​មួយ​ដែល​ងាយ​ស្រួល ​ដែល​មិន​បង្ក​នូវ​ភាព​ស្មុគ​ស្មាញ។ ​ឧទាហរណ៍​ថា​ កម្មករ​និយោជិត​គាត់​ត្រូវ​បាន​ព្យួរ​ពី​ការងារ។ ​កាល​ណា​គាត់​បាត់​បង់​នូវ​ប្រាក់​ចំណូល​ ឬ​ក៏​មាន​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ ឬ​ក៏​ការ​បញ្ជាក់​ពី​អធិការ​កិច្ច​ណា​មួយ ​ឬ​ក៏​ការ​បញ្ជាក់​ពី​រាជ​រដ្ឋាភិបាល​ហ្នឹង​នៅ​ក្នុង​សហ​គ្រាស ​គ្រឹះស្ថាន​មួយ​អ៊ីចឹង​ ប្រសិន​បើ​មាន​ការ​បញ្ជាក់​អាហ្នឹង​ ហើយ​បើ​សិន​ជា​គាត់​មាន​កម្ចី​មែន​ អ៊ីចឹង​អាហ្នឹង​ វា​គួរ​មាន​លក្ខណៈ​វិនិច្ឆ័យ​នៅ​ក្នុង​ការ​សម្រួល»។​

លោក ​ឃុន ថារ៉ូ​ ក៏​ជំរុញ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​មាន​វិធានការ​បន្ថែម​លើ​បញ្ហា​នេះ ​ទើប​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អនុវត្ត​តាម។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោកស្រី​ ជា សិរី ​អគ្គ​នាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ តាម​រយៈ​លេខ​ទូរស័ព្ទ​ និង​ប្រព័ន្ធ​តេលេក្រាម​ដែល​លោកស្រី​ប្រើប្រាស់​បាន​ទេ។​

អ្នក​នាង ​វ៉ាន់ ​អាយុ​២៨​ឆ្នាំ​ ជា​កម្មការិនី​ម្នាក់​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ Bowker Garment Factory​ ក្នុង​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ​មាន​ប្រសាសន៍​ថា ​រោងចក្រ​ប្រកាស​ថា​នឹង​ផ្អាក​ការងារ​របស់​កម្មករ​ចំនួន​ ២​ខែ ​ចាប់​ពី​ដើម​ខែ​ក្រោយ។ ​ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នកនាង​បារម្ភ​អំពី​ការ​បង់​ប្រាក់​សង​គេ​ដែល​ក្នុង​មួយ​ខែ​ អ្នកនាង​ត្រូវ​បង់​ជាង​ ៣០០​ដុល្លារ ​ដោយ​មាន​ការ​ជួយ​បង់​ខ្លះ​ពី​ស្វាមី។ ​ អ្នកនាង​ថា​ ប្រាក់​ខែ​អ្នក​នាង​បាន​មក​ពី​ការងារ​ជា​កម្មករ​រោងចក្រ​ ជា​ធម្មតា ​ត្រូវ​បង់​សង​ធនាគារ​អេស៊ីលីដា ​ដែល​មិន​មែន​ជា​សមាជិក​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​នោះ​ទេ។​

អ្នកនាង​ជំពាក់​ធនាគារ​នេះ​ជាង​ ១​ម៉ឺន​ដុល្លារ ​ហើយ​ត្រូវ​បង់​សង​ក្នុង​រយៈ​ពេល ​៣​ទៅ​៤​ឆ្នាំ​ទៀត។ ​ អ្នកនាង​មិន​ទាន់​បាន​ស្នើ​សុំ​ធនាគារ​បង់​តិច​តួច​ ឬ​ផ្អាក​ការ​បង់​ទាំង​ស្រុង​នៅ​ឡើយ​ទេ ​ប៉ុន្តែ​អ្នកនាង​មាន​គម្រោង​ស្នើ​សុំ​ ដោយ​សារ​រង​គ្រោះ​ពី​ជំងឺ​កូវីដ​នេះ។​

អ្នកនាង​មាន​ប្រសាសន៍​ថា៖​ «សុំ​គេ​ទៅ ​បើ​គេ​ព្រម​ ក៏​ព្រម។ ​គេ​មិន​ព្រម​ចេះ​តែ​បង់​ឲ្យ​គេ​ទៅ។​ ច្រើន​ណាស់!​ ខ្ញុំ​មាន​លទ្ធភាព​ឯណា?​ គ្រាន់​តែ​ថា​ តែ​បើ​គេ​ដាក់​កំណត់​ឲ្យ​យើង​ត្រូវ​តែ​បង់»។​

អ្នកនាង​បន្ត​ថា​ កាល​ពី​ខែ​មុន ​អ្នក​នាង​ខ្វះ​លុយ​បង់​ធនាគារ​អេស៊ីលីដា​ប្រហែល ​១០០​ដុល្លារ​ ហើយ​អ្នក​នាង​ក៏​ខ្ចី​ពី​អ្នក​ដែល​ស្គាល់​គ្នា ​ដោយ​១០០​ដុល្លារ​នោះ ​អ្នក​នាង​ត្រូវ​បង់​ការ​ប្រាក់​គេ​ចំនួន​ ២០​ដុល្លារ ​ក្នុង​មួយ​ខែ៕

XS
SM
MD
LG