ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមការ​ពារ​សិទ្ធិ​ពលកម្ម​រិះគន់​ការ​រំលោភ​បំពាន​ឥតឈប់ឈរ​ក្នុង​ឧស្សាហកម្ម​នេសាទ​ថៃ

  • Ron Corben

រូបថតឯកសារ៖ កម្មករ​មីយ៉ាន់ម៉ា​​ធ្វើការ​លើ​ទូកនេសាទ​នៅកំពង់ចម្លង​​ក្នុង​ខេត្ត Prachuabkhirikhan​ ភាគ​ខាង​ត្បួង​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ២០១៤។

ក្រុមការពារ​សិទ្ធិ​ពលកម្ម​និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ចាត់​វិធានការ​បន្ថែម​ទៀត​ដើម្បី​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ឧស្សាហកម្ម​នេសាទ​ដែល​ទទួល​បាន​ផល​យ៉ាង​ច្រើន​របស់​ថៃ​ តែ​ជា​រឿយៗ​ពឹង​អាស្រ័យ​លើ​កម្លាំង​កម្មករ​ជួញ​ដូរ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ និងកម្ពុជា។ ទោះ​បី​ជា​រដ្ឋាភិបាល​ថៃកំពុង​តែ​អនុវត្ត​វិធានការ​ដើម្បី​កែ​តម្រូវ​ភាព​ខ្វះ​ចន្លោះ​ទាំង​នោះ​ក៏ដោយ​ ​បញ្ហា​ប្រឈម​នៅ​តែ​មាន​សម្រាប់​ឧស្សាហកម្ម​ដែល​ពឹង​អាស្រ័យ​លើ​តម្លៃ​ពលកម្ម​ទាប​តាំង​ពី​យូរយារ​មក​ហើយ​មួយ​នេះ។

កេរ្តិ៍ឈ្មោះរបស់​ថៃ​ដែល​ថា​ជា​អ្នក​នាំ​ចេញ​ត្រីនិង​ផលិត​ធ្វើ​ពី​សាច់​ត្រី​ធំទី​បី​ក្នុង​សាកលលោក​ ដែល​មាន​តម្លៃ​ជាង​៨​ពាន់​លាន​ដុល្លារ​នោះ​ កំពុង​ស្ថិត​ក្រោមការ​គំរាម​កំហែង​ ខណៈ​ពេល​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្សនិង​ការ​ជួញ​ដូរ​មនុស្ស ​ជាពិសេស​ទៅ​លើ​កម្មករ​បរទេស​មក​ពី​កម្ពុជា​និង​មីយ៉ាន់ម៉ា។

យោងទៅ​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) នៃ​អង្គការ​សហប្រជាជាតិ​ កម្មករ​លើ​ទូក​នេសាទ​របស់​ថៃ​រហូត​ដល់​ទៅ​២០​ភាគរយបាន​ប្រឈម​មុខ​នឹង​ពលកម្ម​ដោយ​បង្ខំ។

សម្ព័ន្ធ​នៃ​ក្រុម​ការពារ​សិទ្ធិមនុស្សផ្តោតទៅ​លើ​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​និង​ឧស្សាហកម្ម​នេសាទ​និយាយ​ថា​ មាន​ការ​រំលោភ​បំពាន​យ៉ាង​ច្រើនទៅ​លើ​នាវា​នេសាទ​ ហើយការ​គ្រប់គ្រង​និង​ការ​ធ្វើ​ច្បាប់​សម្រាប់​គ្រប់​គ្រង​ឧស្សាហកម្ម​នេះ​ មាន​លក្ខណៈ​ទន់ខ្សោយ​នៅឡើយ។

អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ញូវ​យ៉ក​ បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​អំពី​ឧស្សាហកម្ម​អាហារ​សមុទ្រ​របស់​ថៃ​ថា​ កង្វះ​ខាត​កម្លាំង​ពលករ​បាន​ជំរុញ​ឲ្យ​ឈ្មួញ​កណ្តាល​ចាត់​គោលដៅ​លើ​បុរសពី​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា ដែល​គេ​ធ្លាប់​ហៅ​ថា​ភូមា និង​សូម្បី​តែ​ក្នុង​ប្រទេសថៃ​ខ្លួន​ឯង។

នាយករង​នៃ​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្សប្រចាំ​តំបន់​អាស៊ី​ លោក ​Phil Robertson មាន​ប្រសាសន៍​បន្ទាប់​ពីធ្វើ​កិច្ច​សម្ភាស​ន៍​ជា​មួយ​បុរស​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​នេះថា​ មនុស្ស​ជា​ច្រើន​បាន​ចង្អុល​បង្ហាញ​អំពី​ការ​គំរាម​កំហែង​ជា​ហូរហែ​អំពី​អំ​ពើ​ហិង្សា​និង​ការ​រំលោភបំពាន​ផ្សេងៗ​នៅ​លើ​នាវា​នេសាទ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ឃើញ​មាន​បញ្ហា​ការរំលោភ​បំពានផ្លូវ​កាយ​ជាច្រើន​ឥតឈប់ឈរ ដែលប្រព្រឹត្តិ​ដោយ​មេ​កប៉ាល់​និង​មន្រ្តី។ គ្រប់​ក្រុម​នៃ​អ្នក​នេសាទ​ដែលអង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​បាន​ធ្វើ​ការ​សម្ភាសន៍និយាយ​ថា​ ពួក​គេ​បាន​ឃើញ​មេ​កប៉ាល់​វាយដំ​ រំលោភ​បំពាន​ និងមាន​ករណីខ្លះ​សម្លាប់​ពួក​អ្នក​នេសាទ។ អ្នក​នេសាទ​ទាំងនោះ​ ត្រូវ​បង្ខំ​ឲ្យ​បន្ត​ការងារ​ដោយ​ឥត​ស្រាក​ស្រាន្ត​។ យើង​បាន​រកឃើញ​ការ​វាយ​ដំ​ដោយ​ប្រើ​ឧបករណ៍​ ដោយ​ស្លាប​ចាក់​ ឬដោយ​ការ​បាញ់ប្រហារ»​។

ពួក​អ្នក​នេសាទ​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ការ​រយៈពេល​យូរ​រហូត​ដល់​២០​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ពួក​គេ​មាន​ពេល​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ហូប​អាហារឬ​សម្រាក​ ដែល​ពេល​នោះ​មាន​នៅ​ត្រឹម​ពេល​ស្បៃ​មោង​ត្រូវ​បាន​ដាក់​ចុះនិង​នៅ​ពេល​ដែល​ត្រី​ដែល​បាន​ចាប់ត្រូវ​បាន​ដាក់​រួច​រាល់​តាម​ផ្នែក​ក្នុង​ទូ​ក្លាស្សេ​ដែល​មាន​សីតុណ្ហភាព​រហូត​ដល់​ទៅ​៣០​ដឺក្រេ​ក្រោម​សូន្យ។

ការស្នើ​សុំ​របស់​នាយកដ្ឋាន​ការងារថៃ​ក្នុង​ការ​ជួល​អ្នក​ទោស​ឲ្យ​ទៅ​ធ្វើ​ការ​នៅលើ​កប៉ាល់ដើម្បី​បំពេញ​កង្វះ​ខាត​កម្លាំង​កម្មករ​ ត្រូវ​បាន​ច្រាន​ចោល​បន្ទាប់​ពី​មានការ​ប្រឆាំង​ពី​សំណាក់​អន្តរជាតិ។

អ្នក​នាំ​ពាក្យ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​អ្នក​ដើរ​សមុទ្រ​ និង​មូលនិធិ​បណ្តាញ​លើក​កម្ពស់​សិទ្ធិ​ការងារ អ្នក​ស្រី​ Patima Tuchpuchayakul មាន​ប្រសាសន៍​ថា​ អ្នក​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​មួយចំនួន​ និយាយ​ថា ពួក​គេ​ត្រូវ​បាន​ដាក់​ថ្នាំ​មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​កាន់​កប៉ាល់ ដែល​ភាគ​ច្រើន​នៃ​ពួក​គេទទួល​បាន​ប្រាក់​កម្រៃ​តិចតួច​ឬ​ មិន​ទទួល​បានប្រាក់​កម្រៃ​តែ​ម្តង។ អ្នក​ស្រី​បន្ត​ថា​ ស្ថានភាព​នៅ​លើ​កប៉ាល់​ជា​ញឹក​ញយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះអស់​សង្ឃឹម។

អ្នកស្រី​ Patima​ បន្ថែម​ថា​ មនុស្ស​ជា​ច្រើន​បាន​អង្វរ​ក​សុំ​ត្រឡប់​ទៅផ្ទះ​វិញ បន្ទាប់ពី​បាន​ដើរ​សមុទ្រ​អស់រយៈពេល​បី​ឆ្នាំ។​ ជាញឹក​ញយ​ អត្តសញ្ញាណប័ណ្ណ​និង​លិខិត​ឆ្លង​ដែនរបស់​ពួកគេត្រូវ​បាន​ដកទុក​ឬ​ត្រូវ​បោះ​ចោល​ពីកប៉ាល់​ ហើយ​មនុស្ស​ជាច្រើន​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​បើសិន​ពួក​គេ​បន្ត​នៅ​លើ​កប៉ាល់ទាំងនោះ​ ហើយ​សម្រេចចិត្ត ​លោត​ចេញ​ពី​កប៉ាល់​ដើម្បី​រស់​នៅ​លើ​កោះ​ដាច់​ស្រយាល​ផ្សេងៗ។

អ្នក​ស្រី​បន្ត​ថា​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ សាកសព​អ្នក​នេសាទ​រាប់​សិប​នាក់​ត្រូវ​បាន​រក​ឃើញ។ មាន​កម្មករ​ថៃ​យ៉ាង​តិច​៩នាក់​ត្រូវ​បាន​បញ្ជាក់​ថាស្លាប់ ហើយ​កម្មករ​មីយ៉ាន់ម៉ា​៣០នាក់​ក៏ត្រូវ​បាន​រក​ឃើញ​ផងដែរ។

លោក​ Wanchai Penjabat​ អ្នក​ដើរ​សមុទ្រ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ និយាយ​ថា​ តម្រូវ​ការ​កម្មករមាន​កាន់​តែ​ខ្លាំង​រហូត​ដល់​អ្នកនាំ​កម្មករ​សម្រេច​ចិត្តយក​កុមារ​និង​មនុស្ស​ចាស់​មក​បម្រើ​ការ​ងារ​នៅ​លើ​កប៉ាល់​ទាំង​នោះ។

លោក​បាន​បន្ត​ថា​ អ្នក​ដែល​ត្រូវ​គេ​បញ្ឆោត​ឲ្យ​ទៅ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ ត្រូវ​ធ្វើ​ការ​ដូច​ទាសករ ឬ​ពិបាក​ជាង​នោះ​ទៅ​ទៀត។ ពួកគេ​ត្រូវ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង​ ហើយ​មួយ​ចំនួន​នៃ​ពួកគេប្រឈម​នឹងស្ថានភាព​មួយ​ដែល«​មិន​អាច​ទ្រាំ​បាន»។

លោក​ Robertson នៃ​អង្គការ​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិមនុស្ស​ មាន​ប្រសាសន៍​ថា​ កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ថៃ​នៅ​លើ​ឆាក​អន្តរជាតិអំពី​ឧស្សាហកម្ម​អាហារ​សមុទ្រ​ កំពុង​ត្រូវ​បានគេ​ពិភាក្សា។

លោក Robertson ​បាន​និយាយ​ថា៖ «នៅ​ឯ​ក្រៅ​ប្រទេស កិត្តិនាម​របស់​ថៃ​រឿង​អាហារ​សមុទ្រ​នេះ​កំពុង​រង​ការ​ប៉ះពាល់​។ មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ខុសៗ​គ្នា​ ​ទទួល​ផលិតផល​សមុទ្រ​របស់​ថៃ ដែលឥឡូវ​នេះ ក្រុមហ៊ុន​ទាំង​នោះ​កំពុង​គិត​រក​វិធី​ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​បាន​ថា​ ផលិតផល​ត្រី​ដែល​ពួក​គេ​ទិញ​នៅ​ទី​នោះ​ ឬ​បង្គាសម្រាប់​ធ្វើ​ចំណី​សត្វ​ មិន​កង្វក់​ទៅ​ដោយ​ពលកម្ម​ដោយ​បង្ខំ​ និង​ដោយ​ញើស​និង​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​រង​ការ​ជួញ​ដូរ»។

នៅ​ឆ្នាំ​២០១៤​ សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ចំណាត់​ថ្នាក់​ប្រទេស​ថៃ​ក្នុងរបាយ​ការណ៍​ជួញ​ដូរមនុស្សឲ្យ​នៅ​ចំណាត់ថ្នាក់​លំដាប់​ទាប​ទី​៣ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​អាច​នឹង​ទទួល​នូវ​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ និង​ទណ្ឌកម្ម​ផ្សេងទៀត​ដែល​មិន​ពាក់​ព័ន្ធ​នឹង​មនុស្សធម៌។

រដ្ឋាភិបាល​ថៃ​បាន​ឆ្លើយ​តប​ដោយ​បង្កើត​ឡើង​នូវយុទ្ធនាការ​ដើម្បី​បញ្ចប់​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​រំលោភ​បំពាន​ផ្សេងៗ។ វិធានការ​ដែល​បាន​ធ្វើ​ឡើង​រួម​មាន​ ការ​រឹត​បន្តឹង​ច្បាប់ឧស្សាហកម្ម​នេសាទ ការ​តម្លើង​កម្រិត​អាយុ​កម្មករដល់​១៨​ឆ្នាំ​ ការ​ចុះ​បញ្ជី​កប៉ាល់​ និង​ការ​បង្កើត​ប្រព័ន្ធ​តាមដាន​លើ​គ្រប់​កប៉ាល់ឲ្យបាន​នៅក្នុង​ខែ​កុម្ភៈ​នេះ។

ក៏ប៉ុន្តែ​ក្រុម​ការពារ​សិទ្ធិកម្មករ​និយាយ​ថា​ ទោះបី​ជា​ពួក​គេ​ស្វាគមន៍វិធានការ​ក្នុង​ការ​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​របស់​រដ្ឋាភិបាល​ និង​ច្បាប់​ទាំងនោះ​ក៏​ដោយ​ ច្បាប់​ទាំងអស់ត្រូវ​តែ​អនុវត្ត​ដើម្បី​ឲ្យ​វិធានការ​នោះមាន​ប្រសិទ្ធភាព៕

ប្រែសម្រួលដោយ នៀម ឆេង

XS
SM
MD
LG