ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ពាណិជ្ជកម្ម​លុប​ចោល​សន្និសីទ​ព័ត៌មាន​​ឆ្លើយតប​នឹង​សហភាព​អឺរ៉ុប​ដែល​សម្រេច​យក​ពន្ធអង្ករ​កម្ពុជា


លោក​សៀង​ ថៃ​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ក្រុម​អ្នក​កាសែត​ អំពី​ការ​លុប​ចោល​សន្និសីទព័ត៌មាន​មួយនៅ​ក្រសួងពាណិជ្ជកម្ម​​ ស្តីពី​ការ​យក​ពន្ធ​គយ​​របស់​សហភាព​អឺរ៉ុប​ពី​អង្ករកម្ពុជា កាលពីថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៩​ ។​ (ហ៊ុល រស្មី/VOA)

នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ សហភាព​អឺរ៉ុប​នឹង​ចាប់​ផ្តើម​យក​ពន្ធ​គយ​លើការ​នាំ​ចេញ​អង្ករ​កម្ពុជា​ ទៅ​តាម​ការស្នើសុំ​របស់​ប្រទេសអ៊ីតាលី​ ដែល​បាន​ចោទ​ថា​ ចំនួន​អង្ករ​ដ៏ច្រើន​​របស់​កម្ពុជា​ និង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផលចំណេញ​កសិករ​របស់​ខ្លួន​។ រដ្ឋាភិបាល​កម្ពុជា​ ត្រៀម​ខ្លួន​នឹង​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​ការយកពន្ធ​នេះ​ តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​ តែសន្និសីទ​នេះ​ត្រូវ​លុបចោល​វិញ។

រដ្ឋា​ភិបាល​ខ្មែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​លុប​ចោល​សន្និសីទ​ព័ត៌មាន​ស្តី​អំពី​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ការយកពន្ធ​គយ​លើ​ការ​នាំចេញ​អង្ករ​កម្ពុជា​ ​ដោយត្រូវ​ការ​ពេល​វេលា​បន្ថែម​ដើម្បី​ពិនិត្យ​ឯកសារ​រាប់សិប​ទំព័រ​ទាក់ទិននឹង​ការ​យក​ពន្ធ​នេះ។​ ​នេះបើយោងតាម​ការ​បញ្ជាក់​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

ឈរ​នៅ​ចំពោះ​មុខ​ម៉ាស៊ីនកាម៉េរា និង​ក្រុម​អ្នកកាសែត​ ​លោក​ ​សៀង ថៃ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បានស្រែក​សួរ​សហការី​លោក​អំពីចំនួនទំព័រ​ឯកសារ​ ​ដែល នាំ​ដល់​ការ​លុប​ចោល​សន្និ​សីទ​ព័ត៌មាន​ភ្លាមៗ​នោះ។​

«ឯកសារ​ផ្លូវការ​ហ្នឹង​គឺវាមាន​កម្រាស់​៦០មិញ​ហ្នឹងវា​ ប៉ុន្មាន​ទំព័រ​តារា​?​ ​៦៤​ទំព័រ​លាយ​គ្នា​ជាមួយ​នឹង​បញ្ហា​ផ្សេងៗ ដូច្នេះ​ទៅ​ក្រសួង​មាន​ការ​សុំអភ័យ​ ​អធ្យាស្រ័យ​ យើង​ពិនិត្យ​មើល​ឯកសារ​ផ្លូវការ​ហ្នឹងបន្តិច ​ដើម្បី​យើង​ធ្វើ​សន្និសីទ​កាសែត​ទៅ​ឲ្យ​វា​ត្រូវ​ទៅ​តាម​អត្ថន័យ​របស់​ឯកសារ​ផ្លូវការ​របស់​គេ»។​

លោក​ ​សៀង ថៃ​ ​បាន​ប្រាប់​អ្នក​កាសែត​ថា​ ក្រសួង​នឹង​ធ្វើ​សន្និសីទ​ដដែល​នេះ​ នៅ​ថ្ងៃសុក្រ​ស្អែក​នេះ​ វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល។

កាលពី​ថ្ងៃពុធ គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​នឹង​ដាក់​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា​និង​មីយ៉ាន់ម៉ា​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​ដើម្បី​ការពារ​ទីផ្សារ​សហភាព​អឺរ៉ុប។ ការ​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​រយៈពេល​៣ឆ្នាំ​តាម​វិធានការ«ការពារ» កាលពី​ខែមីនា​ឆ្នាំមុន​ ​បន្ទាប់ពី​មាន​សំណើ​ពី​រដ្ឋាភិបាល​អ៊ីតាលី។

ចាប់​តាំង​ពី​ថ្ងៃទី១៨ខែមករា​ទៅ​ ​សហភាព​អឺរ៉ុប​កំណត់​ពន្ធប្រហែល​ ​២០០​ដុល្លារ​សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំទី១​ ​ហើយ​ទម្លាក់​ពន្ធ​មក​នៅ​ត្រឹម​ ១៣២ដុល្លារ​នៅ​ឆ្នាំទី២​និង​នៅ​ត្រឹម​ ​១០៩ដុល្លារ​នៅ​ឆ្នាំទី៣។​ ​

ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​ពាណិជ្ជកម្ម​ធំជាង​គេ​ក្នុង​ពិភពលោក​ ​ដោយ​សារ​តែ​មានការ​រំលោភ​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ទណ្ឌកម្ម​ដែល​អាច​នឹង​កើតមាន​នេះ​គឺ​ដាច់ដោយ​ឡែក​ពី​វិធានការ​ការពារ​ទីផ្សារ​អង្ករ​អឺរ៉ុប។

នៅ​អឺរ៉ុប​ស្រូវ​មាន​ដាំ​នៅក្នុង​ប្រទេស​ចំនួន​ប្រាំបី​នៅ​អឺរ៉ុប​ភាគ​ខាងត្បូង​ពី​ប្រទេស​ព័រទុយហ្គាល់​ទៅ​ប៊ុលហ្គារី។​

គណៈកម្មការ​ដែល​ត្រួតពិនិត្យ​គោល​នយោបាយ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប​បាន​ស្នើ​វិធានការ​យកពន្ធ​គយ​នេះ​កាល​ពី​ឆ្នាំមុន​ទៅតាម​សំណើរ​របស់​ប្រទេស​អ៊ីតាលី​ ​ប៉ុន្តែ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ទេ​ក្នុងចំណោម​រដ្ឋ​ទាំង​២៨​របស់​សហភាព​អឺរ៉ុប​ កាលពី​ខែធ្នូ។​ ​ដោយសារ​មិន​មាន​មតិ​យោបល់​ប្រឆាំង​ពី​គណៈកម្មាធិការ​ពាក់ព័ន្ធ​ ​គណៈកម្មការ​ដែល​ត្រួតពិនិត្យ​គោល​នយោបាយ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប​បាន​ធ្វើការ​សម្រេច​ចិត្ត​នេះ​ជា​ចុងក្រោយ​កាលពី​ថ្ងៃពុធ​កន្លង​ទៅ​នេះ។​

ប្រទេស​កម្ពុជា​និង​ភូមា​ឬ​មីយ៉ាន់ម៉ា​ទទួល​បានផល​ប្រយោជន៍​ពី​កម្មវិធី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ឈ្មោះ«គ្រប់​មុខទំនិញ​ទាំង​អស់​លើក​លែង​តែសព្វាវុធ» ​ឬហៅថា​ ​EBA ​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ក្នុង​ពិភពលោក​ ​អាច​នាំ​ទំនិញ​ភាគច្រើន​ទៅ​លក់​នៅ​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ដោយ​មិនបាច់​បង់ពន្ធ​គយ។​

ប៉ុន្តែ​គណៈកម្មការ​ដែល​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប​បាន​និយាយ​ថា​ ​ការ​ស៊ើប​អង្កេត​បាន​បញ្ជាក់​ថា​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​នាំ​អង្ករ​ពី​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កសិករ​សហភាព​អឺរ៉ុប។​

VOA​ ​បានព្យាយាម​សួរ​បញ្ជាក់​បន្ថែម​ពីលោក​ ​សៀង​ ថៃ​ ​ថាតើ​កម្ពុជា​មាន​ការ​សោក​ស្តាយ​ចំពោះ​ការសម្រេច​នេះ ឬក៏​ការ​សម្រេច​នេះវា​មិន​យុត្តិធម៌​ ចំពោះកម្ពុជា​ឬ​យ៉ាង​ណា​នោះ​ អ្នក​នាំពាក្យ​រូប​នេះ​មាន​ប្រសាសន៍​ថា៖

«អូ​! អាហ្នឹងយើងអាច យើងអាច​ដឹង​បាត់​ហើយ​ ដឹង​បាត់​ហើយ​ ប្អូនក៏អាច​ដឹងដែរ​ ខ្ញុំ​អត់​ឆ្លើយ​ ក៏​យើង​អាច​ដឹង​ដែរ​ រឿង​យុត្តិធម៌​ ​មិន​យុត្តិធម៌​ហ្នឹង​ណា​ ហើយស្អែក​ឆ្លើយ​ជូន​ណា​ បាទ​អធ្យាស្រ័យ»។​

​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១៨ ក្រុម​អ្នក​ផលិត​និង​នាំអង្ករ​ចេញ​ពី​ប្រទេស​កម្ពុជា​ ​បាន​ថ្លែង​ពី​ការ​បារម្ភ​ធ្ងន់ធ្ងរ​ចំពោះ​វិធានការ​ទប់ស្កាត់​របស់​សហភាព​អឺរ៉ុប​ មក​លើអង្ករ​ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ហើយ​ថា វិធានការ​ទប់ស្កាត់​ណាមួយ​អាច​ផ្តល់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​ការ​ធ្វើ​ស្រែ​របស់​កសិករ​ខ្មែរ​រាប់​លាន​នាក់។​

ពួក​គេ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ទៀត​ថា​ វិធាន​ការ​ទប់​ស្កាត់​នានានឹង​ក្លាយ​ជា​ដំណើរ​ថយ​ក្រោយ​មួយ​ទៅ​លើ​ការ​ខិតខំ​យ៉ាង​សម្បើម​ ដែល​បាន​កសាង​ឧស្សាហកម្ម​អង្ករ​នៅ​កម្ពុជា​ និង​ជួយ​កសិករ​កម្ពុជា​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ៕

XS
SM
MD
LG