ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​សហភាព​អឺរ៉ុប​យក​​ពន្ធ​លើ​ការនាំ​ចូល​អង្ករ​កម្ពុជា


រូបឯកសារ៖ កសិករ​នៅ​ក្នុង​ស្រុក​អន្លង់វែង​ ​ខេត្ត​ឧត្តរមានជ័យ​ ​ស្ទូង​ស្រែ​របស់​ពួក​គាត់ នៅថ្ងៃ​ទី០២​ ខែសីហាឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

បន្ទាប់​ពី​មាន​ប្រតិកម្ម​ទៅ​លើ​ការ​សម្រេច​យក​ពន្ធ​គយ​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​នាំ​ចូល​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​មួយ​នេះ​ រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​ប្រកាស​ថា នឹង​បន្ត​តវ៉ា​ប្រឆាំង​នឹង​ការសម្រេច​ ដែល​រដ្ឋាភិបាល​ខ្មែរ​យល់​ថា​ ជា​ការ​ធ្វើ​ឃាត​ចំណូល​កសិករ​ក្រីក្រ​របស់​កម្ពុជា។

ភ្លាមៗ​ក្រោយ​ការ​សម្រេច​របស់​គណៈ​កម្មការ​សហភាព​អឺរ៉ុប​យក​ពន្ធ​គយ​លើ​ការ​នាំ​ចូល​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​មួយ​នេះ​ ប្រតិកម្ម​បាន​កើត​ឡើង​ជាបន្ត​បន្ទាប់​ពីក្រុម​អង្គការ​សង្គម​ស៊ីវិល​ អ្នក​ផលិត​អង្ករ​និង​អ្នក​នយោបាយ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ក៏​បាន​ត្រៀម​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ព្រហស្បតិ៍ ដើម្បី​បំភ្លឺពី​ការ​សម្រេច​របស់​គណៈ​កម្មការ​សហភាព​អឺរ៉ុប​ ​តែ​សន្និសីទ​នោះ​ក៏​ត្រូវ​លុប​ចោល​វិញ​ ព្រោះ​ក្រុមមន្ត្រី​ក្រសួង​ដដែល​នេះ​ ត្រូ​វការ​ពេល​បន្ថែម​ទៀត​ដើម្បី​អាន​ឯកសារ​ពាក់​ព័ន្ធ​នឹង​កិច្ចការបច្ចេកទេស។​ ​ក្រសួង​ក៏​បាន​ប្រាប់​អ្នក​កាសែត​ថា​ សន្និសីទ​មួយផ្សេង​ទៀត​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​នេះ។

កាលពីថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ក្រុម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បួន​រូប​ ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​ស្តីពី​ការ​ដាក់​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​មក​លើ​ការនាំចូល​អង្ករ​កម្ពុជា។ (ហ៊ុល រស្មី/VOA)
កាលពីថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ក្រុម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បួន​រូប​ ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​ស្តីពី​ការ​ដាក់​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​មក​លើ​ការនាំចូល​អង្ករ​កម្ពុជា។ (ហ៊ុល រស្មី/VOA)

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ប្រកាស​លុប​ចោល​សន្និសីទ​នោះ មិនបាន​ប៉ុន្មាន​ម៉ោង​ផងនោះ​ ក្រសួង​ពាណិជ្ជកម្ម​បា​ន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ​«សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​សេចក្តី​សម្រេច​នេះ​ ដែល​មិន​បាន​ឆ្លុះបញ្ចាំង​ទាំង​ស្រុងលើ​ទិដ្ឋភាព​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ បទដ្ឋាន​បច្ចេក​ទេស​ និង​សច្ចភាព​ ព្រម​ទាំង​កិច្ច​សហប្រតិបតិ្តការ​កន្លងមក​ដ៏ល្អ​ រវាង​រដ្ឋា​ភិបាល​និង​វិស័យ​ឯកជន​របស់​កម្ពុជា​ និង​សហគមន៍»។​

លោក​ ​ថេង សាវឿន​ ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ឬ​ហៅ​ថា​ ​(CCFC)​ មាន​ការ​សោកស្តាយ​ចំពោះ​ការសម្រេចនេះ​ ហើយថាការសម្រេចយ៉ាង​ដូច្នេះ​ នឹង​ធ្វើ​ឲ្យ​កសិករខ្មែរប្រឈម​នឹង​ផលវិបាក​កាន់​តែ​ខ្លាំង​ឡើង​ ក្នុង​បញ្ហា​តម្លៃ​ស្រូវ។​

«ស្រូវ​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ អត្រា​ទីផ្សារ​ហ្នឹង​ មាន​តម្លៃ​ថោក​នៅ​ឡើយ​ទេ​ ចឹង​ចុះ​បើ​ទម្រាំ​ តើ​អាពេល​ដែល​សហភាព​អឺរ៉ុប​គិត​ពន្ធ​ដែល​ក្រុម​ហ៊ុន​វិនិយោគ​ត្រូវពិចារណា​ ក្នុង​ការ​ទិញ​នោះ តើវា​នឹង​អាច​ធ្លាក់​ថ្លៃ​បន្ថែមទៀតផងដែរ​ បើ​យើង​គិត​ពិចារណា​ ពីព្រោះថា​ កន្លង​មក​គាត់​ចំណេញ​ ​ដោយសារ​តែ​គាត់​រួច​ពន្ធ​ហ្នឹង​ គាត់​ចំណេញ​ ចឹង​ទូទាត់​ទៅ​ គឺគាត់​អាច​ចំណេញ​បានគាត់​ហ៊ានទិញ​ច្រើន។​ ​ប៉ុន្តែ​ឥឡូវ​នេះ បើសិន​ជា​គាត់​ បើ​ពន្ធ​ កាតព្វកិច្ច​ពន្ធ​នឹង​ឡើង​ថ្មី​ ខ្ញុំ​គិត​ថា​ គាត់នឹង​មិន​ហ៊ាន​ ​ក្រុមហ៊ុន​ហ្នឹង​គាត់​មិន​ហ៊ាន​ទិញ​ទេ។​ ​អ៊ីចឹង​កាលណា​បើអត់​ទីផ្សារ​ គឺ​យើង​នឹង​ប្រឈម​ហានិភ័យ​ និង​ផល​ប៉ះពាល់​ ហើយ​ផល​ចំណេញ​ដែល​ ​ដែល​យើង​ធ្លាប់​ទទួល​បាន​ដល់​កសិករ​តាម​រយៈ​ការ​រួច​ពន្ធហ្នឹង​ វានឹង​បាត់​បង់​ផង​ដែរ​បាទ»។​

ចំណែក​លោក​ ​យ៉ង់ សាំង​កុមារ​ ​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ បាន​សរសេរ​លើ​ទំព័រហ្វសប៊ុក​របស់​លោក​កាល​ពី​ព្រហស្បតិ៍​ គឺ​មួយ​ថ្ងៃ​ក្រោយ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ថា​ ទីបំផុត​សហភាព ​អឺរ៉ុប​សម្រេច​ឲ្យ​កម្ពុជា​និង​មីយ៉ាន់​ម៉ាបង់​ពន្ធ​អង្ករ​នាំ​ចូល​អឺរ៉ុប​ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ១​៨​មករា​នេះ​ទៅ​រយៈពេល៣ឆ្នាំ។​

លោក​បាន​អធិប្បាយបន្ថែម​ក្នុង​ន័យដើមថា៖

«គួរ​ឲ្យ​សោក​ស្តាយ​ណាស់​ដែល​ការ​សម្រេច​ចិត្ត​របៀប​នេះកើត​មាន​ឡើង។​ កម្ពុជា​ហាក់​ដូចជា​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​វិធាន​ការ​នេះ​ទេ។យើង​មាន​សហពន្ធ័​ស្រូវ​អង្ករ​និង​ក្រសួង​ពាក់​ព័ន្ធ​ជាច្រើន​ដែល​ត្រូវ​រួម​គ្នា​ធ្វើ​ការ​សង្រ្គោះ​វិស័យ​ស្រូវ​អង្ករ​ខ្មែរ​ល្មម​នាំគ្នា​ធ្វើ​ការ​ធំដុំ​ដើម្បី​សេដ្ឋកិច្ច​ជាតិ​ហើយ​ដោយ​កុំ​គិត​តែ​ពី​តំណែង​អ្នក​ធំ​ឯក​ឧត្តម​ច្រើន​ពេក»។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ មូល​ សារិទ្ធ​ អគ្គលេខាធិការ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ឬ​ហៅថា​ CRF​ តែ​មិន​ទាន់​អាច​ទាក់​ទង​លោកបាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

ទោះ​យ៉ាង​ណា​ ​លោក​ ​សុង សារ៉ន​ ​អគ្គនាយក​ក្រុមហ៊ុន Amru Rice​ ​ដែល​ជា​សមាជិក​របស់ សហ​ព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ បានប្រាប់​អង្គភាព​ព័ត៌មាន​ក្នុងស្រុក​មួយ​ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល​ថា​ វិធាន​ការ​គាំពារ​របស់​គណៈកម្មាការ​អឺរ៉ុប​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​សហភាព​អឺរ៉ុប​ខាត​ប្រយោជន៍​ធំ​ហើយ​អ្នក​ជំនួញ​ក្នុង​ឧស្សាហកម្ម​ស្រូវអង្ករនៅកម្ពុជា​ក៏ប្រឈម​នឹង​ការ​ខាត​បង់។​

លោក​ត្រូវបាន​អង្គភាព​ ​Fresh News​ ​ស្រង់​សម្តី​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«ខ្ញុំគិត​ថា​អ្នក​ខាត​មាន៖ ទី១៖​អ្នកខាត​ធំ​ជាង​គេ​ គឺ​ប្រជាពលរដ្ឋអឺរុប ដែល​ជា​អ្នក​ទទួល​ទាន​អង្ករ​ និង​គាំទ្រ​អង្ក​រកម្ពុជា​។ ​គាត់​នៅ​តែហូប​ គ្រាន់​តែ​ហូប​តិច​ជាង​មុន។ អង្ករលក់​ក្នុង​ប្រទេស​អឺរុប​នឹង​កើន​តម្លៃចាប់​ពី​ខែ​មេសា​ ឬ​ឧសភា​ខាង​មុខ​នេះ។​ ​២៖​ខាតលើប្រាក់​ចំណេញ​សម្រាប់​រោង​ម៉ា​ស៊ីន​កិន​ស្រូវ​ ក្រុម​ហ៊ុន​នាំ​ចេញ​ និង​កសិករ​កម្ពុជា។​ ​កម្ពុជា​អាច​បាត់​បង់​ទីផ្សារ​អង្ករ​ខ្លះ​នៅ​ EU។​ យើង​នឹង​អាច​រក​មធ្យោបាយ​ចូលទីផ្សារ​ ​EU​ ​ឡើងវិញ​ ​និង​សិក្សា​ពី​ផល​ប៉ះ​ពាល់​ទីផ្សារ​នេះ​បាន​នៅ​ខែកុម្ភៈ»។​

លោក​បាន​ប្រាប់​អង្គភាពព័ត៌មាន​នេះ​ បន្ថែមថា​កម្ពុជា​ក៏នឹង​មិន​នៅ​ស្ងៀម​ និង​បាន​កំពុង​ជជែក​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ «ស្រោចស្រង់​និង​លើក​ស្ទួយ​វិស័យ​នេះ»។​

កាលពី​ថ្ងៃ​ពុធ​ ​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​នឹង​ដាក់​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា​និង​មីយ៉ាន់ម៉ា​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​ដើម្បី​ការពារ​ទីផ្សារ​សហភាព​អឺរ៉ុប។​ ​ការ​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​រយៈពេល​៣ឆ្នាំ​តាម​វិធានការ​ ​«ការពារ»​ ​កាលពី​ខែមីនា​ឆ្នាំមុន​ ​បន្ទាប់ពី​មាន​សំណើ​ពី​រដ្ឋាភិបាល​អ៊ីតាលី។​

ចាប់​តាំង​ពី​ថ្ងៃទី១៨​ខែមករា​ទៅ​ ​សហភាព​អឺរ៉ុប​កំណត់​ពន្ធប្រហែល​ ​២០០​ដុល្លារ​សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំទី១​ ​ហើយ​ទម្លាក់​ពន្ធ​មក​នៅ​ត្រឹម​ ១៣២ដុល្លារ​នៅ​ឆ្នាំទី២​និង​នៅ​ត្រឹម​ ​១០៩​ដុល្លារ​នៅ​ឆ្នាំទី៣។​

នៅ​ឯ​ក្រសួង​ពាណិជ្ជកម្ម​ឯណោះ​វិញ​ ​មន្ត្រី​ជាន់​ខ្ពស់ក្រសួង​ពាណិជ្ជកម្ម​មួយរូបបាន ប្រាប់សន្និសីទ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ជាង​មួយ​ម៉ោង​ថា​ កម្ពុជា​មិន​ត្រូវ​មាន​ការភ្ញាក់​ផ្អើល​ចំពោះ​ការ​សម្រេច​យក​ពន្ធ​គយ​របស់​សហភាព​អឺរ៉ុប​ ​មកលើ​ការនាំចូល​អង្ករ​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​សហគមន៍​នេះ​ទេ​ ​ព្រោះវា​ជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដឹង​មុន​រួច​ទៅ​ហើយ​ ហើយ​កម្ពុជា​ក៏​បាន​ត្រៀម​រួចរាល់​ដើម្បី​ទប់ទល់​នឹងការ​យក​ពន្ធដែល​អាច​ឲ្យកម្ពុជា​ខាត​បង់​ប្រាក់​ក្នុង​ចំនួន​ប្រមាណ​៥០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

អម​ដោយ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្មចំនួន​បួនរូបផ្សេង​ទៀត​ លោក​ ​សុខ សុភ័ក្ត្រ​ ​រដ្ឋលេធិការ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ក្រុម​អ្នកកាសែតថា ​កិច្ចការ​យក​ពន្ធគយ​របស់​អឺរ៉ុប​មកលើ​ការ​នាំចូល​អង្ករ​កម្ពុជា​នេះ​គឺជា​កិច្ច​ការ​បច្ចេក​ទេស​សុទ្ធសាធ​ ​និង​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ឡើយ។​ ​លោក​ថា​ កិច្ច​ការ​នេះ​ ​ក៏​មិនមែន​ជារឿង​ធំដុំ​នោះដែរ។​

​«​ខ្ញុំ​សុំ​បញ្ជាក់​ជូនថា​មិន​មែន​ជាកិច្ចការ​ធំ​ខ្លាំង​ រហូត​ដល់​មានការ​ភ្ញាក់​ផ្អើល​ ទូទាំង​ប្រទេស​ថា​ វិធាន​ការ​ការ​ពារ​របស់​សហគមន៍​អឺរ៉ុបនេះ​ ​សហភាព​អឺរ៉ុប​នេះ​ ជា​វិធានការ​មួយ​ក្នុង​គោល​ដៅ​ នយោបាយ​ឬក៏​អី​អត់​មាន​ទេ»។​

តមក​ទៀតលោក​ ​សុខ សុភ័ក្រ្ត​ ​បាន​ពណ៌នា​អំពី​ការខិតខំ​របស់​ក្រុម​មន្ត្រី​ខ្មែរ​ក្នុង​ការ​ជួប​សន្ទនាជា​មួយ​ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប​ដែល​បាន​កោត​សរសើរ​កម្ពុជា​ក្នុង​ការ​បង្កើន​ចំនួន​អង្ករ​ចូល​ទៅ​សហ​ភាព​អឺរ៉ុប។​ ​លោកបាន​បន្តថា​ ជោគជ័យ​នេះ​ ​ហើយ​គឺ​ជា​ដើម​ហេតុ​ នាំ​ឲ្យមាន​ការ​មិន​សប្បាយ​ចិត្ត​ពី​បណ្តា​ប្រទេស​ជា​សមាជិក​របស់​សហគមន៍​អឺរ៉ុប។​

លោក​បាន​ពន្យល់​ទៀត​ថា​ ប្រទេស​នៅ​សហភាព​អឺរ៉ុប​មានគោល​នយោបាយ​មួយ​ក្នុង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ធន់​ដល់​កសិករ​របស់​ខ្លួន។ លោក​ថា​ការណ៍នេះខុស​ពី​កម្ពុជា​ដែល​ខិត​ខំ​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ រហូត​ធ្វើ​ឲ្យថ្លៃ​ដើម​ក្នុង​ការ​ផលិតអង្ករ​ចុះ​ថោក។ ដូច្នេះ​ ដើម​ហេតុ​នៃ​ការយក​ពន្ធគយ​របស់​សហគមន៍​អឺរ៉ុប​មក​លើ​អង្ករកម្ពុជា​ គឺ​ផ្តើម​ចេញពី​តម្លៃ​អង្ករ​ដែល​មាន​កម្រិត​ទាប​របស់​កម្ពុជាចូល​ទៅទី​ផ្សារ​សហភាព​អឺរ៉ុប។​

លោក​ ​សុខ សុភ័ក្ត្រ​ ​បាន​ឲ្យដឹង​បន្ថែម​ទៀតថា​ នៅមុន​ពេល​ដែលសហភាព​អឺរ៉ុប​ចាត់​វិធានការ​គាំពារ​ទីផ្សារ​អង្ករ​របស់ខ្លួននោះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​ក្នុង​ឧស្សាហកម្ម​ ស្រូវ​អង្ករ​ ដែល​រួម​មាន​ ការ​ពង្រឹង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ការ​បង្កើន​ផលិត​ភាពស្រូវ​ និង​កិច្ចការ​ជា​ច្រើន​ទៀត​ ពាក់​ព័ន្ធនឹង​ការ​បន្ធូរបន្ថយ​ពន្ធ​ ការ​ត​ភ្ជាប់​ឃ្លាំង​សម្ងួត​ស្រូវទៅកន្លែង​ដែល​មាន​បណ្តាញ​អគ្គិសនី​និង​ការ​កែទម្រង់ធនធាន​មនុស្ស​ជាដើម។​

​មន្ត្រី​ពាណិជ្ជកម្ម​រូប​នេះ​ បាន​ឲ្យដឹង​ទៀត​ថា​ កម្ពុជា​ក៏កំពុង​ស្វែង​រក​ដៃគូ​ពាណិជ្ជកម្ម​ផ្សេងទៀត​ ដែល​កម្ពុជា​នឹង​ឈរ​លើគោល​ការណ៍​ឯករាជ្យ​ភាព​ជាតិ និង​អធិបតេយ្យ​ភាព​ជាតិជាធំ​ ដើម្បី​បង្កើត​ចំណង​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​ទាំង​នោះ។

«ពាក្យថា​ ពង្រឹង​ឯករាជ្យ​ភាព​ជាតិ អធិបតេយ្យ​ភាព​ជាតិ​ គឺ​យើង​ ក្នុង​នាម​ពាណិជ្ជកម្ម ​គឺ​យើង​ លែង​ មិន​មែន​លែង​សុំ​ទេ​គឺ​បើ​គេឲ្យ​ តាម​គោល​ការណ៍​ច្បាប់​នូវ​ភាព​អនុគ្រោះ​ យើង​ចេះ​តែ​យក​ទៅ​ ប៉ុន្តែ​ឲ្យ​ទៅ​អង្វរ​សុំ​ទាន​គេ​គឺ​យើង​អត់​សុំ​ទេ»។​

ទោះបី​ជា​មាន​ការ​អះអាង​របស់​លោក ​សុខ សុភ័ក្ត្រ​យ៉ាងនេះ​ក្តី​ ក្រសួង​ពាណិជ្ជកម្ម​ បាន​ចាត់​ទុក​ថា​ ការ​សម្រេច​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​ដែល​យក​ពន្ធគយ​លើ​អង្ករ​កម្ពុជា​គឺ​ជា​ «អាវុធ​សម្រាប់​ធ្វើ​ឃាត» កសិករ​ក្រីក្រ​កម្ពុជា​ ព្រោះ​វា​បាន​ដក​ហូត​ចំណូល​របស់​ពួកគេ​និង​ក្រុម​គ្រួសារ​ដែល​កំពុង​ជាប់​បំណុល​ ជាមួយ​ស្ថាប័ន​ឥណទាន។ ក្រសួង​ក៏​នឹង​ត្រៀម​បន្ត​តវ៉ា​ ជំទាស់​នឹង​ការ​សម្រេច​ដែល​គ្មាន​សុក្រឹតភាព​និង​សច្ចភាព​នេះ​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​ពាណិជ្ជកម្ម​ធំជាង​គេ​ក្នុង​ពិភពលោក​ ​ដោយ​សារ​តែ​មានការ​រំលោភ​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ទណ្ឌកម្ម​ដែល​អាច​នឹង​កើតមាន​នេះ​គឺ​ដាច់​ដោយ​ឡែក​ពី​វិធានការ​ការពារ​ទីផ្សារ​អង្ករ​អឺរ៉ុប។​

ប្រទេស​ទាំង​ពីរ​ដដែល​នេះទទួល​បានផល​ប្រយោជន៍​ពី​កម្មវិធី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ឈ្មោះ«គ្រប់​មុខទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ» ​ឬហៅថា​ ​EBA ​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ក្នុង​ពិភពលោក​អាច​នាំ​ទំនិញ​ភាគច្រើន​ទៅ​លក់​នៅ​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ដោយ​មិនបាច់​បង់ពន្ធ​គយ។​

ប៉ុន្តែ​គណៈកម្មការ​ដែល​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប​បាន​និយាយ​ថា​ ​ការ​ស៊ើប​អង្កេត​បាន​បញ្ជាក់​ថា​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​នាំ​អង្ករ​ពី​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កសិករ​សហភាព​អឺរ៉ុប៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG