ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​​អាមេរិក ដូណាល់​​ ត្រាំ​ ស្តី​បន្ទោស​មេដឹកនាំ​អង្គការ​អូតង់​ពី​ការ​ចំណាយ​មិនគ្រប់​គ្រាន់​លើ​វិស័យ​ការពារ​ប្រទេស


អគ្គលេខាធិការ​អង្គការអូតង់លោក Jens Stoltenberg ថ្លែង​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​ប្រ៊ុចសែលកាល​ពី​ថ្ងៃទី​២៥ ឧសភា ២០១៧។
អគ្គលេខាធិការ​អង្គការអូតង់លោក Jens Stoltenberg ថ្លែង​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​ប្រ៊ុចសែលកាល​ពី​ថ្ងៃទី​២៥ ឧសភា ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​បាន​ស្តី​បន្ទោស​ជា​សាធារណៈ​ដល់​មេដឹកនាំ​ផ្សេង​ៗ​ទៀត​របស់​អង្គការ​អូតង់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ចំពោះ​ការ​មិនបង់​ប្រាក់​ចំណែក​ត្រឹម​ត្រូវ​ ហើយ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ជំរុញ​ឲ្យ​ផ្តោត​យក​ចិត្ត​ទុកដាក់​កាន់​តែ​ខ្លាំង​លើ​បញ្ហា​ភេរវកម្ម។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​មេដឹកនាំ​របស់​អង្គការអូតង់​នៅឯ​ទីស្នាក់ការ​របស់​សម្ព័ន្ធ​មិត្ត​ក្នុង​ទីក្រុង ប្រ៊ុចសែល​ ថា៖ ​«អនាគត​របស់​អង្គការ​អូតង់ ​ត្រូវតែ​រួមមាន​ការផ្តោត​ការយក​ចិត្ត​ទុកដាក់ខ្លាំង​ឡើង​លើ​ភេរវកម្ម​និង​អន្តោប្រវេសន៍​និង​ការ​គំរាម​កំហែង​មក​ពី​ប្រទេស​រុស្ស៊ី​និង​ព្រំដែន​ខាង​កើត​និង​ខាង​ត្បូង​របស់​អង្គការ​អូតង់‍»។

លោក​ប្រធានា​ធិបតី​ត្រាំបាន​ថ្លែង​នៅឯ​ពិធី​មួយ​ដើម្បី​បង្ហាញ​ពី​រូបសំណាក​និ​មិត្តរូប​នូវ​ការតាំង​ចិត្ត​របស់​សមាជិក​អង្គការ​អូតង់​ដល់​គោលការណ៍​ការពារ​ប្រទេស​រួម​គ្នាដូច​ដែល​បាន​ចែង​នៅ​ក្នុងមាត្រា​ទី៥​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត។ រូប​សំណាក​នេះជាដុំ​លោហៈ​ធាតុ​មួយ​មក​ពីសំណល់​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ដែល​រំឮក​ពី​មាត្រា​ទី​៥​នៃ​សន្ធិសញ្ញាដែល​ត្រូវ​បានយក​មក​ប្រើ​បន្ទាប់​ពី​ការវាយ​ប្រ​ហារ​ថ្ងៃ​ទី១១ ខែកញ្ញា ​ឆ្នាំ​២០០១ទៅ​លើ​សហរដ្ឋ​អាមេរិក។

ទោះយ៉ាង​ណាក៏ដោយ ការធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ឡើង​វិញ​មកពី​សុន្ទរកថា​របស់​លោក​ប្រធានា​ធិបតី​ត្រាំ ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់ពីការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​មាត្រាទី​៥​នៃ​សន្ធិសញ្ញារបស់​អង្គការ​អូតង់នេះ។ ​ការបដិសេធ​របស់​លោ​ត្រាំ​ពុំ​ទទួល​ស្គាល់​មាត្រា​នោះ​ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី ​បាន​បង្កើន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​តំបន់​អឺរ៉ុប​អំពី​ថាតើ​សហរដ្ឋ​អាមេរិក​តាំង​ចិត្ត​ពេញ​លេញ​ដល់​ការ​ពា​ប្រទេស​របស់​ខ្លួនដែរ​ឬ​ទេ៕

XS
SM
MD
LG