ក្រុមអ្នកប្រយុទ្ធ Kurd រាប់ពាន់នាក់ធ្វើប្រតិបត្តិការនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីវាយដណ្ដើមយកទីក្រុង Sinjar ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសអ៊ីរ៉ាក់ពីក្រុមរដ្ឋឥស្លាមមកវិញ។
ក្រុមអ្នកសកម្មប្រយុទ្ធរដ្ឋឥស្លាមបានដណ្ដើមយកទីក្រុង Sinjar កាលពីខែសីហា ឆ្នាំ២០១៤ ពីជនជាតិដើមភាគតិច Yazidi និងឡោមព័ទ្ធពួកគេនៅតំបន់ភ្នំ។ ការវាយលុកនេះហើយដែលបានធ្វើឲ្យមានការវាយប្រហារតាមអាកាសជាលើកដំបូងក្នុងចំណោមការវាយប្រហារតាមអាកាសជាង៥០០០ដង ពីសំណាក់ក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។
សេចក្ដីថ្លែងការណ៍មួយរបស់កងកម្លាំង Kurd បានចេញផ្សាយថា អ្នកប្រយុទ្ធ៧៥០០នាក់កំពុងតែព្យាយាមវាយដណ្ដើមយកទីក្រុង Sinjar កាត់ផ្តាច់ចរាចរណ៍ផ្គត់ផ្គង់សំខាន់របស់ក្រុមរដ្ឋឥស្លាម និងបង្កើតតំបន់សុវត្ថិភាពមួយដើម្បីការពារជនស៊ីវិល។ មុនពេលមានប្រតិបត្តិការនេះ ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមសម្ព័ន្ធមិត្តបានកើតមានឡើងជារៀងរាល់ថ្ងៃក្នុងតំបន់នេះ អស់រយៈពេលជាង១សប្តាហ៍មកហើយ។
ទីក្រុង Sinjar មានទីតាំងនៅក្បែរមហាវិថីដ៏ធំមួយ លើគន្លងចន្លោះពីទីក្រុង Mosul ដែលកាន់កាប់ដោយក្រុមរដ្ឋឥស្លាម ទៅប៉ែកខាងកើត និងរដ្ឋធានីដែលក្រុមរដ្ឋឥស្លាមបានអះអាងថា ជាតំបន់របស់ខ្លួន ទៅប៉ែកខាងលិច នៅក្នុងទីក្រុង Raqqa នៃប្រទេសស៊ីរី។
មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិក្នុងប្រទេសអ៊ីរ៉ាក់បានថ្លែងកាលពីថ្ងៃពុធថា កងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់កំពុងតែដំណើរការវិធានការនេះដោយសន្សឹមៗ ដើម្បីវាយប្រឆាំងនឹងក្រុមរដ្ឋឥស្លាមដែលបានត្រួតត្រាតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់៕