នៅថ្ងៃច័ន្ទនេះ ការឆ្មក់វាយប្រហារមួយលើពួករដ្ឋឥស្លាមមួយក្រុមតូចនៅក្នុងប៉ែកអាគ្នេយ៍នៃប្រទេសតួកគីបានបណ្តាលឲ្យប៉ូលិសតួកគី ២នាក់ និងជនសកម្មប្រយុទ្ធ៩នាក់ស្លាប់ នៅពេលដែលអាជ្ញាធរជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម ដែលមានមូលដ្ឋាននៅព្រំដែនក្នុងប្រទេសស៊ីរី។
ការបាញ់កាំភ្លើងតគ្នានៅថ្ងៃច័ន្ទនេះបានកើតមានឡើងនៅក្នុងក្រុង Diyarbakir ដែលជាក្រុងមានអ្នកស្រុកភាគច្រើនជាក្រុមជនអំបូរ Kurd ដែលនៅទីនោះពួកប៉ូលិសបានឆ្មក់ចូលលុកក្នុងផ្ទះជាច្រើនខ្នង។ ក្រុមមន្ត្រីសន្តិសុខបាននិយាយថា ប៉ូលិសបួននាក់បានត្រូវរបួស ហើយជនសកម្មប្រយុទ្ធបីនាក់បានត្រូវចាប់ខ្លួន។
អាជ្ញាធរតួកគីបានបន្ទោសពួករដ្ឋឥស្លាមអំពីការបំផ្ទុះគ្រាប់បែកអត្តឃាតពីរនៅក្នុងរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីកាលពីពេលដើមខែនេះ ដែលបាននាំឲ្យមនុស្សជាង១០០នាក់បាត់បង់ជីវិត។
ប្រទេសតួកគីក៏បានទទួលឲ្យស្នាក់អាស្រ័យនូវចំនួនប្រមាណពាក់កណ្តាលនៃក្រុមជនភៀសខ្លួនស៊ីរីបួនលាននាក់ ដែលបានចុះឈ្មោះជាមួយអ.ស.ប បន្ទាប់ពីពួកគេបានរត់គេចខ្លួនចេញពីប្រទេសស៊ីរី។ ចំនួនជនជាតិស៊ីរីនៅក្នុងប្រទេស តួកគីបានកើនឡើងជាងពីរដងចាប់តាំងពីខែតុលាឆ្នាំមុន ដោយបន្ថែមការលំបាកដែលសង្គ្រាមនៅក្នុងប្រទេសស៊ីរីបានដាក់ឲ្យមានលើប្រទេសជិតខាងស៊ីរី៕