មានផ្ទះមួយក្នុងចំណោមផ្ទះទាំងអស់នៅក្នុងភូមិ Husseinya ភាគខាងជើងប្រទេសស៊ីរីត្រូវបានវាយកម្ទេចឲ្យរៀបដល់ដី។ នៅលើផ្លូវថ្នល់នានាពោរពេញទៅដោយបំណែកថ្ម ឥដ្ឋ និងចំរឹងដែកបែកបាក់រមូលចូលគ្នាជាច្រើន។
ភូមិ Husseinya ស្ថិតនៅក្រោមការត្រួតត្រារបស់កងកម្លាំងរដ្ឋឥស្លាម រហូតដល់ដើមឆ្នាំនេះ ប៉ុន្តែប្រជាជនភូមិនេះត្រូវបានបណ្តេញចេញពីលំនៅឋានដោយកងកម្លាំង Kurd ដែលត្រូវបានគេស្គាល់ថា YPG។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអះអាងថា ក្រុម YPG ជាមួយនឹងកងកម្លាំងប៉ូលិសរបស់ពួកគេដែលគេហៅថា Asayish បានកម្ទេចភូមិនោះ រួមទាំងភូមិយ៉ាងហោចណាស់៦ផ្សេងទៀត។ នាង Diana Semaan ជាអ្នកធ្វើការឲ្យអង្គការលើកលែងទោសអន្តរជាតិនិយាយថា៖
«កងកម្លាំង YPG និងប៉ូលិស Asayish បានទៅភូមិរបស់ពួកគេ បន្ទាប់ពីពួកគេបានវាយយកភូមិនោះពីរដ្ឋឥស្លាម ដោយបានបង្ខំពលរដ្ឋនៅទីនោះឲ្យចាកចេញពីផ្ទះរបស់ពួកគេដោយមិនបានឲ្យដំណឹងជាមុន និងថែមទាំងមិនឲ្យពួកគេយករបស់ទ្រព្យទៅតាមផងដែរ»។
អ្នកស្រី Bassma និងកូនៗបួននាក់របស់គាត់បានរស់នៅក្នុងភូមិ Tel Diyab របស់ស៊ីរី ប៉ុន្តែត្រូវបានគេបង្ខំឲ្យភៀសខ្លួនទៅប្រទេសតួកគី។ អ្នកស្រីបានពិពណ៌នានូវអ្វីដែលបានកើតឡើងនៅថ្ងៃដែលកងកម្លាំង Kurd ទៅដល់ទីនោះ។
អ្នកស្រី Bassma និយាយថា៖ «មានមនុស្សម្នាក់ក្នុងចំណោមពួកគេបានសួរខ្ញុំថា តើខ្ញុំសង់ផ្ទះនេះយូរប៉ុនណាហើយ? ខ្ញុំឆ្លើយថា ខ្ញុំបានសង់វា អស់រយៈពេល១៣ទៅ១៤ឆ្នាំហើយ។ គាត់និយាយថា ក្នុងរយៈពេល១ម៉ោង នឹងមិនមានអ្វីសេសសល់នោះទេ»។ អង្គការលើកលែងទោសអន្តរជាតិអះអាងថា មានមនុស្សរាប់ពាន់នាក់ ភាគច្រើនជនជាតិភាគតិចអារ៉ាប់ និងតួកមេនីស្ថាន (Turkmenistan) ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងយុទ្ធនាការដាក់ទណ្ឌកម្មជារួមនេះ។
នាង Semaan និយាយថា៖ «ពលរដ្ឋមួយចំនួនបានប្រាប់ពួកយើងថា មានអ្នកគាំទ្រក្រុមរដ្ឋឥស្លាមមួយចំនួន ប៉ុន្តែពួកគេបានភៀសខ្លួនជាមួយនឹងក្រុមរបស់ពួកគេ នៅពេលកងកម្លាំង YPG បានត្រួតត្រាតំបន់ទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំង YPG បានដាក់ទណ្ឌកម្មជារួមលើភូមិទាំងមូលនេះតែម្តង»។
លោក Redur Khalil អ្នកនាំពាក្យរបស់កងកម្លាំង YPG បានបដិសេធថា មានយុទ្ធនាការបណ្តេញចេញដោយបង្ខំបែបនេះ។ លោកបាននិយាយថា ដំណោះស្រាយល្អបំផុតគឺ ចល័តជនស៊ីវិលពីសមរភូមិជួរមុខ រហូតដល់បញ្ហានានាត្រូវបានដោះស្រាយ ឬក្រុមរដ្ឋឥស្លាមបានចាកចេញអស់ពីកន្លែងនោះ។ នេះមិនមែនមានន័យថា មានការបំពានលើការជម្លៀសពលរដ្ឋ ឬយុទ្ធនាការដែលបានរៀបចំទុកជាមុនដើម្បីបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែងរបស់ពួកគេទេ»។
ប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិនិយាយថា ផ្ទះសម្បែងជាច្រើនរបស់ពលរដ្ឋត្រូវបានបំផ្លាញខ្ទិចខ្ទីអស់ ហើយពួកគេមានក្តីសង្ឃឹមតិចតួចណាស់ថានឹងអាចវិលត្រឡប់មកវិញ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ