កងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថា SDF ដឹកនាំដោយពួកជនអំបូរ Kurde បានបើកការវាយប្រហារមួយដើម្បីវាយយកតំបន់នៅខាងជើងក្រុង Raqqa ដែលជារដ្ឋធានីតាមព្រឹត្តន័យនៃពួករដ្ឋឥស្លាម ដោយមានគោលបំណងរំដោះក្រុងនេះមកវិញ។
ក្រុមនេះដែលជាសម្ព័ន្ធមិត្តរបស់ស.រ.អា.បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមវីដេអូដែលបានត្រូវផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃអង្គារ។
អ្នកស្រី Rojda Felat មេបញ្ជាការស្ត្រី Kurde បាននិយាយថា «យើងកំពុងបើកយុទ្ធនាការនេះដោយមានជំនួយពីកងកម្លាំងចម្រុះដឹកនាំដោយស.រ.អា.នៅក្នុងប៉ែកខាងជើងនៃក្រុង Raqqa»។
លោកវរសេនីយ៍ឯក Steve Warren អ្នកនាំពាក្យនៃក្រុមចម្រុះប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាម បានមានប្រសាសន៍ថា «ពួក SDF បានប្រកាសថាពួកគេបានចាប់ផ្តើមធ្វើកិច្ចប្រតិបត្តិការដើម្បីរំដោះតំបន់ស្រុកស្រែនៅខាងជើងក្រុង Raqqa។យើងតែងតែផ្តោតការយកចិត្តទុកដាក់លើការបណ្តេញពួក Da'esh ចេញពីក្រុង Raqqa ហើយយើងនឹងបន្តគាំទ្រពួក SDF នៅពេលដែលពួកគេធ្វើកិច្ចប្រតិបត្តិការនៅលើដីដើម្បីធ្វើឱ្យក្រុងនេះនៅដាច់ពីគេថែមទៀត»។
មេបញ្ជាការម្នាក់នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីបាននិយាយកាលពីពេលមុននេះថា ក្រុមទាហានចម្រុះនឹងរួមប្រយុទ្ធជាមួយកងកម្លាំង SDF ក៏ប៉ុន្តែលោក Warren បានប្រកែកមិនព្រមអធិប្បាយអំពីមុខនាទីជាក់លាក់ដែលកងកម្លាំងចម្រុះនឹងបំពេញ។
លោកបានថ្លែងថា៖ «ដូចលោកអ្នកដឹងហើយថា យើងមិននិយាយទេអំពីកិច្ចប្រតិបត្តិការនៃកងកម្លាំងពិសេស»។
នៅក្នុងឱកាសបំពេញទស្សនកិច្ចមួយក្នុងប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានមានប្រសាសន៍ថា រដ្ឋាភិបាលក្រុងមូស្គូប្រុងប្រៀបស្រេចហើយដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយក្រុមចម្រុះដឹកនាំដោយស.រ.អា.ដើម្បីរំដោះក្រុង Raqqa។
ក៏ប៉ុន្តែលោកវរសេនីយ៍ឯក Warren បានច្រានចោលការយល់ឃើញណាមួយអំពីលទ្ធភាពនៃការសម្របសម្រួលការប្រយុទ្ធជាមួយប្រទេសរុស្ស៊ី៕