លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry កំពុងស្វះស្វែងបំភ្លឺការយល់ឃើញថា ស.រ.អ.បានបាត់បង់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងរបបគ្រប់គ្រងស៊ីរី ដោយសារស្នាដៃនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីដែលមានគោលដៅវាយយកមកវិញនូវដែនដីពីពួកឧទ្ទាម។
នៅក្រោយការប្រជុំនៃក្រុមអន្តរជាតិគាំទ្រប្រទេសស៊ីរីដែលមានប្រទេសជាច្រើនជាសមាជិក លោក Kerry បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា ស.រ.អា.តែងតែមានឥទ្ធិពលជានិច្ច។
លោក Kerry ហាក់ដូចជាខឹងបន្តិចដោយសារសំណួរមួយដែលសួរ ថាតើស.រ.អា.បាត់បង់សមត្ថភាពដែរឬទេ ក្នុងការដាក់គំនាបសង្កត់លើរបបគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad ឱ្យគោរពដោយពេញលេញតាមកិច្ចព្រមព្រៀងនានាដោយមានរួមបញ្ចូលការតម្រូវឲ្យធ្វើតាមឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នា ការគាំទ្រដល់កិច្ចចរចាអំពីអន្តរកាលនយោបាយ និងការអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ដោយគ្មានការរឹតត្បិតទៅកាន់តំបន់ដែលត្រូវឡោមព័ទ្ធ។
លោក Kerry បានមានប្រសាសន៍ថា៖ ប្រសិនបើ Assad សន្មតថាគ្មាន «ផែនការ ទីពីរ» ដែលភាសាអង់គ្លេសហៅថា«Plan B»ទេនោះ លោកមានការសន្មតមួយដែល គ្មានមូលដ្ឋានសោះឡើយ»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា ឥទ្ធិពលធំបំផុតគឺការពិតជាក់ស្តែងដែលថា Assad និងពួកអ្នកគាំទ្រគាត់មិនអាចបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសស៊ីរីបានជាដាច់ខាត ប្រសិនបើពួកគេប្រកែកមិនព្រមធ្វើការចរចាអំពីដំណោះស្រាយនយោបាយមួយទេនោះ។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយលោករដ្ឋមន្ត្រីការបរទេសរុស្សី SergeiLavrov និងលោក Staffan de Mistura ប្រេសិតអ.ស.ប.ទទួលបន្ទុកកិច្ចការប្រទេសស៊ីរី លោក Kerry បានលាតត្រដាងឱ្យដឹងអំពីវិធានការនានាដែលក្រុមអន្តរជាតិគាំទ្រប្រទេសស៊ីរីហៅកាត់ថា ISSG បានយល់ស្របគ្នាដើម្បីជួយកាត់បន្ថយអំពើហិង្សានិងបង្កើនការផ្តល់ជំនួយមនុស្សធម៌។
លោកបាននិយាយថា ក្រុមនេះបានយល់ស្របគ្នាថា ប្រសិនបើភាគីណាមួយដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះរំលោភលើការព្រមព្រៀងនេះជាច្រើនដង ភាគីនោះអាចត្រូវបណ្តេញចេញពីកិច្ចព្រមព្រៀងនេះ៕