ការខំប្រឹងប្រែងដើម្បីផ្អឹបទ្រព្យសម្បត្តិរបស់ក្រុមរដ្ឋឥស្លាមកំពុងមានការជឿនលឿនទៅមុខយ៉ាងល្អ ក៏ប៉ុន្តែមិនទាន់ដល់ធ្វើឲ្យជាប់គាំងដល់ហិរញ្ញវត្ថុរបស់ក្រុមនោះទេ នេះយោងតាមមន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។
លោក Daniel Glaser ឧបការីរងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធក្នុងអំឡុងពេលនៃការពិភាក្សាកាលពីថ្ងៃអង្គារនៅឯមូលនិធិសម្រាប់ការពារលទ្ធិប្រជាធិបតេយ្យថា «ក្រុមរដ្ឋឥស្លាម កំពុងទទួលរងការប៉ះពាល់ខាងហិរញ្ញវត្ថុហើយមួយផ្នែកធំបណ្តាលមកពីការខំប្រឹងប្រែងដែលយើងនៅក្នុងក្រុមចម្រុះបានចាត់វិធានការ»។
ការរីកចម្រើនដែលគួរឲ្យកត់សម្គាល់បំផុតគឺការប្រឆាំងការរកស៊ីប្រេងរបស់ក្រុមរដ្ឋឥស្លាមដែលបានផ្តល់ប្រាក់ប្រហែល៥រយលានដុល្លាក្នុងមួយឆ្នាំ។
ការិយាល័យភេរវកម្ម និងការស៊ើបការណ៍សម្ងាត់របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ជឿជាក់ថា ប្រាក់ចំណូលបានមកពីប្រេង បានត្រូវកាត់បន្ថយចំនួនពាក់កណ្តាលមកនៅប្រហែល២រយ៥០លានដុល្លារក្នុងមួយឆ្នាំបណ្តាលមកពីការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះដើម្បីទប់ទល់ការខំប្រឹងប្រែងរត់ពន្ធ និងការធ្លាក់ចុះតម្លៃប្រេងទូទាំងសាកលលោក។
មន្រ្តីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកម្នាក់ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា វាជាការពិតដែលក្រុមរដ្ឋឥស្លាម កំពុងមានអារម្មណ៍ទទួលរងនូវការគាបសង្កត់ពីការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួន និងឃ្លាំងស្តុកទុកប្រាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំង៕