ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ព្រមាន​រុស្ស៊ី​មិន​ឱ្យ​បង្កើន​ភាពគឃ្លើន​ប្រឆាំង​នឹង​អ៊ុយក្រែន


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​ប្រធានាធិបតី​ប្រទេស​ឡេតូនី​លោក Egils Levits ថតរូប​រួមគ្នា​នៅ​ក្នុង​រដ្ឋធានី​​រីហ្គា ប្រទេស​ឡេតូនី នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​ប្រធានាធិបតី​ប្រទេស​ឡេតូនី​លោក Egils Levits ថតរូប​រួមគ្នា​នៅ​ក្នុង​រដ្ឋធានី​​រីហ្គា ប្រទេស​ឡេតូនី នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ព្រមាន​ប្រទេស​រុស្ស៊ី​មិន​ឱ្យ «ចាត់​វិធានការ​រាលដាល​បន្ថែម​ទៀត» ណា​មួយ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន ដោយ​លោក​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ភាព​គឃ្លើន​ជា​ថ្មី​ណា​មួយ​នឹង​បង្ក​ឱ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ»។

លោក Blinken បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​រដ្ឋធានី​រីហ្គា ប្រទេស​ឡេតូនី​ថា សហរដ្ឋ​អាមេរិក​មាន​ការ «ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» អំពី​ការ​ចល័ត​ទ័ព​របស់​រុស្ស៊ី​នៅ​តាម​បណ្ដាយ​ព្រំដែន​របស់​រុស្ស៊ី​ជាមួយ​ប្រទេស​អ៊ុយក្រែន។

ក្ដី​បារម្ភ​អំពី​ការ​បង្កើន​កម្លាំង​យោធា​របស់​រុស្ស៊ី​នេះ​ នឹង​គ្រោង​លើក​យក​មក​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ​នេះ​ និង​ថ្ងៃ​ពុធ​ស្អែក​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​អង្គការ​អូតង់ (NATO) ក្នុង​រដ្ឋធានី​រីហ្គា។

នៅ​មុន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​អង្គការ​អូតង់​នេះ​ចូល​មក​ដល់ អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​អំពាវនាវ​ដល់​ប្រទេស​រុស្ស៊ី​ឲ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់ ដោយ​លោក​បាន​និយាយ​ថា ការ​បង្កើន​កម្លាំង​យោធា​របស់​រុស្ស៊ី​នេះ ​គឺ​«មិន​មាន​ហេតុផល​ត្រឹមត្រូវ»។

លោក Stoltenberg បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ការ​ឈ្លានពាន​ណា​មួយ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​អនាគត ​នឹង...ប្រឈម​នឹង​ផលវិបាក​ផ្នែក​នយោបាយ ​និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​រុស្ស៊ី»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG