ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា ស្រប​ពេល​កូរ៉េ​ខាង​ត្បូង​ជំរុញ​អន្តរជាតិ​ឲ្យ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង


លោក Cho Myoung Gyon (រូប​ស្តាំ) រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ចាប់​ដៃ​ជាមួយ​នឹង​សមភាគី​របស់​លោក​គឺ​លោក Ri Son Gwon នៅ​មុន​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ភូមិ Panmunjom ដែល​ជា​តំបន់​គ្មាន​យោធា ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។
លោក Cho Myoung Gyon (រូប​ស្តាំ) រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ចាប់​ដៃ​ជាមួយ​នឹង​សមភាគី​របស់​លោក​គឺ​លោក Ri Son Gwon នៅ​មុន​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ភូមិ Panmunjom ដែល​ជា​តំបន់​គ្មាន​យោធា ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​បាន​រៀបចំ​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​មួយ​នៅ​តំបន់​គ្មាន​យោធា​នៃ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​ចន្ទ​នេះ។

កិច្ច​ប្រជុំ​នេះ​ផ្ដោត​លើ​ការ​ពិភាក្សា​អំពី​ការ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​នៅ​ឯ​ការ​ប្រជុំ​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ស្រប​ពេល​ដែល​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ឲ្យ​សរសើរ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un សម្រាប់​កិច្ច​ប្រឹងប្រែង​របស់​លោក​នៅ​ក្នុង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ។

លោក Cho Myoung Gyon រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ដឹកនាំ​គណៈ​ប្រតិភូ​កូរ៉េ​ខាង​ត្បូង​ដែល​មាន​សមាជិក ៥ នាក់ ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ​នៅ​ភូមិ Panmunjom នៃ​ព្រំដែន​កូរ៉េ​ទាំង​ពីរ។ គណៈ​ប្រតិភូ​កូរ៉េ​ខាង​ត្បូង​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក Ri Son Gwon ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បង្រួបបង្រួម​ប្រទេស​ដោយ​សន្តិវិធី ដែល​ជា​អ្នក​ដឹកនាំ​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង។

កាល​ពី​ខែ​មុន មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៣ របស់​ខ្លួន នៅ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ព្រំដែន និង​ជំរុញ​ឲ្យ​មាន​នូវ​កម្មវិធី​ផ្សេងៗ​ដើម្បី​ឈាន​ទៅ​ដល់​សម្រេច​ឲ្យ​បាន​នូវ​យុគសម័យ​សន្តិភាព​មួយ​នៅ​លើ​ឧបទ្វីប​កូរ៉េ ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

នៅ​ឯ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​កូរ៉េ​ទាំង​ពីរ​បាន​យល់ព្រម​ជាមួយ​គ្នា​នៅ​ក្នុង​ការ​ចាប់ផ្ដើម​គម្រោង​រួម​គ្នា​មួយ​ដើម្បី​ភ្ជាប់​ប្រព័ន្ធ​ផ្លូវ​ដែក និង​ផ្លូវ​គោក​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូចជា​ធ្វើ​ទំនើបកម្ម​ផង​ដែរ នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។

គណៈប្រតិភូ​ទាំង​ពីរ​ក៏​យល់ព្រម​ពិភាក្សា​គ្នា​ផង​ដែរ​លើ​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​ទៅ​នឹង​ការ​សម្ដែង​របស់​ក្រុម​សិល្បៈ​កូរ៉េ​ខាង​ជើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ និង​ការ​ពិភាក្សា​របស់​អង្គការ​កាកបាទ​ក្រហម​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ Kumgang នៅ​កូរ៉េ​ខាង​ជើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទាក់ទិន​នឹង​បញ្ហា​ក្រុម​គ្រួសារ​កូរ៉េ​ដែល​បែក​គ្នា​សម័យ​សង្គ្រាម៕

XS
SM
MD
LG