នៅថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងបានបន្តកិច្ចចរចាយោធារួមគ្នាតទៅទៀតនៅក្នុងភូមិយុទ្ធសន្តិភាព Panmunjom។ កិច្ចចរចាគ្នានេះបានធ្វើឡើងនៅពេលដែលតំបន់សន្តិសុខរួមហៅកាត់ថា JSA បានចាប់ផ្តើមអនុវត្តពិធីការថ្មីៗដែលបានត្រូវរចនាឡើងសម្រាប់កាត់បន្ថយភាពតានតឹងនៅពេលដែលកូរ៉េខាងជើងនៅតែបន្តការរិះគន់ដល់ការជំរុញរបស់ស.រ.អា.ឱ្យមានការដាក់ទណ្ឌកម្មតទៅទៀត។
មន្ត្រីយោធាមានឋានន្តរសក្តិជាឧត្តមសេនីយ៍បានជួបជំនុំគ្នានៅឯ Tongilgak ដែលជាអាគារកូរ៉េខាងជើងមួយឋិតនៅក្នុងតំបន់ JSA នាតំបន់គ្មានកងទ័ពដែលបែងចែកប្រទេសកូរ៉េទាំងពីរ។
កិច្ចចរចាគ្នាបានចាប់ផ្តើមធ្វើនៅម៉ោង១០ព្រឹកម៉ោងក្នុងមូលដ្ឋានហើយបានត្រូវដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Kim Do-gyun នៃប្រទេសកូរ៉េខាងត្បូងនិងលោកឧត្តមសេនីយ៍ឯក An Ik San សមភាគីកូរ៉េខាងជើងរបស់លោក។
នៅមុនចេញដំណើរទៅកាន់កិច្ចចចរចានេះលោក Kim Do-gyun បាននិយាយប្រាប់ពួកអ្នកកាសែតថា «តាមរយៈកិច្ចចរចាយោធានៅថ្ងៃនេះ យើងនឹងធ្វើការពិនិត្យសើរើជាបណ្តោះអាសន្នអំពីអ្វីដែលយើងបានអនុវត្តរួចមកហើយរហូតមកដល់ពេលនេះនិងពិភាក្សាគ្នាអំពីអ្វីដែលយើងនឹងពង្រឹងក្នុងពេលអនាគត»។
លោកបាននិយាយបន្ថែមថា «យើងនឹងខិតខំប្រឹងប្រែងខ្លាំងបំផុតដើម្បីបំពេញមុខនាទីស្នូលមួយក្នុងការធ្វើឱ្យប្រាកដប្រជាថាយើងអាចសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើកុំឱ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េនិងដើម្បីធ្វើឱ្យមានសន្តិភាពដោយពង្រឹងកិច្ចព្រមព្រៀងយោធាកាលពីថ្ងៃទី១៩ ខែកញ្ញា»៕