ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់ញាតិ​កូរ៉េ​ទាំង​ពីរ​បាន​ជួបជុំ​គ្នា​ឡើង​វិញ​ក្រោយ​ពី​បែក​គ្នា​អស់​ជាង ៦ ទសវត្សរ៍


សមាជិក​គ្រួសារ​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​ជួប​ជុំ​គ្នា​នៅ​ក្នុង​កម្មវិធី​ជួប​ជុះ​មួយ​នៅ​រមណីយដ្ឋាន Mount Kumgang ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ក្បែរ​តំបន់​គ្មាន​យោធា ដែល​ពុះ​ចែក​កូរ៉េ​ជា​ពីរ កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។
សមាជិក​គ្រួសារ​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​ជួប​ជុំ​គ្នា​នៅ​ក្នុង​កម្មវិធី​ជួប​ជុះ​មួយ​នៅ​រមណីយដ្ឋាន Mount Kumgang ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ក្បែរ​តំបន់​គ្មាន​យោធា ដែល​ពុះ​ចែក​កូរ៉េ​ជា​ពីរ កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ជនជាតិ​កូរ៉េ​ខាង​ត្បូង​វ័យ​ចំណាស់​ប្រហែល ៩០ នាក់ បាន​ជួប​ជុំ​ឡើង​វិញ​ជាមួយ​នឹង​សាច់ញាតិ​របស់​ខ្លួន​ដែល​ជា​ជនជាតិ​កូរ៉េ​ខាង​ជើង។ ពួកគេ​បាន​បែក​គ្នា​អស់​រយៈពេល​ជាង ៦ ទសវត្សរ៍​មក​ហើយ តាំង​ពី​សម័យ​សង្គ្រាម​កូរ៉េ​ដែល​ជា​សង្គ្រាម​មួយ​បំបែក​កូរ៉េ​ជា​ពីរ​មក​ម្ល៉េះ។

ពួកគេ​បាន​យំ​អោប​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ឯ​រមណីយដ្ឋាន​ភ្នំ Kumgang នៃ​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​រថយន្ត​ក្រុង​ដឹក​ពួកគេ​ទាំង​នោះ​ឆ្លង​ចូល​ដល់​ទឹកដី​កូរ៉េ​ខាង​ជើង។ ពួកគេ​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​សម្រាប់​រយៈពេល ៣ ថ្ងៃ ក្រោម​ការ​តាមដាន​ពី​ភ្នាក់ងារ​កូរ៉េ​ខាង​ជើង។

តាំង​ពី​ឆ្នាំ ២០០០ មក ការ​ជួបជុំ​បែប​នេះ​មាន​ប្រហែល​តែ ២០ ដង​តែ​ប៉ុណ្ណោះ ដោយ​លើក​ចុង​ក្រោយ​បំផុត​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៥។

ក្រុម​គ្រួសារ​កូរ៉េ​រាប់​លាន​គ្រួសារ​ត្រូវ​បាន​បែក​គ្នា​ដោយសារ​សង្គ្រាម​កូរ៉េ​ដែល​បាន​កើត​ឡើង​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។ ភាគ​ច្រើន​នៃ​អ្នក​ដែល​រង់ចាំ​ជួប​ជាមួយ​នឹង​សាច់ញាតិ​របស់​ខ្លួន​នៅ​កូរ៉េ​ខាង​ជើង បាន​ស្លាប់​អស់​ហើយ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ដែល​នៅ​រស់​គឺ​មាន​អាយុ​ជាង ៨០ ឆ្នាំ។

ក្នុង​ចំណោម​នោះ មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​កូរ៉េ​ផង​ដែរ ដែល​ពួកគេ​មិន​ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​ដំណើរការ​ជួបជុំ​គ្នា​ឡើង​វិញ​នេះ​ទេ។

អ្នកស្រី Chahee Stanfield នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​ជាតិ​នៃ​គ្រួសារ​ដែល​បែក​គ្នា (National Coalition of Divided Families) បាន​ប្រាប់ VOA ថា កាល​ពី​ឆ្នាំ ២០០១ មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​កូរ៉េ ១ សែន​នាក់ ដែល​មាន​សាច់​ញាតិ​បែក​គ្នា​ដោយសារ​សង្គ្រាម​កូរ៉េ កំពុង​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​បាន​ស្លាប់​អស់​ហើយ៕

XS
SM
MD
LG