ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​នឹង​ផ្តើម​សួរ​សាក្សី​ពេល​ជម្រះ​ក្តី​លោក​ កឹម សុខា​ ចាប់​ពី​សប្តាហ៍​នេះ


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគណបក្ស​នេះត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគណបក្ស​នេះត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ចាប់​ផ្តើម​សួរ​សាក្សី​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​មេដឹក​នាំ​នយោបាយ​ជំទាស់​លោក ​កឹម សុខា ដែលបាន​អូស​បន្លាយ​រយៈ​ពេល​៥​ ឆ្នាំ​មក​ហើយ។​

ក្នុង​សប្តាហ៍​នេះ​ សាលាដំបូង​នឹង​ផ្តើម​សួរ​សាក្សី​ដែល​មាន​លំនៅឋាន​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ក្នុង​នោះ​ក៏​មាននាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ គឺ​អ្នកស្រី ​ចក់ សុភាព​ ផង​ដែរ។​

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​អ្នក​ស្រី​ ចក់ សុភាព​ បាន​បញ្ជាក់​គោល​ជំហរ​ថា ​នឹង​ចូលរួម​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ​ ហើយ​ដើម្បី​បានចូល​រួម​សវនាការ​នៅព្រឹក​ថ្ងៃ​ពុធ ​ទី​៥ ​ខែ​តុលា ​ឆ្នាំ​២០២២​ អ្នក​ស្រី​ត្រូវ​លុប​ចោល​គម្រោង​បំពេញ​បេសក​កម្ម​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។​

នេះ​ជា​លើក​ទី​ពីរ​ ដែល​អ្នកស្រី ​ចក់​ សុភាព ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​លោក ​កឹម សុខា ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«សន្ទិដិ្ឋ​ភាព​ជាមួយ​រដ្ឋ​បរទេស»។​

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ​កឹម សុខា គឺ​លោក ​ផែង ហេង​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ សាក្សី​ដែល​ត្រូវ​ឡើង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​មាន​អាសយដ្ឋាន​នៅ​ទី​ក្រុង​ភ្នំពេញ​ ហើយ​ចំពោះ​អ្នក​នៅ​តាម​បណ្តា​ខេត្ត​ តុលាការ​បាន​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​នៅ​សប្តាហ៍​ក្រោយ។​

លោក​ថ្លែង​ថា៖​ «តាម​ដែល​ចៅ​ក្រម​គាត់​កំណត់​ គឺ​អ្នក​ចូល​ថ្ងៃ៥ ​គឺ​កោះ​អ្នក​ដែល​មាន​អាសយដ្ឋាន​នៅ​ភ្នំពេញ។​ អ្នក​[មាន]​អាសយ​ដ្ឋាន​នៅ​តាម​ខេត្ត​ គឺ​កោះ​ឱ្យ​ចូល​ថ្ងៃ​១២។​ ប៉ុន្តែ​ស្អែក​មិន​ដឹង​ថា​ អ្នក​ណា​ខ្លះ​ ដែល​មាន​អាសយ​ដ្ឋាន​ភ្នំពេញ យើង​អត់​បាន​មើល​ឯក​សារ​ យើង​អត់​ចាំ​ តែ​ធម្មតា​ យើង​ឃើញ​ គង់​ គាំ ​ឈឹម ផលវរុណ​ ចក់ សុភាព​ សុទ្ធ​តែ​អ្នក​នៅ​ភ្នំពេញ»។​

បើ​តាម​លោក​ផែង ហេង​ ក្តី​ក្តាំ​អតីត​មេ​បក្ស​ជំទាស់​លោក​ កឹម សុខា​ មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង​បច្ចេកទេស​ច្បាប់។ ​ហេតុ​ដូច្នេះ​ លោក​មិន​មាន​សុទិដ្ឋិនិយម​ថា​វត្ត​មាន​សាក្សី​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា​ អាច​ជំរុញ​ឱ្យ​មាន​ការ​កាត់​ក្តី​មួយ​ត្រឹម​ត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​បាន​នោះ​ទេ។ ​

លោក​បន្ថែម​ថា៖ ​«រឿង​នេះ​ យើង​មើល​ទៅ​ដោយ​សារ​តែ​វា​មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង​បច្ចេក​ទេស​ ដូច្នេះ​សាក្សី​ មិន​សាក្សី​មិន​សំខាន់​ទេ។ ​សំខាន់​ជំហរ​រដ្ឋាភិបាល​គាត់​ចង់​ដោះ​ស្រាយ​យ៉ាង​ម៉េច​ ព្រោះ​សាក្សី​ទាំង​អស់​នេះ​សុទ្ធ​តែ​មាន​កំណត់​ហេតុ​នៅ​ចៅ​ក្រម​ស៊ើប​សួរ​ហើយ។ ​អ៊ីចឹង​ បើ​សិន​ជា​សាក្សី​មិន​ចូល ​គេ​អាច​អាន​កំណត់​ហេតុ​យក​ជា​ការ​បាន»។​

សំណុំ​រឿង​របស់​លោក ​កឹម សុខា​ ត្រូវ​បាន​រិះគន់​ថា ​អូស​បន្លាយ​យូរ​ឆ្នាំ​ដើម្បី​កុំ​ឱ្យ​លោក​អាច​ចូលរួម​ធ្វើ​នយោបាយ​បាន​ ខណៈ​លោក​ក៏​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ​ ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី ​ចក់​ សុភាព​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​ចូល​រួម​សវនាការ​របស់​អ្នកស្រី​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា​ ជា​ផ្នែក​មួយនៃ​ការ​ផ្តល់​សក្ខីភាព​ ដោយ​ផ្អែក​លើ​ការណ៍​ពិត។​ អ្នក​ស្រី​ឱ្យ​ដឹង​ថា​ អ្នកស្រី​ធ្លាប់​ចូល​បំភ្លឺ​នៅ​តុលាការ​ ក្នុង​ដំណាក់​កាល​ស៊ើប​សួរ​រួច​មក​ហើយ។​

អ្នកស្រី​បន្ថែមថា៖​ «លើក​នេះជា​សវនាការ​សាធារណៈ​ អ៊ីចឹង​យើង​ដឹង​ថា ​តើ​តុលាការ​ ហើយ​នឹង​អ្នក​ពាក់​ព័ន្ធ​ហ្នឹង​ គាត់​នឹង​មាន​ការ​សួរនាំ​ ជុំវិញ​បញ្ហា​អី​ ហើយ​ថា ​តើ​តួនាទី​របស់​ខ្ញុំ​ហ្នឹង​អាច​ចូលរួម​នៅ​ក្នុង​ដំណាក់​កាល​ហ្នឹង​កម្រិត​ណា។ ​ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​ ហើយ​ឈរ​លើ​ស្មារតី​នៃ​គោល​ការណ៍​ ហើយ​និង​សច្ចភាព»។​

សាក្សី​ម្នាក់​ទៀត​ គឺ​លោក​ ឈឹម ផលវរុណ​ អតីត​បុគ្គលិក​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ហើយ​បច្ចុប្បន្ន​ជា​មន្ត្រី​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា ​លោក​នឹង​ចូល​រួម​ធ្វើ​ជា​សាក្សី​តាម​ការ​កោះ​ហៅ​របស់​តុលាការ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖​ «ខ្ញុំ​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ ដែល​ត្រូវ​គោរព​ច្បាប់​ និង​ការ​កោះ​អញ្ជើញ​របស់​តុលាការ»។​

នៅ​ពេល​សួរ​ថា​ ហេតុ​អ្វី​មាន​វត្តមាន​លោក​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា​ មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​រូប​នេះ​ថ្លែង​ថា៖ ​«ព្រោះ​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ កឹម សុខា»។​

យ៉ាង​ណា​ក៏​ដោយ អំឡុង​ពេល​នៃ​ការ​បើក​សវនាការ​នៅ​ឆ្នាំ​២០២០​ លោក ​កឹម សុខា​ បាន​បដិសេធ​ឆ្លើយ​សំណួរ​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ចម្លើយ​របស់​លោក​ ឈឹម ផលវរុណ​ ដោយ​ថា​ លោក ​ឈឹម​ ផលវរុណ​ ជា​មន្ត្រី​រដ្ឋាភិបាល​ ដូច្នេះ​ចម្លើយ​របស់​លោក ​ឈឹម ផលវរុណ​ គឺ​ជា​«ទំនាស់​ផល​ប្រយោជន៍»។​

ក្នុង​ចំណោម​សាក្សី​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ក្នុង​សំណុំ​រឿង​លោក ​កឹម សុខា​នេះ​ក៏​មាន​សកម្មជន​ដីធ្លី​ និង​សកម្មជន​វ័យ​ក្មេង​មួយ​ចំនួន​ទៀត​ ដែល​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បាន ដោយ​ខ្លះ​សុំ​មិន​ផ្តល់​បទ​សម្ភាសន៍។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក ​ប្លង់ សុផល ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ ​

ជុំវិញ​ការ​កោះ​ហៅ​អ្នកស្រី ​ចក់​ សុភាព​ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ផ្តល់​ការ​ពន្យល់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃទី​៣០​ ខែ​កញ្ញា​ថា​ តាំង​ពី​ដើម​រហូត​មក​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាធ្វើ​សកម្ម​ភាព​ផ្អែក​តាម​គោល​ការណ៍​ក្នុង​ការ​លើក​កម្ពស់​ និង​ការ​ពារ​គុណ​តម្លៃ​ និង​សិទ្ធិ​នានា​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​សន្ធិ​សញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ដែល​ប្រទេស​កម្ពុជា​ផ្តល់សច្ចាប័ន។​

សេចក្តី​ថ្លែង​ការណ៍​សង្កត់​ធ្ងន់​ថា៖​ «មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ឯករាជ្យ​ពី​គណបក្ស​នយោបាយ​ និង​អតីត​បុគ្គលិក​ ក្នុង​នោះ​រួម​ទាំង​អតីត​បុគ្គលិក​ដែល​បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ​ផង​ដែរ»។​

ដោយ​ឡែក​ លោក​គង់ គាំ ​អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​លោក ​កឹម សុខា​ ផង​ដែរ​ ថ្លែង​ថា ​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​អតីត​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​ទំនង​ជា​ដើម​ចម​នៃ​ការ​កោះ​ហៅ​របស់​តុលាការ។​

លោក​បន្ថែម​ថា៖ ​«ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​គោរព​ដីកា​កោះ​របស់​តុលាការ​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា។​ អ៊ីចឹង​ប្រហែល​ជាខ្ញុំ​ស្មាន​គឺ​ថា ដោយ​សារ​តែ​ខ្ញុំ​រួម​សកម្ម​ភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​មើល​ទៅ​បាទ»។

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកាដូ យល់​ថា ​ទោះ​បី​មាន​ការ​កោះ​ហៅ​សាក្សី​មក​សួរនាំ​ជា​បន្ត​បន្ទាប់​ក្តី​ ក៏​សំណុំ​រឿង​លោក​ កឹម សុខា​ នេះ​នឹង​មិន​អាច​បិទ​បញ្ចាប់​បាន​ឆាប់​រហ័ស​នោះដែរ​ បើ​ផ្អែក​តាម​ភាព​សាំញុំា​នៃ​សំណុំ​រឿង​នេះ។​ លោក​បន្ថែម​ថា​ សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ កឹម សុខា​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០២៣​ ក៏​កំពុង​ស្ថិត​ក្នុងភាព​មិន​ប្រាកដ​ប្រជា​ផងដែរ។​

សវនាការ​របស់​លោក ​កឹម សុខា​ ត្រូវ​បាន​ធ្វើ​ឡើង​៥៨​លើក​មក​ហើយ​ ដោយ​មាន​ការ​សួរ​ដេញ​ដោល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ រួម​មាន​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​និងបាតុកម្ម​ដែល​ក្លាយ​ជា​ហិង្សានៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ក៏ដូច​ជា​ការ​សង្ស័យ​នៃ​គម្រោង​ផ្តួច​ផ្តើម​ឱ្យ​មាន​បដិវត្តន៍​ពណ៌​ជា​ដើម។ ​លោក​ កឹម សុខា​ ជារឿយៗ ​បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្ម​ភាព​ហិង្សា​ដែល​កើត​មាន​ឡើង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ និង​ថា លោក​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍​នោះ​ទេ៕

XS
SM
MD
LG