ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​គង់ គាំ ​ចូលរួម​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ និង​ប្តេជ្ញា​ឱ្យ​មាន​ចម្រុះ​គណបក្ស​ក្នុង​សភា


រូបឯកសារ៖ លោក​ គង់ គាំ ​ប្រធាន​កិត្តិយ​ស​គណប​ក្ស​ឆន្ទៈ​ខ្មែរ ​និង​ជា​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ស្ថិត​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​ គង់ គាំ ​ប្រធាន​កិត្តិយ​ស​គណប​ក្ស​ឆន្ទៈ​ខ្មែរ ​និង​ជា​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ស្ថិត​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ក្រោយ​គណបក្ស​ឆន្ទៈ​ខ្មែរ​ប្រកាស​ចូល​រួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ អ្នក​នយោ​បាយ​ជើង​ចាស់​ម្នាក់ ​លោក ​គង់ គាំ ​បាន​ប្រកាស​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដែរ​ និង​ប្តេជ្ញា​ឱ្យ​មាន​ចម្រុះ​គណបក្ស​នៅ​ក្នុង​រដ្ឋ​សភា​នៅ​ឆ្នាំ​ខាង​មុខ។​

កាល​ពី​ថ្ងៃ​ចន្ទ ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​លោក ​គង់ មុនីកា ​ដែល​ជា​កូន​ប្រុស​របស់​លោក​ គង់ គាំ ​បាន​ប្រកាស​ពី​ការ​រួបរួម​គ្នា​ជាមួយ​គណបក្ស​ភ្លើង​ទៀន ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​២០២៣​ខាង​មុខ។​

ប្រធាន​កិត្តិយ​ស​គណប​ក្ស​ឆន្ទៈ​ខ្មែរ ​លោក​ គង់ គាំ ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​ចូល​រួម​របស់​លោក​ជា​មួយ​គណបក្ស​ភ្លើង​ទៀន ​ដោយ​ហេតុ​ថា​ លោក​ឃើញ​ពី​សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ​ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ។ ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​បន្ថែម​ថា ការ​រួបរួម​គ្នា​គឺជា​វិថី​ឆ្ពោះ​ទៅ​មុខ​សម្រាប់​អ្នក​ប្រជា​ធិបតេយ្យ។​

លោក ​គង់ គាំ ​ប្តេជ្ញា​ធ្វើ​ឱ្យ​មាន​ពហុ​បក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​ក្រោយ ​និង​សំឡេ​ង​ចម្រុះ​នៅ​ក្នុង​រដ្ឋសភា​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈ​ពេល​ជិត​៥​ឆ្នាំ​មក​ហើយ។​

លោក​បញ្ជាក់​ថា៖ ​«ដូច្នេះ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ​ខ្ញុំ​ហើយ​នឹង​គណបក្ស​ភ្លើង​ទៀន​ មាន​ការ​ប្តេជ្ញា​ថា​ នឹង​ធ្វើ​ឱ្យ​មាន​ពហុ​បក្ស​នៅ​ថ្នាក់​ជាតិ​ ក្នុង​សភា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ ​ហើយ​នឹង​បម្រើ​ទឹកចិត្តរបស់​ប្រជា​ពល​រដ្ឋ​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ»។​

បើ​តាម​លោក ​គង់ គាំ​ លោក​នឹង​មិន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ​ឡើយ​ ដោយ​សារ​តែ​លោក​បាន​ចូល​និវត្តន៍​រួច​ទៅ​ហើយ។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ គណបក្ស​នេះ​បាន​តែង​តាំង​លោក​ គង់ គាំ​ ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន។​

លោក ​គង់ មុនីកា ​ដែល​ជា​កូន​ប្រុស​របស់​លោក ​គង់ គាំ ​និង​ជា​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ ការ​ចូល​រួម​ជា​មួយ​គណបក្ស​ភ្លើង​ទៀន​ជា​ជម្រើស​មួយ​ដើម្បី​អាច​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​បាន ​ហើយ​វា​ក៏​ជា​បំណង​របស់​ប្រជា​ពល​រដ្ឋកម្ពុជា​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«សំខាន់​យើង​យល់​ថា​ មានតែ​ការ​រួមគ្នា​នៃ​អ្នក​ស្រឡាញ់​ប្រជា​ធិបតេយ្យ​ អ្នក​ដែល​ស្រឡាញ់​សេរី​ភា​ពទេ​ ទើប​អាច​ឈាន​ទៅ​យក​ជ័យ​ជម្នះ​លើ​គណ​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​បាន»។​

ប្រធាន​គណ​បក្ស​រូប​នេះ​បញ្ជាក់​ថា​ គណ​បក្ស​របស់​លោក​នឹង​មិន​ដាក់​មនុស្ស​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​ខាង​មុខ​ឡើយ។ ​ប៉ុន្តែ​ថ្នាក់​ដឹកនាំ​គណបក្ស​មួយ​ចំនួន​នឹងឈរ​ឈ្មោះ​នៅ​តាម​មណ្ឌល​ដោយ​ជ្រក​ក្រោម​ស្លាក​គណបក្ស​ភ្លើង​ទៀន។​

ប្រធាន​ស្តីទី​របស់​គណ​បក្ស​ភ្លើង​ទៀន ​លោក ​ថាច់ សេដ្ឋា​ ប្រាប់​វីអូអេ​ថា​ គណបក្ស​ភ្លើង​ទៀន​ទទួល​ស្វាគមន៍ការ​ចូល​រួម​របស់​គណ​បក្ស​ដទៃ​ទៀត​ដើម្បី​ជាកម្លាំង​ចលករ​ដ៏​សំ​ខាន់​សម្រាប់​អ្នក​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នយោបាយ។​ លោក​បន្ថែម​ថា​ គណបក្ស​របស់​លោក​កំពុង​តែ​រង់​ចាំ​ទទួល​ស្វាគមន៍​គណបក្ស​ផ្សេង​ទៀត ​ព្រម​ទាំង​កំពុង​ពង្រឹង​រចនា​សម្ព័ន្ធ​ក្នុង​គណ​បក្ស​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​ ដើម្បី​បាន​ការ​គាំទ្រ​ពី​ប្រ​ជា​ពល​រដ្ឋ។​

លោក​បញ្ជាក់​ថា៖ ​«សម្រាប់​គណ​បក្ស​ភ្លើង​ទៀន ​យើង​បើក​ទ្វារ​ចំហ​ដើម្បី​ស្វាគមន៍​គ្រប់​និន្នា​ការ​នយោបាយ។​ អ្នក​ស្នេហា​ជាតិ ​អ្នក​ប្រជា​ធិបតេយ្យ​ដើម្បី​មក​ចូល​រួម​ជា​កម្លាំង​មួយ​នៅ​ក្នុង​ការ​បន្ត​ការ​តស៊ូ​របស់​យើង​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​២០២៣​ខាង​មុខ​នេះ»។​

បើ​តាម​ប្រធាន​គ​ណបក្ស​រូប​នេះ ​ មក​ទល់​ពេល​នេះ​មាន​តែ​គណបក្ស​ឆន្ទៈ​ខ្មែរ​តែ​មួយ​ទេ​ដែល​ព្រម​ចូល​រួម​ជា​មួយ​គណបក្ស​ភ្លើង​ទៀន​ដោយ​គ្មាន​លក្ខណ្ឌ​ ខណៈ​មិន​ទាន់​មាន​តម្រុយ​អ្វី​បន្ថែម​ទៀត​ឡើយ​ពាក់​ព័ន្ធ​ជាមួយ​ការ​ចូល​រួម​របស់​គណ​បក្ស​ដទៃ​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន។​

អ្នក​វិភាគ​នយោ​បាយ ​លោក ​បណ្ឌិត ​មាស នី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គណ​បក្ស​ក្រៅ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​កំពុង​ពើប​ប្រទះ​នឹង​វិបត្តិ​ពីរ​គឺ​មិន​មាន​ការ​ឯកភាព​ជាតិ ​និង​ផ្ទៃ​ក្នុង​គណបក្ស ​និង​ការ​វាយ​ប្រហារ​គ្នា​តាម​ពាក្យ​សម្តី​តែ​ចេះ​បន្ត​កើត​មាន​ក្នុង​ចំណោម​ពួកគេ។ ​លោក​បន្ត​ថា​ លោក​សាទរ​ចំពោះ​ការ​ចង​សម្ព័ន្ធ​ភាព​របស់​ពួក​គេ ខណៈ​ជំរុញ​ឱ្យ​គណ​បក្ស​ភ្លើង​ទៀន​រៀបចំ​យុទ្ធ​សាស្ត្រ​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និង​ល្អិត​ល្អន់​ដើម្បី​បញ្ចៀស​នូវ​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នយោបាយ​របស់​គូ​បដិបក្ខ​របស់​ខ្លួន។​

លោក​បញ្ជាក់​ថា៖ ​«ពេល​គេ​ឡើង​មក​ជិះ​ទូក​ជាមួយ​យើង ​ហើយ​យើង​កាន់​តែ​ក្រអឺត​ក្រទម​ដោយ​មិន​មាន​ផែន​ការ ​យុទ្ធសាស្ត្រ​អី​ច្បាស់​លាស់​នោះ​ទេ ​អាហ្នឹង​នឹង​នាំ​ចូល​ទៅ​ក្នុង​គ្រោះ​មួយ​ធំ​ទៀត​ ដូច​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៨»។​

លោក​បណ្ឌិត ​មាស នី ​យល់​ឃើញ​ថា​ ការ​ផ្តល់​ទំនុក​ចិត្ត​និង​តម្លៃ​ឱ្យ​គ្នា​ជា​ការ​សំខាន់​ដើម្បី​សម្ព័ន្ធ​ភាព​យូរ​អង្វែង ​ជាពិសេស​ត្រូវ​កៀរ​គរ​កម្លាំងអ្នក​ប្រជា​ធិបតេយ្យ ​និងត្រៀម​ខ្លួន​ឱ្យ​បានរួច​រាល់​សម្រាប់​ការ​ដឹក​នាំ​ប្រទេស។​

គួរ​បញ្ជាក់​ថា​ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ​ខែ​តុលា​ ឆ្នាំ​២០២២​នេះ ​ គណ​បក្ស​ភ្លើងទៀន​បាន​អំពាវនាវ​ឱ្យ​អ្នក​ស្នេហា​ជាតិ ​អ្នក​ស្រឡាញ់​ប្រជា​ធិបតេយ្យ​ទាំង​អស់​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដើម្បី​ជា​កម្លាំង​ចលករ​ប្រជា​ធិបតេយ្យ​ដ៏ធំ​មួយ​ឈាន​ទៅ​រក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​អាណត្តិ​ទី​៧ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិ​ត្យ​ ទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣​ខាង​មុខ»៕

XS
SM
MD
LG