នៅលើកូនជ្រោយឈ្មោះ «កៀនទឹក» ជាប់ឆ្នេរសមុទ្រដាច់ស្រយាលនៃភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង អ្នកភូមិហាក់ដូចជារស់នៅបង្កប់ដោយក្តីបារម្ភ។ ក្តីបារម្ភដោយសារថ្មីៗនេះមានក្រុមយោធាបានចុះទៅចរចាទិញដីលំនៅដ្ឋានរបស់ពួកគេដើម្បីឲ្យក្រុមហ៊ុនចិន Union Development Group។ ហើយពួកគេអាចនឹងប្រឈមនឹងការបណ្តេញចេញឬការចាកចេញពីលំនៅដ្ឋានដ៏សុខសាន្តរបស់ពួកគេ។
លោក ហួត ហាក់ អាយុ៣៧ឆ្នាំ គឺជាអ្នកនេសាទម្នាក់ក្នុងភូមិដាច់ស្រយាលនេះ។ លោកបានថ្លែងប្រាប់VOAនៅផ្ទះរបស់លោកថា ខុសពីការចរចាមុនៗ នៅពេលនេះ មនុស្សមួយក្រុមដែលអះអាងថាជាតំណាងឲ្យក្រុមហ៊ុនUnion Development Groupមានមន្រ្តីយោធា និងអាជ្ញាធរភូមិឃុំ បានចុះមកចរចាទិញដីនៅទីនេះឲ្យក្រុមហ៊ុន។
លោកមានប្រសាសន៍ថា៖ «គេនិយាយថាគេនឹងសាងសង់កំពង់ផែទឹកជ្រៅ ហើយតំបន់យោធា កំពង់ផែយោធានឹងធ្វើនៅទីនេះ»។
លោក ហួត ហាក់ ចាត់ទុកថាការណ៍ដែលភ្នាក់ងារយោធាចេញមុខចរចាទិញដីប្រជាពលរដ្ឋឲ្យក្រុមហ៊ុនចិនបែបនេះ គឺជាការគំរាមកំហែងមួយដល់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «ធម្មតាអ្នកដែលចុះមកដោះស្រាយវិវាទដីធ្លីឲ្យប្រជាពលរដ្ឋត្រូវតែមានក្រសួងដែនដី នគររូបនីយកម្ម តែអានេះមានផ្នែកខាងយោធា ប៉ុន្តែសួរទៅគេថាគេគ្រាន់ជាអ្នកពាំនាំពាក្យ ហើយបើមានបញ្ហាអីទៅដល់ថ្នាក់លើ»។
ប្រជាជនរាប់សិបគ្រួសារក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ មានទំនាស់ជាមួយក្រុមហ៊ុន Union Development Group ឬ UDG អស់រយៈពេលជិត១០ឆ្នាំមកហើយ។ ក្រុមហ៊ុន UDG មានផែនការវិនិយោគទីនេះឲ្យទៅជាតំបន់កម្សាន្តឈ្មោះថា«តារាសាគរ»លើផ្ទៃដីសម្បទានដែលទទួលបានពីរដ្ឋាភិបាលទំហំ៤៥.០០០ហិកតាក្នុងស្រុកចំនួនពីរក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគិរីសាគរ។ គម្រោងវិនិយោគ ក្នុងទំហំទឹកប្រាក់៣.៨០០លានដុល្លារអាមេរិក។
គម្រោងដែលចាប់ផ្តើមនៅឆ្នាំ២០០៨ មានការសាងសង់កាស៊ីណូ សណ្ឋាគារ កន្លែងវាយកូនហ្គោល តំបន់កម្សាន្តតាមឆ្នេរ ព្រលានយន្តហោះ និងកំពង់ផែសមុទ្រទឹកជ្រៅជាដើម។ គម្រោងនេះ នឹងលាតសន្ធឹងលើបណ្តោយឆ្នេរសមុទ្រខ្មែរចំនួន២០ភាគរយផងដែរ។
លោក ហួត ហាក់ មានប្រសាសន៍ថា នៅទីនេះ លោកអាចប្រកបរបរនេសាទចិញ្ចឹមកូនទាំងពីរនាក់ និងជាទីតាំងបន្សល់ទុកពីដូនតារបស់លោកមក។ លោកមានប្រសាសន៍ថា លោកមិនចង់ចាកចេញពីតំបន់នេះនោះទេ។
កង្វល់របស់លោកត្រូវចែករំលែកដោយអ្នកភូមិដទៃទៀត។
អ្នកស្រី ម៉ី ឡា អាយុ៦៣ឆ្នាំ ដែលមានដីទំហំ៨៥អា ក៏មិនចង់ចាកចេញពីភូមិចម្លងគោនេះដែរ។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «ដីហ្នឹង ខ្ញុំទៅថ្ងៃមុន គេថាដីហ្នឹង គេយកធ្វើកំពង់ផែ តែមិនដឹងផែស្អី។ ដីហ្នឹងវាពាក់ព័ន្ធនឹងក្រុមហ៊ុន Union គេចង់ទិញដីហ្នឹងយកធ្វើកំពង់ផែ តែមិនដឹងកំពង់ផែអី ព្រោះប្រជាពលរដ្ឋអត់ដឹងទេ»។
ប៉ុន្តែនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនកាត់ឆ្វៀលដីមួយចំនួននៃឃុំថ្មស សម្រាប់ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែង។ ប៉ុន្តែសេចក្តីសម្រេចមិនបានបញ្ជាក់អំពីទំហំដី និងចំនួនប្រជាជនដែលត្រូវទទួលដីនោះទេ។
ផ្អែកតាមអ្នកស្រី សាត រឿន អាយុ៥៧ឆ្នាំ ក្រុមយោធាបានតម្រូវឲ្យប្រជាពលរដ្ឋធ្វើកំណត់ហេតុដោយមានស្នាមមេដៃផងដែរ។ ក្នុងកំណត់ហេតុនោះអ្នកភូមិត្រូវបញ្ជាក់ពីទំហំដីរបស់ខ្លួននិងតម្លៃដីដែលត្រូវលក់។ អ្នកស្រីបញ្ជាក់ថាអ្នកភូមិជិត២០គ្រួសារបានសម្រេចផ្តិតមេដៃលើកំណត់ហេតុដែលធ្វើឡើងដោយអគ្គនាយកដ្ឋានសម្ភារ:បច្ចេកទេសនៃក្រសួងការពារជាតិ មេឃុំថ្មស ជំទប់ទី១ ក្រុមប្រឹក្សា ស្មៀនឃុំ និងប្រធានភូមិចម្លងគោ។
មេឃុំថ្មស លោក អិក គួន បានបញ្ជាក់ថា ក្រុមការងារមកពីក្រសួងការពារជាតិ កំពុងតែចរចាជាមួយប្រជាពលរដ្ឋលើតម្លៃដី ប៉ុន្តែមិនទាន់មានការត្រូវរ៉ូវគ្នាណាមួយនៅឡើយទេ។
មេឃុំរូបនោះមានប្រសាសន៍ថា តំបន់នោះនឹងត្រូវអភិវឌ្ឍជាកំពង់ផែទឹកជ្រៅ ប៉ុន្តែនៅពេលសួរថាធ្វើផែយោធាតាមការអះអាងរបស់ប្រជាពលរដ្ឋមួយចំនួន លោកបានឆ្លើយថាមិនដឹងនោះទេ។
លោកបានថ្លែងប្រាប់VOAថា៖ «ដឹងទេ រឿងនេះ យើងមិនហ៊ានសន្និដ្ឋាន រឿងផែនការរដ្ឋ យើងក្តាប់មិនជុំទេ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានបដិសេធថាក្រុមទាហានមិនជាប់ពាក់ព័ន្ធក្នុងការចុះទៅចរចាជាមួយក្រុមអ្នកភូមិដើម្បីទិញដីឲ្យក្រុមហ៊ុននោះទេ។
លោកមានប្រសាសន៍ថា៖ «នេះជាព័ត៌មានមិនពិតទេបាទ។ ក្លែងក្លាយអត់មានពិតទេ។ កន្លែងអភិវឌ្ឍន៍នេះជាអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Group ខាងស៊ីវិល។ អត់មានពាក់ព័ន្ធយោធាទេ»។
ប៉ុន្តែបើតាមឯកសារ រូបថត និងវីដេអូដែលវីអូអេទទួលបាន មានឈ្មោះនិងរូបថតរបស់មន្រ្តីមកពីអគ្គនាយកដ្ឋានសម្ភារ:បច្ចេកទេសនៃក្រសួងការពារជាតិ។
Union Development Group ឬ UDG នេះ ត្រូវបានសហរដ្ឋអាមេរិកសង្ស័យថាមានគម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធមួយដែលអាចក្លាយជាមូលដ្ឋានយោធារបស់ប្រទេសចិន។ ហើយព្រលានយន្តហោះដែលក្រុមហ៊ុននេះកំពុងស្ថាបនា និងជិតបញ្ចប់ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការចុះចតរបស់យន្តហោះយោធា។
ក្នុងការផ្សាយកាលពីពេលថ្មីៗនេះ កាសែត The Wall Street Journal បានលើកឡើងថា ប្រទេសកម្ពុជា និងចិន បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសម្ងាត់មួយដែលថា កម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុ ហើយនៅមិនឆ្ងាយពីអាកាសយានដ្ឋានធំមួយ ដែលកសាងដោយក្រុមហ៊ុនចិននៅក្នុងខេត្តកោះកុង។
ប៉ុន្តែកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីការពារជាតិរបស់កម្ពុជា លោក ទៀ បាញ់ បានលើកឡើងថាការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន Union Development Group (UDG) គឺធ្វើឡើងក្នុងគោលដៅទេសចរណ៍តែប៉ុណ្ណោះ។
តំណាងក្រុមហ៊ុន UDG ក៏បានច្រានចោលការចោទប្រកាន់នេះផងដែរ។ នេះបើយោងតាមលោក Wang Chao អនុប្រធានក្រុមហ៊ុន UDG ដែលបានប្រាប់កាសែតក្នុងស្រុកឈ្មោះ Khmer Times កាលពីដើមឆ្នាំ២០១៩។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា អ្នកស្រី Emily V Zeeberg បានផ្ញើសារអេឡិកត្រូនិកមកកាន់ VOA ដោយបង្ហាញពីការព្រួយបារម្ភ«អំពីវត្តមានយោធាបរទេសនៅក្នុងទឹកដីកម្ពុជា ដោយថា វាអាច«គំរាមកំហែងដល់ទំនាក់ទំនង និងភាពជាកណ្តាលរបស់កម្ពុជាក្នុងនាមជាប្រទេសក្នុងអាស៊ាន»៕