ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​ការ​សាងសង់​អាកាស​យាន្ដដ្ឋាន​អន្តរជាតិ​មួយ​ដោយ​ក្រុមហ៊ុន​ចិន​ក្នុង​តំបន់​តារា​សាគរ​បង្កើត​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​


រូបឯកសារ៖ ការដ្ឋាន​សាង​សង់​ព្រលាន​យន្ត​ហោះ​​ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន Union Development Group នៅ​បទុម​សាគរ ខេត្ត​កោះ​កុង កាល​ពី​ខែ​​ឧសភា ២០១៨។

គោលបំណង​របស់​ក្រុមហ៊ុន​នេះ គឺ​សាងសង់​ទីក្រុង​ដ៏​ធំថ្មី​មួយ​របស់​កម្ពុជា​នៅ​ទីនេះ ដោយ​មាន​ទីក្រុង​លំហែកាយ​ជាប់​ឆ្នេរ​សមុទ្រ សណ្ឋាគារ​ប្រណិតៗ និង​ផ្ទះ​វីឡា សួន​ឧស្សាហ៍កម្ម ស្ថានីយ​ថាមពល រោងចក្រ​ចម្រាញ់​ទឹក​ស្អាត និង​អាគារ​សុខាភិបាល​ជាដើម។

ក្រោម​ជំនួយ​ឧបត្ថមដោយ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ ​និង​ត្រូវ​បាន​ជំរុញ​ដោយ​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​រវាង​រដ្ឋាភិបាល​ចិន​និង​កម្ពុជា​ ​ក្រុម​វិនិ​យោគិន​ចិន​ជា​ច្រើននាក់ ​បាន​ដាក់​វិនិយោគទុន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ យ៉ាងណា​ក៏​ដោយ​កន្លែង​លំហែ​កាយ​ដ៏​ធំមួយ​ដែល​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ចិន​១ក្នុង​ឧទ្យានជាតិ​កម្ពុជា​ក្បែរ​ឈូង​សមុទ្រ​ថៃ​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ ​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី។​ ការ​បារម្ភ​ចម្បង​នោះ​គឺ​ថា​ក្រុមហ៊ុន​ចិន​នេះ​កំពុង​តែ​សាងសង់​អាកាស​យានដ្ឋាន​ដ៏​ធំ​មួយ​ ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​កង​ទព័ជើង​ទឹក​រាម​របស់​កម្ពុជា​ ​ជាទី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ជា​បន្ត​បន្ទាប់​ថា​ប្រទេស​ចិន​ កំពុង​ព្យាយាម​ប្រើ​ប្រាស់។

តំបន់​លំហែ​កាយ​តារាសាគរ​ ​ដែល​មាន​គម្រោង​ទឹក​ប្រាក់​ ​៣​ពាន់​៨​រយ​លាន​ដុល្លារ​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ចិន​ ​លាត​សន្ធឹង​ក្នុង​ផ្ទៃដី​ ​៣៦០​គ.ម​ការ៉េ​ ​ក្នុង​តំបន់​ព្រៃ​ក្រាស់​នៃ​ឧទ្យានជាតិ​ ​បុទុមសាគរ​ ​ត្រូវ​បាន​ទទួល​សិទ្ធិ​វិនិយោគ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៨​ ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development​ Group​ ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​មួយ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​នៃ​ទីក្រុងកំពង់​ផែរ​ ​Tianjin។​

គោលបំណង​របស់​ក្រុមហ៊ុន​នេះ គឺ​សាងសង់​ទីក្រុង​ដ៏​ធំថ្មី​មួយ​របស់​កម្ពុជា​នៅ​ទីនេះ ដោយ​មាន​ទីក្រុង​លំហែកាយ​ជាប់​ឆ្នេរ​សមុទ្រ សណ្ឋាគារ​ប្រណិតៗ និង​ផ្ទះ​វីឡា សួន​ឧស្សាហ៍កម្ម ស្ថានីយ​ថាមពល រោងចក្រ​ចម្រាញ់​ទឹក​ស្អាត និង​អាគារ​សុខាភិបាល​ជាដើម។

រូបឯកសារ៖ ទិដ្ឋភាព​នៃ​សណ្ឋាគារតារា​សគរ ក្នុង​រមនីយដ្ឋាន​តារាសាគរ ក្នុង​ខេត្ត​កោះ​កុង។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​សណ្ឋាគារតារា​សគរ ក្នុង​រមនីយដ្ឋាន​តារាសាគរ ក្នុង​ខេត្ត​កោះ​កុង។

​«តារាសាគរ​គឺ​ជា​គម្រោង​សំណង់​ទីក្រុង​មួយ​សាង​សង់​ទាំង​ស្រុង​ដោយ​ជនជាតិ​ចិន។​ ​តំបន់​នេះ មាន​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ​ហើយ​ជា​តំបន់​ព្រៃឈើ​ដ៏​ធំ​លំដាប់​ថ្នាក់​ទី​ពីរ​របស់​ពិភពលោក»​ ​នេះ​បើ​តាម​សម្តី​របស់​កញ្ញា​ ​Namei Jin​ ​ដែល​ធ្វើ​ការក្នុង​គម្រោង​តូច​មួយ​នៃ​ក្រុមហ៊ុន​ ​Union Development​ ​Group​ ធ្វើ​ការ​ឈូស​ឆាយ​ផ្ទៃ​ដី​ទំហំ​៤២​ហិតា ​ដើម្បី​សាង​សង់​ផ្ទះ​វីឡា។​

«លើស​ពី​នេះ​ទៀត​តារាសាគរ​ ​មាន​ផ្ទៃ​ដី​២០​ភាគ​រយ​នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា​ ​ជា​មួយ​នឹង​ឆ្នេរខ្សាច់​ដ៏​មាន​គុណភាព​ខ្ពស់​ម៉ដ្ឋ​ដូច​ម្សៅទឹកដោះ​គោ»។

​សម្រាប់​ក្រុមហ៊ុន​ ​Union Development​ ​Group​ ​ការ​កាន់​អំណាច​ដ៏​យូរ​អង្វែង​របស់​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ​លោក​ ​ហ៊ុន សែន​ ​គឺ​ជា​កក្តា​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​ដាក់​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ​នេះ​បើ​តាម​កញ្ញា​ ​Namei ​ដែល​ចៃដន្យស្ថិត​នៅ​ក្នុងភោជនីយដ្ឋាន​មួយ​ក្រោម​ការ​គ្រប់គ្រង​ដោយសណ្ឋាគារ​តារាសាគរ​ដើម្បី​ទទួល​អាហារ​ពេល​ព្រឹកខណៈ​ពេល​ដែល​យើង​នៅ​ទីនោះ​ដែរ។​

​កញ្ញា Namei ​និយាយ​ថា៖

«ក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍ទំាង​១០​ ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ស្ថិរភាព​ជាង​គេដោយសារ​តែ​គ្មាន​ការគ្រប់គ្រង​ដោយ​បក្ស​ចម្រុះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

​មាន​ព័ត៌មាន​តិច​តួច​បំផុត​ពី​ក្រុមហ៊ុន​ឬ​ក៏​ក្រុម​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ ​លើក​លែង​តែ​ ​លោក​ ​Tao Li​ ​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ ​និង​ជា​យោធា​ក្នុង​កងទ័ព​ចិន។​ ​លោក​ហាក់​មាន​ការ​ទាក់ទង​ជាច្រើន​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ​លោក​ ​ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​ផ្សេង​ទៀត​ ​នេះ​បើ​តាម​រយៈ​រូប​ថត​នា​នា​ដាក់​តាំង​នៅ​ក្នុង​បន្ទប់​នៃ​កន្លែង​លំហែកាយ​នោះ។

​កញ្ញា​ Namei ​បដិសេដ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ប្រវត្តិ​របស់​ ​លោក​ Li​ ​ឬ​ការ​ទទួល​ទុន​របស់​ក្រុមហ៊ុន​ដោយ​របៀប​ណា​នោះ​ទេ​ ​ក៏ប៉ុន្តែ​នាង​និយាយ​ថា​គម្រោង​នេះ​មាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​ពីរ។

​កញ្ញា Namei ​និយាយ​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា​គម្រោង​នេះ​គឺ​ជា​សមិទ្ធិផល​នៃ​ការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​របស់​រដ្ឋាភិបាល​ទាំង​ពីរ។​ វា​មិន​ត្រឹមតែ​ជា​គម្រោង​ BRI​ មួយ​មុខតែ​ប៉ុណ្ណោះ​ទេ។​ ​គ្រប់​អ្នក​ដឹកនាំ​ត្រូវ​ការ​គម្រោង​ដ៏​លេច​ធ្លោដូច្នេះ។​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ក៏​ដូច្នោះ​ដែរ»។

​កន្លែង​លំហែកាយ​ ​ដែល​បើក​កាល​ពី​ឆ្នាំ​២០១៤​ ​មាន​អាហារដ្ឋាន​មួយ​កន្លែង​ ​សម្រាប់​បុគ្គលិក​ ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​មួយ​ស្ថិត​នៅ​លើ​ផែ​ដែល​មនុស្សម្នា​អាច​ជួល​ ​ម៉ូតូ​ទឹក​និង​ទូកក្តោង​ជិះ​លេង​បាន។​ ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​តំបន់​ឆ្នេរ​ខ្សាច់​ស​ក្បោះ​ ​គឺ​ជា​ទីលាន​វាយ​កូន​ហ្គោល​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​និង​កាស៊ីណូ​មួយ​សម្រាប់​ភ្ញៀវ​ដែល​ស្នាក់​នៅ​ក្នុង​កន្លែង​លំហែកាយ​នេះ។

រូបឯកសារ៖ ឆ្នេសមុទ្រ​នៅ​ក្នុង​រមនីយដ្ឋាន​តារា​សាគរ។
រូបឯកសារ៖ ឆ្នេសមុទ្រ​នៅ​ក្នុង​រមនីយដ្ឋាន​តារា​សាគរ។

គម្រោង​នេះ​ក៍​មាន​ផែនការ​ជា​ដំណាក់​កាល​ផង​ដែរ​ ក្នុង​ការសាង​សង់​អាកាស​យានដ្ឋានអន្តរជាតិ​មួយ ​ជាមួយ​ផ្លូវ​សម្រាប់​យន្ត​ហោះ​ចុះ​ឡើង​ប្រវែង ៣,២០០​ម៉ែត្រ​ ​និង​ទទឹង​៦០​ម៉ែត្រ​ ដែល​កំពុងស្ថិត​ក្នុង​ការ​សាងសង់។ ប្រសិន​បើ​វារួចរាល់​ វា​អាច​នឹង​ក្លាយ​ជា​អាកាស​យានដ្ឋាន​ដ៏​ធំជាង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​ផ្លូវ​សម្រាប់​យន្តហោះ​វែង​ជាង​គេ​បំផុត​ផង​ដែរ។

​ទំហំ​និង​វិសាលភាព​នៃ​គម្រោង​អភិវឌ្ឍន៍​នេះជា​ពិសេស​សំណង់​អាកាស​យានដ្ឋាន​ ​បាន​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ដល់​រដ្ឋបាល​របស់​លោក​ ​ត្រាំ។​ ​ប្រទេស​ក្នុង​តបន់​អាស៊ីអាគ្នេយ៍​ដទៃ​ទៀត​រួម​ទាំង​វៀតណាម​ផង​នោះ​ ​ក៏បាន​សង្ស័យ​ថា​កន្លែង​លំហែកាយ​នេះ​ ​អាច​ជា​ផ្នែក​ដ៏​ធំ១​នៃ​គម្រោង​ការរបស់​ចិន​ក្នុង​ការដាក់​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​កម្ពុជា។

​ក្រុម​អ្នក​ជំនាញ​យុទ្ធសាស្ត្រ​យោធា​ ជឿជាក់​ថា ​វត្តមាន​នៃ​កង​ទ័ពជើង​ទឹក​ណាមួយ​នៅទី​នោះ​គឺ​ជា​ការ​ពង្រីក​ជំហាន​យុទ្ធសាស្ត្រ​របស់​ចិនមក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ ​ដើម្បី​ពង្រឹង​ការ​កាន់កាប់​របស់​ខ្លួន​ ​ក្នុង​តំបន់​ជម្លោះដែន​សមុទ្រ​ចិន​ខាងត្បូង។

​គម្រោង​នេះ​ក៏​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ ​ជាទី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ រដ្ឋា​ភិបាល​កម្ពុជា​អនុញ្ញត​ឱ្យ​កង​ព័ទ​ចិន​ចូល​ប្រើប្រាស់​ផងដែរ។​ ​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និងរដ្ឋាភិបាល​ភ្នំពេញ​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ទាំង​នោះ។

​លោក​ ទាវ វណ្ណុល​ ​ប្រធាន​គណ​បក្ស​ភ្លើងទៀន​ ​ជឿ​ថា​រដ្ឋាភិបាល​ចិន​នៅ​ពី​ក្រោយ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នោះ។

«អ្នក​ដឹង​ទេ​ តំបន់​នោះ​មិន​សូវ​មាន​ប្រជាជន​រស់​នៅ​នោះទេ​ ​ហើយ​វា​មិនសម​ហេតុផល​ទេ​ដែល គេ​វិនិ​យោគ​នៅ​ទី​នោះ»​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ​លោក​ ​ទាវ វណ្ណុល​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ទីស្នាក់​ការ​គណបក្ស​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។

​លោក​បន្ត​ថា៖ «តើ​ហេតុអ្វី​បាន​ជា​អ្នក​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ ​សាង​សង់​អាកាស​យានដ្ឋាន​នោះ?​ អ្នក​ដឹង​ទេ​ថា​ ​អាកាស​យានដ្ឋាន​នោះ​មិនមែន​ចំណាយ​ទឹក​ប្រាក់ត្រឹម​១​ឬ​២លាន​នោះ​ទេ។​ ​ដើម្បី​សាង​សង់​ផ្លូវ​សម្រាប់​យន្តហោះ​ ​អ្នក​ត្រូវ​គិត​ពី​ការ​ចំណាយ​រាប់រយ​លាន ​ដើម្បី​សាងសង់​អាកាស​យាន​ដ្ឋាន»។​

លោក​ ទាវ វណ្ណុល​ ​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ ផ្តល់​បទសម្ភាស​ដល់ VOA​ កាល​ពីឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)
លោក​ ទាវ វណ្ណុល​ ​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ ផ្តល់​បទសម្ភាស​ដល់ VOA​ កាល​ពីឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)

អតីត​សមាជិកព្រឹទ្ធសភា​ដែល​ធ្លាប់​ធ្វើជា​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​សមរង្ស៊ី​រូប​នេះ​ ​ក៏​បាន​និយាយ​ផង​ដែរ​ថា​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​លើ​បញ្ហា​អាកាសយាន​ដ្ឋាន​នេះ​គឺ​សម​ហេតុ​ សមផល។

​«តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ចិន​ចំណាយ​លុយ​ច្រើន​ម្លេះ​ដើម្បី​សាងសង់​អាកាស​យានដ្ឋាន​នោះ​ ​ហើយ​តើ​មាន​ភ្ញៀវទេសចរ​ប៉ុន្មាន​អ្នក​ដែល​គេរំពឹង​ថា​នឹង​ចុះចត​នៅ​អាកាសយានដ្ឋាន​នោះ​ ​ហើយ​ហេតុអ្វី​បាន​យន្តហោះ​នា​នា​មិន​ទៅ​ចុះចត​នៅ​អាកាសយាន​ដ្ឋាន​ខេត្ត​ព្រះ​សីហនុ​ជំនួស​វិញ?»

​លោក​ ​ទាវ វណ្ណុល​ ​បាន​ក៏កត់​សម្គាល់​ដែរ​ថា​ ​ការ​ធ្វើ​ដំណើរ​ពីអាកាស​យានដ្ឋាន​ខេត្ត​ព្រះ​សីហនុ​ទៅ​កាន់​កន្លែង​លំហែកាយ​តារាសាគរ​ ​មាន​រយៈ​ពេល​ត្រឹម​តែ​ ពីរ​ឬ​បី​ម៉ោង​តែ​ប៉ុណ្ណោះ។

​កញ្ញា​ Namei ​ នៃ​ក្រុមហ៊ុន​ ​Union Development​ Group​ ​និយាយ​ថា ​នាង​មិន​បាន​ដឹង​ពី​របាយការណ៍​ដែល​ថា​អាកាសយាន​ដ្ឋាន​នេះ​អាច​នឹង​ប្រើ​ពីរ​ផ្លូវ​នោះ​ទេ​ (សម្រាប់​ស៊ីវិល​ ​និង​យោធា)។​ ​សម្រាប់​នាង​វាច្បាស់​ណាស់​ថា​មាន​ភាព​ងាយស្រួល​សម្រាប់​ជនជាតិចិន​និងភ្ញៀវ​ទេសចរ​អន្តរជាតិ។

​«កាល​ពី​មុន​ ​មនុស្ស​មក​ពី​ចិន​ត្រូវ​តែ​ឈប់​នៅ​អាកាស​យានដ្ឋាន​ខេត្ត​ព្រះ​សីហនុ​ ​ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ទីនេះ។​ ឥឡូវ​ពួក​គេ​អាច​ហោះហើរ​ដោយ​ត្រង់​មក​កាន់​ទីនេះ»។

​នាង​បន្តថា​គ្មានទីក្រុង​ណា​ ​ក្នុង​ប្រទេស​កម្ពុជាអាចធៀប​នឹង​តារាសាគរ​នោះទេ​ ​ទាក់ទងនឹង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ស្ថានភាព​បរិស្ថាន​និង​តម្លៃ​នៃ​ការវិនិយោគ។​ ​ក្នុង​គំ​និត​របស់​នាង​ អាកាស​យានដ្ឋាន​គឺ​ជា​ការ​ផ្សាយពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​សម្រាប់​គម្រោង​នេះ។

​«អ៊ីចឹង​មនុស្ស​ជាច្រើន​ឱ្យ​តម្លៃ​នៃ​ការ​វិនិយោគ​របស់​គម្រោង​នេះ​ ​ពីព្រោះ​អាកាស​យានដ្ឋាន​គឺ​ជា​សញ្ញា​សំគាល់​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ចាប់ផ្តើម​ហោះហើរ​យ៉ាងឆាប់​រហ័ស»។

​នា​ពេល​បច្ចុប្បន្ន​ ​គ្មាន​សំណង់​ណាត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅ​ឡើយ​នោះ​ទេ​ លើកលែង​តែ​កម្មករ​ខ្មែរ​១ក្តាប់តូច​ចាប់ផ្តើម​រៀប​របង​ជុំវិញអាកាស​យានដ្ឋាន។

​«ពួក​គេ​ធ្វើ​ការ​អភិវឌ្ឍន៍​តំបន់​នេះ​ ​ជា​តំបន់​ទេសចរណ៍។​ ​វា​ជា​ការណ៍​ល្អ​សម្រាប់​កម្ពុជា»​ ​នេះ​បើ​តាម​សម្តី​របស់​កម្មករ​មួយ​រូប។

កម្មកររូបនេះ​បានបន្តថា ​លោក​បាន​ឮ​ពី​ការមន្ទិល​ដែល​ថា​អាកាស​យានដ្ឋាន​នេះ​អាច​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​គោល​បំណង​យោធាប៉ុន្តែ​លោក​មិន​ដឹង​វា​ពិត​ឬ​មិន​ពិត​នោះ​ទេ។​

​នៅ​ពេល​សួរ​ពី​គោលបំណង​របស់​ក្រុម​ហ៊ុនចិន​ក្នុង​ការសាងសង់​សំណង់​អាកាស​យានដ្ឋាន​យ៉ាង​ធំ​សម្បើម​បែប​នេះ​ក្នុង​តំបន់​លំហែកាយ​ នាយ​ឧត្តមសេនីយ៍​ ​ឈុំ សុជាត​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា​នេះ​ដោយ​សារតែ​កម្ពុជា​ត្រូវ​ការ​អាកាស​យានដ្ឋាន​ដូច្នេះ​សម្រាប់​កម្មវិធី​លំដាប់​អន្តរជាតិ​នៅ​ពេល​អនាគត។

អ្នក​នាំពាក្យ​រូបនេះ​ថ្លែង​ថា៖ «នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​របស់​ខ្ញុំ​ មាន​ទស្សនវិស្ស័យ​វែងឆ្ងាយ​សម្រាប់​ពាណិជ្ជកម្ម​ទៅ​ពេល​អនា​គត»។

​លោក​ថា​អាកាស​យានដ្ឋាន​នា​នា​ទោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្តីនៅ​ខេត្ត​ព្រះ​សីហនុ​ក្តី​ ​វា​មាន​ទំហំ​តូច​ណាស់​សម្រាប់​ទទួល​រៀបចំ​កម្មវិធី​លំដាប់​អន្តរជាតិ។

​«យើង​នឹង​មាន​កម្ម​វិធី​ធំៗ​ជាង​នេះ​ជា​ច្រើន​ ​ហើយ​យើង​ត្រូវ​ការ​អាកាស​យាន​ដ្ឋាន​ធំ​ជាង​នេះ​ដើម្បី​ទទួល​ភ្ញៀវ​បរទេស»។​

​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ ​ហាក់ដូច​ជា​ម៉ួម៉ៅ​នៅ​ពេល​ ​សួរ​ពី​ការ​សង្ស័យ​ចំពោះ​អាកាស​យាន​ដ្ឋាន​នោះ។

​លោក​ ​ផៃ ស៊ីផាន ថ្លែង​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​មិន​យល់​ពីរឿង​នេះ​សោះ​ ហេតុ​អ្វី? ​វា​សម្រាប់​ពេល​អនាគត។​ ​វាអាច​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ទៀត។​ ​តើ​យើង​ត្រូវ​ការ​កង​កម្លាំង​យោធា​ចិន​មក​ធ្វើ​អ្វី?​ អាច​ប្រាប់​ខ្ញុំ​បាន​ឬ​អត់? ខ្ញុំ​អាច​ធានា​នឹង​អ្នក​ថា​យើង​មិន​មែន​ជា​ប្រទេស​ក្នុង​នយោបាយ​ភូមិសាស្ត្រ​នោះ​ទេ!​ ​ប៉ុន្តែ​យើង​ជា​ប្រទេស​ ​ភូមិសាស្ត្រ​សេដ្ឋ​កិច្ច។​ ​ពលរដ្ឋ​របស់​យើង​ជា​ច្រើន​បាន​ស្លាប់​ដោយ​សារ​តែ​នយោបាយ​ភូមិសាស្ត្រ។​ ​សូម​ឱ្យ​មនុស្ស​ទំាង​នោះ​រីករាយ​ជា​មួយ​វា​ទៅ។​ ​ទៅចុះ​ទៅ​ធ្វើ​ដាក់​ប្រទេស​ផ្សេង​ទៀត​ទៅ។​ តែ​ប្រទេស​នេះ​មិន​អនុញ្ញាត​នោះ​ទេ»។​

រូបឯកសារ៖ រថយន្តដឹកអ្នកកាសែតបើកលើផែកប៉ាល់ចម្បាំងក្នុងអំឡុងទស្សនកិច្ចពិសេសមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
រូបឯកសារ៖ រថយន្តដឹកអ្នកកាសែតបើកលើផែកប៉ាល់ចម្បាំងក្នុងអំឡុងទស្សនកិច្ចពិសេសមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

យ៉ាង​ហោច​ណាស់​នា​ពេល​បច្ចុប្បន្ន​ ​មិនសូវ​មាន​ភ្ញៀវទេសចរ​ ​ស្នាក់នៅ​ក្នុង​កន្លែង​លំហែ​កាយ​នេះទេ។​ ​ពេល​ដែល​យើង​ទៅ​ទស្សនា​ ​តារា​សាគរ​ក្នុង​ខែ​សីហា​ ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កន្លែង​លំហែ​កាយ​នោះ​ ​សុទ្ធតែ​ជាអ្នក​វិនិយោគិន​ចិន​ដែល​ស្វែង​រក​ឱកាស​ពាណិជ្ជកម្ម​នៅ​ទីនោះ​ និង​អ្នក​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ ​Union Development ​Group​ ​ឬ​ក៏​អ្នក​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នា​នា។ យើង​មិនបាន​ឃើញ​ភ្ញៀវ​ទេសចរ​កម្ពុជា​ទេ ​លើកលែង​តែ​អ្នក​ដែល​ត្រូវ​បាន​គេ​ជួល​ឱ្យ​ធ្វើ​ការ​ក្នុង​កន្លែង​លំហែកាយ​ ​រួមទាំង​ចុងភៅ​ ​អ្នក​រត់តុ​ក្នុង​ភោជនីយ​ដ្ឋាន​នៅ​ក្នុង​សណ្ឋាគារ​តារា​សាគរ​ ​ហើយ​នឹង​អ្នក​ចែក​សន្លឹក​បៀរ​ នៅ​ក្នុងកាស៊ីណូ។

ក្រៅ​ពី​ការ​ព្រួយ​បារម្ភ​រឿងភូមិសាស្ត្រ​នយោបាយ ​គម្រោង​ដ៏​ធំ​នេះ​ក៏​ត្រូវ​បាន​ជួប​ប្រទះ​នឹង​ការប្តឹង​ផ្តល់​ពី​ពល​រដ្ឋ​មូលដ្ឋាន​ផងដែរ។​ ​ពួក​គេ​ថា​ក្រុមហ៊ុន​ចិន​នេះ​ ​«បាន​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​គេ»។​ ​កាល​ពីថ្ងៃ​ទី២១​ខែសីហា​ ​ពល​រដ្ឋ​កម្ពុជា​មួយ​ក្រុម​បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ។

​ការ​សង្ស័យ​និង​ការតវ៉ា​ហាក់​មិន​បាន​ធ្វើ​ឱ្យ​ដំណើរ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​យឺតយ៉ាវ​នោះ​ទេ​ លើកលែង​តែ​ការ​សាងសង់​អាកាស​យាន​ដ្ឋាន។

​នៅ​មិន​ឆ្ងាយ​ពី​ការិយាល័យ​កណ្តាល​នៃ​ក្រុមហ៊ុន ​Union Development​ ​Group​ ក្នុង​តំបន់​តារា​សាគរ​ ជនជាតិចិន​ជា​ច្រើន​អ្នក​កំពុង​ធ្វើ​ការ​សាងសង់​សណ្ឋាគារ​សាគរ​អន្តរជាតិ​ ​(Sakor International Hotel)​ ​ដែល​ជា​គម្រោង​១​ ​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍ​អចលន​ទ្រព្យ​ជា​ច្រើន​ ​ក្នុង​តំបន់​វិនិយោគ​ ​ដែលកំពុង​មាន​ដំណើរ​ការ​ជាបន្ត ​ទោះ​ជា​ក្នុង​រដូវ​ភ្លៀង​ក៏​ដោយ។

​បដា​ព័ត៌មាន​នៅ​ក្នុង​ការដ្ឋាន​សាងសង់​អាកាស​យានដ្ឋាន​សរសេរ​ថា​ ​អាកាស​យាន​ដ្ឋាន​ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ ​២០០​លាន​ដុល្លារ​ ​គ្រប់​ដណ្ដប់​ផ្ទៃ​ដី​ប្រមាណ​ ​៥,៥០០​ម៉ែត្រការ៉េ​ ​នឹង​គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ខែ​ឧសភា​ឆ្នាំ​ក្រោយ។​ ​គោល​ដៅ​ចម្បង​របស់​អាកាស​យានដ្ឋាន​នេះ​គឺ​សម្រាប់​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​ដើម្បី​ចូល​មក​ទស្សនា​កន្លែង​លំហែកាយ​ឬ​ក៏​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា។​ ​អាកាស​យានដ្ឋាន​នេះ​អាច​ទទួល​យន្ត​ហោះ​ធំៗ​ប្រភេទ​ប៊ូអ៊ីង​(Boeing)​៧៧៧​ ឬ​ ៧៨៧​ ​និង​ អ៊ែប៉ើស​ (Airbus)​ ៣៤០-៦០០។​ ​គម្រោង​របស់​ក្រុម​ហ៊ុន​ថា​អាកាស​យាន​ដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​ដល់​ទៅ៧៥០​ពាន់​នាក់​ នៅឆ្នាំ​២០៣០​ ​និង​៤,៤លាននាក់​ក្នុង​ឆ្នាំង​២០៥០។​

​កញ្ញា​ Jin​ នៃ​ក្រុម​ហ៊ុន​ Union Development​ Group​ ​និយាយ​ថា​មិន​មាន​សកម្មភាព​សាងសង់​ណា​មួយ​កើត​ឡើង​នោះ​ទេ​ ​នៅ​ក្នុង​ការ​ដ្ឋានសាងសង់​អាកាស​យានដ្ឋាន​ ​ដោយ​សារ​ពេល​នេះជា​រដូវ​វស្សា៕

​(រាយការណ៍​បន្ថែម​ដោយ​ អ្នក​យក​ព័ត៌មាន​ ​VOA Khmer ក្នុង​រាជធានី​ភ្នំពេញ​ ​ស៊ុន ណារិន​ ​ផន បុប្ផា​ ​ខាន់ សុគុំមនោ​ ​និង​ ​សឹង សុផាត)​

​ប្រែសម្រួល​ដោយ​ លោក​ ​នៅ វណ្ណារិន

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG