ក្រុមអាជ្ញាធរនៅខេត្តកោះកុងបានរារាំងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ ដែលនៅជាប់គាំងក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ មិនឲ្យធ្វើដំណើរមកកាន់រាជធានីភ្នំពេញ តវ៉ារកដំណោះស្រាយជាថ្មីម្តងទៀត ទោះបីមានការសន្យាពីរដ្ឋាភិបាលថា នឹងរកដំណោះស្រាយជូនពួកគាត់ក៏ដោយ។ នេះបើយោងតាមការអះអាងរបស់ពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសន្យារកដំណោះស្រាយដល់ប្រជាពលរដ្ឋចំនួន៣១៦គ្រួសារនៅក្នុងស្រុកចំនួនពីរគឺ ស្រុកស្រែអំបិល ស្រុកបទុមសាគរ ខេត្តកោះកុងដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co., Ltd និង Koh Kong Sugar Industry Co., Ltd។ ការសន្យានោះកើតមានឡើង បន្ទាប់ពីមានការប៉ះទង្គិចរវាងពលរដ្ឋជាង២០០នាក់ជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច និងកងសន្តិសុខក្នុងរាជធានីដែលបានកើតឡើងកាលពីខែឧសភាកន្លងទៅ។
លោក ឱម ផុន វ័យ ៦៥ឆ្នាំ ពលរដ្ឋមកពីឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ថ្លែងថា អាជ្ញាធរមិនបានប្រើពាក្យគំរាមកំហែងទេ ហើយពួកគេថា ថ្នាក់ដឹកនាំខេត្ត និងស្រុកនឹងរកដំណោះស្រាយ តែពលរដ្ឋមិនព្រម ហើយបានបន្តដំណើរដោយថ្មើរជើងមកទីក្រុងភ្នំពេញ។ លោកបានបន្តថា ប្រជាពលរដ្ឋខ្លះបានឡើងជិះរថយន្តមករាជធានីភ្នំពេញដោយសារការនឿយហត់ និងមានកូនក្មេងមកជាមួយ។
«គាត់មាន អត់មានគំនាបអីប៉ុន្មានទេ គ្រាន់ដូចថា គាត់តាមមកការពារអីចឹង ហើយក៏ខាងអភិបាលស្រុក ហើយនិងអភិបាលរងខេត្តមកចរចាថា ឲ្យបកទៅវិញទៅ ដើម្បីរកដំណោះស្រាយឲ្យ ហើយឲ្យគោលបំណងយើងចង់បានពីរ៖ ដី២ហិកតា លុយ៣០០០[ដុល្លារ]ហ្នឹង។ ប៉ុន្តែអត់មានលក្ខខណ្ឌកិច្ចសន្យា ដល់អីចឹង គាត់អត់ទទួលយកបាន។ គាត់ចេះតែដើរមកទៀតមកនែ៎»។
ពលរដ្ឋរងគ្រោះដីធ្លីរូបនេះរៀបរាប់បន្ថែមថា ការតស៊ូដើម្បីរកដំណោះស្រាយដីធ្លីនេះគឺមានដើម្បីទទួលបានទុនបន្ថែមដើម្បីចិញ្ចឹមជីវិតទៅថ្ងៃខាងមុខទៀត។
«ខ្ញុំទាំងអស់គ្នា ៣០២គ្រួសារហ្នឹង ចង់បានសំណងដូចជាដី២ហិកតា ហើយនិងសំណងបន្ថែម ៣០០០ដុល្លារដើម្បីចិញ្ចឹមជីវិត ហើយប្រកបអាជីវកម្មចិញ្ចឹមជីវិតកូនចៅជំនាន់ក្រោយហ្នឹង ក្មួយ»។
ការបញ្ជាក់របស់មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុងបានឲ្យដឹងថា នៅម៉ោង២រំលងអធ្រាត្រ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋសហគមន៍ជីខ៣០២គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយ បានប្រមូលផ្តុំគ្នាទៅតវ៉ានៅភ្នំពេញសាជាថ្មី ដោយជួលរថយន្តចំនួន១០គ្រឿង មានគ្នាសរុបប្រហែល៣០០នាក់។ ក៏ប៉ុន្តែភ្លាមៗនោះ មានមន្ត្រីកងរាជអាវុធហត្ថ ប្រហែល១០នាក់ ដឹកនាំដោយលោក សួន ស៊ីថា អភិបាលរងស្រុកស្រែអំបិល បានឃាត់ឡាននៅចំណុចភូមិអូរជ្រៅ ជិតផ្លូវបំបែកទៅផ្លូវជាតិលេខ៤។ តំណាងប្រជាពលរដ្ឋមិនហ៊ានឡើងទៅតវ៉ាទេ ដោយសារមានការគំរាមកំហែងពីអាជ្ញាធរ ដែលបានឃ្លំាមើលនៅជិតផ្ទះ។
លោក ហ៊ួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុងថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការឡើងមកតវ៉ាជាថ្មីរបស់ក្រុមពលរដ្ឋមានចំនួន៣០២គ្រួសារនេះធ្វើឡើង បន្ទាប់ពីក្រុមការងារខេត្ត កាលពីសប្តាហ៍មុន បានជួបប្រជុំជាមួយពលរដ្ឋនៅឃុំជីខលើ ចំនួន១៧៥គ្រួសារ និង២០០គ្រួសារផ្សេងទៀត ដោយបានធ្វើការកំណត់ទីតាំងដើម្បីរៀបចំវាស់វែងដីបែងចែកជូនក្រុមទាំងពីរនេះ។ លោកមានប្រសាសន៍បន្ថែមថា ការណ៍នេះធ្វើឲ្យក្រុមប្រជាពលរដ្ឋចំនួន៣០២គ្រួសារនេះខកចិត្ត និងអស់សង្ឃឹម ហើយក៏ផ្តើមគំនិតតវ៉ាម្តងទៀត។ លោកបានបន្តថា ការតវ៉ាដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរស្រុកស្រែអំបិល មិនបានបង្កការប៉ះទង្គិចគ្នាទេ តែលោកថា ការឃាត់ឃាំងមិនគួរកើតមាននោះឡើយ។
«រូបភាពការឃាត់នេះ ទោះបីជាគ្មានហិង្សាកើតឡើងក៏ដោយ ប៉ុន្តែវាជារូបភាពមួយដែលធ្វើការបំបិទសិទ្ធិសេរីភាពរបស់គាត់ ក្នុងការស្វែងរកដំណោះស្រាយ។ ដោយសារតែគ្មានជំនឿលើអាជ្ញាធរខេត្ត ទើបពួកគាត់សម្រេចចិត្តឡើងទៅភ្នំពេញ។ អីចឹងអាជ្ញាធរខេត្ត ដើម្បីឲ្យពួកគាត់មានការទុកចិត្ត បញ្ឈប់ការឡើងទៅតវ៉ានៅភ្នំពេញ គឺត្រូវបង្ហាញអំពីឆន្ទៈដោយស្មោះត្រង់ ក្នុងការដោះស្រាយជម្លោះជូនពួកគាត់។ កុំបានតែសន្យា ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ មូលហេតុនេះ ហើយដែលធ្វើឲ្យពួកគាត់បាត់ទំនុកចិត្តទៅលើអាជ្ញាធរខេត្ត»។
លោក សួន ស៊ីថា អភិបាលរងស្រុកស្រែអំបិល បដិសេធមិនផ្តល់ការអធិប្បាយដោយលោកជាប់ប្រជុំ។ នៅមុនពេលដាក់ទូរស័ព្ទ លោកបានថ្លែងនៅល្ងាចថ្ងៃច័ន្ទនេះយ៉ាងដូច្នេះ៖
«បាទ ខ្ញុំជាប់រវល់បន្តិច។ ជាប់រវល់»។
ឆ្លើយតបនឹងវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ តាមអត្ថន័យដើមថា៖
«ដោយយោងលិខិត...របស់រដ្ឋបាលខេត្តកោះកុង ចុះថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៨ សំណូមពររបស់ក្រុមប្រជាពលរដ្ឋ៣១៦គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ស្រុកបទុមសាគរ ខេត្តកោះកុង និងសំណូមពររបស់ក្រុមប្រជាពលរដ្ឋ១៧០គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co., Ltd. និង Koh Kong Sugar Industry Co., Ltd. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាត់ក្រុមការងារចុះសហការជាមួយក្រុមការងាររបស់អាជ្ញាធរខេត្តកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់និងដីពាក់ព័ន្ធនឹងករណីវិវាទខាងលើ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨រហូតរួចរាល់ជាស្ថាពរឈានទៅដោះស្រាយបញ្ចប់»។
ក្នុងសំណុំរឿងវិវាទដីធ្លីដដែលនេះ រដ្ឋាភិបាលបានផ្តល់ដំណោះស្រាយជូនប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារ កាលពីថ្ងៃទី២២ ខែមីនា។ ដំណោះស្រាយដែលបានផ្តល់ជូននោះ រួមមានដីទំហំពី១,៥ហិកតាដល់៣ហិកតា និងថវិកាចំនួន២៥០០ដុល្លារ ក្នុងមួយគ្រួសារ។
ដំណោះស្រាយនោះត្រូវបានធ្វើឡើងទៅតាមស្ថានភាពនៃជម្លោះរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ដែលមន្ត្រីសិទ្ធិមនុស្ស និងក្រុមតំណាងប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុនទាំងពីរនេះ ដើមឡើយជាកម្មសិទ្ធិរបស់លោកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា៕