ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​ខ្មែរ​ឡាយ​ព្រះ​ហត្ថលេខា​ ​ដាក់​ឱ្យ​ប្រើ​ប្រាស់​វិសោធន​កម្ម​​ច្បាប់​បែងចែក​អាសនៈ​របស់​បក្ស​​​ដែល​ត្រូវ​រំលាយ


រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ក្នុងឱកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ក្នុងឱកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំងបួន​នេះ​ ​បាន​ប្រកាស​ឲ្យ​ប្រើ​ត្រឹម​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន បាន​បញ្ជូន​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ទៅ​រដ្ឋ​សភា​ កាលពី​ថ្ងៃ​ទី​៩​ ​ខែ​តុលា​នេះ។

ព្រះមហាក្សត្រ​ព្រះបាទ​ ​នរោត្តម​ សីហមុនី​ ​បាន​សម្រេច​ឡាយ​ព្រះ​ហត្ថលេខា​លើ​វិសោធន​កម្មច្បាប់​ចំនួន​បួន​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ដែល​កំណត់​ឲ្យ​មាន​ការ​បែង​ចែក​អាសនៈ​របស់​គណបក្សដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេងទៀត​ ​ស្រប​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច។​

​ព្រះ​រាជ​ក្រម​ចំនួន​បួន​ដែល​ឡាយ​ព្រះ​ហត្ថលេខា​ ដោយ​ព្រះ​មហាក្សត្រ​ ​ព្រះ​បាទ​នរោត្តម​ សីហមុនី នៅ​ថ្ងៃ​ទី​២៥ ​ខែ​តុលា​ ​ឆ្នាំ​២០១៧ ​ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ល្ងាច​ថ្ងៃពុធ​នេះ​ បង្ហាញ​ថា​ ​ព្រះ​មហា​ក្សត្រ ​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន រួម​មាន ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ​ខេត្ត ក្រុង ស្រុក ខណ្ឌ។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំងបួន​នេះ​ ​បាន​ប្រកាស​ឲ្យ​ប្រើ​ត្រឹម​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន បាន​បញ្ជូន​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ទៅ​រដ្ឋ​សភា​ កាលពី​ថ្ងៃ​ទី​៩​ ​ខែ​តុលា​នេះ។

ក្រោយ​មក​រដ្ឋសភា​ ​ព្រឹទ្ធសភា​ ​និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​អនុម័ត​ជា​បន្តបន្ទាប់​យ៉ាង​ប្រញាប់​ប្រញាល់ ​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង និង​ដោយ​គ្មាន​ការ​ពិភាក្សា។

ក្រោយ​ការ​ឡាយ​ព្រះ​ហត្ថលេខា​របស់​ព្រះ​មហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ជា​ការ​ប្រញាប់​ ​ច្បាប់​ទាំង​បួន​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ពេល​នេះ​តទៅ។

វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ទាំង​បួន​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ ​ធ្វើឡើង​ដើម្បី​ត្រៀម បែង​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នៅ​ក្នុង​រដ្ឋសភា​ ​និង​តាម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ប្រសិន​បើ​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តាម​ការ​ប្ដឹង​របស់​ក្រសួង​មហាផ្ទៃ​ដោយ​ចោទ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ។

ក្រុម​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​សង្គម​ ​និង​នយោបាយ​យល់​ថា​ ​វិសោធនកម្ម​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​កាន់អំណាច​ ​ដើម្បី​បែងចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ចោល​ ​ហើយ​យក​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​នោះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ​ជា​ពិសេស​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សង្គម​កម្ពុជា​ឈាន​ទៅ​រក​ការ​បែកបាក់។

អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​ក៏​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជុំវិញ​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​ថា​ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នេះ​ ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។

ទោះជា​យ៉ាង​ណា​ ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​ឆ្លើយ​តប​ថា​ ​ពួកគេ​មិន​យកចិត្ត​ទុក​ដាក់​ចំពោះ​ការ​រិះគន់​ ​ឬ​ការ​ព្រមាន​ណា​មួយ​នោះ​ទេ​ ​ហើយ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ច្បាប់​ស្រប​តាម​ប្រទេស​នីតិរដ្ឋ៕

XS
SM
MD
LG