អ្នកស្រី ហែម សាវី មេឃុំអូររៃ មកពីគណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងជាសាច់ថ្លៃនឹងគ្នាជាមួយជំទប់ទីមួយរបស់ឃុំមកពីគណបក្សសង្រ្គោះជាតិគឺលោក ម៉ែន សារ៉ន។
ក្មួយប្រុសរបស់អ្នកស្រីមេឃុំបានរៀបការជាមួយកូនស្រីរបស់លោក ម៉ែន សារ៉ន កាលពីជាង១០ឆ្នាំមុន។ ពួកគេនិយាយថា ភាពខុសគ្នាខាងនិន្នាការនយោបាយ មិនមែនជាបញ្ហាសម្រាប់ពួកគេនោះទេ។
អ្នកស្រី ហែម សាវី បានថ្លែងប្រាប់ VOA ថា៖ «អារម្មណ៍អត់មាននឹកឃើញគណបក្សអីទេ នឹកឃើញថាប្រជាពលរដ្ឋធម្មតា រាប់អាន បងប្អូនធម្មតា អត់មានគិតរឿងគណបក្សអីទេ រឿងគ្រួសារដោយឡែក»។
អ្នកស្រីបានថ្លែងបែបនេះ ខណៈកំពុងអង្គុយទល់មុខគ្នានឹងជំទប់ទីមួយមកពីគណបក្សសង្គ្រោះជាតិ នៅសាលាឆទានមួយ ជាប់នឹងផ្លូវលំមួយ តាមបណ្ដោយទន្លេមេគង្គ ដើម្បីជួយសម្រួលឯកសារចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ។
នៅពេលសួរសំណួរ អ្នកស្រី សាវី អាយុ៦៦ឆ្នាំ និងលោក សារ៉ន អាយុ៧៦ឆ្នាំ បានញញឹមនិងសើចដាក់គ្នា ហើយលើកឡើងថា ពួកគេពីមុនមក ជាអ្នកភូមិជាមួយគ្នា ហើយទំនាក់ទំនងនេះកាន់តែមានភាពសិទ្ធស្នាល បន្ទាប់ពីពួកគេបានក្លាយជាបងប្អូនសាច់ថ្លៃនឹងគ្នា កាលពីជាង១០ឆ្នាំមុន។
ពួកគេបាន និងកំពុងធ្វើការជាមួយគ្នាជាង១៥ឆ្នាំមកហើយ នៅសាលាឃុំអូររៃ ក្នុងស្រុកថាឡាបរិវ៉ាត់ ដោយពួកគេបានសរសើរពីការសហការគ្នាល្អទៅវិញទៅមក ដោយមិនមានការប្រកាន់និន្នាការនយោបាយខុសគ្នានោះទេ។
មេឃុំរូបនោះបានថ្លែងប្រាប់ VOA ថា៖ «ពេលយើងបោះឆ្នោត យើងប្រកួតលើសង្វៀន ពេលណាជាប់ឆ្នោតហើយ យើងមិនគិតគណបក្សនេះ គណបក្សនោះទេ ធ្វើម៉េច គឺបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ គិតតែរឿងអភិវឌ្ឍន៍ មិនប្រកាន់គណបក្សនេះ មិនប្រកាន់គណបក្សនោះ មិនប្រកាន់ទេចាស»។
ការលើកឡើងរបស់អ្នកស្រី ក៏ត្រូវបានបញ្ជាក់ដូចគ្នា ដោយជំទប់ទីមួយមកពីគណបក្សប្រឆាំងផងដែរ។
លោក សារ៉ន បានថ្លែងថា៖ «គ្មានប្រឆាំងជាមួយគ្នាអីម្តងណាទេ ចូលធ្វើការងារល្អូកល្អើន ខ្ញុំហ៊ានអួតប្រាប់ឃុំដទៃទៀត ក្នុងប៉ុន្មានឃុំទាំងអស់ គ្មានឃុំណាល្អដូចឃុំអញ អញប្រាប់ ដូចបងប្អូនបង្កើតរាល់ថ្ងៃនេះ»។
ទោះជាយ៉ាងណា នៅក្នុងប៉ុន្មានខែខាងមុខនេះ ពួកគេទំនងជាមិនអាចធ្វើការជាមួយគ្នាទៀតទេ ដោយសារជំទប់ទីមួយមកពីគណបក្សសង្គ្រោះជាតិនឹងត្រូវដកហូតតំណែង ដោយសារគណបក្សប្រឆាំង កំពុងប្រឈមនឹងការរំលាយនៅពេលខាងមុខ តាមបណ្ដឹងរបស់រដ្ឋាភិបាលទៅតុលាការកំពូល។ តុលាការកំពូលកំពុងពិនិត្យមើលសំណុំរឿងនេះ ខណៈលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានចោទប្រកាន់ថា ធ្វើអំពើក្បត់ជាតិ ក្នុងគម្រោងផ្ដួលរំលំរដ្ឋាភិបាល ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។
ស្របពេលនឹងការប្រឈមការរំលាយនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាក៏បានធ្វើវិសោធនកម្មច្បាប់មួយចំនួន ទាក់ទងនឹងការបែងចែកអាសនៈរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ប្រសិនបើគណបក្សមួយត្រូវបានរំលាយ។
គម្រោងរំលាយគណបក្សប្រឆាំង ដែលត្រូវបានមើលឃើញថាជាដំណើរមួយ ដើម្បីរក្សាអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប៉ះពាល់ក្រុមប្រឹក្សាឃុំសង្កាត់ ជាង៥ពាន់នាក់ មកពីគណបក្សសង្គ្រោះជាតិ ដែលពួកគេត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ គណបក្សប្រឆាំងបានទទួលតំណែងមេឃុំចៅសង្កាត់ចំនួន៤៨៩ ដែលមានកំណើនជាង១០ដង បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១២។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រាប់ VOA ថា តំណែងក្រុមប្រឹក្សារបស់គណបក្សសង្រ្គោះជាតិនៅថ្នាក់ក្រោមជាតិ នឹងបានទៅគណបក្សប្រជាជនកម្ពុជាទាំងអស់។
មេឃុំអូររៃ អ្នកស្រី ហែម សាវី បានលើកឡើងថា អ្នកស្រីមានអារម្មណ៍អាណិតជំទប់ទីមួយ ប្រសិនបើលោកត្រូវបានដកចេញពីតំណែង។ ទោះជាយ៉ាងណា អ្នកស្រីថា នេះជាការសម្រេចរបស់ថ្នាក់ដឹកនាំខាងលើ ដែលអ្នកស្រីត្រូវតែធ្វើតាម។
អ្នកស្រីបានថ្លែងថា៖ «និយាយទៅសម្រាប់ខ្ញុំ ខ្ញុំនៅខាងប្រជាជន ប៉ុន្តែខ្ញុំរឿងពាក់ព័ន្ធរឿងនេះ ខ្ញុំអត់ចូលចិត្តស្ដាប់ ដូចថារឿងជម្លោះផ្សេងៗ ខ្ញុំចូលចិត្តស្តាប់តែរឿងល្អៗ អានោះជារឿងបក្សនយោបាយ ខ្ញុំអត់សូវគិតគូអីទេ គិតធម្មតា»។
ជំទប់ទីមួយមកពីគណបក្សប្រឆាំង លោក ម៉ែន សារ៉ន បានថ្លែងថា លោកមិនជឿថា មេដឹកនាំរបស់លោក និងគណបក្សផ្ទាល់ ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះទេ។ លោកបញ្ជាក់ថា កន្លងទៅ គណបក្សតែងតែណែនាំធ្វើយ៉ាងម៉េចឲ្យឈ្នះការបោះឆ្នោតសាកលនៅឆ្នាំ២០១៨។ ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា លោកនឹងរង់ចាំចំណាត់ការថ្នាក់លើ។
លោកបានថ្លែងថា៖ «ហ្អេ រំលាយអស់បក្ស ធ្វើម៉េច រំលាយទៅ ខ្ញុំនៅផ្ទះប៉ុណ្ណោះឯង។ ដូចខ្ញុំជម្រាបលោកគ្រូមិញថា ចាំមើលតែថ្ងៃណា គេប្រកាសថា អស់សុពលភាពហើយ វេចសៀវភៅមកផ្ទះ ឈប់ចូលសាលាឃុំ»។
លោកបញ្ជាក់បន្ថែមថា៖ «យើងនៅថ្នាក់ក្រោមជាតិ យើងមិនអាចដោះស្រាយអីចេញទេ ចាំស្ដាប់តែគេប៉ុណ្ណោះទេ។ អារម្មណ៍ក្នុងខ្លួនថាវាមិនគួរឲ្យមានបាក់បែក»។
ជំទប់រូបនោះលើកឡើងថា លោកនឹងឈប់ពីនយោបាយ ប្រសិនបើលោកត្រូវបានដកចេញពីតំណែងនាពេលខាងមុខ ដោយសារលោកមានវ័យចំណាស់ទៅហើយ។
ការដកតំណែងនេះ ក៏នឹងប៉ះពាល់ដល់ចំណូលរបស់លោកផងដែរ ដែលលោកអាចទទួលបានប្រាក់ឧបត្ថម្ភ៦៥ម៉ឺនរៀលក្នុងមួយខែ។
មេឃុំអូររៃ អ្នកស្រី ហែម សាវី បានលើកឡើងថាអ្នកស្រីបានគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីដើមឡើយ ដោយសារអ្នកស្រីយល់ថាជាការដឹងគុណ ដែលគណបក្សនេះ បានរំដោះកម្ពុជាចេញពីសង្រ្គាម គឺការរំដោះចេញពីរបប ប៉ុល ពត ដែលបានសម្លាប់ប្រជាជនខ្មែរប្រមាណ១លាន៧សែននាក់។
អ្នកស្រីបញ្ជាក់ថា ទោះមានរឿងអ្វីកើតឡើង ក៏អ្នកស្រីនៅតែគាំទ្រ និងស្រឡាញ់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ចំណែកលោក សារ៉ន វិញ បានគាំទ្រគណបក្សសង្រ្គោះជាតិ តាំងពីឆ្នាំ១៩៩៤ ដោយសារលោកចង់បានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
នៅក្នុងខេត្តស្ទឹងត្រែង គណបក្សសង្រ្គោះជាតិឈ្នះបានតែឃុំចំនួន១ប៉ុណ្ណោះ ហើយ៣៣ឃុំដែលនៅសល់ បានទៅគណបក្សប្រជាជនកម្ពុជា។ សមាជិកក្រុមប្រឹក្សាចំនួន២៩នាក់របស់គណបក្សសង្រ្គោះជាតិនៅទូទាំងខេត្តស្ទឹងត្រែង នឹងត្រូវដកហូតតំណែងនៅពេលខាងមុខ ហើយតំណែងទាំងនោះនឹងបានទៅគណបក្សប្រជាជនកម្ពុជា។
សម្រាប់ឃុំអូររៃដែលមាន៥អាសនៈ គណបក្សប្រជាជនកម្ពុជាទទួលបាន៣អាសនៈ គណបក្សសង្រ្គោះជាតិទទួលបាន១អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលបាន១អាសនៈ។
សម្តេចក្រុមព្រះបានមានព្រះបន្ទូលប្រាប់អ្នកសារព័ត៌មានកាលពីកន្លងទៅថា ព្រះអង្គនឹងធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា ហើយនឹងទទួលយកអាសនៈសភារបស់គណបក្សសង្រ្គោះជាតិ ដែលអាចទទួលបាន៤១អាសនៈ ប្រសិនបើគណបក្សមួយនេះត្រូវបានរំលាយនាពេលខាងមុខ។
លោក ឡុង សុផាត អាយុ៥០ឆ្នាំ ជំទប់ទី២នៃឃុំអូររៃ មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលទើបតែជាប់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ មានប្រសាសន៍ថា ក្រុមប្រឹក្សាទាំងបីគណបក្សបានធ្វើការជាមួយគ្នា ដោយការសហការគ្នាល្អ ហើយលោកមិនចង់បាត់បង់នរណាម្នាក់នោះទេ។
លោកមានប្រសាសន៍ថា៖ «មានភាពល្អូកល្អើន ចាប់ដៃរួមគ្នាធ្វើដំណើរធម្មតា។ យល់ថានឹកឃើញអាណិតដែរ សោកស្ដាយដែរ ក្នុងចិត្តខ្ញុំ នឹកឃើញអាណិតអ្នកដែលឈរឈ្មោះ បានជាជំទប់លេខ១ អាណិតដែរ សោកស្តាយដែរ»។
លោក សុផាត បានឈរឈ្មោះនៅក្នុងឃុំ តពីឪពុករបស់លោក ដែលបានធ្វើជាសមាជិកឃុំ១៥ឆ្នាំមកហើយ តែលោកបានទទួលមរណភាព កាលពីខែមីនាឆ្នាំនេះ។
លោក សុផាត បញ្ជាក់ថា ការដកតំណែងក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិ នឹងប៉ះពាល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តែលោកហាក់មិនចង់បញ្ចេញយោបល់ច្រើនលើបញ្ហានេះ ដោយសារលោកជាមន្រ្តីថ្នាក់ក្រោមជាតិ។
ទាក់ទងនឹងការប្រកាសរបស់សម្តេចក្រុមព្រះ ក្នុងការទទួលយកអាសនៈសភារបស់បក្សប្រឆាំង លោក សុផាត បានលើកឡើងហាក់ស្ទាក់ស្ទើរថា មិនគួរទទួលយកនោះទេ។ លោកបានថ្លែងថា៖ «បើសិនជាគេធ្វើចំពោះខ្ញុំ ក៏ខ្ញុំមិនសូវពេញចិត្តដែរ»។
កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីក្តីបារម្ភចំពោះស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពេលរដ្ឋសភាជាតិបានអនុម័តវិសោធនកម្មច្បាប់ចំនួនបួន ពាក់ព័ន្ធនឹងការបោះឆ្នោត។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយ នោះនឹងដកហូតសិទ្ធិប្រជាពលរដ្ឋរាប់លាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧។
ស្ថិតនៅចម្ងាយប្រហែល១២គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង តាមបណ្តោយដងទន្លេមេគង្គ ឃុំអូរៃ មាន៣ភូមិ ដែលប្រជាជនភាគច្រើនរស់នៅពឹងផ្អែកលើការធ្វើស្រែចម្ការ។
កំពុងអង្គុយមុខផ្ទះនាព្រឹកមួយ អ្នកនាង ថេត ស៊ីវ៉ន អាយុ២៥ឆ្នាំ មានមុខរបរជាអ្នកធ្វើចម្ការម្នាក់ លើកឡើងថា អ្នកនាងមិនចង់ឲ្យមានការដកតំណែងជំទប់ទីមួយនោះទេ ដោយសារអ្នកនាងបានបោះឆ្នោតជូនគាត់ឲ្យជួយដឹកនាំឃុំ រួចទៅហើយ។
អ្នកនាងមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ខ្ញុំថាឲ្យគាត់នៅដដែល តាមចិត្តខ្ញុំ ព្រោះគាត់ស្រឡាញ់ប្រជាជនខ្លាំងណាស់ ប្រសិនបើគេទម្លាក់គាត់ចោល ខ្ញុំនៅតែអន់ចិត្ត ប្រសិនបើគេនៅបោះឆ្នោត ខ្ញុំនៅតែបោះយកគាត់ដដែល»។ អ្នកនាង ក៏ចង់ឲ្យគណបក្សសង្រ្គោះជាតិបង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។
ពលរដ្ឋម្នាក់ទៀត លោកស្រី ផៃ ឃីន អាយុ៤៥ មានមុខរបរជាអ្នកធ្វើចម្ការ មានប្រសាសន៍លោកស្រីចង់ឲ្យគណបក្សសង្រ្គោះជាតិអាចចូលរួមការបោះឆ្នោតសាកលបាននៅឆ្នាំក្រោយនេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «បើចិត្តខ្ញុំវិញ អត់ចង់ឲ្យគេបំបាត់គណបក្សសង្រ្គោះជាតិហ្នឹងទេ ចង់ឲ្យគាត់បន្តរហូត»៕