ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះ​មហាក្សត្រ​យាង​ចេញ​ពី​កម្ពុជា​​ពេល​វិបត្តិ​នយោបាយ​មិនទាន់​ដោះស្រាយ

  • ហេង រស្មី

ព្រះមហា​ក្សត្រ​នរោត្តម​សីហមុនី​​ចូលរួម​ពិធី​សម្ពោធន៍​វិមាន​សន្តិភាព។
ក្នុង​ខណៈ​ពេល​ដែល​ទាហាន​រដ្ឋាភិបាល​ និង​រថពាស​ដែកបាន​ដាក់​ពង្រាយ​ក្បែរៗ​ជាយ​ក្រុង​ភ្នំពេញ ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម​សីហមុនី​ និង​សម្តេច​ម៉ែ​ នៅថ្ងៃ​ច័ន្ទ​នេះ ​បាន​យាងចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ​ដើម្បី​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព។ ​នេះបើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​ព្រះរាជ​សារ​របស់​ព្រះ​អង្គ។​

ដំណើរ​យាងចាក​ចេញ​របស់​ព្រះ​មហាក្សត្រ​បាន​កើត​ឡើង​ក្រោយ​ពី​ព្រះ​អង្គបាន​ចេញ​ព្រះ​រាជសារ​មួយ​ កាល​ពី​សប្តាហ៍​មុន ​ដោយ​អំពាវ​នាវ​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​ត្រួតត្រា​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​បន្ត​ពិភាក្សា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ ចំពោះ​ការ​វិវាទ​ ឬ​បញ្ហា​ទាំង​ឡាយ​ដែល​នៅ​សេស​សល់។​

នៅ​ក្នុង​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​ ដែល​បាន​ដែល​បាន​ផ្ញើរ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ព្រះ​អង្គ​បាន​បញ្ជាក់​ថា​ ក្រៅពី​ពិនិត្យ​ព្រះ​រាជ​សុខភាព​ ព្រះ​អង្គ​នឹង​យាងចូល​រួមបើក​កីឡាយុវជន​អាស៊ី​លើក​ទី​២​នៅ​ទីក្រុង​ណាងជីង​តាម​សំណើ​របស់​រដ្ឋាភិបាល​ចិន។​

ព្រះ​មហាក្សត្រ​មិន​បាន​កំណត់​ថា​ ព្រះ​អង្គ​នឹង​គង់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប៉ុន្មាន​ថ្ងៃ​ទេ ​តែ​ព្រះ​អង្គ​បាន​សន្យា​ថា​ នឹង​យាង​មក​កាន់​មាតុប្រទេស​វិញ​នៅ​ពេល​ឆាប់ៗ​ដ៏ខ្លីខាង​មុខ​នេះ​ដើម្បី​ចូល​រួមធ្វើជា​អធិបតី​សម័យ​ប្រជុំដំបូង​នៃ​រដ្ឋសភា​និតិ​កាល​ទី​៥។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ព្រម​ទាំង​ភរិយា​របស់​លោក​ លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ សមាជិក​រាជវង្ស ​ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួនបាន​ជូន​ព្រះរាជ​ដំណើរ​យាងចាក​ចេញ​របស់​ព្រះ​អង្គ។​

ការ​យាងចាក​ចេញ​របស់​ព្រះ​មហាក្សត្រ​បាន​បង្ក​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​អំពី​ស្ថានភាព​ទូទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​បន្ទាប់​ពី​មាន​ការ​ចល័ត​កងទ័ព​ និង​រថពាស​ដែក​ជាច្រើន​គ្រឿង​ត្រូវ​បាន​ដាក់​ពង្សាយ​នៅ​ក្បែរ​ជាយ​ក្រុង​ភ្នំពេញ ​និង​នៅ​កណ្តាល​ក្រុង។​

លោក​ជាម យៀប ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ថា​ ស្ថាន​ភាព​ដាក់​ពង្រាយ​កង​ទ័ព​នេះ​មែន​គំរាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​ទេ​គឺដើម្បី​ការពារ​សន្តិសុខ​ ក្រោយ​ពេល​បោះឆ្នោត។​

លោក​បាន​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោល​ការ​សន្តិភាព ​បើទោះ​បីជា​ពុំ​មាន​វត្តមាន​ព្រះ​មហាក្សត្រ​នៅ​គង់ក្នុង​ប្រទេស​ក៏​ដោយ។​

លោក​បាន​និយាយថា៖ ​«សុឆន្ទៈរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូច​ជា​គណបក្ស​ទាំង​ឡាយ​ បាន​ន័យ​ថា​ យើង​ធ្លាប់​ធ្វើ​ការ​បោះឆ្នោត​ទទួល​បាន​សុខ​សន្តិភាព​ អត់មាន​អំពើ​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​ទេ។ ​នេះ​ជា​មោន​ភាព​មួយ​របស់​យើង​ទាំង​អស់​គា្ន​ ​ក៏ដូច​ជា​គណបក្ស​នយោបាយ​ទាំង​អស់»។​

លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​វិញ​ បាន​បញ្ជាក់​ថា​ ការ​ចល័ត​កងទ័ព​មក​កាន់​ទីក្រុង​ភ្នំពេញ​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​សួរ​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហាក្សត្រ​ទេ។​ លោក​បាន​បន្ថែម​ថា ​បើ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​ទេ​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​ឲ្យព្រះ​អង្គ​កោះប្រជុំ​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ទេ ​ពីព្រោះ​ព្រះ​អង្គ​តំណាង​ឲ្យមាន​ការ​ឯកភាព​ជាតិ។​

លោក​បាន​ឲ្យដឹងថា៖ ​«បើ​គណបក្ស​ពីរ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​គឺ​ព្រះ​អង្គ​លោក​អត់​ធ្វើការ​កោះ​អញ្ជើញ​បេក្ខជន​សភា​ដែល​ជាប់​ឆ្នោត​ចូល​ប្រជុំ​ទេ។ ​នេះ​ជា​ចំណុច​ល្អ។ ​បើ​លោក​ធ្វើ​អញ្ចឹង​ល្អ​ហើយ»។​

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នកវិភាព​ឯករាជ្យ​ បានមាន​ប្រសាសន៍​ថា​ ការ​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​របស់​ព្រះ​មហាក្សត្រ​ក្នុង​បរិបទ​សង្គម​បែបនេះ​គឺ​មិន​សមរម្យ​ទេ ​ហើយ​ព្រះអង្គ​គួរ​តែ​គង់​ក្នុង​ប្រទេស​ដើម្បី​ដោះ​ស្រាយ​វិបត្តិ។​

លោក​បាន​បញ្ជាក់​ថា៖ ​«សំខាន់​គឺនៅ​ពេល​ដែល​ប្រជារាស្រ្ត​កំពុង​ជួប​ការ​លំបាក​ ខ្ញុំ​ថា ​មេដឹកនាំ​ត្រូវ​តែ​នៅ​ជាមួយ​ប្រជារាស្ត្រ»។​

បន្ទាប់​ពីការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ លទ្ធផល​បណ្តោះ​អាសន្ន​បាន​បង្ហាញថា ​គណបក្ស​ប្រជាជនកម្ពុជា​បាន​ទទួលជ័យ​ជំនះ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ វិបត្តិ​នយោបាយ​បាន​កើត​មាន​ឡើង​ដោយ​សារ​តែមិន​មាន​ការចុះ​សម្រុង​គ្នា​ក្នុងការ​បង្កើត​គណៈកម្មការ​ពិសេស​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះឆ្នោត ​និង​ក្រោយ​ពេល​បោះឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG