ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក គីម ជុងអ៊ុន នឹង​ទទួល​បាន​មុខ​តំណែង​ថ្មី​មួយ​ដែល​កាន់​តែ​មាន​ឥទ្ធិពល​ជាង​មុន


លោក គីម ជុងអ៊ុន ដែល​ជា​មេដឹកនាំ​កូរ៉េខាងជើង​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​ទទួល​បាន​មុខ​តំណែង​ថ្មី​មួយ​​ដែល​កាន់​តែ​មាន​ឥទ្ធិពល​ជាង​មុន។

សមាជ​បក្សរបស់​គណបក្ស​កាន់​អំណាច​នៅ​កូរ៉េខាងជើង​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​គេ​រំពឹង​ថា លោក គីម ជុងអ៊ុន ដែល​ជា​មេដឹកនាំ​កូរ៉េខាងជើង​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​ទទួល​បាន​មុខ​តំណែង​ថ្មី​មួយដែល​កាន់​តែ​មាន​ឥទ្ធិពល​ជាង​មុន។​

ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​របស់រដ្ឋ​នៃ​ប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​ថា របៀបវារៈ​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃ​សៅរ៍​នេះ រួម​បញ្ចូល​ទាំង​បោះឆ្នោត​ជ្រើសរើស​លោក គីម ឲ្យ​កាន់​តំណែង​ថ្មី​ ដែល​នឹង​ទំនង​ជា​ធ្វើ​ឲ្យ​លោក​មាន​ឋានៈ​ស្មើ​នឹង​ឳពុក​និង​ជីតា​របស់​លោក ដែល​បាន​ទទួល​ងារ​ជា​អគ្គលេខាធិការ​គណបក្ស​ពលករ។ ​

បច្ចុប្បន្ន​នេះ លោក គីម​ មាន​តំណែងជា​លេខាធិការ​ទី​១ ​ហើយមុខ​តំណែង​ថ្មី​នេះគឺ​ជា​សញ្ញា​បញ្ជាក់​ដល់​ពិភពលោក​ថា លោក គីម ​ក្តាប់​អំណាច​យ៉ាងណែន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង។
របៀបវារៈ​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃ​សៅរ៍​នេះ​ក៏​រួម​បញ្ចូល​ការ​វាយតម្លៃ​ទៅ​លើ​របាយការណ៍​និង​សាវនកម្ម​នានា​ដែល​បាន​មក​ពី​គណៈកម្មាធិការ​របស់​គណបក្ស​ និងការ​ពិនិត្យ​មើល​លើ​បទបញ្ញត្តិ​នានា​របស់​គណបក្ស​ឡើងវិញ​ផង​ដែរ។

អង្គការ​ត្រួតពិនិត្យ​តាមដាន​របស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​ប្រហែល​ជា​កំពុង​តែ​ត្រៀម​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​មួយ​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។

គេហទំព័រ​៣៨​ខាង​ជើង (38 North) ដែល​ផ្តោត​លើ​រឿងរ៉ាវ​ដែល​កើតឡើង​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា រូបភាព​ផ្កាយរណប​ដែល​ចាប់​បាន​កាល​ពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​លើ​ទីតាំង​ដែល​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​បាន​បង្ហាញ​ថា រថយន្ត​នៅ​ឯ​ទី​បញ្ជាការ​មួយ​មាន​ចលនា ដែល​ជា​ទូទៅ​នៅ​ទីនោះ​គ្មាន​ចលនា​អ្វី​ទាំងអស់ ប្រសិន​បើ​គ្មាន​ការត្រៀម​ដើម្បី​សាកល្បង​នុយក្លេអ៊ែរ​ទេ​នោះ៕

XS
SM
MD
LG