ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ជើង​​គោរព​កេរ​ដំណែល​របស់​អតីត​មេដឹកនាំ​ដែល​អន្តរជាតិ​​រិះគន់

  • Brian Padden

ទាហាន​កូរ៉េ​ខាង​ជើង​ឈរ​គំនាប់ ខណៈ​អ្នក​ឯ​ទៀត​គោរព​រូប​សំណាក​ធ្វើ​ពី​ស្ពាន់ (មិន​នៅ​ក្នុង​រូបភាព) នៃ​អតីត​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម អ៊ីល សុង និង​លោក​​គីម ជុង​ អ៊ីល។ ​រូប​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Kyodo កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ផ្តល់​កិត្តិយស​ដល់​សព​អតីត​មេដឹកនាំ​របស់​ខ្លួន​គឺ​លោក គីម ជុង អ៊ីល (Kim Jung Il) នៅ​ខួប​កំណើត​ទី​៧៣​ឆ្នាំ​របស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​មាន​ការ​សរសើរ​យ៉ាង​ខ្លាំងចំពោះ​សមិទ្ធ​ផល​ខាងនយោបាយ​ និង​ការ​ជំទាស់របស់​លោក​ប្រឆាំង​សហ​រដ្ឋ​អាមេរិក។​

ក៏​ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​នៅ​ក្រៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ចង់​ឲ្យពិភព​លោក​ចងចាំ​ពី​កេរ​ដំណែលរបស់​អតីត​មេដឹកនាំ​ផ្តាច់​ការពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ និង​ការ​បង្អត់អាហារ​ពលរដ្ឋ​ដ៏​ច្រើន។

​ការប្រារព្ធ​ពិធី​សម្រាប់អតីត​មេដឹកនាំ គីម​ ជុង​ អ៊ីល បាន​ចាប់​ផ្តើម​ដោយ​មានការ​បាញ់​កាំ​ជ្រួច​ដ៏​ច្រើន​នៅ​ក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាង។

អតីត​មេដឹកនាំ​កូរ៉េ​ខាង​ជើង​បាន​ទទួល​មរណ​ភាព​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១១​ បន្ទាប់​ពី​គ្រប់​គ្រ​ង​ប្រទេស​កូរ៉េ​ខាង​ជើង​អស់​រយៈ​ពេល​១៧​ឆ្នាំ។ ​ថ្ងៃ​បុណ្យ​កំណើត​របស់​លោក​បាន​ក្លាយជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​ មាន​ឈ្មោះ​ថា​ «ពិធី​បុណ្យ​តារា​រះ​ភ្លឺ​ចិញ្ចាច(Shining Star Festival)»។​

នៅ​ថ្ងៃ​ពិធី​ដែល​រួមមានការរាំ​របាំ​ក្នុង​ទឹកនិង​ការ​តាំង​បង្ហាញ​រូប​តាម​រយៈ​ការ​ជិះ​ស្គី​ទឹក​កក​នោះ​លោក​ Kim Jong Un ​មេ​ដឹកនាំ​កូរ៉េខាង​ជើង​បច្ចុប្បន្ន​បាន​គោរព​វិញ្ញាណ​ក្ខន្ធ​នៅ​ឯ​វិមាន​ព្រះ​អាទិត្យ ​Kumsusan ​ដែល​រំឭក​ដល់​ឪពុក​ខ្លួននិង​លោក Kim Il Sung​ ដែល​ជា​ជីតារបស់​ខ្លួន។​

ពិធី​នេះក៏​មាន​ការចែក​ម្ហូប​អាហារ​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។

លោក ​Ahn Chan-il ​ប្រធាន​វិទ្យាស្ថាន​ពិភព​លោក​សម្រាប់​ការ​សិក្សា​អំពី​ប្រទេស​កូរ៉េ​ខាង​ជើង​និយាយ​ថា ​ថ្ងៃ​ឈប់​សម្រាក​ទាំង​នេះ​មាន​សារៈសំខាន់ដើម្បី​ជំរុញ​ភាព​ស្រប​ច្បាប់​របស់​ក្រុម​គ្រួសារ​ត្រកូល​ Kim ​និង​ការ​បន្ត​កាន់​អំណាច។

លោក​និយាយ​ថា កូរ៉េខាង​ជើង​កំពុង​ប្រើ​ប្រាស់ប្រកប​ដោយប្រសិទ្ធ​ភាព​នូវថ្ងៃ​ឈប់​សម្រាក​ទាំង​នេះដើម្បី​ពង្រឹងភាព​ស្មោះ​ត្រង់​របស់​ពលរដ្ឋ​ខ្លួន​ចំពោះ​មេដឹក​នាំ​របស់​គេ​ ដោយ​ការផ្តល់​រង្វាន់​ដល់​ពលរដ្ឋ​នៅ​ថ្ងៃ​កំណើត​នេះ។

នៅ​ឯ​ជំនួបរបស់​គណបក្ស ក្រុម​មន្រ្តី​រដ្ឋ​និង​កងទ័ព ​មេដឹកនាំ​របស់​បក្ស​ពលករ​កូរ៉េ ​បាន​ធ្វើ​សុន្ទរកថា​សរសើរ​អតីត​មេ​ដឹកនាំ​របស់​គេ​ចំពោះ​ការ​ប្រែ​ក្លាយ​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​ក្លាយ​ទៅ​ជា​ «មហា​អំណាច​ខាង​យោ​ធា​ថ្នាក់​ពិភព​លោក​និង​បាន​ធ្វើ​ឲ្យ​កូរ៉េខាង​ជើងក្លាយ​ជា​រដ្ឋ​នុយក្លេអ៊ែរ​ដ៏​ថ្លៃ​ថ្នូរ​មួយ​ដែល​គ្មាន​ប្រទេស​ណា​មួយ​ហ៊ាន​រក​រឿង»។​

នៅ​ទី​បញ្ចប់​ ការ​ចរចា​អន្តរជាតិ​ដើម្បី​បញ្ចប់កម្មវិធីនុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​បាន​បរាជ័យក្នុង​អំឡុង​ពេលនៃ​ការ​កាន់​អំណាច​របស់ ​គីម ជុង​ អ៊ីល ​ដែល​បណ្តាល​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ខាង​ការទូត​ និងសេដ្ឋ​កិច្ចយ៉ាង​ខ្លាំងពី​ប្រទេស​លោក​ខាង​លិច។​

នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច ​អតីត​មេដឹកនាំ​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ចំអកនិង​មាក់ងាយលើ​ការឃោសនា​ផ្ទៃ​ក្នុង​របស់​កូរ៉េខាង​ជើង​ ដែលបាន​សរសើរអ្វី​សមិទ្ធផល​ ដែល​លោក​ គីម ជុង​ អ៊ីល​ អួត​ដូចជា​ថា ​តើ​លោក​បាន​សរសេរ​សៀវភៅ​១៥០០​ក្បាល​និង​ល្ខោន ​Operas ចំនួន៣​ក្នុង​រយៈ​ពេល​ជាង​៣​ឆ្នាំ​ដោយ​របៀប​ម៉េច​ ឬ​ថា​ ​តើ​លោក​វាយ​កូនហ្គោល​ចូល១១​រន្ធ​ក្នុង​ពេល​តែ​មួយ​យ៉ាង​ដូច​ម្តេច​ នៅ​ពេល​លោក​លេង​កូន​ហ្គោល​ជាលើក​ដំបូង​នោះ។​

ក៏​ប៉ុន្តែ ​លោក ​Phil Robertson ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ឯក​រាជ្យ​មួយ​ឈ្មោះ ​Human Rights Watch ​និយាយ​ថា​ ទាំង​ការ​លើក​តម្កើង​និង​ការ​ចំអកចំពោះ​លោក ​គីម ជុង​ អ៊ីល ​បាន​មើល​រំលង​កេរដំណែល​នៃ​ការ​ជិះ​ជាន់​សង្កត់​សង្កិន​របស់​លោក។

«លោក គីម ជុង​ អ៊ីល ​បាន​គ្រប់​គ្រង​កូរ៉េខាង​ជើង​ដោយ​ផ្អែក​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ កេរ​ដំណែល​ដ៏​ពិត​ប្រាកដ​របស់​លោក‍​គឺ​ការ​ជិះ​ជាន់​សង្កត់​សង្កិន​ ​ភាព​គ្មាន​មេត្តា​ធម៌​របស់​លោក ​អាទិភាព​របស់​លោក​ក្នុង​ការថែរក្សា​អំណាច​សំខាន់​ជាង​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​របស់​លោក»។

លោក​ Robertson ​និយាយ​ថា ​ខណៈ​កូរ៉េ​ខាងជើង​បន្ត​ការ​ស្ថាបនា​កម្លាំង​អាវុធ​នុយក្លេអ៊ែរ​នោះ​ ​អតីត​មេដឹកនាំ​ប្រទេស​នេះ​មិន​យក​ចិត្ត​ទុក​ដាក់​ការ​ខ្វះខាតស្បៀង​អាហារ​យ៉ាង​ខ្លាំង​ក្នុង​ប្រ​ទេស​នៅ​ពាក់​កណ្តាល​ទស​វត្សរ៍​១៩៩០​ឡើយ ​នៅពេល​ដែល​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ជិត​៣​លាន៥សែន​នាក់ត្រូវ​គេ​ប៉ាន់​ស្មាន​ថា ​បាន​ស្លាប់​ដោយ​សារ​ការ​អត់​ឃ្លាន។

លោក​Robertson ​និយាយ​បន្ត​ទៀត​ថា ​អតីត​មេដឹកនាំ​ផ្តាច់​ការនេះ​បាន​ត្រួត​ត្រា​ប្រព័ន្ធ​ឃុំឃាំង​អ្នក​ទោស​នយោ​បាយ​ដ៏​ធំមួយ ​ដែល​បច្ចុប្បន្ន​នេះ​បាន​ដាក់​គុក​ជន​ជាតិ​កូរ៉េខាង​ជើងជាង​១​សែន​នាក់ ​ដោយ​ប្រើ​ប្រាស់ពួក​គេ​ឲ្យ​ធ្វើពល​កម្ម​ដូច​ទាសករ​ ហើយធ្វើ​ទារុណ​កម្មនិង​សម្លាប់​ពួក​គេ។

ពី​ដំបូង ​គេ​មានសេចក្តី​សង្ឃឹម​លើលោក​ គីម ជុង អ៊ុន (Kim Jong Un) ​ពី​ព្រោះ​លោក​បាន​ទទួល​ការអប់រំ​នៅ​បរទេស​ ហើយ​អាច​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ជិះ​ជាន់​សង្កត់​សង្កិន​នេះ។​ ក៏​ប៉ុន្តែ​លោក​ Phil Robertson ​បាន​និយាយ​បន្ត​ទៀត​ថា ​មេដឹកនាំ​នេះ​កំពុង​បង្ហាញថា ​កូន​និង​ឪពុក​គឺ​ដូច​គ្នា។

«យើង​ទើប​តែ​ឃើញ​ថា លោក​ គីម ជុង អ៊ុន ​បាន​បន្ត​គោល​នយោបាយជា​ច្រើន​របស់​ឪពុក​ខ្លួន​គឺ​គោល​នយោបាយ​រំលោភ​ធ្វើ​បាប។​ ហើយ​ជា​ការពិត​ណាស់​ លោក គីម ជុង អ៊ុន ​ត្រូវ​តែប្រារព្ធបុណ្យ​កំណើត​របស់​ឪពុក​ខ្លួន​ ​ពី​ព្រោះ​ការនេះ​ប្រហែលជា​ប្រភព​តែ​មួយ​គត់នៃ​ភាព​ស្រប​ច្បាប់ដែល​លោកគីម ជុង អ៊ុន​ មាន‍»។

កាល​ពី​ខែ​ធ្នូ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​ពិចារណា​ជាលើក​ដំបូងនូវ​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​គណៈ​កម្មការ​សិទ្ធិ​មនុស្សរបស់​អង្គការ​សហ​ប្រជាជាតិដែល​ផ្តល់​អនុសាសន៍​ថា ​ត្រូវ​បញ្ជូន​ក្រុម​មេដឹកនាំ​កូរ៉េខាង​ជើងទៅ​តុលាការព្រហ្ម​ទណ្ឌ​អន្តរជាតិចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

ខណៈ​ដែល​វិធាន​ការ​នេះ​មិន​ទាន់ធ្វើ​នៅ​ឡើយ​នោះ​ ​លោក ​Robertson​ និយាយ​ថា ​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​នឹង​បន្តរិះគន់​កេរ​ដំណែលនៃ​ការ​រំលោភ​ធ្វើ​បាប​ដោយក្រុម​គ្រួសារ​ត្រកូល​គីម​រហូត​ទាល់​តែ​ប្រព័ន្ធ​ជិះ​ជាន់​សង្កត់​សង្កិន​នេះ​ត្រូវ​រុះ​រើ ​ហើយ​មេដឹកនាំ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ៕

​ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG