រុស្សីបានបាញ់មីស៊ីលជាង ២០ គ្រាប់ និងដ្រូនចំនួន ២ គ្រឿងដាក់ប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃសុក្រនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ ដែលភាគច្រើននៃជនរងគ្រោះគឺដោយសារមីស៊ីលពីរបានវាយប្រហារទៅលើអគារផ្ទះល្វែងមួយនៅកណ្តាលប្រទេស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដោយបានដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន។
ការវាយប្រហារនេះរាប់ទាំងការវាយប្រហារជាលើកទីមួយប្រឆាំងនឹងទីក្រុង Kyiv ដែលជារដ្ឋធានីរបស់អ៊ុយក្រែន បន្ទាប់ពីអាក់ខានជិតពីរខែ បើទោះបីជាមិនមានរបាយការណ៍ណាមួយថាបានវាយប្រហារចំគោលដៅណាមួយក៏ដោយ។ អាជ្ញាធរទីក្រុងបាននិយាយថា កងកម្លាំងអាកាសរបស់អ៊ុយក្រែនបានស្ទាក់បំផ្លាញមីស៊ីលសំកាំងចំនួន ១១ គ្រាប់ និងដ្រូន ២ គ្រឿងនៅលើទីក្រុង Kyiv ។
នៅក្នុងព្រឹត្តិការណ៍មួយទៀត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សភានៃក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយទទួលស្គាល់ថា ការបញ្ជូនចេញកុមារអ៊ុយក្រែនដោយកងកម្លាំងរុស្ស៊ី គឺជាភស្តុតាងនៃអំពើប្រល័យពូជសាសន៍។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា៖ «ការសម្រេចចិត្តនេះ នឹងជួយឱ្យមានកិច្ចប្រឹងប្រែងជាសាកលដ៏សំខាន់ ដើម្បីនាំរុស្ស៊ីនិងមន្ត្រីរុស្ស៊ីនានា ដែលរួមមានមេដឹកនាំរបស់រដ្ឋភេរវកម្មនេះផង ទៅកាត់ទោសពីបទប្រល័យពូជសាសន៍និងនយោបាយប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ុយក្រែន»។
នៅថ្ងៃព្រហស្បតិ៍នេះផងដែរ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal និយាយថា លោកបានស្នើសុំដល់សម្តេចប៉ាប Francis នៅក្នុងឱកាសចូលគាល់ព្រះអង្គជាលក្ខណៈឯកជនមួយ ដើម្បីឱ្យព្រះអង្គជួយឱ្យមានការបញ្ជូនក្រុមកុមារអ៊ុយក្រែន ត្រឡប់មកកាន់ប្រទេសអ៊ុយក្រែនវិញ ដែលត្រូវបានគេបង្ខាំង ចាប់ខ្លួន និងបញ្ជូនចេញពីអ៊ុយក្រែនដោយខុសច្បាប់ទៅកាន់ប្រទេសរុស្ស៊ី។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងស្នងការសិទិ្ធកុមាររបស់រុស្ស៊ីលោកស្រី Maria Lvova-Belova ចំពោះការពាក់ព័ន្ធរបស់ពួកគេ ក្នុងការបញ្ជូនកុមារអ៊ុយក្រែនចេញពីតំបន់ដែលរុស្ស៊ីគ្រប់គ្រងកាន់កាប់ក្នុងអ៊ុយក្រែន ទៅកាន់រុស្ស៊ី៕