ថ្មីៗនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលឯកសារសម្ងាត់ជាច្រើនម៉ឺនច្បាប់ទាក់ទិននឹងទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងប្រទេសមហាអំណាចនានាចាប់តាំងពីឆ្នាំ១៩៥៤ដល់ទសវត្សរ៍១៩៨០។ ឯកសារសម្ងាត់ទាំងនេះត្រូវបានរក្សាទុក និងផ្តល់ឲ្យដោយលោក Julio A. Jeldres (អ៊ូលីយ៉ូ អេ អ៊ែលដ្ត្រែស) អ្នកសរសេរជីវប្រវត្តិរបស់អតីតព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុ ហើយឯកសារទាំងនេះទំនងជានឹងអាចស្រាយចម្ងល់ប្រជាជនកម្ពុជាទាក់ទងការសម្លាប់យ៉ាងសារហាវឃោរឃៅក្នុងរបបពួកខ្មែរក្រហមនោះ។
លោកឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានរើឯកសារមួយដុំម្តងៗចេញពីឡាំងក្រដាសដែលទើបបញ្ជូនមកដល់ការិយាល័យរបស់លោកកាលពីប៉ុន្មានថ្ងៃមុននេះ។ លោកអះអាងថា ឯកសារទាំងនេះនឹងជាគន្លឹះដែលអាចឃើញចម្លើយទាក់ទិននឹងការសម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជាកាលពីជាង ៣៥ឆ្នាំមុន។
ឯកសារសម្ងាត់រាប់ម៉ឺនទំព័រនេះត្រូវលោក Julio A. Jeldres អ្នកសសេរជីវប្រវត្តិរបស់អតីតព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុបរិច្ចាគមកឲ្យមជ្ឈមណ្ឌលរបស់លោក។ លោក ឆាំង យុ បានប្រាប់ VOA ឲ្យដឹងថា ឯកសារសម្ងាត់ទាំងនេះគឺមាន កាលបរិច្ឆេទចាប់តាំងពីឆ្នាំ១៩៥៤ដល់១៩៨០ ហើយភាគច្រើនគឺជាឯកសារឆ្លើយឆ្លងរវាងប្រទេសមហាអំណាច ឯកសារការទូត និងការឆ្លើយឆ្លងរវាងថ្នាក់ដឹកនាំកម្ពុជានាសម័យខ្មែរក្រហមជាមួយប្រទេសមួយចំនួន។ ក្នុងនោះក៏មានឯកសារសម្ងាត់ទាក់ទិននឹងប្រាសាទព្រះវិហារ ការកេណ្ឌកងទ័ពរបស់វៀតណាមខាងជើង សំណើរបស់ពួកខ្មែរក្រហមសុំជំនួយពីមហាមិត្តចិនរបស់ខ្លួននាឆ្នាំ១៩៧៨ និងភាពយន្តដែលដឹកនាំសម្តែង និពន្ធដោយអតីតព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុជាដើម។
«បាទ ឯកសារទាំងអស់នេះគេហៅថា ជាប្រភេទឯកសារសម្ងាត់ ជាឯកសារទូរលេខ ជាឯកសារទំនាក់ទំនងរវាងប្រមុខរដ្ឋនៃប្រទេសមួយ ដូចជាប្រទេស ចិន ប្រទេសប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាមខាងជើង ប្រទេសកូរ៉េ ដែលគេនិយាយអំពីនយោបាយ និងស្ថានភាពនៅស្រុកខ្មែរយើង ជាពិសេសគឺទំនាក់ទំនងរវាងចិន និងខ្មែរក្រហមនាដំណាក់កាលចុងក្រោយ»។
របបវាលពិឃាតរបស់ខ្មែរក្រហមដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ បានសម្លាប់ប្រជាជនកម្ពុជាយ៉ាងហោយណាស់១លាន៧សែននាក់ ដោយការបង្អត់បាយ ការធ្វើទារុណកម្ម និងការបង្ខំឲ្យធ្វើការងារហួសកម្លាំងជាដើម។ ប៉ុន្តែចម្ងល់អំពីការសម្លាប់រង្គាលនេះនៅតែមិនទាន់មានចម្លើយនៅឡើយ។
លោកឆាង យុបានបញ្ជាក់ថា ឯកសារសម្ងាត់ទំាងនេះមានតម្លៃច្រើនអនេកខាងប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាអ្នកសិក្សាស្រាជ្រាវ ហើយវាក៏ជាភស្តុតាងអំពីអ្វីដែលបានកើតឡើងនៅក្នុងអំឡុងពេលនោះ ជាពិសេសវានឹងអាចជួយផ្តល់ចម្លើយសម្រាប់ចម្ងល់ដែលប្រជាពលរដ្ឋកម្ពុជាតែងតែសួរថា ហេតុអ្វីពួកខ្មែរក្រហមសម្លាប់ជាតិសាសន៍ខ្លួនឯង?
«ទោះបីជាឯកសារនៅស្រុកខ្មែរយើងសំខាន់ ទោះបីជាឯកសារនៅទួលស្លែងវាសំខាន់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេក្នុងការយល់ឲ្យច្បាស់អំពីខ្មែរក្រហម។ គេចំណាំតែសួរថា ហេតុអីបានជាខ្មែរក្រហមសម្លាប់ខ្មែរ? ហេតុអីបានខ្មែរក្រហមឡើងកាន់អំណាច? រឿងរ៉ាវទាំងអស់ហ្នឹងណា៎ យើងត្រូវការប្រមូលឯកសារមកពីខាងក្រៅ។ អញ្ចឹងយើងប្រមូលឯកសារមិនមែនតែនៅស្រុកខ្មែរទេ។ យើងប្រមូលឯកសារមកពីខាងក្រៅ មកពីអឺរ៉ុប ហូឡង់ ស៊ុយអែត អូស្ត្រាលី អាមេរិក កូរ៉េខាងជើង វៀតណាម ចិនអីទាំងអស់ហ្នឹង ហើយយើងយកមកផ្គុំគ្នា ទើបយល់ថា អូ! ហេតុអីបានវាអញ្ចឹង»។
លោកប៊ូ ម៉េង អតីតអ្នកទោសមន្ទីរឃុំឃាំងស-២១ ឬគុកទួលស្លែង ដែលបានបាត់បង់ភារិយា និងកូនក្នុងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតនេះ បានអបអរសាទរចំពោះឯកសារទាំងនេះ ហើយសង្ឃឹមថា ចម្ងល់របស់លោកនឹងត្រូវបានបំភ្លឺក្នុងពេលឆាប់ៗ។
«អាហ្នឹងវាគឺជារឿងដ៏ល្អមួយសម្រាប់ជនរងគ្រោះ ដូចជារូបខ្ញុំដែលស្លាប់ប្រពន្ធ ស្លាប់កូន។ អញ្ចឹងវាជារឿងដ៏ល្អមួយសម្រាប់ជនរងគ្រោះ។ ហើយសព្វថ្ងៃនេះ ខ្ញុំក៏មានចម្ងល់យ៉ាងខ្លាំងចំពោះប្រទេសចិន និងប្រទេសវៀតណាមហ្នឹង»។
លោកប៊ូ ម៉េងបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖
«កន្លងមកបរទេសសម្ភាសខ្ញុំ ក៏អញ្ចឹងដែរ ខ្ញុំចង់ថា ហេតុអ្វីបានជាខ្មែរសម្លាប់ខ្មែរ? ហើយខ្ញុំមិនមានជំនឿថា ខ្មែរសម្លាប់ខ្មែរទេ ប្រហែលជាមានការលូកដៃពីខាងក្រៅចូល។ បាទ! ប្រៀបដូចជាឪពុកនិងកូនអញ្ចឹង។ វាមិនមានឪពុកសម្លាប់កូនខ្លួនឯងកើតទេ»។
លោកឆាំង យុឲ្យដឹងថា មជ្ឈមណ្ឌលឯកសារកម្ពុជាអាចចំណាយពេលវេលាយ៉ាងហោចណាស់២ឆ្នាំក្នុងការរៀបចំឯកសារដ៏សំខាន់ទាំងនេះឲ្យមានរបៀបរៀបរយសម្រាប់អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រអំឡុងពេលនោះ៕