ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​សំណុំ​រឿង​បន្ថែម​បន្ត​តាំងចិត្ត​មិន​ធ្វើ​តាម​ដីការ​របស់​ចៅក្រម


រូបភាពឯកសារ៖ សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។
រូបភាពឯកសារ៖ សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។

ក្រុម​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤​នៅ​តែ​តាំង​ចិត្ត​ថា​ ខ្លួន​នឹង​មិន​ធ្វើ តាម​ដីការ​កោះហៅ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​​ក្នុង​ដំណើរការ​នីតិវិធី​ទេ។

ក្រុម​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤​នៅ​តែ​តាំង​ចិត្ត​ថា​ ខ្លួន​នឹង​មិន​ធ្វើ តាម​ដីការ​កោះហៅ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិក្នុង​ដំណើរការ​នីតិវិធី​ទេ។​ លោក​ សុខ ខេមរា ​នៃ​វីអូអេ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ​បាន​ជួប​ជាមួយ​ជន​សង្ស័យ​ជាច្រើន​កាលពី​សប្តាហ៍​កន្លង​ទៅ ​ហើយ​ពួកគេ​តាំងចិត្ត​ថា នឹង​មិន​មកកាន់​តុលាការ​ទេ ​ក្នុង​ពេល​ដែល​គេ​ដឹង​ថា​ គ្មាន​កិច្ច​សហការ​ពី​ភាគី​កម្ពុជា​ទាក់ទង​នឹង​ការ​នាំខ្លួន​ជន​សង្ស័យ​ទាំង​នោះ។​

ក្រុម​ជន​សង្ស័យ​នៃ​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដែល​រដ្ឋាភិបាល​ធ្លាប់​រារាំង​មិន​ឲ្យ​ ដំណើរ​ការ​ទៅ​មុខ​នោះ​ នៅតែ​បន្ត​ប្រឆាំង​នឹង​ដំណើរការ​នីតិវិធី​របស់​សហ​ចៅក្រម​អន្តរជាតិ ​ដែល​ចង់​នាំ​ខ្លួន​ពួកគេ​មក​កាន់​តុលាការ​នោះ​ ទោះ​ជា​មាន​ដីការ​កោះហៅ​ ហើយ​តម្រូវ​ឲ្យ​មាន​ការ​នាំខ្លួន​មក​បំភ្លឺ​អំពី​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ក្នុង​ទស​វត្សរ៍​១៩៧០ ​ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយ​សហ​ព្រះ​រាជ​អាជ្ញា​នោះ​ក្តី។​

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​គឺ​លោក ​ម៉ាក ហាម៉ុន បាន​ព្យាយាម​បញ្ចប់​សំណុំ​ រឿង​០០៣ ​និង​០០៤​ ដែល​មា​នជន​សង្ស័យ​៤នាក់​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ ដែល​ត្រូវ​ចោទ​ប្រកាន់​ថា​ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ឬ​ត្រូវ​សង្ស័យ​ថា​ ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ ក្នុង​ពេល​ពួកគេ​ធ្វើ​ជា​មេ​បញ្ជាការ​កង​ទ័ព ​ជា​គណៈស្រុក ​និង​គណៈ​តំបន់​ជាដើម។​

ជន​សង្ស័យ​ទាំង​នោះ​ត្រូវ​គេ​ដឹង​ថា មាន​លោក​ អោ អាន ​ឬ​ តា​ អាន​ អ្នកស្រី​ អ៊ឹម ចែម​ លោក ​យឹម ទិត ​នៃ​សំណុំ​រឿង​០០៤ ​ហើយ​នឹង​លោក ​មាស មុត​ នៃ​សំណុំ​រឿង​០០៣។ តែ​ក្រៅពី​លោក​ យឹម ទិត​ ដែល​មិន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​នោះ​ ជន​សង្ស័យ​បីរូប​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​តុលាការ​ ដោយ​និយាយ​ថា ​ ពួកគេ​គ្មាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​រង្គាលនោះ​ទេ។

ដោយ​ផ្អែក​តាម​ការ​បដិសេធ​របស់​ខ្លួន​ ​ក្រុម​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​ដែល​ជាប់​ក្នុង​បញ្ជី​ចោទ​ប្រកាន់​របស់​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​ បាន​ច្រាន​ចោល​ដីការ​ និង​ការ​កោះហៅ​របស់​សហ​ចៅក្រម​បរទេស​ ដែល​ចង់ឲ្យ​ជន​សង្ស័យ​ទៅ​កាន់​តុលាការ​ ហើយ​តតាំង​តាម​ផ្លូវ​ច្បាប់។​

ពួកគេ​ធ្វើ​ដូច្នេះ​ដោយ​សំអាងថា​ ​កន្លងមក​រដ្ឋាភិបាល​ធ្លាប់​រារាំង​មិនឲ្យ​មាន​ការ​បន្ត​សំណុំ​រឿង​ផ្សេង​ក្រៅពី​សំណុំ​រឿង​០០២​ ដែល​មាន​មេ​ដឹកនាំ​កំពូល​ពីរ​នាក់​របស់​ខ្មែរ​ក្រហម​គឺ​ នួន ជា ​បង​ធំទី​២ ​និង​ ខៀវ សំផន ​ប្រមុខ​រដ្ឋ ​និង​ការ​ដែល​គ្មាន​កិច្ច​សហការ​ពី​សហ​ចៅក្រម​ជាតិ​ផង​នោះ។​

ថ្លែង​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍ទី​២​នៃ​ខែ​សីហា​ នៅ​ឯ​គេហដ្ឋាន​របស់​អ្នកស្រី​ក្នុង​ឃុំ​ត្រពាំង​តាវ​ ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរ​មានជ័យ​ អ្នកស្រី​ អ៊ឹម ចែម​ អតីត​គណៈស្រុក​ព្រះ​នេត្រព្រះ​ សម័យ​ខ្មែរក្រហម ​បាន​អះអាង​ថា​ អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ ដែល​ត្រូវ​មក​តតាំង​នៅ​តុលាការ​នោះ​ទេ។​

អ្នក​ស្រី អ៊ឹម ចែម អតីត​គណៈ​ស្រុក​ព្រះ​នេត្យ​ព្រះ​ក្នុង​របប​ខ្មែរ​ក្រហម និយាយ​ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​ខ្មែរលោក សុខ ខេមរា នៅ​គេហដ្ឋាន​របស់​អ្នកស្រី​ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ កាល​ពី​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)
អ្នក​ស្រី អ៊ឹម ចែម អតីត​គណៈ​ស្រុក​ព្រះ​នេត្យ​ព្រះ​ក្នុង​របប​ខ្មែរ​ក្រហម និយាយ​ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​ខ្មែរលោក សុខ ខេមរា នៅ​គេហដ្ឋាន​របស់​អ្នកស្រី​ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ កាល​ពី​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)

«ខ្ញុំ​អត់មាន​តតាំង​ទាំងអស់។​ ខ្ញុំ​ប្រាប់​ក្មួយ​ឯង​ ​ខ្ញុំ​សាងតែ​ខ្លួន​ខ្ញុំ​ទៅ​មុខ​ទៀត​តាម​ ផ្លូវ​ធម៌​អាថ៌ ​ព្រះពុទ្ធ​សាសនា​តែ​ប៉ុណ្ណឹង»។​

នៅ​ពេល​សួរ​ថា​ បើមិន​ធ្វើ​តាម​តុលាការ​ ហើយ​បើមាន​ការ​ចាប់​ខ្លួន ​តើ​អ្នកស្រី​គិត​យ៉ាង​ម៉េច​នោះ​ អ្នកស្រី​ អ៊ឹម ចែម​ ​បាន​ថ្លែង​ថា៖​

«មក​ចាប់​លុះ​ត្រាណា​តែ​ខ្ញុំ​មាន​កំហុស​ ខ្ញុំ​ខុស​អ្វី​មួយ។​ បើ​ខ្ញុំ​អត់​ខុស​ មក​ចាប់​ខ្ញុំ​ម៉េច?​ អញ្ចឹង​រំលោភ​សិទ្ធិ​មនុស្ស​ទៀត​ហើយ»។

អ្នកស្រី​បាន​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​របស់​តុលាការ​ជា​រឿង​មិន​ត្រឹមត្រូវ​ ដែល​ធ្វើ​ឲ្យអ្នកស្រី​មិនសហការ​ជាមួយ​នឹង​លោក​ ម៉ាក ហាម៉ុន ដែល​បាន​មកកាន់​គេហដ្ឋាន​របស់​អ្នកស្រី​កាលពី​ដើម​ឆ្នាំ​នេះ​ ហើយ​បាន​អាន​ដីការ​ឲ្យ​អ្នកស្រី​ស្តាប់​នោះ។​

«ចោទ​ទទេៗ! ខ្ញុំ​ថា​ «លោក​អញ្ជើញ​ទៅវិញ​ចុះ ​ទៅ​សួរ​មេធាវី​ខ្ញុំ​នៅ​តុលាការ‍»។ ​ខ្ញុំ និយាយ​បីម៉ាត​ប៉ុណ្ណឹង ​ហើយ​ឲ្យ​ខ្ញុំ​ផ្តិត​មេដៃ​ ខ្ញុំ​ម៉េច​នឹង​ផ្តិត!​ ខ្ញុំ​ផ្តិត​អី​ខ្ញុំ ​ខ្ញុំអត់​មាន​ រឿង​អី​ត្រូវ​ផ្តិត​មេដៃ​ផង​ (អស់​សំណើច)​ រួច​តុលាការ​ក៏​ខ្ញុំ​អត់​ទៅ»។​

លោក​ មាស មុត ​អតីត​មេ​បញ្ជាការ​យោធា​ជើងទឹក​សម័យ​ខ្មែរក្រហម ​បាន​ទទួល​ដីការ​ដូច​គ្នា​ដែរ​ពី​លោក​ ម៉ាក ហាម៉ុន​ តែ​លោក​អះអាង​ថា ​បើ​ស្ថានភាព​ចាំបាច់​តម្រូវ​ឲ្យ​លោក​ទៅ​តុលាការ​ លោក​នឹង​តតាំង​នៅ​ឯ​តុលាការ។​

ក្នុង​ជំនួប​ដ៏​កម្រ​មួយ​ជាមួយ​វីអូអេ​កាលពី​សប្តាហ៍ទី​២​នៃ​ខែ​សីហា​ នៅ​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ឃុំ​តាសាញ់ ​ស្រុក​សំឡូត ​ខេត្ត​បាត់ដំបង​ លោក​ មាស មុត​ បាន​បញ្ជាក់​ថា​ លោក​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទៀត​ទេ។ ​ហើយ​នៅ​ពីមុខ​ផ្ទះ​របស់​លោក​វិញ​ មាន​ការ​ធ្វើ​របង​ដែក ​ក្លោង​ទ្វារ​ខ្ពស់ ​បិទ​ជិត ​ហើយ​បាន​ដាក់​បំរាម​ជា​ភាសា​អង់គ្លេស​នៅ​ក្រៅ​របង​ថា ​«Do Not Disturb»​ ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ​«សូម​កុំ​រំខាន»​ ដែល​លោក មាស មុត ​បាន​ប្រាប់​វីអូអេ​ថា ​កូន​របស់​លោក​ជា​អ្នក​សរសេរ​ស្លាក​នោះ។​

លោក មាស មុត អតីត​មេ​បញ្ជាការ​យោធា​ជើងទឹក​សម័យ​ខ្មែរក្រហម នៅ​គេហដ្ឋាន​របស់​លោក​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)
លោក មាស មុត អតីត​មេ​បញ្ជាការ​យោធា​ជើងទឹក​សម័យ​ខ្មែរក្រហម នៅ​គេហដ្ឋាន​របស់​លោក​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)

ភរិយា​របស់​លោក​បាន​អះអាង​ថា​ អ្នកស្រី​មិនបាន​អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌មាន​ ជួប​សម្ភាស​លោក​ មាស មុត​ ទេ​ ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។​

លោក​ យឹម ទិត​ អតីត​កម្មាភិបាល​ខ្មែរក្រហមទទួល​បន្ទុក​ភូមិភាគ​ពាយព្យ​ប្រទេស​ ហើយ​ជា​ជន​សង្ស័យ​ក្នុងសំណុំ​រឿង​០០៤​ បាន​បដិសេធ​មិន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​ទេ។ ​អ្នកស្រុក​នៅ​ជិតខាង​បាន​អះអាង​ថា​ លោក​មាន​បញ្ហា​សុខភាព ​ត្រចៀក​ ស្តាប់​មិន​សូវ​ឮ​ ហើយ​ភ្លេចភ្លាំង។​

ថ្លែង​ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ នៅ​ឯ​ស្រុក​កំរៀង ​ខេត្ត​បាត់ដំបង​ លោក​ អោ អាន​ ឬ​ តា​ អាន ​អាយុ​៨៣​ឆ្នាំ​ ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤​ ក៏​បាន​អះអាង​ដែរ​ថា​ លោក​ក៏​មិន​បារម្ភ​នឹង​តុលាការ​ដែរ​ ដោយ​លោក​ថា ​តុលាការ​គួរ​សួរ​មេធាវី​របស់​លោក​ ជា​ជាង​សួរ​លោក​ផ្ទាល់។​

«អត់ភ័យ! ​និង​មូលហេតុ​អី ​ដែល​ខ្ញុំ​អត់ភ័យ​ហ្នឹង!​ ខ្ញុំ​ស្គាល់​ខ្លួន​ខ្ញុំ​ច្បាស់​...អំពើ​ប្រព្រឹត្ត​ទាំង​ឡាយ​ណា ​មិន​ដែល​នរណា​ហើយ​មិន​ដឹង។ ​វា​មិន​មាន​! ចុះ​បើ​ខ្ញុំ​អត់​ បាន​ធ្វើ​អី​ រួច​ខ្ញុំ​ព្រួយអី​នឹង​នរក?​ ខ្ញុំ​អត់​ព្រួយ​ទេ»។

លោក​ថ្លែង​ថា​ លោក​គ្មាន​អ្វី​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ទេ។​ លោក​ថា​ លោក​បាន​រៀប​កូនស្រី​របស់​លោក​ឲ្យ​មាន​គូស្រករ​ហើយ ​ក្រោយ​ពី​ភរិយា​របស់​លោក​បាន​ទទួល​មរណ​ភាព​ទៅ។​ ដូច្នេះ ​លោក​គ្មាន​ការ​បារម្ភ​ទៀត​ទេ​ ហើយ​បច្ចុប្បន្ន​នេះ​លោក​ទៅ​វត្ត​ធ្វើ​បុណ្យ​តាម​ព្រះ​ពុទ្ធ​សាសនា។​

«ឥឡូវ​ការ​ចោទ​ប្រកាន់​ប៉ុណ្ណា​ ចង់​យក​ទៅ​ធ្វើ​អី​យក​ទៅ! ​ព្រោះ​ខ្ញុំ​មាន​បង្អែក​របស់​ខ្ញុំ​ហើយ។​ យើង​ខ្លាច​ណាស់​ផ្លូវ​នរក។ ​មនុស្ស​ម្នាក់ៗ​ខ្លាច​ណាស់​រឿង​នរក។​ តែ​ខ្ញុំ​អត់​ធ្លាក់​ទេ!​ ហើយ​មិនមែន​ឥឡូវ​ឯណា ​ដែល​ខ្ញុំ​ជឿ​សាសនា ​គឺ​តាំងពី​សម័យ​ដើម»។​

តាអាន អាយុ៨៣ឆ្នាំ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​របស់​វីអូអេ​ខ្មែរ​នៅ​វត្ត​មួយ​ ដែល​ឋិត​នៅ​ស្រុក​កំណើត​របស់​លោក​គឺ​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​១៤ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)
តាអាន អាយុ៨៣ឆ្នាំ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​របស់​វីអូអេ​ខ្មែរ​នៅ​វត្ត​មួយ​ ដែល​ឋិត​នៅ​ស្រុក​កំណើត​របស់​លោក​គឺ​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​១៤ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)

លោក​បន្ថែម​ថា​ លោក​បាន​ចូល​ធ្វើ​សមាហរណ​កម្ម​ជាមួយ​នឹង​រដ្ឋាភិបាល​ហើយ​ គឺ​លោក​រស់​ក្រោម​ការ​ពឹងពាក់​លើ​រដ្ឋាភិបាល ​ហើយ​បើ​គេ​ថា​ មិន​ឲ្យ​មានទោស​ ក៏​សារទរ​ទៅ។​ បើ​គេថា​ ​មាន​ទោស​គឺ​ស្រេច​តែ​គេ​ទៅ។​

«រួច​មក​ដល់​ពេល​វេលា​នេះ​ដែល​ឯករាជ្យ​បាន​ប៉ុណ្ណេះ​មក​ តាំងពី​ខ្ញុំ​សមាហរណ​កម្ម​ ហើយ​ អី​ហើយ ​ខ្ញុំ​អត់​ធ្វើ​នា​ម៉ឺន ​នាសែន​អី​ឯ​ណា​ទៀត ​តែ​សួរ​ថា​ ខ្ញុំ​ស្អប់​អស់​ លោក​រាជ​រដ្ឋាភិបាល​ទេ?​ ខ្ញុំ​អត់​ស្អប់​ទេ»។​

លោក​ ស្ទីវិន រ៉ប់ ​(Stephen Rapp) ​ឯក​អគ្គ​រដ្ឋទូត​គោរចរ​ស.រ.អា.​ទទួល​បន្ទុក​ឧក្រិដ្ឋ​ កម្ម​សង្គ្រា​ម បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាចាប់​ខ្លួន​ជនសង្ស័យ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ពីរ​នាក់​ក្នុង​សំណុំ​រឿង​បន្ថែម​ ដែល​ចៅក្រម​បាន​ចោទប្រកាន់​នោះ​ ដើម្បី​យក​មក​កាន់​តុលាការ​បំពេញ​តាម​នីតិ​វិធី​ច្បាប់។​ លោក​ទទូច​យ៉ាង​ដូច្នេះ​ ដោយសារ​ថា​ រយៈ​ពេល​ពីរ​ឆ្នាំ​ជាង​ហើយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​សហការ​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ ហើយ​ដែល​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ ធ្លាប់​បដិសេធ​ជាសាធារណៈ។

«រឿង​នេះ​ត្រូវ​បាន​បង្អាក់​ត្រឹម​ចំណុច​នេះ​ ព្រោះតែ​ភាព​អសកម្ម ​និង​ការ​គ្មាន​ឆន្ទៈ​របស់​រដ្ឋាភិបាល ​ដើម្បី​ចាប់​ខ្លួន​ជន​ទាំង​នោះ។ ​ហើយ​ជា​ការណ៍​ពិត ​ខ្ញុំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​នោះ»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ក្រោយ​ពេល​ដែល​លោក​ទើប​បញ្ចប់​ការ​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ជួប​ជាមួយ​ក្រុម​មន្ត្រី​កម្ពុជា​ និង​មន្ត្រី​តុលាការ​ខ្មែរក្រហម។​

លោក​បាន​បន្ត​ថា ​លោក​សហ​ចៅក្រម​ស៊ើប​អង្កេត​អ.ស.ប.​ ម៉ាក ហាម៉ុន​ សញ្ជាតិ​អាមេរិកាំង ​ចង់​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​ដឹង​ថា​ តើ​ពួកគេ​ជា​ជន​គ្មាន​ទោស​ ឬ​ជា​ជន​ជាប់ទោស ​ហើយ​ជន​សង្ស័យ​ដែល​កំពុង​រស់​នៅ​មាន​សេរីភាព​ទាំងនោះ​ គួរ​តែ​ស្វែង​រក​ភស្តុតាង​មក​មក​ការពារ និង​បញ្ជាក់​នៅ​តុលាការថា​ ពួកគេ​ជា​ជន​ស្លូត​ត្រង់​ឬ​យ៉ាង​ណា។​ ប៉ុន្តែ​កិច្ច​សហការ​មិន​បាន​កើត​មាន​ទេ​ ក្នុង​ការ​នាំខ្លួន​ជន​សង្ស័យ​បន្ថែម​ពីរ​នាក់​នោះ។​

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​លោក​នាយ​ឧត្តម​សេនីយ៍​ប៉ូលិស​ ម៉ៅ ច័ន្ទតារា ​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ និង​ជា​នាយក​ផ្នែក​នគរបាល​យុត្តិធម៌​ប្រចាំ​សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​ ​បាន​អះអាង​ថា ​ការ​អនុវត្ត​ដីការ​មិន​មែន​ថា​ អាជ្ញាធរ​មិន​ធ្វើ​តាម​ទេ​ តែ​លោក​ថា​ មុន​នឹង​ធ្វើ​នោះ ​អាជ្ញាធរ​គ្រាន់តែ​សុំ​ធ្វើ​ការ​សិក្សា​អំពី​បញ្ហា​ទាក់ទិន​នឹង​រឿង​ ប្រតិកម្ម​នានា​របស់​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​សិន។ ​លោក​ថ្លែង​ថា៖​

«មិន​មែន​ថា​ យើង​មិន​ចង់​ធ្វើ​ទេ ​តែ​ដូច​ដឹង​ស្រាប់​ហើយ ​បើ​សិន​ជា​ការ​អនុវត្ត​ទៅវា​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​សង្គម​ជាតិ​យើង ​យើង​គ្រាន់តែ​លើក​ជា​យោបល់​ទៅ​វិញ​ទេ។ ​អញ្ចឹង​វា​ស្ថិត​នៅ​ក្នុង​ការ​សិក្សា»។​

លោក​ថា ​ក្រុម​មន្ត្រី​កំពុង​ចុះ​ធ្វើការ​សិក្សា​អំពី​រឿង​នេះ​ហើយ ​តែ​មិន​ទាន់​បាន​លទ្ធផល​នៅ​ឡើយ​ទេ ​ហើយ​លោក​ក៏​មិន​បាន​ផ្តល់​ពេល​វេលា​ជាក់លាក់​ថា​ ពេល​ណា​នឹង​បញ្ចប់​ការ​ស្រាវជ្រាវ​នោះ​ដែរ។​

លោក​ចៅក្រម​សញ្ជាតិ​អាមេរិកាំង​ ម៉ាក ហាម៉ុន​ បាន​ប្រកាស​លា​ឈប់​ពីមុខ​តំណែង​ កាលពី​ខែ​កក្កដា ​ដោយ​បញ្ជាក់​ជា​ផ្លូវការ ​និង​ជា​សាធារណៈ​ថា​ជា​បញ្ហា​ផ្ទាល់​ខ្លួន​ តែ​ការ​លាលែង​នេះគឺ​កើត​ឡើង​ចំពេល​ដែល​គេ​ដឹង​ថា​ គ្មាន​កិច្ច​សហការ​ក្នុង​ការ​នាំខ្លួន​ជន​សង្ស័យ​មក​កាន់​តុលាការ​ ក្រោយពី​លោក​បាន​ព្យាយាម​បញ្ចប់​រឿង​ក្តី​នៃ​សំណុំ​រឿង​បន្ថែម​នេះ។​

ចៅក្រម​បរទេស​គឺលោក ​Michael Bohlander​ ជនជាតិ​អាល្លឺម៉ង់ ​និង​ចៅក្រម​បរទេស​ បំរុង​ថ្មី​ឈ្មោះ​ ​Maureen Harding Clark​ ជនជាតិ​អៀរឡង់ ​ត្រូវ​បាន​តែង​តាំង​រួច​ ហើយ​ដើម្បី​បន្ត​កិច្ចការ​តុលាការ។​

លោក​ នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ បាន​អះអាង​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី ដែល​ត្រូវ​បាន​តែងតាំង​នោះបាន​ធ្វើ​ពិធី​សម្បថ​ចូល​បំពេញ​កិច្ចការ​ហើយ។​

«ហើយ​កិច្ចការ​ដែល​គាត់​បន្ត​ធ្វើ​ហ្នឹង​គឺ​ទាក់ទង​ជាមួយ​នឹង​សំណុំ​រឿង​ដែល​នៅ​សេស​សល់​គឺ​សំណុំ​រឿង​០០៣ និង​០០៤ បន្តពី​លោក​សហ​ចៅក្រម​ ម៉ាក ហាម៉ុន​ ដែល​បាន​លា​ឈប់​ពីមុខ​តំណែង»។​

លោក​នាយ​ឧត្តម​សេនីយ៍​ សុខ ភាព ​អតីត​មេ​បញ្ជាការ​កងទ័ព​ខ្មែរក្រហម​ និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែង​ថា ​ការ​កាត់ទោស​ខ្មែរ​ក្រហម​ជា​រឿង​សមរម្យ​ហើយ តែលោក​មិន​គាំទ្រ​ឲ្យ​មាន​ការ​កាត់ទោស​កម្មាភិបាល​ថ្នាក់​ក្រោម​ដល់​សំណុំ​រឿង​០០៣ ​និង​០០៤​ទៀត​ ​ក្រៅពី​មេដឹកនាំ​ប៉ុន្មាន​នាក់​នោះ ​ព្រោះ​ អ្នក​នៅ​ក្រោម​បង្គាប់​គឺ​ស្ថិត​នៅ​ក្រោម​បញ្ជា​ពី​មេដឹក​នាំកំពូល​ខ្មែរ​ក្រហម​ដូច​ជា ​ប៉ុល ពត ​នួន ជា ​និង​តាម៉ុក។​

«យើង​កាត់​ទោស​តែ​ក្បាល​ម៉ាស៊ីន​ប៉ុន្មាន​នាក់​ហ្នឹង ​វា​សមរម្យ​ហើយ។​ នេះ​ជា​ក្បាល​ ម៉ាស៊ីន​ដ៏​ធំ​បំផុត​ដឹក​នាំ​ខ្មែរក្រហម បញ្ជា​ ហើយ​រឿង​អ្នក​កម្មាភិបាល​ខាង​ក្រោមៗ​ គ្មាន​អី​ដែល​ត្រូវ​កាត់​ត​ទៅ​ទៀត​ទេ​ ព្រោះ​គ្នា​សុទ្ធ​តែ​ជា​អ្នក​រងគ្រោះ​ដូច​តែ​គ្នា»។​

សាលាក្តីខ្មែរក្រហម​កំពុង​កាត់ទោស​សំណុំ​រឿង​០០២​ពាក់ព័ន្ធ​នឹង​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​នាក់​គឺ​ នួន​ ជា ​និង​ខៀវ សំផន ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​ឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជសាសន៍ ​ឬ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​១៩៧៩៕

XS
SM
MD
LG