ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តីខ្មែរ​ក្រហម​ត្រូវ​ការ​ជិត​៣៤លានដុល្លារ​សម្រាប់​ឆ្នាំ​២០១៥


ពលរដ្ឋ​ខ្មែរ​តម្រង់​ជួរ​នៅ​ច្រក​ចូល​តុលាការ​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤។
ពលរដ្ឋ​ខ្មែរ​តម្រង់​ជួរ​នៅ​ច្រក​ចូល​តុលាការ​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤។

ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បាន​អនុម័ត​កញ្ចប់​ថវិកា​ចំនួន​ជិត៣៤​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំណើរ​ការ​កាត់​ទោស​ពួក​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ដឹកនាំ​សាលា​ក្តី​ខ្មែរ​ក្រហមបន្ត​អំពាវ​រក​ជំនួយ​មូលនិធិ​បន្ថែម​ទៀត។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ក្នុង​ចំណោម​កញ្ចប់​ថវិកា​ដែល​ត្រូវ​អនុម័ត​សរុប​ចំនួន៣៣,៨​លាន​ដុល្លារ​អាមេរិក​ គឺ​២៧​,​១លាន​ដុល្លារ​សម្រាប់​ផ្គត់​ផ្គង់​ប្រតិបត្តិការ​ផ្នែក​ភាគី​អន្តរជាតិ​និង​៦,៧​លាន​ដុល្លារ​សម្រាប់​ភាគី​ជាតិ។

សេចក្តី​ប្រកាសព័ត៌មាន​ដដែល​បញ្ជាក់ថា​កាល​ពី​ឆ្នាំ​២០១៤​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បាន​អនុម័ត​នូវ​កញ្ចប់​ថវិកា​ចំនួន ​២៧,៨ ​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​នោះ​២១,៧សម្រាប់​ភាគី​អន្តរជាតិ​និង​៦,១​លាន​ដុល្លារ​សម្រាប់​ភាគី​កម្ពុជា​នៅ​ក្នុង​សាលា​ក្តី។

​លោក​ក្រាញ់ តូនី ​ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ស្តី​ទី​និង​លោកឃ្នុត រ៉ូហ្សិនហក ​អនុ​ប្រធាន​រដ្ឋ​បាល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការកម្ពុជា​ដែល​គេ​ស្គាល់​ថា​ជា​សាលា​ក្តី​ខ្មែរក្រហមបាន​អំពាវនាវ​ស្វែង​រក​ថវិកា​ពី​ប្រទេស​ម្ចាស់​ជំនួយ​បន្ថែម​ទៀត​«ដើម្បី​ធានា​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ភាព​រអាក់​រអួល»​ផ្នែក​ថវិកា។

លោក​នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហមឲ្យ​ដឹង​ថាគម្រោង​ថវិកា​ដែល​អនុម័ត​ដោយ​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​នេះ​មិន​ទាន់​មាន​សាច់​ប្រាក់​គ្រប់​គ្រាន់​នៅ​ឡើយ។

«គម្រោង​ថវិកា​ដែល​អនុម័ត​ដោយ​ប្រទេស​ម្ចាស់​ជំនួយ​នេះ​គ្រាន់​តែ​ជាតួលេខ​តែ​ប៉ុណ្ណោះ ​ចំណែក​ឯ​សាច់​ប្រាក់​គឺ​យើង​មិន​ទាន់​មាន​គ្រប់​នៅ​ឡើយ​ទេ»។

​យោង​តាមមន្ត្រី​អ្នក​នាំពាក្យ​ដដែល​ឲ្យដឹង​ថាក្នុង​ចំណោម​ថវិកា​ចំនួន​៦,៧​លាន​ដុល្លារ​សម្រាប់​ភាគី​ជាតិ​ក្នុង​ឆ្នាំ​២០១៥​ទើប​មាន​ថវិកា​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​សន្យា​ចំនួន​៤,១​លាន​ដុល្លារ​សម្រាប់​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​កម្ពុជា​និង​សម្រាប់​ធានា​ដល់​កិច្ច​ប្រតិបត្តិការ​ទូទៅ។​ដូច្នេះ​ភាគី​កម្ពុជា​នៅ​ក្នុ​ង​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​ខ្វះ​ថវិកា​ចំនួន​២,៦​លាន​ដុល្លារ​អាមេរិក​ទៀត។

​ហើយ​ភាគី​កម្ពុជា​អាច​នឹង​អស់​ថវិកានៅ​ដំណាច់​ខែ​មិថុនា​ខាង​មុខនេះ។

​ដោយឡែក​ខាង​ភាគី​អន្តរជាតិ​ទំនង​ជា​នឹង​មិន​មាន​បញ្ហា​ផ្នែក​កង្វះ​ថវិកា​នោះសម្រាប់​ឆ្នាំ​២០១៥​នេះ។

ភាគី​កម្ពុជា​នៅ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​តែង​តែ​ជួប​កង្វះ​ថវិកា​រៀង​រាល់​ឆ្នាំដោយ​សារ​ការ​ផ្តល់​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​មិន​បាន​ទាន់​ពេល​វេលា។​ដំណាល​គ្នា​នោះ​ក៏​មាន​ការ​ជំរុញ​ឲ្យ​ភាគី​កម្ពុជា​បង្កើត​ទំហំ​ថវិកា​របស់​ខ្លួន​សម្រាប់​បំពេញ​ប្រតិបត្តិ​ការ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ផងដែរ។

សាលា​ក្តី​ខ្មែរ​ក្រហម​ចាប់​ដំណើរ​ការ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៦​មក​ម្ល៉េះ។​រហូត​មក​ទល់​ពេល​នេះ​ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង​ឬមន្ទីរ​សន្តិសុខ​ស ២១ ​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ហើយ​ត្រូវ​ផ្ទេរ​ទៅ​ដាក់​ឃុំ​ឃាំង​ក្នុង​គុក​នៃ​ខេត្ត​កណ្តាល។

រីឯ​នួន ជា ​អតី​ត​ប្រធាន​សភា​ខ្មែរក្រហម​និង​ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​ដែល​ជា​មេដឹក​នាំ​ខ្មែរក្រហម​កំពូល​តែ​ពីរនាក់​គត់​កំពុង​ស្ថិត​ក្នុង​ការ​កាត់​ទោស​ក្នុ​ងសំណុំរឿង​០០២​វគ្គ​ទី២។ ជនជាប់​ចោទ​ទាំងពីរ​ត្រូវ​កាត់​ទោស​ក្នុ​ង​សំណុំ​រឿង​ដដែល​នេះ​ក្នុង​វគ្គ​ទី​១​ហើយត្រូវ​ផ្តន្ទា​ទោស​ឲ្យជាប់​គុក​អស់​មួយ​ជីវិត។

ចាប់តាំង​ពី​ឆ្នាំ​២០០៦​រហូត​ដល់​ឆ្នាំ​២០១៤ ​សាលា​ក្តីខ្មែរក្រហម​បាន​ចំណាយ​ថវិកា​អស់​ចំនួន​២០៤,៥​លាន​ដុល្លារ​អាមេរិក។​ក្នុង​នោះ​ភាគី​ជាតិ​ចំណាយ​អស់​៤៩,៦​លាន​ដុល្លារ​និង​ភាគី​អន្តរជាតិ​អស់​១៥៤,៩​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG