ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អសប​បារម្ភ​អំពី​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​លើ​សាលាក្តី​ខ្មែរក្រហម

  • គង់ សុឋានរិទ្ធ

សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤។

គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការសហ​ប្រជាជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«ការពារ»​ឯករាជ្យ​ភាព​របស់​សាលាក្តី​ខ្មែរក្រហម​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាលសហការ​ជាមួយសាលាក្តី​ពិសេស​នេះ។​

នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​សិទ្ធិ​មនុស្ស​កាលពី​ខែ​មិនា​ដែលត្រូវ​ផ្សព្វ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការសហ​ប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​បាន​លើក​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​ដំណើរ​ការ​នៃ​សាលាក្តី​ខ្មែរក្រហម។​

អង្គការ​សហ​ប្រជាជាតិ​បាន​កត់​សម្គាល់​ជាពិសេស​យ៉ាង​ដូច្នេះថា៖ ​«មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បានថ្លែង​ការណ៍​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ធ្វើ​ការ​ជ្រៀត​ជ្រែក​ក្នុង​ដំណើរការ​និង​ឯករាជ្យ​ភាព​របស់​សាលាក្តី​ខ្មែរក្រហម។​ ហើយ​សេចក្តី​ថ្លែង​ការណ៍​ទាំង​នោះ​បង្ហាញ​ការ​មិន​ចូល​រួម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស៊ើប​អង្កេតលើ​ជន​ជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម»។​

កាល​ពី​ខែ​កុម្ភៈ​ ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​បាន​ប្រឆាំង​ជា​ថ្មី​ម្តង​ទៀត​ចំពោះការ​ពង្រីក​វិសាលភាពកាត់​ទោសអតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤​ ដោយ​លោក​ព្រមាន​ថា​ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​កើត​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ឡើង​វិញ។​

ក្នុង​សំណុំ​រឿង​ទាំង​ពីរ​ ដែល​រុញ​ទៅ​មុខ​ដោយសហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នោះ ​មានជន​ជាប់​សង្ស័យ​បី​នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ត្រូវ​ចោទ​ប្រកាន់។ ​ប៉ុន្តែ​សហចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​មិន​បាន​សហ​ការ​ក្នុង​កិច្ចការ​នេះ​ទេ។​

គណៈកម្មការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ទទូច​ថា ​ប្រទេស​កម្ពុជា​«គួរ​តែចាត់​វិធានការ​ដើម្បី​គោរព​ឯករាជ្យ​ភាព​ពេញ​លេញ​របស់​សាលាក្តី​ខ្មែរក្រហម​ និង​សហការ​ជា​មួយ​សាលាក្តី​នេះក្នុង​ការ​បំពេញ​មុខងារ​របស់​តុលាការ»។​

លោក ​ផៃ ​ស៊ីផាន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បក​ស្រាយ​ថា​ ការ​សន្និដ្ឋាន​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ការ​យល់​ច្រឡំ​ចំពោះ​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ធ្លាប់​បាន​ប្រកាស។​

«ជា​ការ​វាយ​ប្រហារ​ និង​ជា​ការ​យល់​ច្រឡំ​ចំពោះ​សារ​របស់​សម្តេច​អគ្គ​សេនាបតី​ហ៊ុន សែន។ ​ទី​មួយ​តុលាការ​នេះ​បង្កើត​ឡើង​ស្ថិត​នៅ​ក្នុង​ច្បាប់​របស់​កម្ពុជា។ ​ជាមួយ​គ្នា​នោះ​ដែរ ​យើង​មាន​សហ​ចៅក្រម ​សហ​ព្រះរាជ​អាជ្ញា​ដែល​មាន​ក្នុង​នោះ។​ ដូច្នេះ​ដៃគូ​ទាំង​ពីរ​ធានា​ដល់​ការ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​វិជ្ជាជីវៈ ​ទី​មួយ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ខ្មែរ​ និង​មួយ​ទទួល​ខុស​ត្រូវ​ចំពោះ​ស្តង់ដារ​អន្តរជាតិ»។​

ក្រៅ​ពី​សំណុំរឿង​សាលាក្តី​ខ្មែរក្រហម​ គណៈកម្មការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​លើក​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ជាច្រើន​លើ​ប្រព័ន្ធ​យុត្តិធម៌​ដែល​នៅ​ទុន​ខ្សោយ​នៅ​កម្ពុជា​ បង្ហាញ​ពី​ការ​សោក​ស្តាយ​ចំពោះ​ការ​យឺត​យូរ​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​តួលេខ​ស្ត្រី​នៅ​មាន​ចំនួន​តិច​តួច​ក្នុង​នយោបាយ​ និង​ស្ថាប័ន​រដ្ឋ។​

ក្រៅ​ពី​នោះ​ទៀត​ គណៈកម្មការ​សិទ្ធិ​មនុស្សសហ​ប្រជាជាតិ​ក៏​បាន​លើក​ពី​ការ​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ការ​រើស​អើង ​និង​អំពីអំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ជាតិ​វៀតណាម ​ប្រឆាំង​ និង​ពល​រដ្ឋ​ខ្មែរក្រោម ​ការ​រើស​អើង​ប្រឆាំង​នឹង​ជន​ភេទ​ទី​៣​ឬ​ខ្ទើយ។​ កង្វះ​ព័ត៌មាន​អំពី​ការ​រំលោភ​ផ្លូវ​ភេទ​ក្នុង​របប​ខ្មែរក្រហម ​អំពី​និទណ្ឌភាព ​ឬ​ភាព​គ្មាន​ទោសពៃរ៍ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ អំពី​អំពើ​ហិង្សា​ និង​ការ​សម្លាប់ក្រោយ​ការ​បោះឆ្នោត ​ដោយ​មិន​មាន​ព័ត៌មាន​ និង​ការ​ស៊ើប​អង្កេត​នោះ​ ​ក៏​ជា​កង្វល់​របស់​គណៈ​កម្មការ​នៃអង្គការ​សហ​ប្រជាជាតិ​ដដែល​នេះ​ដែរ។ ​ហើយ​គណៈ​កម្មការ​នេះ​បាន​ផ្តល់​អនុសាសន៍​ជា​ច្រើន​សម្រាប់​ការ​កែ​លំអ។​

លោក ​ផៃ ស៊ីផាន​ បន្ទោស​ថា​ ការ​លើក​ឡើង​ទាំង​នេះ​បាន​បំភ្លេច​កិច្ច​ប្រឹង​ប្រែងរបស់​រដ្ឋាភិបាល៕

XS
SM
MD
LG