ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​អំណាច​ខ្មែរ​​គ្រោង​រៀបចំ​បាតុកម្ម​ទាមទារ​យុត្តិធម៌​ឱ្យ​អតីត​ប្រធាន​គណបក្ស


លោក​ សួន សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ ​ឯ​តុលាការ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​១៤​ ខែ​សីហា​ ឆ្នាំ២០១៧។ (REUTERS)​
លោក​ សួន សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ ​ឯ​តុលាការ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​១៤​ ខែ​សីហា​ ឆ្នាំ២០១៧។ (REUTERS)​

ប្រធាន​ស្តីទី​គណ​បក្ស​អំណាច​ខ្មែរ​ប្រកាស​ពី​ការ​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​នា​នា​ ​និង​​ពិចារណា​ធ្វើ​បាតុកម្ម​ទាម​ទារ​​យុត្តិធម៌​ដល់​អតីត​ប្រធាន​គណបក្ស​របស់​ខ្លួន។

គណបក្ស​អំណាច​ខ្មែរ​អាច​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​ ​ទាមទារ​យុត្តិធម៌​ដល់​អតីត​ប្រធាន​គណបក្ស​គឺ​លោក​ ​សួន សេរីរដ្ឋា​ ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ ​ពាក់ព័ន្ធ​នឹង​ការរិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​រឿង​បញ្ជូន​ទ័ព​ទៅ​ព្រំដែន​កម្ពុជា-ឡាវ។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ស្តីទី​គណ​បក្ស​អំណាច​ខ្មែរ។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ​ ​នា​ព្រឹក​ថ្ងៃ​ចន្ទនេះ​ ​លោក​ ​សួង សុភ័ណ្ឌ​ ​ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ​ ​លើកឡើង​ថា​ ​ការ​ចាប់​ខ្លួន​និង​កាត់​ទោស​ ​លោក​ ​សួន សេរីរដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ​ធ្វើ​ឡើងដោយ​ភាព​អយុត្តិធម៌​ ​និង​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​លោក​បន្ថែម​ថា​ ​ទង្វើរបស់​លោក​ ​សួន សេរីរដ្ឋា​ ​មិន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ណាមួយ​ដល់​សង្គម​ ដូចការ​ចោទ​ប្រកាន់​នោះ​ទេ​ ​បើធៀប​ទៅ​នឹង​ការ​ព្រមានរបស់​លោក​ ​ហ៊ុន សែន​ ​ថា ​ប្រទេស​នឹង​មាន​សង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​ ​ការ​ព្រមាន​របស់​លោក​ ​ទៀ បាញ់​ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ ​ថា​ នឹង​វាយ​បំបាក់​ធ្មេញ​អ្នក​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ ​និង​ការ​គំរាម​របស់​លោក​ ​វង សូត​ ​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច​ថា​ ​វាយ​នឹងគល់​ឫស្សី​លើ​ជន​ណា​ដែល​តវ៉ា​លទ្ធ​ផល​ឆ្នោត​ក្នុង​ពេល​ខាងមុខ​ជាដើម។​

ប្រធាន​ស្តីទី​រូបនេះ​បន្ថែម​ថា​ ​គណបក្ស​អំណាច​ខ្មែរ​នឹងដាក់​ញត្តិ​ទៅ​តាម​ស្ថានទូត​នានា​ឲ្យ​អស់​លទ្ធភាព​ មុន​នឹង​សម្រេច​ថា​ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​ដល់​លោក​ ​សួន សេរីរដ្ឋា។​

លោក​ ​សួង សុភ័ណ្ឌ​ ​បញ្ជាក់​ថា៖​

«បើ​សិនជា​អស់​ជម្រើស ​ក្រោយ​អំពី​ការ​សមាជ​ឲ្យ​បាន​ជ្រើសរើស​ប្រធាន​ ​និង​អនុ​ប្រធាន​គណបក្ស​រួច​ហើយ​ ​យើង​អាច​ឈាន​ទៅ​ចូលដល់​ការ​គិត​គូរ​ពាក់ព័ន្ធ​នឹងបាតុកម្ម។ ​តែ​ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ ​ដូច​ខ្ញុំ​ជម្រាប​អីចឹង ​យើង​គោរព​ច្បាប់​ ​យើង​អនុវត្ត​ច្បាប់។​ ​យើង​មិន​ចង់​ធ្វើអ្វី​ដែលឲ្យ​ស្ថានការណ៍​សង្គមវា​តានតឹង​ទេ​ ​ណា​មួយ​ជិត​បោះឆ្នោត​ផង។​ ​តែ​យើង​មិន​អាច​មើល​ឃើញពីភាព​អយុត្តិធម៌​ចំពោះលោក​ ​សួន សេរី​រដ្ឋាបាន​ទេ»។​

លោក​ ​បន្ថែម​ថា​ ​គណបក្ស​អំណាច​ខ្មែរ​នឹង​ធ្វើ​សមាជ​គណបក្ស​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ខាងមុខ ​ដើម្បី​ប្រកាស​ពី​សមាសភាព​ប្រធាន​ ​អនុប្រធាន​ ​និង​សមាជិក​គណបក្ស​ថ្មី​ ​បន្ទាប់​ពី​លោក​ ​សួន សេរីរដ្ឋា​ ​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា​ ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​ ​និង​ពិន័យ​ជាប្រាក់​ ​១០​លានរៀល​ ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ប្រមាថ​កងទ័ព។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក សួង សុភ័ណ្ឌ​ ​ដែល​ថា​ ​ការ​កាត់​ទោស​លោក​សួន សេរី​រដ្ឋា​ គឺ​ជា​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។​ ​លោក​បន្ថែម​ថា​ ករណី​របស់​លោក​ ​សួន សេរីរដ្ឋាគឺ​ជា​ បទល្មើស​ដែលប្រព្រឹត្ត​ឡើងជាក់​ស្តែង​ ​ដូច្នេះ​លោកថា​ ​លោក​នាយក​រដ្ឋមន្រ្តី​មាន​តួនាទី​រក្សា​សន្តិភាពក្នុង​ប្រទេស។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

លោក​ ​សុខ ឥសាន​ ​មាន​ប្រសាសន៍​ថា៖​

«គាត់​លើក​ឡើង​ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ទទួល​ខុស​ត្រូវ​នូវ​ការរក្សា​សន្តិភាព​ ​ស្ថិរភាព ​នយោបាយ​របស់​ប្រទេស។​ ​ហើយ​បើ​មាន​ជន​ណាមួយ​ដែល​ល្មើស​ច្បាប់​ ​ហើយពាក់ព័ន្ធ​ ​និង​មានឥទ្ធិពល​ទៅ​ដល់​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​ សម្តេច​ចាំបាច់​ត្រូវ​មាន​មតិ​ហ្នឹង​ហើយ។ ​ក៏​ប៉ុន្តែ​មតិ​ហ្នឹង​មិនមែន​ជា​ការ​បង្គាប់​បញ្ជា​ទៅ​ស្ថាប័ន​តុលាការ​ទេ។ ​ក្នុង​ករណី​ដែល​មាន​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែង​ ​សមត្ថកិច្ច​គេ​អាច​ចាត់​វិធានការ​ភ្លាម»។​

ស្រប​គ្នា​នោះ​ដែរ​ ​លោក​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ​ច្បាប់​មិនមាន​ចែង​ពីការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​មនុស្ស​នោះ​ទេ​ ​ដូច្នេះ​លោក​ថា​ ​ការ​ធ្វើ​បាតុកម្មទាមទារ​ឲ្យ​ដោះ​លែង​លោក​ ​សួន សេរីរដ្ឋា​ ​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ ​គឺ​ជា​បាតុកម្ម​ដែល​ផ្ទុយ​នឹង​ច្បាប់។​ ​លោក​បន្ថែម​ថា​ ​ក្រសួង​មាន​សមត្ថកិច្ច​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​ ​ប្រសិន​ជា​មាន​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក​ ខៀវ សុភ័គ​ ​បញ្ជាក់​ថា៖​

«ក្រសួង​អនុវត្ត​ច្បាប់ ​បើ​អ្នកឯង​ធ្វើ​ខុស​ច្បាប់​ ​ យក​ច្បាប់​ទៅ​បន្សាប​វិញ​ទៅ ​ចប់!​ ហើយ​ច្បាប់​អត់​មាន​អី​ទេ ​មាន​តែ​គុក។​ ​បញ្ជូន​ទៅ​តុលាការ​ទៀត​ទៅ!»​

លោក​ ​សួន សេរីរដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ​ក្រោយ​ពេល​ដែល​លោក​រិះគន់ថា​ ករណី​បញ្ជូន​ទ័ព​ទៅ​ព្រំដែន​កម្ពុជា-ឡាវអាច​ធ្វើ​ឲ្យ​កង​ទ័ព​រង​គ្រោះ​ ​ចំណែក​អ្នក​បាន​ផល​គឺ​ មន្ត្រី​ថ្នាក់​លើ។​ ​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ ចំនួន​៣​បទ​ល្មើសគឺ ពី​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​ ​បទ​ធ្វើឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព​ ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។​ ក្រោយ​ការ​ឃាត់​ខ្លួន​ ​ប្រធាន​គណបក្ស​ដែល​មាន​សញ្ជាតិខ្មែរ-អាមេរិកាំង​រូប​នេះ​បានធ្វើ​លិខិត​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ ​ជៀស​វាង​ការ​រំលាយ​គណបក្ស​នេះ​ក្រោម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ហាម​មិន​ឲ្យ​មេ​ដឹក​នាំ​គណបក្សមាន​ទោស៕

XS
SM
MD
LG