ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភរិយា​លោក ​សួន សេរីរដ្ឋា ​រក​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក


លោក សួន សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ នៅ​ក្នុង​បន្ទប់ផ្សាយ​ VOA​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា/ VOA)

លោក​ សួន សេរីរដ្ឋា ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ដោយ​រដ្ឋាភិបាល​ចាត់​ទុក​សារ​របស់​លោក​ ដែល​ហៅ«មេទ័ព​ចោរ» ជា​ការ​ប្រមាថ​មួយ។

ភរិយា​របស់​លោក ​សួន សេរីរដ្ឋា ​ដែល​ជា​អ្នក​នយោបាយ​ខ្មែរ​មាន​សញ្ជាតិ​អាមេរិកាំង​បាន​ស្នើ​ឲ្យ​ស្ថាន​ទូត​អាមេរិក​នៅ​កម្ពុជា​ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ និងការ​ចោទ​ប្រកាន់​ស្វាមី​របស់​អ្នកនាង​ ដោយសារ​ការ​បង្ហោះ​សារ​រិះគន់​កងទ័ព​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។

លោក​ សួន សេរីរដ្ឋា ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ដោយ​រដ្ឋាភិបាល​ចាត់​ទុក​សារ​របស់​លោក​ ដែល​ហៅ«មេទ័ព​ចោរ» ជា​ការ​ប្រមាថ​មួយ។

លោក​បាន​រិះគន់​ការ​បញ្ជូន​ទ័ព​ទៅ​តំបន់​ចម្រូងចម្រាស​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ឡាវ​ថា៖ «បើ​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​ឡាវ ​មែននោះ​ ​លទ្ធផល​វាហ្នឹង​មិន​ខុស​ពី​សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម​ទេ​ គឺ​កូនខ្មែរ​កងទ័ព​ជាតិ ​នឹង​ស្លាប់​ក្នុង​សមរភូមិ... ​ហើយ​មេទ័ព​ចោរ នឹង​ឡើង​បុណ្យ​សក្តិ​បាន​លុយ​កាក់​សប្បាយ​ជាមួយ​ស្រីញី​យ៉ាង​គគ្រឹក​គគ្រេង»។

អ្នកនាង​ ណៃ ចរិយា ​អាយុ​៣០ឆ្នាំ ​ភរិយា​របស់​លោក ​សួន សេរីរដ្ឋា ​បាន​ថ្លែង​ប្រាប់​VOA​ថា​ អ្នកនាង​បាន​ជួប​ជាមួយ​មន្រ្តី​ស្ថានទូត​អាមេរិក ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ហើយ​បាន​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​លើការ​ចាប់ខ្លួន​ស្វាមី​របស់​អ្នកនាង។

អ្នក​នាង​មាន​ប្រសាសន៍​ថា៖​ «បង​ចង់​ឲ្យ​គេ​ជួយ​អន្តរាគមន៍​ជួយ ​ព្រោះ​គាត់​មាន​សញ្ជាតិ​អាមេរិក​ដែរ។ អញ្ចឹង​បង​គ្រាន់​តែ​ចង់​ឲ្យ​គេ​ជួយ​និយាយ​ជាមួយ​រដ្ឋាភិបាល​យើង​ តែ​ប៉ុណ្ណឹង​ឯង»។

អ្នកនាង​បាន​ចាត់​ទុក​ការ​បង្ហោះសារ​របស់​ស្វាមី​អ្នកនាង​ មិន​ធ្ងន់ធ្ងរ​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ អ្នក​នាង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ និង​ជួយ​សម្រួល​ករណី​នេះ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «វា​ជា​រឿង​មួយ​រន្ធត់​សម្រាប់​បង​ ដែល​គេ​ចាប់ខ្លួន​ប្តី​បង​ហ្នឹង។​ ចង់​និយាយ​ថា​ន័យ​គាត់​ហ្នឹង ​បារម្ភ​ពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ ហើយ​ក៏​ដូច​ជា​កង​ទ័ព​យើង​ដែរ។​ អ្នក​ដែល​អាច​កាត់​ន័យ​ក្នុង​ន័យ​ល្អ​ក៏​ល្អ​ទៅ​ អ្នក​ដែល​កាត់​ន័យ​ក្នុង​ន័យ​អាក្រក់​ ក៏​អាក្រក់​ទៅ»។​ អ្នក​នាង​បាន​ចាត់​ទុក​ការ​បង្ហោះ​សារ​របស់​ស្វាមី​ ជា​ការ​បញ្ចេញ​មតិ​មួយ​ដែល​មិន​គួរ​មាន​ទោស​នោះ​ទេ​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

អ្នកនាង​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​ពី​ការ​ពិភាក្សា​ជាមួយ​ស្ថានទូត​អាមេរិក​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ ស្ថានទូត​នឹង​សួរ​សុខ​ទុក្ខ​លោក​ សួន សេរីរដ្ឋា​ នៅ​ពេល​ខាង​មុខ​នេះ។​ អ្នក​នាង​បន្ត​ថា អ្នកនាង​កំពុង​ស្វែងរក​មេធាវី​ ឲ្យ​ជួយ​ការពារ​រឿង​ក្តី​នេះ។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

លោក​ សួន សេរីរដ្ឋា​ ដែល​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ បាន​ទទួល​សញ្ជាតិ​អាមេរិក​កាល​ពីឆ្នាំ​២០១៥ ​ហើយ​លោក​បាន​រស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​២០០៦។​ នេះ​បើ​តាម​ភរិយា​របស់​លោក។ សព្វថ្ងៃ​នេះ​ លោក​មាន​កូន​ពីរ​នាក់​ ប្រុស​មួយ ​ស្រីមួយ​ អាយុ​២ឆ្នាំ និង​៣ឆ្នាំ។

លោក​ធ្លាប់​ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ​ កាល​ពី​ឆ្នាំ​២០០៤​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ពី​បទ​រៀបចំ​គម្រោង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល។​ ទោះជា​យ៉ាងណា​ កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៥ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​មុនការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំសង្កាត់​កាលពី​ខែមិថុនា​ឆ្នាំនេះ​ លោក​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែង​ទោស។​ លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ កាល​ពី​ខែ​តុលា​ ឆ្នាំ២០១៥​ ហើយ​លោក​បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះ ​គណបក្ស​អំណាច​ខ្មែរ​ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​ខែកញ្ញា​ ឆ្នាំ​២០១៥។ គណបក្ស​លោក​ពុំបាន​ទទួល​សំឡេង​ឆ្នោត​ដូច​គណបក្ស​ជាច្រើន​ទៀត​ដែរ​ក្នុងពេល​បោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​កន្លងមក។ ​លោក​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បំបែក​សំឡេង​គណបក្ស​សង្រ្គោះជាតិ​ នៅ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ខាងមុខ។ ​ទោះជា​យ៉ាងណា ​លោក ​សួន សេរីរដ្ឋា​ ធ្លាប់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​លើក​ឡើង​ថា ​គណបក្ស​កាន់​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​មិន​បាន​ល្អ​នោះ​ទេ។

ភរិយា​របស់​លោក​ សួន សេរីរដ្ឋា ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ជា«ការ​លាប​ពណ៌មួយ» ​ហើយ​អ្នកនាង​ថា ស្វាមី​ចង់​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា។

កាល​ពី​ថ្ងៃ​ច័ន្ទ​លោកហ៊ុន សែន​បាន​ថ្លែង​ថា​ការបង្ហោះ​សារ​របស់​លោក​សួន សេរីរដ្ឋា​ «ជា​ការ​ប្រមាថ»​ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន។​លោក​មាន​ប្រសាសន៍​ថា៖​ «អ្នកណា​ធ្វើអត្ថា​ធិប្បាយ​ លើ​រឿង​នេះ​ ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​ ​អ្នកឯង​មិន​អាច​ប្រមាថ​ជា​មួយ​នឹង​អ្វី​ដែល​គេ​ឈ្លាន​ពាន ​ហើយ​អ្នកឯង​ចាត់ទុក​ថា​ជា ​វិធី​ដើម្បី​គណ​បក្ស​ប្រជាជន​យក​សំឡេង​ឆ្នោត។​ យើង​មិន​អាច​ទទួល​យក​បាន​អា​កន្លែង​នេះ។​ ​សូម​ព្រមាន​អ្នក​ធ្វើ​អត្ថា​ធិប្បាយ​ទាំង​ឡាយ។​ ​ហើយ ​បើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើងខ្ញុំ​នឹង​ចាប់​ខ្លួន​ហើយ។​ ​ជា​បទ​ល្មើស​ជាក់​ស្តែង​តែម្តង​ ​ក្នុង​ការ​ប្រមាថ​ទៅ​លើ​ជាតិ​សាសន៍​មួយ ​ដែល​មាន​ឯករាជ្យ​អធិប​តេយ្យ​ ​ហើយ​នេះ​វា​ទាក់ទង​ទៅ​នឹង​សន្តិសុខ​របស់​ជាតិ។ កុំ​ថា​ខ្ញុំ​ផ្តាច់​ការ»។​

ក្រោយ​ការ​ថ្លែង​របស់​នាយករដ្ឋ​មន្រ្តី​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ដដែល​ ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ ​សួន សេរី​រដ្ឋា​ ចំនួន​បី​បទ​ល្មើស​ ​គឺ​ពី​បទ​ញុះញង់​កុំឲ្យ​យោធិន​ស្តាប់​បង្គាប់​តាម​បញ្ញត្តិ​មាត្រា៤៧១​ ​បទ​ធ្វើឲ្យ​ខូច​ទឹកចិត្ត​កង​ទ័ព​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤៧២​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ​តាម​បញ្ញត្តិ​មាត្រា​៤៩៤​ ​និង​មាត្រា​៤៩៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​ ប្រសិន​បើ​រក​ឃើញ​កំហុស​ លោក​អាច​ជាប់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ។

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​ពេល​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​នឹង​បន្ត​សវនាការ​ទៅ​ថ្ងៃ​ទី២៤​ ​ខែ​សីហា​ ​ឆ្នាំ​២០១៧​ ​ដោយសារ​ជនជាប់​ចោទ​ស្នើ​សុំ​រក​មេធាវី​ការពារ​ក្តី​ឲ្យ​ខ្លួន៕

XS
SM
MD
LG