ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខែ្មរ​ថា ​តុលាការ​គួរ​កាត់​ទោស​ ​លោក​ ​ហ៊ុន សែន​ និង​មន្ត្រី​ធំៗ​របស់​បក្សកាន់​អំណាច​ផង​ដែរ​ចំពោះ​ការ​គំរាម​កន្លង​មក


លោក សួន សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ នៅ​ក្នុង​បន្ទប់ផ្សាយ​ VOA​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា/ VOA)

«ខ្ញុំ​យល់​ថា​ នេះ​ជា​យោបល់​ផ្ទាល់​ខ្លួន ​ក្នុង​ការ​យល់​ឃើញ​របស់​គាត់​ទេ។​ ​ហើយ​រឿង​ដែល​ចាប់ សួន សេរីរដ្ឋា​ ​មិន​មែន​ចាប់​ដោយសារ​រឿង​វាយ​បាក់ធ្មេញ​ ​មិនមែន​ចាប់​រឿង​ដែល​ថា​ មាន​សង្គ្រាម​អី​ទេ​ ​គឺ​រឿង​ប្រមាថ​កង​ទ័ព។​ ​អានេះ​ដូច​តុលាការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​រួច​ហើយ»។​

ប្រធាន​ស្តីទី​គណបក្ស​ ​អំណាចខែ្មរ​ ​លោក​ ​សួង សុភណ្ឌ​ ​លើក​ឡើង​ថា​ ការ​ថ្លែង​របស់​លោក​ ​សួន សេរីរដ្ឋា​ ​មិន​ខុសច្បាប់​នោះ​ទេ​ ​ក៏​ប៉ុន្តែ​លោក​ថា​ ​ការ​ព្រមាន​ថា​ មាន​សង្គ្រាម​ ​និង​ការ​ព្រមាន​ផ្សេងៗ​ ​របស់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ ​ទើប​ជា​ការ​ព្រមាន​ ដែល​គួរតែ​ត្រូវ​បាន​តុលាការ​កាត់​ទោស។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​បញ្ជាក់​ថា​ ការ​ព្រមាន​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និង​ការ​ប្រព្រឹត្ត​របស់​លោក សួន សេរីរដ្ឋា ជា​អំពើ​ផ្សេង​គ្នា។

នៅ​ថ្ងៃ​អង្គារ​នេះ​ ​ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ​ ​លោក​ ​សួង សុភណ្ឌ​ ​បាន​ថ្លែង​ការពារ​ ចំពោះ​ការ លើក​ឡើង​របស់​ប្រធាន​គណបក្សខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បំបែក​បំបាក់​ទឹក​ចិត្ត​កង​ទ័ព។​ ​លោក​អះអាង​ ការ​លើក​ឡើង​របស់​លោក​ ​សួន សេរីរដ្ឋា​ ​គ្រាន់​ជា​ការរិះគន់​ក្នុង​ន័យ​កែ​លម្អ និង​បានទាម​ទារ​ឲ្យ​តុលាការ​កាត់ទោសលោក​នាយក​រដ្ឋ​មន្រ្តី​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​កាន់​អំណាច​ ​ដែល​លោក​យល់ថា​ តែង​តែ​ប្រើ​ពាក្យ​គំរាម​កំហែង​ប្រជាពល​រដ្ឋ។

ខណៈ​ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កំពុងឆែកឆេរ​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ​ដើម្បី​រក​ភស្តុតាង​បន្ថែម​ ​លោក​ ​សួង សុភណ្ឌ​ ​ប្រធាន​ស្តី​ទី​គណបក្ស​ ដែល​ទើបឡើង​កាន់​តំណែង​ជា​អនុ​ប្រធាន​បក្ស​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​ ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាននៅ​ខាងក្រៅ​ទី​ស្នាក់ការ​បក្ស​ថា​ ​ប្រធាន​គណ​បក្ស​របស់​លោក​ ​គឺ​លោក​ ​សួន សេរីរដ្ឋា​ ​មិន​មាន​កំហុស​រហូត​ដល់​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ។​ ​លោក​ ​សួង សុភណ្ឌ​ ​បន្ថែម​ថា​ ​លោក​ ​សួន សេរីរដ្ឋា ​គ្រាន់​តែ​និយាយ​ពី​ស្ថានភាព​របស់​កងទ័ព​ដែល​កំពុង​ជួប​ការ​លំបាក​ ​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កងទ័ព​ ​ឬ​ប៉ះពាល់ដល់​ផ្នែក​ណាមួយ​ក្នុង​សង្គម​នោះ​ទេ ប៉ុន្តែ​លោក​ថា​ ​ការ​ព្រមានពី​សង្គ្រាម​របស់​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​និង​ការ​ព្រមាន​ផ្សេងៗរបស់​បុគ្គល​មួយ​ចំនួន​ទៀត​ ទើប​គួរ​តែ​ត្រូវ​បាន​តុលាការ​កាត់ទោស។​

លោក​ ​សួង សុភណ្ឌ​ ​បញ្ជាក់​ថា៖​

«បើច​ង់​ចាប់​ ​ចាប់​បួន​នាក់ ​ដែល​ខ្ញុំ​និយាយ​អម្បាញ់​មិញ​ ​ទាំង​លោក​ ​ហ៊ុន សែន​ ​លោក​ ​ទៀ បាញ់​ លោក​ ​វង សូត សុំទោស​ដែរ​ទៅ។​ ​អ្នក​ដែល​ប្រមាថព្រះ​មហាក្សត្រ​ ដឹង​អ្នក​ណា​គេ​ទេ?​ ​លោក​ ​ខឹម វាសនា។ ​ទៅ​ចាប់​លោក​ ​ខឹម វាសនា​ ទៅ​ ​អ្នក​ដែល​ប្រមាថ​សាសនា​ ប្រមាថ​ព្រះ​មហាក្សត្រ​ ​ទៅ​ចាប់​ទៅ​ ​ហេតុអី​បាន​ជាមិន​ព្រម​ចាប់?​ ​នេះ​ជាសំណួរឲ្យ​លោក​ ​ខឹម វាសនា​ ឆ្លើយ​មក ក្នុ​ងនាមខ្ញុំ​ជាអ្នក​នយោបាយ​ម្នាក់។​ ​ហើយ​លោក​ ​ហ៊ុន សែន​ ​ដូច​គ្នា​ ​ឬក៏​ចំណាត់​ការ​តុលាការ​ដូចគ្នា​ ​ព្រះ​រាជអាជ្ញា ដែល​មាន​យុត្តាធិការ​ចាប់​ឃាត់​ខ្លួន​នរណា​ម្នាក់ មិនព្រម​ទៅ​ចាប់ទៅ ទៅឃាត់ទៅ អ្នកដែល​ប៉ះពាល់​ស្ថាប័ន​ព្រះ​មហាក្សត្រ។​ ​តែ​ផ្ទុយ​ទៅ​វិញហេតុ​អីបាន​មិនធ្វើ?​ ​ហេតុ​អីបាន​ជា​មកធ្វើ​ចំណាត់​ការ​លើ​លោក​ សួន សេរីរដ្ឋា?»។

លោក​ ​សួន សេរីរដ្ឋា​ ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ​ក្រោយ​ពេល​ដែល​លោករិះគន់ករណី​បញ្ជូន​ទ័ព​ទៅ​ព្រំដែន​កម្ពុជា-ឡាវ​ ​ថា ​អាច​ធ្វើ​ឲ្យ​កង​ទ័ព​រង​គ្រោះ ចំណែក​អ្នក​បាន​ផល​គឺ​ មន្ត្រី​ថ្នាក់​លើ។​ ​លោក​ត្រូវ​ ​បាន​តុលាការ​ចោទ​ប្រកាន់​ ​ចំនួន​៣​បទ​ល្មើស​ ​គឺពី ​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​ ​បទ​ធ្វើឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព​ ​និងបទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។​ ​ប្រធាន​គណបក្ស​ដែល​មាន​សញ្ជាតិ​ខ្មែរ​អាមេរិកកាំង​ ​រូប​នេះ​ ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ​និង​រង់​ចាំ​ការ​ជំនុំ​ជម្រះ​បន្ត​ទៅ​ថ្ងៃ​ទី​២៤​ ​ខែ​សីហា​ ​ខាង​មុខ។​ ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ លោក​ ​សួន សេរីរដ្ឋា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល ក៏​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​ធ្វើ​អត្ថាធិប្បាយ​រិះគន់​ ​ការ​បញ្ជូន​ទ័ព​ទៅ​ព្រំ​ដែន​ ​ដើម្បី​ត្រៀម​ប្រយុទ្ធ​នឹង​កងទ័ព​ឡាវ​ដែល​ចូល​ទឹក​ដី​ខ្មែរ​ថា ​ជា​រឿង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ ​ដើម្បី​កេង​ចំណេញ​សន្លឹក​ឆ្នោត។

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​កន្លង​មក​ធ្លាប់​បាន​ថ្លែង​ព្រមាន​ជា​រឿយៗ​ថា​ ​ប្រទេស​នឹង​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ចាញ់​ឆ្នោត។​ ​ចំណែក​លោក​ ​វង សូត្រ រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច​ ​បាន​ព្រមាន​វាយ​សំពង​ក្បាល​ជន​ណា​ដែល​ប្រឆាំង​នឹង​លទ្ធ​ផល​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៨​ខាងមុខ​ ​ដែល​ការ​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ លោក​ ​ទៀ បាញ់​ ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិបាន​ព្រមាន​វាយ​បំបាក់​ធ្មេញ​ជន​ណា​ ​ដែល​ហ៊ាន​តវ៉ា​លទ្ធ​ផលការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់​នា​ពេល​កន្លង​មក។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​លោក​ ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ប្រាប់​ ​VOA​ ​ថា​ការ​លើក​ឡើង​របស់​ លោក សួង សុភណ្ឌ​ ​ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ​ ​គ្រាន់តែ​ជា​ការ​យល់ឃើញ​របស់​បុគ្គល​ម្នាក់ៗ​តែ​ប៉ុណ្ណោះ។​ លោក​បន្ថែម​ថា ការ​ប្រព្រឹត្ត​របស់​លោក​ ​សួន សេរីរដ្ឋា​ ​គឺ​ជា បទ​ល្មើស​ប្រមាថ​កងទ័ព​ ​មិនមាន​ពាក់ព័ន្ធ​ណា​មួយ​ទៅ​នឹង​ការ​ថ្លែង​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖​

​«ខ្ញុំ​យល់​ថា​ នេះ​ជា​យោបល់​ផ្ទាល់​ខ្លួន ​ក្នុង​ការ​យល់​ឃើញ​របស់​គាត់​ទេ។​ ​ហើយ​រឿង​ដែល​ចាប់ សួន សេរីរដ្ឋា​ ​មិន​មែន​ចាប់​ដោយសារ​រឿង​វាយ​បាក់ធ្មេញ​ ​មិនមែន​ចាប់​រឿង​ដែល​ថា​ មាន​សង្គ្រាម​អី​ទេ​ ​គឺ​រឿង​ប្រមាថ​កង​ទ័ព។​ ​អានេះ​ដូច​តុលាការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​រួច​ហើយ»។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​អ្នកឃ្លាំ​មើល​ស្ថាន​ការណ៍​សង្គម​ ​និង​នយោបាយ​ធ្លាប់​លើកឡើង​ថា​ ​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់​ដូច្នេះ​ ​បង្ហាញពី​ចេតនា​ជំរុញ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​កម្ពុជា​ ​និង​ជា​ការ​គំរាម​កំហែង​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ ​ដែល​ពួកគេ​អះអាងថា ​ការណ៍​នេះ​ផ្ទុយ​ទៅ​នឹង​លទ្ធិ​ប្រជា​ធិបតេយ្យ៕

XS
SM
MD
LG