លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាប្រចាំឆ្នាំលើកទី២ របស់លោក អំពីស្ថានភាពសហព័ន្ធ កាលពីថ្ងៃអង្គារពីភាពជោគជ័យរបស់លោកក្នុងមុខតំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិករយៈពេលពីរឆ្នាំ។ ក្រៅពីបានផ្តោតលើការបង្រួប បង្រួមនៃគណបក្សទាំងពីរហើយនៅប្រកាន់ជំហររឹងមាំចំពោះបញ្ហាអន្តោប្រវេសន៍ នោះ លោកត្រាំ បានលើកឡើងអំពីបញ្ហាជាច្រើន ដូចជាបញ្ហាដកខ្លួនថយពីកិច្ចព្រម ព្រៀងនុយក្លេអែរជាមួយរុស្ស៉ី បញ្ហាចរចាជាមួយកូរ៉េខាងជើងរឿងលុបបំបាត់អាវុធ នុយក្លេអ៊ែរ បញ្ហាដកកងទ័ពពីប្រទេសស៊ីរី និង អាហ្វហ្គានីស្ថាន បញ្ហាសង្គ្រាមពាណិជ្ជ កម្មជាមួយចិន បញ្ហាបង្កើនការងារធ្វើ បញ្ហាទាក់ទាញអ្នកវិនិយោគអាមេរិកចូលមក ប្រទេសវិញ និងបញ្ហាផ្សេងៗទៀត។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរក្នុងរដ្ឋមួយចំនួន បានសំដែងមតិចម្រុះ ក្រោយ សុន្ទរកថារបស់លោកប្រធានាធិបតី ដោយបានគាំទ្រនិងពេញចិត្តទៅលើបញ្ហាខ្លះ ហើយជំទាស់នឹងមិនពេញចិត្តឬចាត់ទុកថាជារឿងមិនពិតលើបញ្ហាខ្លះ ដែលចេញពី ការអះអាងរបស់ប្រធានាធិបតី។
លោកគុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងរដ្ឋម៉ារីឡែន បានថ្លែងថាសុន្ទរកថា របស់ប្រធានាធិបតីប្រចាំឆ្នាំគឺជារឿងចាំបាច់ ដែលប្រធានាធិបតីត្រូវរាយការណ៍ជូន សភា និងប្រជាជាតិឲ្យបានដឹងថាតើរដ្ឋាភិបាលធ្វើអ្វីខ្លះ ហើយមានគម្រោងការណ៍ ធ្វើអ្វីខ្លះខាងមុខ។
លោកសង្កេតឃើញថាសុន្ទរកថារបស់ប្រធានាធិបតីមានការប្រើប្រាស់តាមវោហា សាស្ត្រតាមចំណង់ដែលគ្មានការពិតច្រើន ហើយធ្វើកិច្ចការខុសឆ្គងច្រើន។ លោក លើកយកឧទាហណ៍អំពីការចោទប្រកាន់ពីការហូរចូលមកច្រើននៃចំនួនជនអន្តោ ប្រវេសន៍ ដើម្បីធ្វើរបងតាមព្រំដែន អាមេរិកនិង ម៉ិកស៊ិកតែធាតុពិតជនអន្តោប្រវេសន៍ ត្រូវក្រសួងសន្តិសុខមាតុភូមិ បញ្ជាក់ថាថយចុះតាំងពីឆ្នាំ២០១២ ហើយការចោទ ប្រកាន់មួយទៀតថា ជនអន្តោប្រវេសន៍ចូលមកភាគច្រើនជាឃាតករ លួចប្លន់ពលរដ្ឋ អាមេរិកាំង តែគេរកឃើញថាពលរដ្ឋអាមេរិកាំងខ្លួនឯងក្នុងប្រទេស ដែលប្រព្រឹត្ត ដូច្នោះ។ បន្ថែមពីលើនេះ លោកបានលើកយកបញ្ហាការដកកងទ័ពចេញពីស៊ីរីនិង អាហ្វហ្គានីស្ថានដែលគ្មានការពិគ្រោះយោបល់ ហើយធ្វើឲ្យរដ្ឋមន្ត្រីការពារប្រទេស លាឈប់ពីតំណែងជាដើម ដែលលោក ច័ន្ទលីចាត់ទុកជាកំហុសឆ្គង។
«ដូច្នេះចំណុចច្រើនណាស់ដែលប្រធានាធិបតីសហរដ្ឋអាមេរិក គាត់ និយាយកុហក និយាយមិនពិត គាត់បំផ្លើសឲ្យសមស្របតាមចំណង់ចិត្តរបស់គាត់ដែលគាត់ចង់បាន លុយ យកទៅសង់ជញ្ជាំង។ ចំណុចដែលគាត់ចង់សង់ជញ្ជាំងហ្នឹងខ្លាំងជាងគេ ដោយ សារគាត់បានឃោសនាសន្យាជាមួយពលរដ្ឋអាមេរិកាំងក្នុងពេលបោះឆ្នោតជ្រើសរើស ប្រធានាធិបតី»។
លោកថាការអំពាវនាវឲ្យមានការបង្រួបបង្រួមគ្នាជារឿងសំខាន់មួយក្នុងសុន្ទរកថា តែបក្សទាំងពីរមិនត្រូវគ្នារឿងការសាងសង់ជញ្ជាំងអាមេរិកនិង ម៉ិកស៊ិក។
«អីចឹងហើយបានជាខ្ញុំសោកស្តាយយប់មិញ(៥កុម្ភៈ)ហ្នឹងដោយឃើញប្រធានាធិបតី អាមេរិកាំង ដែលគាត់និយាយវាខ្វះការពិតច្រើន ហើយគាត់បង្ហាញចំណង់ថាចង់ឲ្យ មានការរួបរួមគ្នា សាមគ្គីគ្នារវាងគណបក្សទាំងពីរធំៗ ប្រជាធិបតេយ្យនិងសាធារណរដ្ឋ ក៏ប៉ុន្តែគាត់មានពាក្យផ្លែផ្កាជាច្រើនដាក់ទៅលើគណបក្សដ៏ទៃមួយទៀត ខាងគណបក្សប្រជាធិបតេយ្យនោះ។ ឧទាហរណ៍ដូចជាថា សេដ្ឋកិច្ចអាមេរិកាំងនឹងអាចជឿនលឿន ច្រើនណាស់បើសិនជាគ្មានការទប់ពីខាងគណបក្សប្រជាធិបតេយ្យ»។
លោក ច័ន្ទលីក៏មិនបង្ហាញការគាំទ្រចំពោះគំនិតរបស់លោកប្រធានាធិបតី ត្រាំរឿង ចរចាជាមួយកូរ៉េខាងជើងដែលលោកថាកូរ៉េខាងជើងនឹងមិនព្រមធ្វើតាមពាក្យសន្យា របស់ខ្លួនឡើយ ហើយលោក ត្រាំអាចនឹងចាញ់បោកលោក គីម ជុងអ៊ុន។ ម៉្យាងទៀត លោកក៏មិនគាំទ្រការដកខ្លួនពីសន្ធិសញ្ញានុយក្លេអែរ អាមេរិក រុស្ស៉ីដែរ។
«ការដែលសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ជាប្រធានាធិបតី ដកកិច្ចព្រមព្រៀង នុយក្លេអែរចេញពីរុស្ស៉ី ដែលសន្យាមិនបង្កើតនុយក្លេអែរហ្នឹង គឺថាជាគ្រោះថ្នាក់មួយធំ ដល់ពិភពលោក ហើយនឹងដល់សហរដ្ឋអាមេរិកទាំងមូលតែម្តង ពីព្រោះថាការដែល សហរដ្ឋអាមេរិកដកចេញសេចក្តីព្រមព្រៀងហ្នឹង បានន័យថាប្រទេសនីមួយៗអាច បង្កើតនុយក្លេអែរស្រេចនឹងចិត្តទៅតាមកម្លាំងរបស់ខ្លួនរៀងៗខ្លួន»។
ដោយឡែករឿងសេដ្ឋកិច្ចនេះ លោកបន្ថែមថាគ្មានចម្រើនលូតលាស់ទេក្រោមការ ដឹកនាំរបស់ប្រធានាធិបតីត្រាំ ហើយបានបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មច្របូក ច្របល់ផងដែរ។
«គាត់បន្ទោសទៅលើប្រធានាធិបតីមុនៗ ដូចជាលោកបារ៉ាក់ អូបាម៉ា បន្ទោសទៅលើ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភា។ តែការបន្ទាសគេហ្នឹងគ្រាន់តែជាការ បង្វែងដានទេ។ ប្រធានាធិបតីត្រូវមានការទទួលខុសត្រូវ អ្វីដែលមិនកើតនៅក្នុងអាណត្តិរបស់ ខ្លួន គឺជាការទទួលខុសត្រូវរបស់ខ្លួន។ ពាណិជ្ជកម្មជាមួយចិន ការដែលដាក់ពន្ធដា ធ្ងន់ធ្ងរលើទំនិញចិន ដែលនាំចូលមកអាមេរិក បណ្តាលឲ្យចិនហ្នឹងដាក់ពន្ធដា ធ្ងន់ធ្ងរ មកលើសហរដ្ឋអាមេរិកវិញ»។
ថ្លែងការពារសុន្ទរកថាលោក ប្រធានាធិបតី ដូណាល់ ត្រាំ លោក ម៊ុយ ចំរើន ខ្មែរអាមេរិកាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា លោក ត្រាំជាមេដឹកនាំដែលគិតពី អាមេរិកជាធំ។ ចាប់ផ្តើមពីរឿងពាណិជ្ជកម្មជាមួយចិន លោកថាលោកត្រាំនឹងបញ្ជូន ប្រតិភូទៅចរចានៅចិនរឿងការលួចបន្លំកម្មសិទ្ធិបញ្ញា(Intellectual property)ដែលជារឿងសំខាន់សម្រាប់សហរដ្ឋអាមេរិកនិងពិភពលោក។
«ព្រោះរឿងហ្នឹងរឿងធំម្ល៉ោះហើយប្រធានាធិបតី ត្រាំគាត់មិនថយក្រោយសោះ គាត់ខំ ធ្វើទៅមុខដើម្បីឲ្យចិនគោរពច្បាប់កម្មសិទ្ធបញ្ញា (Intellectual property) ព្រោះមិនមែន នៅតែសហរដ្ឋទេ គឺនៅពាសពេញពិភពលោក ហើយជាពិសេស ទាក់ទងទៅដល់ ស្រុកខ្មែរទៀត របស់ខ្លះធ្វើនៅស្រុកខ្មែរ តែដាក់ឈ្មោះចិន ជាឧទាហរណ៍»។
លោក បានបន្ថែមការដឹកនាំរបស់លោក ត្រាំបានជោគជ័យក្នុងរយៈពេលពីរឆ្នាំរាប់ ចាប់ពីរឿងពាណិជ្ជកម្ម។
«ពាណិជ្ជកម្ម បំណងគឺបានជោគជ័យ វិស័យការងារ មនុស្សមានការងារធ្វើគ្រប់គ្នា ខ្វះ អ្នកធ្វើការសព្វថ្ងៃ ហើយរឿងរបងគាត់ត្រូវតែធ្វើ ហើយកាលណាក្នុងរយះពេល ១០ថ្ងៃ ទៀតខាងគណបក្សប្រជាធិបតេយ្យ (Democrat) មិនជួយគាត់ៗនឹងប្រកាសដាក់ ប្រទេសក្នុងភាពអាសន្ន»។
លោក ម៊ុយ ចំរើនអះអាងថាការដកខ្លួនចេញពីកិច្ចព្រមព្រៀង Treaty នុយក្លេអ៊ែរ ជាមួយរុស្ស៉ី គឺដើម្បីគិតគូពីផលប្រយោជន៍អាមេរិក និង ការបញ្ចុះពន្ធឬ Tax។
« អាមេរិកមាន Treaty ជាមួយ រុស្ស៉ីតាំងពីសង្គ្រាមលោកលើកទី២ ម្ល៉េះ ហើយឥឡូវ គាត់ថាគាត់ដកទាំងអស់ ម្ល៉ោះហើយធ្វើឲ្យពិភពលោកជ្រួលច្របល់។ ពីដើមអ្វីឲ្យ សហរដ្ឋអាមេរិកជួយ ហើយអាមេរិកជួយរហូត ឲ្យតែគេសុំ គឺជួយ តែដល់ពេលលោក ត្រាំ ថាទេ តែអ្នកឯងធ្វើដូច្នេះ ត្រាំឈប់ជួយ ឈប់ជួយនោះគឺដើម្បីយកលុយមកជួយ ប្រជាពលរដ្ឋអាមេរិកាំង។ អីចឹងបានជា ត្រាំធ្វើដូច្នេះ បានជាមានការបញ្ចុះពន្ធ»។
លោក ចំរើនក៏បានបញ្ជាក់ដែរថាលោ ត្រាំចង់ឃើញការបញ្ឈប់ការស៊ើបអង្កេតប្រឆាំងរូបលោក បែបនយោបាយ ហើយលោកជួយដល់ការព្យាបាលជំងឺមហារីក និងការ រំលូតកូន។ បន្ថែមពីលើនេះលោក គាំទ្រគោលនយោបាយលោក ត្រាំ រឿងដកកងទ័ពពីមជ្ឈឹមបូព៌ាប្រទេស ដែលជួយជីវិតពលរដ្ឋអាមេរិកាំងរាប់ពាន់នាក់ និង សន្សំថវិកា រាប់ពាន់លានដុល្លារ ដែលលោកបានដកស្រង់អត្ថាធិប្បាយលោកត្រាំមកបញ្ជាក់ថា ប្រទេសមហាអំណាចមិនគួរទៅធ្វើសង្គ្រាមស្លាប់មនុស្សរាប់ពាន់នាក់នោះទេ។ លោក ក៏សំដែងការពេញចិត្តនឹងការអំពាវនាវរបស់ប្រធានាធិបតីឲ្យមានការរួបរួមគ្នារវាង គណបក្សទាំងពីរដើម្បីការរីកចម្រើនរបស់ប្រទេស។
លោកស្រី ជេណេត សេង ពលរដ្ឋខ្មែរមកពីរដ្ឋភេស៊ីលវីនៀ បានថ្លែងថាមានរឿងមិន ពេញចិត្តផងនឹងរឿងពេញចិត្តផងដែរ ដូចជាការសង់ជញ្ជាំង និងការធ្វើឲ្យក្រុមហ៊ុន វិលមកក្នុងប្រទេសវិញ ហើយបង្កើតការងារ ច្រើនជារឿងមិនពិត ហើយរឿងសុខា ភិបាល ការលុបចោលការធានារ៉ាប់រងសុខភាពហៅថា Obamacare ជាដើម។
តែមានចំណុចចាប់អារម្មណ៍ច្រើន ដែលរឿងទាំងនោះដូចជាបញ្ហាបង្រួបបង្រួមដើម្បីផលប្រយោជន៍ប្រទេស ។
«ចំណុចទី១ ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺគាត់មានប្រសាសន៍ថា Victory is not winning for my party, but wining for our country មានន័យថាពេលដែលយើង ធ្វើកិច្ចការអីមួយ ហើយខ្ញុំចេះតែគិតមកខាងប្រទេសកម្ពុជាយើង ការជោគជ័យមិនមែន ជាជោគជ័យលើក្រុមណាមួយបក្សណាមួយទេ។ ភាពជោគជ័យ មានជ័យជម្នះ បើសិន ជាយើងសហការគ្នាធ្វើការ រកដំណោះស្រាយ គឺជោគជ័យដើម្បីប្រទេសជាតិយើង ដើម្បីប្រទេសជាតិខ្មែរ ហើយយើងបកមកអ្វីដែលប្រធានាធិបតីដូណាល់ ត្រាំគាត់ និយាយ គាត់ចង់និយាយ ពីដំណោះស្រាយអំពីរឿងគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ»។
ការពេញចិត្តមួយផ្សេងទៀតគឺកំណើនចំនួនស្រី្តក្នុងនយោបាយ និងសេចក្តីថ្លែង ការណ៍អំពីនយោបាយមិនសងសឹកគឺធ្វើដើម្បីជាតិនិងប្រជាពលរដ្ឋ ដែលជារឿង ចម្បង ។
លោកប្រធានាធិបតី Donald Trump មានប្រសាសន៍ថា៖ «របៀបវារ:ដែលខ្ញុំនឹងបង្ហាញនៅរាត្រីនេះគឺមិនមែនជារបៀបវារ:របស់គណបក្សសាធារណរដ្ឋ ឬ របៀបវារ:របស់គណបក្សប្រជាធិបតេយ្យទេ។ វាជារបៀបវារ:របស់ប្រជាពលរដ្ឋអាមេរិក»។
លោក ប្រធានាធិបតី ដូណាល់ ត្រាំកន្លងមកធ្លាប់មានបញ្ហាជាមួយសភាខាង គណបក្សប្រជាធិបតេយ្យ ដែលជំទាស់នឹងការផ្តល់ថវិកា៥ពាន់៧រយលានដុល្លារ សម្រាប់សាងសង់ជញ្ជាំង។ តែលោកថាលោកអាចប្រកាសដាក់ប្រទេសក្នុងភាព អាសន្នដើម្បីប្រើប្រាស់ថវិកាដែលមិនឆ្លងកាត់សភា ហើយនឹងបញ្ជៀសភាពតាន តឹងដែលនាំឲ្យបិទរដ្ឋាភិបាល បើសភាគណបក្សប្រជាធិបតេយ្យនៅតែមិនផ្តល់ថវិកា ដល់លោក៕