សហរដ្ឋអាមេរិកបានធ្វើឲ្យមានការជឿនលឿនមានកម្រិតជាមួយកូរ៉េខាងជើងស្តីពីការចរចាអាវុធនុយក្លេអ៊ែរ។ នេះតាមលោក Stephen Biegun បេសកជនរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្តីពីបញ្ហាប្រទេសកូរ៉េខាងជើង បានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Biegun បាននិយាយនៅក្នុងសុន្ទរកថាមួយនៅឯសាកលវិទ្យាល័យ Stanford ថា៖ «ខណៈដែលយើងចង់ឲ្យមានការជឿនលឿនជាងអ្វីដែលយើងមាននៅពេលបច្ចុប្បន្ននេះ យើងបានធ្វើឲ្យមានការរីកចម្រើនខ្លះក្នុងរយៈពេលជាង៦ខែចុងក្រោយនេះ ដោយមានការរំពឹងថា នឹងមានការជឿនលឿននឹងកើតមានឡើង»។
អត្ថាធិប្បាយទាំងនេះបានកើតមានឡើងទើបតែប៉ុន្មានសប្តាហ៍ មុនជំនួបកំពូលលើកទី២ដែលគេរំពឹងទុករវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
ប្រធានាធិបតី ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កាលបរិច្ឆេទនិងទីកន្លែងសម្រាប់ជំនួបកំពូលនោះ នឹងត្រូវប្រកាស «នៅដើមសប្តាហ៍ក្រោយ»។ ប្រធានាធិបតីត្រាំបាននិយាយថា៖ «ខ្ញុំគិតថា អស់លោកបានដឹងពីទីកន្លែងនោះ។ ខ្ញុំគិតថា មិនមានអ្វីដែលជាការសម្ងាត់នោះទេ»។
មានសេចក្តីរាយការណ៍យ៉ាងច្រើនថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលរវាងប្រធានាធិបតី ត្រាំ និង គីម ជុងអ៊ុន ដែលគ្រោងធ្វើឡើងនៅចុងខែកុម្ភៈនេះ។ប្រទេសថៃក៏ត្រូវបានគេនិយាយថា ក៏អាចជាទីកន្លែងនៃជំនួបកំពូលនេះដែរ។
ការចរចារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង មានការរីកចម្រើនយឺតៗចាប់តាំងពីជំនួបលើកទីរវាងប្រធានាធិបតីត្រាំនិង គីម ជុងអ៊ុន កាលពីចុងខែមិថុនា ឆ្នាំទៅនៅក្នុងប្រទេសសិង្ហបុរីមក៕