ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខៀវ សំផន​មាន​បញ្ហា​សុខភាព​ពេល​សវនាការ


នៅ​ក្នុង​រូបថត​ដែល​ចេញ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​នេះ បង្ហាញ ខៀវ សំផន (ឆ្វេង) អតីត​មេដឹកនាំ​ខ្មែរ​ក្រហម អង្គុយ​ស្តាប់​សវនាការ​នៅ​ក្នុង​បន្ទប់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៤។
នៅ​ក្នុង​រូបថត​ដែល​ចេញ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​នេះ បង្ហាញ ខៀវ សំផន (ឆ្វេង) អតីត​មេដឹកនាំ​ខ្មែរ​ក្រហម អង្គុយ​ស្តាប់​សវនាការ​នៅ​ក្នុង​បន្ទប់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៤។

ជន​ជាប់​ចោទ​ខៀវ សំផន ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ភ្លាមៗ​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ខណៈដែល​សាក្សី​ចាប់​ផ្តើម​និយាយ​អំពី​ឧក្រិដ្ឋ​កម្ម​នៅ​គុក​ក្រាំង​តាចាន់ ​ក្នុង​ការ​កាត់​ទោស​សំណុំរឿង​០០២​វគ្គ​ទី​២។

លោក​ចៅ​ក្រម​និល ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ប្រកាស​ថាជនជាប់​ចោទ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​អាយុ​៨៣​ឆ្នាំមានសម្ពាធ​ឈាម​ឡើង​ខ្លាំង​ហើយ​ដោយសារ​អវត្តមាន​ជនជាប់​ចោទ​លោកចៅក្រម​ក៏បាន​សម្រេច​ផ្អាក​សវនាការដោយ​គ្រោង​នឹង​បន្ត​ការ​កាត់​ក្តី​នៅថ្ងៃ​ស្អែក​ទៀត។

«ពេទ្យ​ប្រចាំ​ការ​នៅ​អ.វ.ត.ក ​នេះ​បញ្ជាក់​ថា​លោក​ខៀវ សំផន ​មាន​អាការៈ​វិល​មុខ​ខ្លាំង​ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ​ហើយ​ឥឡូវ​នេះ​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​ អវតក ​សម្រេច​បញ្ជូនទៅ​ទទួល​ការ​ពិនិត្យ​និង​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត»។

​ជនជាប់​ចោទខៀវ សំផន គឺ​ជា​ជនជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជនជាប់​ចោទ​តែពីរនាក់​គត់ដែល​ជា​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ដែល​កំពុង​ស្ថិត​ក្នុង​រង្វង់​ក្រចក​សេះ​ក្នុង​សំណុំ​រឿង​០០២។ គាត់មាន​ជំងឺ​ឡើង​សម្ពាធ​ឈាម​ជា​ប្រចាំ​ហើយ​ជួន​កាលដោយ​សារ​ជំងឺ​គួប​ផ្សំ​មួយ​ចំនួន​គាត់ត្រូវ​ប្រើ​រយៈ​ពេល​យូរ​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ទៀត​ផង។

​ការ​កាត់​ទោស​នៅ​ថ្ងៃ​នេះ​គឺ​ជា​ការ​កាត់​ទោស​ពេញ​អង្គ​សេចក្តី​នៃ​សំណុំរឿង​០០២​វគ្គទី​២​ជា​លើក​ដំបូង​ក្រោយ​ក្រុម​មេធាវី​ជនជាប់​ចោទ​បាន​ធ្វើ​ពហិការជា​បន្តបន្ទាប់​ហើយ​ធ្វើ​ឲ្យ​ដំណើរ​ការ​ក្តី​អាក់ខាន។

​ប៉ុន្តែ​លោក​ចៅ​ក្រម​និល ណុន ​បាន​សម្រេច​ផ្អាក​សវនាការ​ទៅវិញ​ក្រោយ​ពី​សាក្សី​ទី​១លោកមាស សុខា ​ឡើង​ផ្តល់​សក្ខី​កម្មបាន​មួយ​កំណាត់​ថ្ងៃ។

​លោកមាស សុខា ​អាយុ៥៤​ឆ្នាំគឺ​ជា​អតីត​អ្នក​ទោស​គុក​ក្រាំង​តាចាន់ ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ ​នៅ​សម័យ​ខ្មែរក្រហម។​មាន​មនុស្សច្រើន​ជាង​១៥​០០០​នាក់​ត្រូវ​សម្លាប់​នៅ​ទីនេះ។

​លោកមាស សុខា ​រៀប​រាប់​ថា​សមាជិក​គ្រួសារ​របស់​លោក​ចំនួន​១២​នាក់​ត្រូវពួក​ខ្មែរ​ក្រហម​ចាប់​ដាក់​មន្ទីរ​ឃុំ​ឃាំង​នេះ​បូក​រួម​ទាំង​ឱពុក​ម្តាយ ​របស់​លោក​បងៗ​របស់​លោក​និង​ក្មួយៗ​តូចៗ​ដែល​មាន​អាយុ​៣​ខែ​និង​បី​ឆ្នាំផង។

នៅ​ក្នុ​ងការ​កាត់​ទោស​ព្រឹក​មិញ​នេះ​សាលា​ដំបូង​បាន​សម្រេច​តែងតាំង​មេធាវី​របស់​តុលាការ​សម្រាប់​ជនជាប់​ចោទ​ខៀវ សំផន​ សម្រាប់​អ្វី​ដែល​គេដឹង​ថា​ដើម្បី​ចៀស​វាងភាព​ជាប់​គាំង​ដោយ​សារ​ការ​ធ្វើ​ពហិការ​របស់​ក្រុម​មេធាវី​ការ​ពារ​អតីតប្រមុខ​រដ្ឋ​ខ្មែរក្រហម​រូប​នេះ។ ក៏​ប៉ុន្តែ​ក្រុម​មេធាវី​របស់​ខៀវ សំផន ​បាន​ច្រាន​ជំទាស់​ការ​តែងតាំង​នេះ។

ដោយឡែក​ខៀវ សំផន ​បាន​ហៅ​ការ​តែង​តាំង​នេះ​ថា​ជា​ការ​ដាក់​សម្ពាធលើ​ក្រុម​ការ​ពារក្តី​របស់​លោក​ហើយ​លោក​មិន​ទទួល​ស្គាល់​មេធាវី​ដែល​តែងតាំង​ដោយ​តុលាការ​នោះ​ទេ។

​នៅ​ក្នុង​ការ​កាត់​ទោស​នៅ​ថ្ងៃ​នេះ​ដែរ​ នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​មិន​មាន​វត្តមាន​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​ទេ។​ ដោយសារតែ​បញ្ហា​សុខភាព​ជនជាប់​ចោទ​អាយុ​៨៨​ឆ្នាំ​រូប​នេះ​តាម​ដាន​ការ​កាត់​ទោស​តាម​រយៈ​ការ​ភ្ជាប់​វីដេអូ​ទៅ​កាន់​បន្ទប់​រង់​ចាំ៕

XS
SM
MD
LG