ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ​សិទ្ធិមនុស្ស​អ.ស.ប ថា​ ការ​កាត់​ក្តី​បទ​សម្លាប់​លោក Khashoggi ខ្វះ​តម្លាភាព​និង​ការ​ទទួល​ខុសត្រូវ


រូបឯកសារ៖ រូបថតលោក Jamal Khashoggi ត្រូវបានដាក់បង្ហាញនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធលោក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ រូបថតលោក Jamal Khashoggi ត្រូវបានដាក់បង្ហាញនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធលោក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​អង្គារ​ថា ​សវនាការ​កាត់​ក្តីទាក់​ទង​នឹង​ការ​សម្លាប់​លោក Khashoggi ខ្វះ​តម្លា​ភាព​និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវចំពោះ​បទ​ឧក្រិដ្ឋ​ ដែល​បាន​ប្រព្រឹត្ត។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សារព័ត៌មាន​រដ្ឋ​ផ្សាយ​ឲ្យ​ដឹង​ថា​ តុលាការ​ក្នុង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ​កាល​ពី​ថ្ងៃចន្ទ បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​មនុស្ស​ចំនួន​ ៨ នាក់ ពី​ចន្លោះ​ ៧ ទៅ​ ២០ ​ឆ្នាំ ​ពី​បទ​សម្លាប់​អ្នក​កាសែតជន​ជាតិអារ៉ាប់ប៊ីសាអូឌីត​ លោក Jamal Khashoggi​ ។ សវនាការកាត់​ក្តីក្នុង​រឿង​នេះកើត​មានឡើង​ ៤ ខែ បន្ទាប់​ពី​គ្រួសារ​របស់​ជន​រង​គ្រោះ​បានផ្តល់​សេចក្តី​សន្តោស​ដល់​ជន​ល្មើស​ ដោយ​ស្នើតុលា​ការ​ថា ពុំ​ចាំ​បាច់​កាត់​ទោសប្រហារ​ជីវិត​ពួក​គេ​នោះ​ទេ។

អ្នក​នាំពាក្យ​អង្គការ​សហប្រជាជាតិ​ លោក Rupert Colville ដែល​បញ្ជាក់​ថា អង្គការសហប្រជាជាតិ​ប្រឆាំង​ការ​កាត់​ទោស​ប្រហារជីវិត​នោះ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​ក្នុង​ទី​ក្រុង​ហ្សឺណែវ តាម​សម្តី​ដើម​ថា​៖ «នេះជារឿង​ក្តីដែល​ខ្វះ​តម្លាភាព​ត្រឹម​ត្រូវ​ក្នុង​ដំណើរ​ក្តី​យុត្តិធម៌។ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ គួរត្រូវ​កាត់​ទោស​ឲ្យ​ស័ក្តិសម​ទៅ​នឹង​បទឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត។ ដំណើរ​រឿង​ក្តី​ទាំង​មូល ខ្វះ​តម្លា​ភាព​និងខ្វះ​ការ​ទទួល​ខុស​ត្រូវ។

លោក Jamal Khashogi បាន​បាត់​ខ្លួន កាល​ពី​ថ្ងៃទី ២ ខែ​តុលា ​ឆ្នាំ​ ២០១៨ នៅពេល​ដែល​លោក​បានចូល​ទៅ​ស្ថាន​កុងស៊ុល អារ៉ាប៊ីសាអ៊ូឌីត នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេសតួកគី។ អាជ្ញាធរ​តួកគី​ក្រោយមក​បាន​បង្ហាញ​ថា​ លោក​ត្រូវ​បាន​អ្នកធ្វើឃាត​មួយក្រុម សម្លាប់​ក្នុង​ស្ថាន​កុងស៊ុលនោះ។

សាកសព​របស់​លោក មិន​ទាន់​ត្រូវ​គេរកឃើញ​នៅ​ឡើយ​ទេ ​រហូត​មក​ទល់​ពេលនេះ៕

XS
SM
MD
LG