តុលាការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានកាត់ទោសមនុស្ស ៨ នាក់ឱ្យជាប់ពន្ធនាគារកាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក Jamal Khashoggi អ្នកសរសេរអត្ថបទអត្ថាធិប្បាយរបស់កាសែត The Washington Post។ លោក Khashoggi ត្រូវបានគេធ្វើឃាតនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីឆ្នាំ ២០១៨។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកាលពីថ្ងៃចន្ទ មនុស្ស ៥ នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំ និង ៣ នាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី ៧ ទៅ ១០ ឆ្នាំ។
លោក Khashoggi ដែលជាអ្នករស់នៅក្នុងសហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ ២០១៨ ដើម្បីយកឯកសារដែលអនុញ្ញាតឱ្យលោករៀបការនឹងនាង Hatice Cengiz ជនជាតិតួកគី។ លោកត្រូវបានគេធ្វើឃាតនៅក្នុងស្ថានកុងស៊ុលនោះ នៅពេលដែលនាង Cengiz កំពុងរង់ចាំនៅខាងក្រៅ។ ករណីនេះបានបង្កឱ្យមានការផ្ទុះកំហឹងនៅជុំវិញពិភពលោក។
គ្មានជនជាប់ចោទណាម្នាក់នៅក្នុងរឿងក្ដីនេះ ត្រូវបានគេបញ្ចេញឈ្មោះនោះទេ។
លោក Khashoggi គឺជាអ្នករិះគន់ដ៏លេចធ្លោម្នាក់លើព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman របស់អារ៉ាប៊ីសាអូឌីត៕