ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ីសាអ៊ូឌីត​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស ៥ នាក់ ពី​បទ​សម្លាប់​លោក Khashoggi


រូប​ឯកសារ៖ មន្ត្រី​ប៉ូលិស​តួកគី​ម្នាក់​ដើរ​កាត់​រូបថត​របស់​លោក Jamal Khashoggi នៅ​មុន​ខួប​មរណភាព​មួយ​ឆ្នាំ នៅ​ក្បែរ​ស្ថានកុងស៊ុល​អារ៉ាប៊ី​សាអូឌីត ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។
រូប​ឯកសារ៖ មន្ត្រី​ប៉ូលិស​តួកគី​ម្នាក់​ដើរ​កាត់​រូបថត​របស់​លោក Jamal Khashoggi នៅ​មុន​ខួប​មរណភាព​មួយ​ឆ្នាំ នៅ​ក្បែរ​ស្ថានកុងស៊ុល​អារ៉ាប៊ី​សាអូឌីត ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។

តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស ៥ នាក់ និង​មនុស្ស ៣ នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​អ្នក​កាសែត​លោក Jamal Khashoggi កាល​ពី​ឆ្នាំ​មុន។

រដ្ឋអាជ្ញា​សាធារណៈ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា ទោស​ប្រហារ​ជីវិត​នេះ​គឺ​សម្រាប់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត និង​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​អំពើ​ឃាតកម្ម​នេះ។ ចំណែក​អ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​គឺ​ដោយសារតែ «ពួកគេ​បាន​លាក់​រឿង​អំពើ​ឧក្រិដ្ឋកម្ម​នេះ»។

ការ​សម្រេច​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​នីតិវិធី​របស់​តុលាការ​ដែល​ភាគ​ច្រើន​បាន​ធ្វើ​ឡើង​ជា​អសាធារណៈ។ សាលក្រម​តុលាការ​បាន​សម្រេច​ថា លោក Saud al-Qahtani ដែល​ជា​អតីត​ទីប្រឹក្សា​កំពូល​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មិន​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក Khashoggi នេះ​ទេ។

លោក Khashoggi ដែល​ជា​អ្នក​សរសេរ​អត្ថបទ​សម្រាប់​ខ្ទង់​ពិសេស​នៃ​កាសែត Washington Post និង​ជា​អ្នក​រិះគន់​ចេញ​មុខ​ខ្លាំងក្លា​លើ​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​បាន​សម្លាប់ និង​កាត់​ជា​បំណែក​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ទីក្រុង​អ៊ីស្ដង់ប៊ុល ប្រទេស​តួកគី​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៨។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដំបូង​បាន​បដិសេធ​ថា​មិន​មាន​អំពើ​ឃាតកម្ម​ដូច​នេះ​កើត​ឡើង​ទេ ដោយ​ទទូច​បញ្ជាក់​ថា លោក Khashoggi បាន​ដើរ​ចេញ​ពី​ស្ថាន​កុងស៊ុល។ ក្រោយ​មក អារ៉ាប៊ីសាអ៊ូឌីត​បាន​ចោទ​ប្រកាន់​លើ​ភ្នាក់ងារ​ទុច្ចរិត​សាហាវ​យង់​ឃ្នង​មួយ​ចំនួន និង​បាន​បដិសេធ​ថា ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ bin Salman មិន​បាន​ដឹង​អ្វី​ទាំង​អស់​អំពី​រឿង​នេះ​ទេ។

កាល​ពី​ខែ​មិថុនា អ្នក​ស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ​អ្នកស្រី Agnes Callamard បាន​ចេញ​របាយការណ៍​មួយ​ដែល​បាន​រក​ឃើញ «ភស្តុតាង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន» ដែល​ថា ព្រះ​អង្គ​ម្ចាស់ bin Salman មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នេះ។ ចំណែក​ឯ​ទីភ្នាក់ងារ CIA របស់​សហរដ្ឋ​អាមេរិក​ក៏​បាន​វាយ​តម្លៃ​ផង​ដែរ​ថា ព្រះ​អង្គ​ម្ចាស់ bin Salman ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​នេះ៕

XS
SM
MD
LG