ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​រៀបចំ​ទទួល​ការ​ចរចា​រវាង​អ្នកតំណាង​តាលីបង់ និង​អ្នក​នយោបាយ​អាហ្វហ្គានីស្ថាន


រូបភាព​ឯកសារ៖ តំណាង​អាជ្ញាធរ​អាហ្វហ្គានីស្ថាន និង​តាលីបង់​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

​អ្នក​នយោបាយ​ប្រឆាំង​លេច​ធ្លោនៅ​អាហ្វហ្គានីស្ថាន​ និង​អ្នក​តំណាង​ក្រុម​បះបោរ​តាលីបង់ ​នឹង​ជួប​គ្នា​នៅ​ប្រទេស​រុស្ស៊ី​នៅថ្ងៃពុធ​ ដើម្បី​ជំរុញ​ការ​ចរចា​ការ​ដោះ​ស្រាយ​សង្គ្រាម​អាហ្វហ្គានីស្ថាន​ ដែល​បន្ត​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួសរាប់​សិបនាក់​ជារៀង​រាល់​ថ្ងៃ។

សន្និសីទ​នេះ​ធ្វើឡើង​ នៅពេល​ដែល​ការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​រវាង​អាមេរិក​និង​ពួក​តាលីបង់​ ហាក់មាន​ភាពយឺតយ៉ាវ​ ឬ​សឹងតែ​ជាប់​គាំង​ ដោយ​សារ​ក្រុម​បះបោរ​បដិសេធ​មិន​បញ្ឈប់​អរិភាព ​លុះត្រា​កង​កម្លាំង​អន្ដរជាតិដឹក​នាំ​ដោយ​សហរដ្ឋអាមេរិកដក​ចេញ​ពី​អាហ្វហ្គានីស្ថាន។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ​ ការ​ដក​កង​ទ័ពធ្វើឡើង​នៅ​ពេល​មានការធានា​ប្រឆាំង​ភេរវ​កម្ម​ដោយ​ក្រុម​តាលីបង់​មាន​បទ​ឈប់បាញ់​គ្នា​ដ៏​ទូលំ​ទូលាយ​ និង​មាន​ការ​ចូល​រួម​របស់​ក្រុមបះ​បោរ​ក្នុង​កិច្ច​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ និង​ក្រុម​ដទៃ​ទៀត​ដើម្បី​បញ្ចប់​អរិភាព​ជា​ច្រើន​ឆ្នាំ។ ​

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ថា ​នៅ​មុន​កិច្ចចរចា​សន្តិភាព​នៅ​ថ្ងៃពុធ​នេះ​គណៈ​ប្រតិភូ​តាលីបង់ ​និង​អាហ្វហ្គានីស្ថាន​គ្រោង​នឹង​ចូលរួម​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃអង្គារ​ដែល​ប្រារព្ធ​ខួប ​១០០ ​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​កាប៊ុល។ ​

លោក ​Sergey Lavrov ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ នឹង​ថ្លែង​សុន្ទរកថា​ស្វាគមន៍។​

ជំនួប​ជុំពិសេស​នោះ​នឹង​ចូល​រួម​ដោយ​លោក​ Hamid Karzai ​អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​និង​លោក Mohammad Karim Khalili ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិភាព​ជាន់ខ្ពស់​អាហ្វហ្គានីស្ថាន ​ដែល​មាន​ភារកិច្ចជំរុញ​ការ​ផ្សះផ្សា​ជាមួយ​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ៕

XS
SM
MD
LG