ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរទស្សនកិច្ចទ្វីប​អាស៊ី​របស់​លោក ​Kerry ផ្តោតលើ​អាស៊ាន​និង​កូរ៉េ​ខាង​ជើង


រដ្្ឋមន្រ្តី​ការបរទេស​ John Kerry មន្រ្តី​ឡាវនិង​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ឡាវ​លោក Daniel Clune នៅពេល​ដែល​គាត់​មកដល់អាកាសយានដ្ឋានអន្តរជាតិ​ វៀងច័ន្ទ​ វត្តីកាលពី​ថ្ងៃទី២៤​ មករា​២០១៦ (State Department)
រដ្្ឋមន្រ្តី​ការបរទេស​ John Kerry មន្រ្តី​ឡាវនិង​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ឡាវ​លោក Daniel Clune នៅពេល​ដែល​គាត់​មកដល់អាកាសយានដ្ឋានអន្តរជាតិ​ វៀងច័ន្ទ​ វត្តីកាលពី​ថ្ងៃទី២៤​ មករា​២០១៦ (State Department)

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ. John Kerry កំពុង​ឋិតនៅ​ក្នុងប្រទេសឡាវ​ដែល​លោក​នឹង​រៀប​ចំមូលដ្ឋាន​សម្រាប់​សន្និសីទ​កំពូល​មួយ​ក្នុង​ខែ​កុម្ភៈជាមួយ​មេដឹកនាំ​នៃប្រទេស​អាស៊ាន​ទាំង​១០ឬហៅ​ថាសមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​ជា​អ្នក​ចាត់ចែង​ការ​ប្រជុំនេះ។

លោក ឃែរី បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​ វៀងច័ន្ទ កាល​ពី​យប់ថ្ងៃ​អាទិត្យ​។ប្រទេស​ឡាវ​ជា​ប្រទេស​ទី១​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​បីនៅទ្វីបអាស៊ី​ដែល​មាន​រួម​បញ្ចូល​ប្រទេស​កម្ពុជា​និងប្រទេស​ចិនផង​ដែរ។​

​ក្នុង​ដំណើរ​ទស្សនកិច្ចក្នុង​ទ្វីបអាស៊ី​នៅ​លើកនេះ​ លោក ឃែរី និងមេដឹកនាំ​នៅអាស៊ី​នឹង​ពិភាក្សាគ្នា​អំពី​បញ្ហា​សំខាន់ៗក្នុង​តំបន់​ដោយ​មាន​រួម​បញ្ចូល​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​កំណើន​កង្វល់​អំពី​កម្មវិធី​បរ​មាណូ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ។​

នៅ​ក្នុង​ខែ​កុម្ភៈ លោក​ប្រធានាធិបតី​អូបាម៉ា​ នឹង​ធ្វើជា​ម្ចាស់​ផ្ទះរៀបចំ​សន្និសីទ​កំពូល អាស៊ាន​ពិសេសមួយ​នៅ​ក្នុង​រដ្ឋ​ កាលី​ហ្វ័ញ៉ា។ ការ​ប្រជុំ​នេះ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​មេដឹកនាំស.រ.អ.និង​មេដឹកនាំ​អាស៊ី​ប៉ាស៊ី​ហ្វិក​ ស្វែង​រក​ឱកាស​ដើម្បី​ពង្រីក​ចំណង​ខាង​សេដ្ឋកិច្ច​និងវប្បធ៌ម។​ នៅពេល​បន្ទាប់មក​ទៀត​ក្នុងឆ្នាំ​នេះ​ លោកអូបា​ម៉ា​នឹង​ធ្វើដំណើរ​ទៅ​កាន់ប្រទេសឡាវ​ដើម្បី​ចូល​រួមក្នុង​សន្និសីទ​កំពូល​ អាស៊ាន ហើយ​លោក​នឹង​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស.រ.អ.ដំបូង​គេ​ដែល​ធ្វើ​បែបនេះ។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃក្រសួង​ការបរទេស​ស.រ.អ.បាននិយាយ​ថា «អ្វី​ដែល​ធ្វើឲ្យ​ទស្សនកិច្ច​របស់លោក​រដ្ឋមន្ត្រី​ឃែរីមាន​សារៈសំខាន់​ជាពិសេស​និង​ត្រូវពេល​វេលានោះគឺ​ថា​ប្រទេស​ឡាវ​ទើប​តែ​បានទទួល​តំណែងជា​ប្រធាន​នៃ​សមាគម​អាស៊ាន​។»

​កាល​ពី​ថ្ងៃ​សៅរ៍​ មន្ត្រីអាមេរិកាំងរូបនេះបាននិយាយ​បន្ថែមទៅ​អ្នកកាសែត​ដោយ​សង្ខេប​ថា​ស.រ.អ.បាន​គាំទ្រ«ច្រើន​គួរសម»ដល់​ប្រទេសឡាវ​ឲ្យបាន​ទទួល​តំណែង​ជា​ប្រធាន​នៃ​សមាគមនេះ។​

លោកឃែរី នឹង​បន្ត​កិច្ចចរចា​ដើម្បី​ជំរុញ​ចំណងទំនាក់​ទំនងទ្វេភាគី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​នៃ​សមាគមអាស៊ាន ហើយមាន​សេដ្ឋកិច្ច​លូតលាស់​លឿនជាង​គេ​បំផុត​នៅ​ក្នុង​តំបន់នោះ។​

មន្ត្រី​ជាន់ខ្ពស់​នៃក្រសួង​ការបរទេស​ស.រ.អ.បាន​មានប្រសាសន៍ថា​ ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណាក៏​ដោយ​ស.រ.អ.នៅ​តែ​មាន​កង្វល់ដែរ​អំពីភាពតានតឹង​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេសកម្ពុជា​។

មន្ត្រី​រូបនេះបាន​និយាយថា​ «នៅ​ពេល​នេះ​ទំនាក់ទំនង​រវាង​គណបក្ស​កាន់​អំណាចប្រទេស​កម្ពុជា​និង​គណបក្សប្រឆាំង​មាន​ភាពតានតឹង​។» លោក​បាន​និយាយ​ដែរ​ថា​លោក​ ឃែរីនឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​មេដឹកនាំ​សង្គម​ស៊ីវិល​ព្រមទាំង​ជាមួយ​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ការ​បរទេស​នៃប្រទេស​កម្ពុជា​ផងដែរ។

លោកឃែរី ក៏​នឹង​ទៅ​ទស្សនា​ក្រុង​ប៉េកាំង​ដែរនៅ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​លើក​នេះ​បន្ទាប់​ពី ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើឱ្យ​មាន​ការ​ថ្កោលទោស​អន្តរជាតិ​នៅ​ខែ​នេះ​ពីព្រោះ​ប្រទេស​នេះ​បាន​ធ្វើការ​សាកល្បង​អ្វី​ដែល​ខ្លួន​និយាយ​ថា​ជា​អាវុធ​បរមាណូ​មួយ ជា​លើកទី៤​ចាប់​តាំង​ពី​ឆ្នាំ២០០៦​មក៕

XS
SM
MD
LG